លោក កឹម សុខា បដិសេធ​ការចោទប្រកាន់​របស់​តុលាការ

ដោយ សុ ជីវី
2020-01-14
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះជាតិ ក្នុង​ថ្ងៃ​សវនាការ នា​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី១៥ ខែ​មករា ឆ្នាំ​២០២០។


លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះជាតិ ក្នុង​ថ្ងៃ​សវនាការ នា​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី១៥ ខែ​មករា ឆ្នាំ​២០២០។

 RFA


លោក​ កឹម សុខា​ ទាមទារ​ឲ្យ​តុលាការ​ ទម្លាក់​ចោល​បទ​ចោទ​លោក​ទាំងស្រុង


ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ប្រកាស​បដិសេធ​ទាំងស្រុង​ចំពោះ​ការចោទប្រកាន់​លើ​លោក​ពី​បទ​ក្បត់ជាតិ​។ ការ​បដិសេធ​នេះ​ធ្វើឡើង​ក្នុង​ពេល​សាលាដំបូង​រាជធានី​ភ្នំពេញ បើក​សវនាការ​ជំនុំជម្រះ​លើ​សំណុំរឿង​មេ​បក្ស​ប្រឆាំង​រូប​នេះ នៅ​ថ្ងៃ​ទី​១៥ ខែ​​មករា។

សំណុំ​រឿងក្ដី​របស់លោក ​កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ឃុបឃិត​ជាមួយ​បរទេស​ផ្ដួល​រំលំ​រដ្ឋាភិបាល ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​លើក​យក​មក​ជំនុំជម្រះ​ហើយ ចាប់​តាំង​ពី​ព្រឹក​រហូត​ដល់​ល្ងាច ថ្ងៃ​ទី​១៥ ខែ​មករា។

លោក កឹម សុខា បាន​បង្ហាញ​វត្តមាន​នៅមុខ​តុលាការ​នៅ​ម៉ោង ៧​កន្លះ​ព្រឹក ប៉ុន្តែ​លោក​មិនបាន​ថ្លែង អ្វី​នោះ​ទេ​។ ប៉ុន្តែ​នៅ​ម៉ោង​ប្រមាណ ១១​ព្រឹក គឺ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក បាន​បង្ហោះ​សារ​ជា​ភាសា​ខ្មែរ និង​​អង់គ្លេស ដែល​បញ្ជាក់​ជំហរ​ថា លោក​បដិសេធ​ទាំងស្រុង​នូវ​ការចោទប្រកាន់ ពី​បទ​សន្ទិដ្ឋិភាព​ជាមួយ​បរទេស​។ មេ​បក្ស​ប្រឆាំង​រូប​នេះ​អះអាង​ថា លោក​មិន​បាន​នាំ​រដ្ឋ​បរទេស ឬ ភ្នាក់ងារ​បរទេស​ណា​មក​ប្រទូសរ៉ាយ ឬ​ឈ្លានពាន​ព្រះរាជាណាចក្រ​កម្ពុជា​ឡើយ​។ លោក​បញ្ជាក់​ថា សកម្មភាព​ទាំងអស់​របស់​លោក គឺ​ផ្តោត​លើ​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ ដោយ​អហិង្សា និង សន្តិវិធី ស្របតាម​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ គ្រប់​សកម្មភាព​នយោបាយ​របស់​លោក គឺ​ផ្តោត​លើ​ការបោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ យុត្តិធម៌ ដែល​ឆ្លុះបញ្ចាំង​ពី​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ខ្មែរ។

លោក កឹម សុខា នៅតែ​ទាមទារ​ឱ្យ​តុលាការ​ទម្លាក់​ចោល​ជា​ស្ថាពរ ចំពោះ​បទចោទប្រកាន់​នេះ ដើម្បី ឱ្យ​លោក​អាច​អនុវត្ត​បាន​នូវ​សិទ្ធិ​សេរីភាព​នយោបាយ​ពេញលេញ ក្នុង​ការ​ចូលរួម​បម្រើ​ជាតិ​មាតុភូមិ និង​ការពារ​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ​ខ្មែរ។

