មតិ​ពលរដ្ឋ​ជុំវិញ​សវនាការ កាត់​ក្ដី លោក កឹម សុខា នៅ​ថ្ងៃ​ដំបូង

ដោយ ថន ថារ៉ូ
2020-01-15
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ផ្ដល់​បទសម្ភាសន៍​នា​ទីស្នាក់ការ​កណ្ដាល​គណបក្ស​ក្នុង​សង្កាត់​ចាក់អង្រែលើ រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៣០ ខែ​ឧសភា ឆ្នាំ​២០១៦។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ផ្ដល់​បទសម្ភាសន៍​នា​ទីស្នាក់ការ​កណ្ដាល​គណបក្ស​ក្នុង​សង្កាត់​ចាក់អង្រែលើ រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៣០ ខែ​ឧសភា ឆ្នាំ​២០១៦។ RFA


ពលរដ្ឋ យុវជន និង​ព្រះសង្ឃ សុទ្ធតែ​អះអាង​ថា ពួកគេ​មិន​ជឿ​ថា លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រព្រឹត្តិ​កំហុស ដូច​ការចោទប្រកាន់​ឡើយ​។ ពួកគេ​ថា របប​ក្រុងភ្នំពេញ ជា​អ្នក​ប្រឌិត​បទ​ចោទ​ប្រឆាំង លោក កឹម សុខា ហើយ​បំបិទ​សិទ្ធិ​មន្ត្រី​បក្ស​ប្រឆាំង រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​សម្ដែង​ឆាកល្ខោន បើកសវនាការ លោក កឹម សុខា។

យុវជន​រស់នៅ​ខេត្ត​កំពង់ធំ​ម្នាក់ លោក ឆាយ ចែង លើកឡើង​ថា ជាង​២​ឆ្នាំ​មកនេះ លោក និង​ពលរដ្ឋ​ផ្សេង សុទ្ធតែ​មិន​ជឿ​លើ​បទ​ចោទ​ប្រឆាំង​លោក កឹម សុខា។ លោក​អះអាង​ថា បទ​ចោទ​ប្រឆាំង​លោក កឹម សុខា គឺជា​ចេតនា​នយោបាយ ដូច្នេះ​ករណី​លោក កឹម សុខា មិន​អាច​បញ្ចប់ តាម​ផ្លូវ​តុលាការ​ទេ គឺ​ទាល់​តែ​មាន​ការចរចា ដោះដូរ​នយោបាយ ឬ​សម្របសម្រួល​នយោបាយ​។​

ទោះ​យ៉ាង​ណា លោក​ចង់​ឱ្យ​គណបក្ស​នយោបាយ​ទាំង​២ ប្រញាប់​បញ្ចប់​ជម្លោះ​រ៉ាំរ៉ៃ ហើយ​ស្នើសុំ​ឱ្យ​មានការ​ផ្ដល់​សេរីភាព​ពេញ​ទី ឱ្យ​លោក កឹម សុខា ឡើងវិញ ដើម្បី​រួបរួម​គ្នា​កសាង​ជាតិ​មាតុភូមិ​កម្ពុជា៖ «មិនមែន​ជា​បទល្មើស​អ្វី ដែល​លោក កឹម សុខា គាត់​បាន​ប្រព្រឹត្តិ​ទេ​។ គឺ​ទាក់ទង​ទៅ​នឹង​រឿង​នយោបាយ ទាក់ទង​ទៅ​នឹង​រឿង​នយោបាយ​។ អ៊ីចឹង​ទេ សុំ​ឱ្យ​តុលាការ ទម្លាក់​ចោល​បទ​ចោទ​ទៅលើ​រូប​គាត់​ទាំងស្រុង និង​ប្រគល់​សិទ្ធិ​ធ្វើ​នយោបាយ ក៏ដូចជា​ប្រគល់​សិទ្ធិ ឱ្យ​ពលរដ្ឋ​នៅ​ទូទៅ​ទូទាំង​ប្រទេស ដែល​ធ្លាប់​គាំទ្រ​លោក កឹម សុខា កន្លងមក​ហ្នឹង ឱ្យ​គាត់​មាន​សិទ្ធិ​មាន​សេរីភាព​ទាំងអស់​គ្នា​ឡើងវិញ»។

