លោក កឹម សុខា៖ ខ្ញុំ​មិន​បាន​នាំ​រដ្ឋ​បរទេស​ណា​មក​ឈ្លាន​ពាន​កម្ពុជា

កម្ពុជា
15 មករា 2020
ស៊ុន ណារិន
វីអូអេខ្មែរ

រូបឯកសារ៖ លោកកឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះជាតិ ជួប​ជាមួយ​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំកម្ពុជា​លោកស្រី​ Carmen Moreno នៅគេហដ្ឋាន​របស់​លោក នៅ​រាជធានី​ភ្នំពេញ​ ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៩។ (ទុំ ម្លិះ/VOA)
រូបឯកសារ៖ លោកកឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះជាតិ ជួប​ជាមួយ​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំកម្ពុជា​លោកស្រី​ Carmen Moreno នៅគេហដ្ឋាន​របស់​លោក នៅ​រាជធានី​ភ្នំពេញ​ ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៩។ (ទុំ ម្លិះ/VOA)

ភ្នំពេញ — ក្នុង​ពេល​ដែល​លោក កឹម សុខា កំពុង​ចូលរួមសវនាការ​ជំនុំ​ជម្រះ​លើ​រូប​លោក លោក​បាន​បង្ហោះ​សារ​តាម​ហ្វេសប៊ុក​របស់​លោក ដោយ​បាន​បដិសេធ​សារជាថ្មី​ថា លោក​មិន​បាន​ប្រព្រឹត្ត​អំពើ​ក្បត់​ជាតិ​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ។

នៅ​លើ​ហ្វេសប៊ុក​របស់​លោក កឹម សុខា មានការ​បង្ហោះ​សារ​ថា៖ «ខ្ញុំ​បដិសេធ​ទាំង​ស្រុង​នូវ​ការ​ចោទ​ប្រកាន់​មក​លើ​រូប​ខ្ញុំ​ពី​បទ​សន្ទិដ្ឋិភាព​ជាមួយ​បរទេស។ ខ្ញុំ​មិន​បាន​នាំ​រដ្ឋ​បរទេស ឬ​ភ្នាក់​ងារ​បរទេស​ណា​មក​ប្រទូស​រ៉ាយ ឬឈ្លាន​ពាន​ព្រះរាជាណាចក្រកម្ពុជា​ឡើយ»។

លោក​បាន​បន្ថែម​ថា៖ «ខ្ញុំ​មិន​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​នេះ​ទេ ជាពិសេស​ខ្ញុំ​មិន​បាន​ប្រព្រឹត្ត​នូវ​អំពើ​ទាំង ឡាយ​ណា​ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍​ប្រទេស​ជាតិ​ឡើយ។ សកម្មភាព​ទាំង​អស់​របស់​ខ្ញុំ គឺ​ផ្តោត​លើ​សិទ្ធិ​មនុស្ស និង​លទ្ធិប្រជាធិបតេយ្យ ដោយ​អហិង្សា និងសន្តិវិធី ស្រប​តាម​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រកម្ពុជា»។

លោក កឹម សុខា បាន​បន្ថែម​ថា៖ «គ្រប់​សកម្មភាព​នយោបាយ​របស់​ខ្ញុំ គឺ​ផ្តោត​លើ​ការ​បោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ យុត្តិធម៌ ដែល​ឆ្លុះ​បញ្ចាំង​ពី​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ខ្មែរ»។

លោក កឹម សុខា បញ្ជាក់​ថា លោក​នៅ​តែ​ទាមទារ​ឲ្យ​តុលាការ​ទម្លាក់​ចោល​ការ​ចោទប្រកាន់​មក​លើ​រូប​លោក។


កូនស្រី​ច្បង​របស់​លោក កឹម សុខា គឺ​កញ្ញា ​កឹម មនោវិទ្យា បាន​បញ្ជាក់​បន្ថែម​លើ​សារ​របស់​ឪពុកកញ្ញា​ថា ការ​កាត់​ក្តី​លើ​លោក កឹម សុខា «គឺ​ជា​រូបភាព​អាក្រក់​មួយ​សម្រាប់​កម្ពុជា មិន​គួរ​កើត​ឡើង​ទេ»។

លោក ​កឹម សុខា​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ​ដែល​ត្រូវ​តុលាការ​រំលាយ​មុន​ការ​បោះឆ្នោត​ឆ្នាំ​២០១៨ ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​រួម​គំនិត​ជាមួយ​បរទេស​ ក្នុង​គម្រោង​មួយ​ដែល​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន ហៅ​ថា ​«ការ​ប៉ុនប៉ង​ផ្ដួល​រំលំ​រដ្ឋាភិបាល» ដោយ​មាន​សហរដ្ឋអាមេរិក​នៅ​ពីក្រោយ។ ទាំង​លោក កឹម សុខា និង​សហរដ្ឋអាមេរិកបាន​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ។

សវនាការ​លើ​លោក កឹម សុខា បាន​ចាប់​ផ្តើម​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ ដោយ​លោក​បាន​បង្ហាញ​ខ្លួន​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចូលរួម​សវនាការ​ជំនុំ​ជម្រះ​របស់​លោក។ សវនាការនេះ​ត្រូវ​បាន​យាមកាម​ដោយ​កម្លាំង​សន្តិសុខ​ចម្រុះ​និង​មាន​ការ​តាម​ដាន​ពី​មន្រ្តី​អង្គ​ទូត អ្នក​ការពារ​សិទ្ធិមនុស្ស និង​អ្នក​សារព័ត៌មាន​ជាតិ​ ​អន្តរជាតិ។

មន្រ្តី​របស់​ស្ថាន​ទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​មួយ​ចំនួន កំពុង​តាម​ដាន​សវនាការ​ជំនុំ​ជម្រះ​នេះ​ក្នុង​បន្ទប់​សវនាការ​ផ្ទាល់​តែ​ម្តង។

សវនាការ​ដំបូង​នេះមាន​រយៈ​ពេល​២​ថ្ងៃគឺ​នៅ​ថ្ងៃ​ទី​១៥ និង​ទី​១៦ ខែមករា។ នេះ​បើ​តាម​មេធាវី​របស់​លោក កឹម សុខា។

លោក តាំង ស៊ុនឡាយ ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ថ្លែង​ប្រាប់​VOA​កាល​ពី​ថ្ងៃ​អង្គារ​ថា សវនាការ​ជំនុំ​ជម្រះ​លើ​លោក កឹម សុខា អាច​ប្រើរយៈ​ពេល​ទៅ​ដល់​៣​ខែ៕

What Next?

Recent Articles

One Response to "លោក កឹម សុខា៖ ខ្ញុំ​មិន​បាន​នាំ​រដ្ឋ​បរទេស​ណា​មក​ឈ្លាន​ពាន​កម្ពុជា"

  1. Anonymous says:

    Cambodian is just about to see the bottom of this dirty lake . thank for the water that it just getting clear so that Cambodian can now see better. I believe soon the water will getting clearer and Cambodian can pointing their fingers to the evil who was KBOTH CHEATH. I knew from POL POT to Vietcong invaded and military cue was that evil who did it . we Cambodian should go to change our constitution that allow this nation can prosecute any person who is KBOTH CHEATH. the place that we call TROPEANG KRORLENG will be it. GOD bless Cambodia and it’speople