ទិដ្ឋភាព​ខាងមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ នៃ​ថ្ងៃសវនាការ​​សំណុំ​រឿង​ក្ដី​របស់​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះជាតិ ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ឃុបឃិត​ជាមួយ​បរទេស​ផ្ដួល​រំលំ​រដ្ឋាភិបាល  នៅ​ព្រឹក​ថ្ងៃ​ទី១៥ ខែ​មករា​ ឆ្នាំ​២០២០។

ទិដ្ឋភាព​ខាងមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ នៃ​ថ្ងៃសវនាការ​​សំណុំ​រឿង​ក្ដី​របស់​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះជាតិ ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ឃុបឃិត​ជាមួយ​បរទេស​ផ្ដួល​រំលំ​រដ្ឋាភិបាល នៅ​ព្រឹក​ថ្ងៃ​ទី១៥ ខែ​មករា​ ឆ្នាំ​២០២០។ RFA


មេធាវី​ការពារ​ក្តី​របស់​លោក កឹម សុខា ពីរ​រូប​គឺ លោក ចាន់ ចេន និង​អ្នកស្រី ម៉េង សុភារី ថ្លែង ប្រាប់​អ្នកសារព័ត៌មាន​នៅមុខ​តុលាការ​ក្នុង​ពេល​សម្រាក​បាយ​ថ្ងៃត្រង់​ថា សវនាការ​នេះ​នៅ​ពេល​ព្រឹក មិនបាន​ស៊ីជម្រៅ​ខ្លាំង​នោះ​ទេ ដោយសារ​តុលាការ​ចំណាយ​ពេល​សួរដេញដោល​អំពី​សមាសភាព​អ្នកចូលរួម និង​ដេញដោល​ទៅលើ​វីដេអូ​ភស្តុតាង​។ មេធាវី​ទាំងពីរ​បញ្ជាក់​ថា ក្នុង​បន្ទប់​សវនាការ គឺ​តុលាការ​បាន​បញ្ចាំង​វីដេអូ​រយៈពេល​ពីរ​ទៅ​បី​នាទី ដែល​ខាង​សមត្ថកិច្ច​រដ្ឋាភិបាល​ប្រើប្រាស់​ជា​ភស្តុតាង​ក្នុង​ការ​ចាប់ខ្លួន​លោក កឹម សុខា កាលពី​ថ្ងៃ​ទី​១៣ ខែ​កញ្ញា ឆ្នាំ​២០១៧ ដោយ​ចោទ​ថា ប្រព្រឹត្ត​អំពើ​ក្បត់ជាតិ ប៉ុន​ប៉ុង​ផ្តួល​រំលំ​រដ្ឋាភិបាល​។ ទាំង​មេធាវី និង​លោក កឹម សុខា បដិសេធ​វីដេអូ​នេះ ដោយ​ចាត់ទុកថា មានការ​កាត់ត​ជា​កង់​ៗ ហើយ​លោក​ទាមទារ​ឱ្យ​តុលាការ​ចាក់​បញ្ចាំង​វីដេអូ​ពេញ​រយៈពេល​ជាង ១​ម៉ោង ប៉ុន្តែ​តុលាការ​បដិសេធ​មិន​ចាក់​ភ្លាមៗ នោះ​ទេ៖ «វីដេអូ​របស់​ឯកឧត្ដម កឹម សុខា ដែល​ជា​វីដេអូ​ដោះ​បន្ទុក គឺ​មិនមែន​ខ្លី​ដូច​វីដេអូ​ដែល​មាន​លក្ខណៈ​កាត់ត​ជា​កង់ៗ​ដូច​ខាង​សមត្ថកិច្ច​យក​មក​ធ្វើជា​ភស្តុតាង ដាក់​បន្ទុក​លើ​កូន​ក្តី​របស់​យើង​ទេ»។

ខ្លឹមសារ​វីដេអូ​ខ្លី​ដែល​តុលាការ​ចាក់​បញ្ចាំង​នោះ គឺ​លោក កឹម សុខា និយាយ​ថា អាមេរិក​បាន​គាំទ្រ​រូបលោក​តាំងពី​ឆ្នាំ​១៩៩៣ និង​បាន​បាន​ផ្តល់​គំនិត​ដល់​រូបលោក​សម្រាប់​ការ​បង្កើត​អង្គការ​សង្គម​ស៊ីវិល និង​ការងារ​នយោបាយ សម្រាប់​ចូលរួម​ផ្លាស់ប្ដូរ​កម្ពុជា​តាម​បែប​ប្រជាធិបតេយ្យ។