ពលរដ្ឋ​ម្នាក់ទៀត ជា​អ្នក​តាមដាន​នយោបាយ រស់នៅ​ខេត្ត​សៀមរាប លោក សូរិយា បុត្រ យល់ថា ការ​យក លោក កឹម សុខា មក​កាត់ទោស ជា​រឿង​គួរ​ឱ្យ​ខកចិត្ត គឺ​គួរតែ​ដោះលែង​គាត់។ លោក អះអាង​ថា លោក​នឹង​ពលរដ្ឋ​ផ្សេងទៀត សុទ្ធតែ​មិន​ជឿ​ថា លោក កឹម សុខា មានទោស​សន្ទិដ្ឋិភាព​ជាមួយ​រដ្ឋ​បរទេស ឬ​ក្បត់ជាតិ​ឡើយ​។ លោក ថា ជាង​២​ឆ្នាំ​មកនេះ រដ្ឋាភិបាល និង​តុលាការ គ្មាន​ភស្តុតាង​ច្បាស់លាស់ ក្នុង​ការ​ឃុំខ្លួន និង​បំបិទ​សិទ្ធិ​សេរីភាព​របស់ លោក កឹម សុខា ទេ ព្រោះ​សេរីភាព​របស់​មេ​បក្ស​ប្រឆាំង មាន​តម្លៃ​ណាស់​សម្រាប់​ពលរដ្ឋ​ខ្មែរ​កន្លះ​ប្រទេស និង​ខ្មែរ​រស់នៅ​ក្រៅ​ប្រទេស ដែល​ជា​ម្ចាស់​ឆ្នោត​របស់​គណបក្ស​សង្គ្រោះជាតិ៖ «រយៈពេល​២​ឆ្នាំ​ទៅ​ហើយ គឺ​មិនទាន់​រក​ឃើញ​ភស្តុតាង​ជាក់ច្បាស់​ណា ថា ឯកឧត្ដម កឹម សុខា បាន​ទាក់ទង​(​ប្រព្រឹត្តិ​បទល្មើស​)​ទៅ​នឹង​ប្រទេស​ណាមួយ ជា​ឧទាហរណ៍​សហរដ្ឋអាមេរិក ឬ​កាណាដា ឬ​អូស្ត្រាលី ឬ​ប្រទេស​ណាមួយ ដែល​ពិតប្រាកដ​នោះ គឺ​យើង​មិនទាន់​បាន​ឃើញ​។ នេះ​ជា​ការ​ពិត ដូច្នោះ បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​នោះ គាត់​មាន​ទស្សនៈ​យល់ឃើញ​ដូចគ្នា នូវ​ភាព​ជាក់ស្ដែង​នេះ»។

ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក កូយ សៅ បាន​ចាប់ផ្ដើម​ជំនុំជម្រះ លោក កឹម សុខា លើ​បទ​ចោទ​សន្ទិដ្ឋិភាព​ជាមួយ​រដ្ឋ​បរទេស តាម​បណ្ដឹង​របស់​របប​ក្រុងភ្នំពេញ​ហើយ នៅ​ថ្ងៃ​ទី​១៥ មករា​។ សវនាការ​នេះ ធ្វើឡើង​២​ថ្ងៃ ជាប់​គ្នា ដោយមាន​ការ​ដាក់​ពង្រាយ​កងកម្លាំងប្រដាប់អាវុធ យាមកាម​តឹងរ៉ឹង នៅ​ទូទាំង​ប្រទេស​កម្ពុជា។

ជាង ២​ឆ្នាំ​មកនេះ របប​ក្រុងភ្នំពេញ បាន​បង្កើន​ការ​ឃោសនា គ្រប់​មធ្យោបាយ​ផ្សព្វផ្សាយ​របស់​រដ្ឋ ឯកជន និង​ការទូត ដោយ​ផ្ទាល់ និង​ប្រយោល ក្នុង​គោលបំណង​បំផុស​ឱ្យ​មានការ​ជឿជាក់​ថា លោក កឹម សុខា បាន​ឃុបឃិត​គ្នា ជាមួយ​សហរដ្ឋអាមេរិក ចង់​ផ្ដួល​របប​ក្រុងភ្នំពេញ​ពិតមែន​។ តែ​ការឃោសនា​នេះ ត្រូវ​បាន​ពលរដ្ឋ អះអាង​ថា មិន​ទទួល​បានការ​សាទរ​ពី​ពលរដ្ឋ​ឡើយ​។ មិនមែន​តែ​យុវជន ឬ ពលរដ្ឋ​ទេ ដែល​មិន​ជឿ ការឃោសនា​បែបនេះ សូម្បី​ព្រះសង្ឃ​ខ្លះ ក៏​មិន​ជឿ លើ​ការ​ឃោសនា​របស់​របប​ក្រុងភ្នំពេញ ក្នុង​ការ​ចោទប្រកាន់ លោក កឹម សុខា ដែរ។