លោក កឹម សុខា ឆ្លើយ​ចំពោះ​មុខ​តុលាការ​ថា ខ្លឹមសារ​ពិត​ដែល​លោក​បាន​និយាយ​ជា​សាធារណៈ​កាលពី​ថ្ងៃ​ទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៣ នៅ​ប្រទេស​អូស្ត្រាលី​នោះ គឺ​ក្នុង​បំណង​អំណរគុណ និង​ជម្រាប​ពី​ស្ថានភាព​នយោបាយ​នៅ​ប្រទេស​កម្ពុជា និង​គោល​ចំហ​របស់​លោក ដោយ​មិន​មាន​ផែនការ​ណា មួយ ដែល​លោក​ចង់​ធ្វើការ​ផ្តួល​រំលំ​រដ្ឋាភិបាល​នោះ​ទេ​។ ដូច្នេះ​ហើយ ទើប​លោក​ទាមទារ​ឱ្យ​តុលាការ​ចាក់​បញ្ចាំង​វីដេអូ​ពេញលេញ ដើម្បី​រក​យុត្តិធម៌។

ប្រធាន​ក្រុមប្រឹក្សា​អង្គជំនុំ​ជម្រះ ចៅក្រម កូយ សៅ បាន​សម្រេច​ទទួល​យក​វីដេអូ​ភស្តុតាង​របស់ លោក កឹម សុខា ជាង ១​ម៉ោង​នោះ ហើយ​សន្យា​ថា នឹង​ចាក់​បញ្ចាំង​នៅ​សប្ដាហ៍​ក្រោយ។

រីឯ​មេធាវី​តំណាង​រដ្ឋាភិបាល​ដែល​ជា​ដើម​បណ្តឹង គឺ លោក គី តិច បាន​ថ្លែង​ក្រោយ​បញ្ចប់​សវនាការ នៅ​ពេល​ល្ងាច​ថា សវនាការ​ពេញ​មួយថ្ងៃ​នេះ គឺ​មាន​ការ​សួរដេញដោល​ច្រើន ប៉ុន្តែ​លោក​សុំ​មិន និយាយ​ជា​សាធារណៈ​នោះ​ទេ ដោយ​មិន​ចង់​ឱ្យ​ខុស​វិជ្ជាជីវៈ និង​ប៉ះពាល់​ដល់​សិទ្ធិ​អ្នកដទៃ។

ទោះជា​យ៉ាងណា លោក​លើកឡើង​ថា សំណុំ​រឿង​នេះ មាន​ប្រទេស​ចំនួន​៩ ដែល​ពាក់ព័ន្ធ រួមមាន ឥណ្ឌូណេស៊ី យូហ្គោស្លាវី ស៊ែប៊ី អូស្ត្រាលី អាមេរិក កាណាដា សហភាព​អឺរ៉ុប តៃវ៉ាន់ និង​ឥណ្ឌា។ប៉ុន្តែ​លោក​មិន​អាច​បញ្ជាក់​បានទេ ថា​តើ​តុលាការ​កោះហៅ​តំណាង​ប្រទេស​ទាំងនេះ មក​សួរនាំ ឬ​អត់។

ដោយឡែក​សម្រាប់​ទិដ្ឋភាព​នៅ​បរិវេណ​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ពេល​សវនាការ​វិញ មាន​កម្លាំង​សន្តិសុខ​ជាច្រើន​នាក់ ត្រូវ​បាន​ដាក់​ពង្រាយ និង​រាប់​រយ​នាក់​ផ្សេងទៀត ឈរជើង​នៅ​ក្នុង​ស្តាត​អូឡាំពិក។ ក្រុម​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ សកម្មជន​គាំទ្រ ព្រមទាំង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​អ្នកសារព័ត៌មាន​ជាតិ អន្តរជាតិ​ប្រមាណ​៤០​ទៅ​៥០​នាក់ បាន​ប្រមូល​ផ្តុំ​គ្នា​តាមដាន​ព្រឹត្តិការណ៍​នេះ​នៅ​ខាង​មុខ​តុលាការ ដោយសារតែ​ពួកគេ​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​ស្ដាប់​សវនាការ​នេះ​ដោយ​ផ្ទាល់​។ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​កំណត់​ចំនួន​មនុស្ស​ចូលរួម​ស្ដាប់​សវនាការ ប្រមាណ ៣០​នាក់ ក្នុង​នោះ ភាគច្រើន​មន្ត្រី​ស្ថានទូត​បរទេស និង​អ្នក​ពាក់ព័ន្ធ​សំខាន់ៗ មួយ​ចំនួន។

ទិដ្ឋភាព​ខាងមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ នៃ​ថ្ងៃសវនាការ​​សំណុំ​រឿង​ក្ដី​របស់​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះជាតិ ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ឃុបឃិត​ជាមួយ​បរទេស​ផ្ដួល​រំលំ​រដ្ឋាភិបាល នៅ​ព្រឹក​ថ្ងៃ​ទី១៥ ខែ​មករា​ ឆ្នាំ​២០២០។

ទិដ្ឋភាព​ខាងមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ នៃ​ថ្ងៃសវនាការ​​សំណុំ​រឿង​ក្ដី​របស់​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះជាតិ ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ឃុបឃិត​ជាមួយ​បរទេស​ផ្ដួល​រំលំ​រដ្ឋាភិបាល នៅ​ព្រឹក​ថ្ងៃ​ទី១៥ ខែ​មករា​ ឆ្នាំ​២០២០។ RFA


នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ​(LICADHO) លោក អំ សំអាត សោកស្ដាយ ដែល​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​ស្ដាប់​សវនាការ​ដោយ​ផ្ទាល់​ទេ ខណៈ​សវនាការ​លើ ករណី​លោក កឹម សុខា នោះ ធ្វើ​ឡើងជា​សាធារណៈ​។ លោក​យល់ថា តុលាការ​គួរតែ​រៀបចំ​សាល​សវនាការ​ដែល​មាន​ទំហំ​ធំ ឬ​រៀបចំ​បញ្ចាំង​ស្លាយ (Slide) ដល់​បន្ទប់​ខាងក្រៅ ដើម្បី​ឱ្យ​ភាគី​ពាក់ព័ន្ធ​ចូលរួម​តាមដាន​នីតិវិធី​សវនាការ​របស់​តុលាការ​ដោយ​ហ្មត់ចត់ ខណៈ​ដែល​មជ្ឈដ្ឋាន​ទូទៅ មើលឃើញ​ថា សំណុំ​រឿង​នេះ មាន​ទិដ្ឋភាព​នយោបាយ ច្រើនជាង​ការអនុវត្ត​ច្បាប់៖ «​សង្គម​ស៊ីវិល និង​អ្នកសារព័ត៌មាន ចង់​តាមដាន​នៅ​ក្នុង​អង្គ​សវនាការ​ដែល​តុលាការ​កំពុង​បន្ត​នីតិវិធី​តើ​មាន​ភស្តុតាង​កម្រិត​ណា​ដើម្បី​ដាក់​បន្ទុក​ឬក៏​មាន ដេញដោល​គ្នា​យ៉ាងម៉េច ចង់​មើល​នីតិវិធី និង​ការសម្រេច​សេចក្ដី​ចុងក្រោយ​មាន​ភស្តុតាង​យ៉ាងម៉េច ក្នុង​ការ​ចោទប្រកាន់​ដើម្បី​ឱ្យ​មាន​ការ​ដឹង ឬ​មានការ​ទទួល​ស្គាល់​ថា ការ​សវនាការ​នេះ ដំណើរការ​តាម នីតិវិធី និង​មាន​យុត្តិធម៌​ដែរ​អត់»។

នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត ចូលរួម​វេទិកាវិទ្យុ​អាស៊ីសេរី។ RFA

នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត ចូលរួម​វេទិកាវិទ្យុ​អាស៊ីសេរី។ RFA