ព្រះសង្ឃ​មួយ​អង្គ គង់នៅ​វត្ត​ពិភទ្ទរង្សី ហៅ​វត្ត​ចិនដំដែក នៅ​រាជធានី​ភ្នំពេញ ព្រះមហា ស៊ឹង សេងហ៊ន មាន​ព្រះថេរៈដីកា​ថា ព្រះអង្គ​សោកស្ដាយ ចំពោះ​មាន​ការ​អូយ​បន្លាយ​ទោសកំហុស មិន​ពិតប្រាកដ របស់​លោក កឹម សុខា មកដល់​សព្វថ្ងៃ​។ ព្រះអង្គ យល់ថា បទចោទប្រកាន់​លោក កឹម សុខា ជា​ចេតនា នយោបាយ មិនមែន​រឿងក្ដី​ក្ដាំ ដែល​អាច​ដោះស្រាយ​តាម​ផ្លូវ​តុលាការ​បាន​ឡើយ។ព្រះអង្គ​ថា ករណី​នយោបាយ​បែបនេះ កើតឡើង​ច្រើន​ណាស់ នៅ​តាម​ប្រទេស​ផ្សេង ក៏​ដូចគ្នា​ដែរ គឺ ឱ្យ​តែ​ប្រជាប្រិយភាព​មេ​បក្ស​ប្រឆាំង កើន​លើស​បក្ស​កាន់អំណាច តែង​រង​ការចោទប្រកាន់ ចាប់ខ្លួន ឬ​បង្ខំ​ឱ្យ​និទ្ទេស​ខ្លួន​។ ព្រះអង្គ​យល់​ថា គណបក្ស​នយោបាយ​ទាំង​២ គួរតែ​មាន​ការ​ជជែក ចរចា​គ្នា​ទើប​ជា​ការ​ប្រសើរ ព្រោះ​ពលរដ្ឋ​គ្រប់​បក្ស​សុទ្ធតែ​ចង់បាន​បែបនេះ៖ «អាត្មា​ចង់​បានតែ​ម្យ៉ាង​ទេ គឺ​ធ្វើ​ម្ដេច ដើម្បី​ឱ្យ​តុលាការ​ដោះលែង​ការចោទប្រកាន់ ឯកឧត្ដម កឹម សុខា ហើយ​ប្រជាពលរដ្ឋ​ទាំងអស់ គឺ​ពិតជា​សប្បាយចិត្ត ក្នុង​ការ​ទទួលយក​ការពិត​នូវ​ការបោះឆ្នោត ហើយ​ប្រជាពលរដ្ឋ​ទាំងអស់ គាត់​ពិតជា​មានការ​សប្បាយ​ចិត្ត ដ៏​មហាសាល​ណាស់ ពីព្រោះ​គ្មាន​អ្វី​ដែល​សប្បាយចិត្ត​ជាង​ដែល​ថា ឯកឧត្ដម​កឹម សុខា នេះ ត្រូវ​បាន​គេ​ដោះលែង​នៅ​ពេល​ហ្នឹង​ណា​បង​។ ម្យ៉ាងទៀត ប្រសិនបើ​មិន​ដោះលែង​ទេ ទាំង​អាត្មា ទាំង​ប្រជាពលរដ្ឋ ក្នុងនាម​ជា​ប្រជាពលរដ្ឋ​សាមញ្ញ គឺថា សោកស្ដាយ​នៅ​ក្នុង​ករណី​នេះ»។