តុលាការ​ក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​១០ វិច្ឆិកា បានសម្រេច​កែប្រែ​លក្ខខណ្ឌ​នៃ​កាតព្វកិច្ច​មួយ​ចំនួន​សម្រាប់​លោក កឹម សុខា​។ តុលាការ​បាន​អនុញ្ញាត​ឱ្យ​លោក កឹម សុខា អាច​ធ្វើ​ដំណើរ​បាន​នៅ​ក្នុង​ប្រទេស ប៉ុន្តែ​មិន​ឱ្យ​ហួស​ពី​ព្រំប្រទល់​ដែន​របស់​កម្ពុជា​បាន​ឡើយ ហើយក៏​មិន​ឱ្យ​លោក​ធ្វើ​សកម្មភាព​នយោបាយ​បាន​នោះ​ដែរ​។ ក្រៅ​ពី​នេះ តុលាការ​បាន​តម្រូវ​ឱ្យ​លោក​ឆ្លើយតប​នឹង​ការ​កោះហៅ​ពី​គ្រប់​សមត្ថកិច្ច​។ បន្ទាប់​ពី​ទទួល​បាន​សេរីភាព​ខ្លះៗ ឯកអគ្គរដ្ឋទូត​ប្រទេស​ប្រជាធិបតេយ្យ​ធំៗ ក្នុង​ពិភព លោក បាន​បណ្ដាក់​គ្នា​ចូល​ជួប​សួរសុខទុក្ខ​ជា​បន្តបន្ទាប់ និង​ទាមទារ​រដ្ឋាភិបាល​លោក ហ៊ុន សែន ទម្លាក់​ចោល​បទចោទប្រកាន់​លើ​លោក កឹម សុខា និង​ផ្ដល់​សិទ្ធិ​នយោបាយ និង​សេរីភាព​ពេញ លេញ​ដល់​មេ​បក្ស​ប្រឆាំង​រូប​នេះ។

រ៉ុង ឈុន ៦២២

តំណាង​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក រ៉ុង ឈុន ដែល​តាម​ព្រឹត្តិការណ៍​សវនាការ​លោក កឹម សុខា នៅ​ខាង​មុខ​តុលាការ​ដែរ លើកឡើង​ថា សវនាការ​នេះ​ធ្វើឡើង​ដោយ​ត្បិតត្បៀត ហើយ​លោក នៅតែ​ចាត់​ទុក​សំណុំ​រឿង​នេះ​ថា ជា​រឿង​នយោបាយ ហើយ​គួរតែ​ត្រូវ​សម្របសម្រួល​តាម​ផ្លូវ​នយោបាយ មិន​អាច​ដោះស្រាយ​តាម​ផ្លូវ​តុលាការ​បាន​ទេ។

អតីត​សមាជិក​គណៈកម្មការ​រៀប​ចំ​ការ​បោះឆ្នោត​រូប​នេះ ក៏​យល់​ដែរ​ថា តុលាការ និង​រដ្ឋាភិបាល គួរតែ​ទម្លាក់​ចោលការ​ចោទប្រកាន់​លោក កឹម សុខា និង​ថ្នាក់ ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​ជាង ១០០​នាក់ ព្រមទាំង​អនុញ្ញាត​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ដំណើរការ​ឡើងវិញ ដើម្បី​ជៀស​ផុត​ពី​ការ​ដាក់​ទណ្ឌកម្ម​ធ្ងន់ធ្ងរ​ផ្សេងៗ ពី​ក្រុម​ប្រទេស​សេរី​ធំៗ នៅ លើ​ពិភពលោក ជាពិសេស ដើម្បី​រក្សា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBAរបស់​សហភាព​អឺរ៉ុប ដែល​ផ្ដល់​ប្រយោជន៍​ធំធេង​សម្រាប់​កម្ពុជា៖ «តាម​ការ​ពិត​ទៅ​សវនាការ​នេះ​គ្រាន់តែ​គេ​រៀបចំ​ដើម្បី​បង្គ្រប់​កិច្ច ទេ ព្រោះ​យើង​ដឹង​ហើយ​ករណី​លោក កឹម សុខា នេះ ជា​រឿង​នយោបាយ ហើយ​ការ​រំពឹង​ថា ឱ្យ​សាលាដំបូង​រាជធានី​ភ្នំពេញ ផ្ដល់​យុត្តិធម៌​ឱ្យ​គាត់​នោះ គឺ​យើង​ដូចជា​មើល​មិន​ឃើញ​ទេ»។

ជាមួយ​គ្នា​នេះ ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ ដែល​បង្ខំចិត្ត​រស់នៅ​និរទេស​ខ្លួន​ក្នុង​ប្រទេស​បារាំង លោក សម រង្ស៊ី បាន​ថ្លែង​ក្នុង​ទំព័រ​ហ្វេសប៊ុក​ថា សវនាការ​ជំនុំជម្រះ​លើ​ដៃគូ​នយោបាយ​របស់ លោក​នេះ គឺជា​ឆាកល្ខោន​របស់​តុលាការ​សុទ្ធសាធ ដែល​លោក​ហៅថា តុលាការ​អាយ៉ង​របស់​លោក ហ៊ុន សែន ។ លោក សម រង្ស៊ី ចាត់​ទុក​ទង្វើ​ចោទប្រកាន់​លើ​លោក កឹម សុខា ថា គ្មាន​មូលដ្ឋាន និង​ជា​លេស ដើម្បី​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​គណបក្សប្រឆាំង​តែមួយគត់ ដែល​មាន​សង្ឃឹម​ឈ្នះ​ឆ្នោត​នៅ​កម្ពុជា៖ «អ្នក​ប្រជាធិបតេយ្យ​ទាំងអស់ ត្រូវតែ​ថ្កោលទោស លោក ហ៊ុន សែន ថា ការចោទប្រកាន់​លោក កឹម សុខា នេះ​គ្មាន​មូលដ្ឋាន​ទេ​។​ដំណោះស្រាយ​ត្រឹមត្រូវ​មានតែ មួយ​គត់​គឺ​ទម្លាក់​ការចោទប្រកាន់ មិន​ចាំបាច់​ឱ្យ​ព្រះមហាក្សត្រ​លើកលែងទោស​អ្វី​ទេ ព្រោះ​លោក កឹម សុខា គ្មាន​ទោស​អ្វី​ទេ ពេលនោះ​ត្រូវ​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ដំណើរការ​ឡើងវិញ​ជា​ស្វ័យប្រវត្តិ ព្រោះ​ការចោទប្រកាន់​លោក កឹម សុខា នេះ​គ្រាន់តែ​ជា​លេស​ដើម្បី​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ»។

លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស សង្គ្រោះ​ជាតិ ថ្លែង​​សារ​​ជា​វីដេអូ តាម​ទំព័រ​ហ្វេសប៊ុក​របស់​លោក នៅ​ថ្ងៃ​ទី១៥ ខែ​មីនា ឆ្នាំ២០១៩។ ហ្វេសប៊ុក Sam Rainsy

លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស សង្គ្រោះ​ជាតិ ថ្លែង​​សារ​​ជា​វីដេអូ តាម​ទំព័រ​ហ្វេសប៊ុក​របស់​លោក នៅ​ថ្ងៃ​ទី១៥ ខែ​មីនា ឆ្នាំ២០១៩។ ហ្វេសប៊ុក Sam Rainsy