អាជីវករ​លក់​សាច់​មាន់​ម្នាក់ នៅ​ផ្សារ​ដើម​គ លោកស្រី ម៉ូវ លក្ខិណា ប្រាប់​ថា មិន​សូវ​បាន​តាមដាន​រឿង​នយោបាយ​ទេ។ ប៉ុន្តែ ​លោកស្រី​ចង់​ឃើញ តុលាការ​ដោះលែង លោក កឹម សុខា ហើយ​គណបក្ស​នយោបាយ​ទាំង​២ ដោះស្រាយ​បញ្ហា​ជាតិ​ជាមួយគ្នា ដោយ​សន្តិវិធី ទើប​ជា​ការ​ប្រសើរ​។ លោកស្រី​ថា ក្រុម​អាជីវករ​តែង​ជជែក​គ្នា ហើយ​សម្ដែង​ការពិបាក​ចិត្ត នៅ​ពេល​ជម្លោះ​នយោបាយ​នៅតែ​បន្ត​ដូច​សព្វថ្ងៃ៖ «ដូច​ថា លែង​គាត់​ហ្មង​ទៅ​។ ខ្ញុំ​មិន​ដឹង​ថា គាត់​មានទោស​អ្វី​ទេ ខ្ញុំ​អ្នក​លក់ដូរ​នៅ​ផ្សារ ខ្ញុំ​មិនសូវ​ដឹង​រឿង​នយោបាយ​ទេ​។ តែ​បើ​គាត់​ដូច​ថា អ្នកនយោបាយ​គាត់​ចាប់​ដៃ​គ្នា​អ៊ីចឹង​ទៅ ឱ្យ​ប្រទេសជាតិ​យើង​សុខ​សប្បាយ​ទាំងអស់​គ្នា​អ៊ីចឹង​ណា​។ ខ្ញុំ​អត់​ចង់​ឃើញ​អ្នកធំៗ ឈ្លោះ​គ្នា ឬ​ចាប់​គ្នា​ទៅវិញទៅមក​អ៊ីចឹង​ណា​។ រឿង​របស់​គាត់ ខ្ញុំ​អត់​សូវ​បាន​តាមដាន គ្រាន់តែ​ដឹង​ថា ខ្ញុំ​ឃើញ (​ផ្សាយ​)​ចាប់ខ្លួន ឃាត់ខ្លួន​គាត់​អ៊ីចឹង​ណា​។ អត់​ដឹង​ថា ទោស​អ្វី​ដែរ​។ ចង់​ឱ្យ​គាត់​ត្រូវរ៉ូវ​គ្នា ចរចា​គ្នា ដូច​ថា ឈប់​ឈ្លោះ​គ្នា​ទៅវិញទៅមក ខ្ញុំ​ពិបាកចិត្ត​ណាស់ ឃើញ​ប្រទេសជាតិ​យើង​នៅតែ​ឈ្លោះ​គ្នា រាប់​ឆ្នាំ រាប់​ខែ អ៊ីចឹង​(​មក​)​ហើយ អ៊ីចឹង​ណា​។ កុំ​ឱ្យ​គាត់​ឈ្លោះ​គ្នា​ទៀត មានតែ​សំណូមពរ​ប៉ិន​ហ្នឹង»។

យុវជន ព្រះសង្ឃ និង​អាជីវករ ទទូច​ឱ្យ​អ្នកនយោបាយ​បញ្ចប់​ជម្លោះ​នេះ​ទៅ ហើយ​ចរចា​គ្នា​រក​វិធី​កសាង​ជាតិ ឱ្យ​ម្ចាស់​ឆ្នោត​រស់នៅ​ក្នុង​ភាព​ថ្លៃថ្នូរ មាន​ជីវភាព​ប្រសើរ ដូច​ប្រទេស​ដទៃ ជាជាង​ការ​គុំកួន ពាក់មុខយក្ស​ដាក់គ្នា ធ្វើ​សត្រូវ​ជាតិ​សាសន៍​ឯង ដូច​រាល់ថ្ងៃ​នេះ។

ពួកគេ​ថា ចាប់​តាំង​ពី​មន្ត្រី ដល់​ពលរដ្ឋ​សាមញ្ញ ហើយ​សូម្បីតែ​មន្ត្រី​តុលាការ​ខ្លះ ក៏​មិន​ទៅ​ជឿ​ថា ប្រធាន​គណបក្សប្រឆាំង ធ្វើ​ទង្វើ​ក្បត់ជាតិ ដូច​ការ​ចោទ​ប្រកាន់​ឡើយ​។ ពួកគេ​បង្ហាញ​អាការៈ​ថា ធុញទ្រាន់ ជាមួយ​អ្នក​នយោបាយ ក្នុង​ការ​ធ្វើ​នយោបាយ​យក​ប្រៀប តាមរបៀប​ការចោទប្រកាន់​គ្នា បែប​នេះ​ណាស់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

One Response to "មតិ​ពលរដ្ឋ​ជុំវិញ​សវនាការ កាត់​ក្ដី លោក កឹម សុខា នៅ​ថ្ងៃ​ដំបូង"

  1. Anonymous says:

    Of course ‘ Mr Sokha have no criminal at all’ who ever accused him are the the criminals because they burs in his home in the night without any warning or present warren from court ‘ so this case is the scaring of losing face of Veitcong mafia dictator and his groups ‘ they are scaring of democracy ,scaring of justice, scaring of people’s power ‘ scaring of LAW&ORDER ‘ and stepping on the constitution ‘ GOD will punish who ever did to the innocent people’.GOD bless all good people

Leave a Reply

Submit Comment