តាមរយៈ​វីដេអូ​ឃ្លីប​ជាង ១០​នាទី លោក សម រង្ស៊ី ក៏​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​ស្រឡាញ់ យុត្តិធម៌ សេរីភាព និង​លទ្ធិប្រជាធិបតេយ្យ ត្រូវ​រួបរួម​គ្នា​ជា​ធ្លុង​មួយ ដើម្បី​ទាមទារ​ទាំងអស់​គ្នា ឱ្យ​របប​ក្រុងភ្នំពេញ ទម្លាក់​ចោល​ការចោទប្រកាន់​មក​លើ​លោក កឹម សុខា ហើយ​ឱ្យ​គេ​បើកផ្លូវ​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ដំណើរការ​ឡើងវិញ​។ ទន្ទឹម​គ្នា​នេះ លោក​ក៏​អំពាវនាវ​កុំ​ឱ្យ​ពលរដ្ឋ​ទៅ​បង្កើត គណបក្ស និង​គាំទ្រ​គណបក្ស​ថ្មីៗ ដែល​កំពុង​បង្កើត​ព្រោងព្រាត ព្រោះ​លោក​មើល​ឃើញ​ថា ជា​ល្បិច កល​របស់​លោក ហ៊ុន សែន​។ មេ​បក្ស​ប្រឆាំង​ដ៏​មាន​ប្រជាប្រិយភាព​រូប​នេះ អះអាង​ទៀត​ថា មានតែ គណបក្ស​សង្គ្រោះ​ជាតិ​តែមួយ​គាត់ ដែល​អាច​នាំ​ការ​ផ្លាស់ប្ដូរ​ជា​វិជ្ជមាន​តាម​បែប​ប្រជាធិបតេយ្យ នៅ​កម្ពុជា៖ «ឧបមា​ថា គណបក្ស​ថ្មី​ណាមួយ អាច​បង្កើន​កម្លាំង​និង​ប្រជាប្រិយភាព​របស់​ខ្លួន​ហើយ​ប៉ុន្មាន​ឆ្នាំ​ទៀត អាច​ក្លាយ​ជា​គណបក្ស​ដ៏​ខ្លាំង​និង​ធំ​ដូច​គណបក្ស​សង្គ្រោះ ជាតិ​ពេលនេះ​គឺ​ពេលនោះ​លោក ហ៊ុន សែន នឹង​រំលាយ​គណបក្ស​នោះ​ដូចដែល​បាន​រំលាយ គណបក្ស​សង្គ្រោះ​ជាតិ​ដែរ ដូច្នេះ​នាំ​តែ​បាត់​ពេល នាំ​តែ​ខ្ជះខ្ជាយ​ពេល​កម្លាំង​នយោបាយ​ដែល​ស្រឡាញ់​លទ្ធិប្រជាធិបតេយ្យ​ទេ។ សូម​បងប្អូន​ជនរួមជាតិ​និង​កូនក្មួយ​ទាំងអស់ នៅតែ​គាំទ្រ​គណបក្ស សង្គ្រោះ​ជាតិ​និង​ទាមទារ​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ដំណើរ​ឡើងវិញ»។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ត្រូវ​សមត្ថកិច្ច​សម្រុក​ចូល​ចាប់​ខ្លួន​ទាំង​កណ្ដាល​អាធ្រាត្រ នៅ​ថ្ងៃ​ទី​២ ឈាន​ចូល​ថ្ងៃ​ទី​០៣ កញ្ញា ឆ្នាំ​២០១៧ ក្នុងពេលដែល​លោក​កំពុង​មាន​អភ័យ ឯកសិទ្ធិ​សភា​។ តុលាការ​ដែល​ស្ថិត​ក្រោម​ឥទ្ធិពល​បក្ស​កាន់អំណាច បាន​ចោទប្រកាន់​មេ​បក្ស​ប្រឆាំង​ដ៏​មាន​ថ្វីមាត់​រូប​នេះ​ពី​បទ “​សន្ទិដ្ឋិភាព” ឬ​ការ​ត្រូវរ៉ូវ​គ្នា​ជាមួយ​បរទេស ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​។ ចំណាត់​ការ​របស់​តុលាការ​ក្រុង​ភ្នំពេញ​នេះ បាន​ធ្វើ​ឡើង​ភ្លាមៗ បន្ទាប់ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រតិកម្ម​ដោយ​ចោទ​ថា​លោក កឹម សុខា មាន​ចេតនា​ចង់​ផ្ដួល​រំលំ​រដ្ឋាភិបាល ដែល​មាន​អង្គការ​ចាត់​តាំងនៅ​ពីក្រោយ​ខ្នង គឺ​សហរដ្ឋអាមេរិក។

តាំង​ពី​ដើម​មក លោក សម រង្ស៊ី និង​ក្រុម​អ្នកប្រឆាំង ដោយ​រួម​ទាំង​សហគមន៍​អន្តរជាតិ និង​ប្រទេស​ប្រជាធិបតេយ្យ​ធំៗ ខ្លះ​ទៀត បាន​ព្យាយាម​ជា​ដដែល ក្នុង​ការ​ទាមទារ​ឱ្យ​ទម្លាក់​បទ​ចោទ និង​ផ្ដល់​សេរីភាព​ឱ្យ​បាន​ពេញលេញ​ជូន​លោក កឹម សុខា ដោយ​ចាត់​ទុក​សំណុំ​រឿង​នេះ​ថា ជា​សំណុំរឿង នយោបាយ។

សវនាការ​នៅ​ថ្ងៃ​ទី​១ ត្រូវ​បាន​បញ្ចប់​នៅ​ម៉ោងជាង ៥​ល្ងាច ហើយ​នឹង​បន្ត​សវនាការ​នៅ​ថ្ងៃ​បន្តបន្ទាប់ ទៀត តាម​ពេលវេលា​ដដែល។ សវនាការ​ជំនុំ​ជម្រះ​ក្តី​លោក កឹម សុខា តុលាការ​គ្រោង​នឹង​ធ្វើ​រយៈពេល​បី​ខែ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

Leave a Reply

Submit Comment