សាលា​ដំបូង​រាជធានី​ភ្នំពេញ មិន​អនុញ្ញាត​ឲ្យ​មន្ត្រី​បក្ស​ប្រឆាំង និង​សង្គម​ស៊ីវិល​ ចូលរួម​ស្ដាប់​សវនាការ​ លោក កឹម សុខា

ដោយ​ សន ចាន់រដ្ឋា
2020-01-14
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​បន្ទប់​ផ្សាយ​វិទ្យុ​អាស៊ីសេរី រដ្ឋធានី​វ៉ាស៊ីនតោន (Washington) កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មករា ឆ្នាំ​២០១៥។

ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​បន្ទប់​ផ្សាយ​វិទ្យុ​អាស៊ីសេរី រដ្ឋធានី​វ៉ាស៊ីនតោន (Washington) កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មករា ឆ្នាំ​២០១៥។ RFA/Yun Samean


មន្ត្រី​​សាលា​ដំបូង​រាជធានី​ភ្នំពេញ មិន​អនុញ្ញាត​ឲ្យ​មន្ត្រី​​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​គ្រោង​អម​ដំណើរ​លោក កឹម សុខា និង​សង្គម​ស៊ីវិល​ ចូលរួម​ស្ដាប់​សវនាការ​​ប្រធាន​គណបក្ស​​ប្រឆាំង នៅ​ថ្ងៃ​ទី​១៥ និង​ថ្ងៃ​ទី​១៦ មករា​ឡើយ។ មន្ត្រី​បក្ស​ប្រឆាំង និង​សង្គម​ស៊ីវិល​ខក​ចិត្ត​ ចំពោះ​ការ​មិន​អនុញ្ញាត​ឲ្យ​ពួកគេ​ បាន​ចូល​ស្ដាប់​សវនាការ។

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ព្រះ​អង្គ​ម្ចាស់​​ ស៊ី​សុវត្ថិ ធម្មិកោ ប្រាប់​អាស៊ី​សេរី​ថា ទ្រង់ និង​មន្ត្រី​បក្ស​ប្រឆាំង​​ផ្សេង​ទៀត​ តុលាការ​​​មិន​បាន​អនុញ្ញាត​ឲ្យ​ចូល​ស្ដាប់​សវនាការ​ លោក កឹម សុខា។ ព្រះ​អង្គ និង​មន្ត្រី​បក្ស​ប្រឆាំង​ផ្សេង​ទៀត បាន​ដាក់​ពាក្យ​ស្នើសុំ​ស្ដាប់​សវនាការ​ តាម​រយៈ​មេធាវី​របស់​ លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​  ប៉ុន្តែ​ខាង​តុលាការ​បដិសេធ៖ «ខាង​តុលាការ​គេ​បដិសេធ។ គេ​បដិសេធ ដល់​ពេល​ខ្ញុំ​សួរ​ទៅ​ថា​មូលហេតុ​អ្វី គាត់​(មេធាវី​របស់ លោក​ កឹម សុខាឆ្លើយ​មក​វិញ​ថា គេ​អត់​ចង់​ឲ្យ​ថ្នាក់​ដឹកនាំ អតីត​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ចូលរួម​នៅ​ក្នុង​សវនាការ​។ អត់​មាន​និយាយ​រឿង​មាន​កន្លែង ឬ​អត់​កន្លែង​ទេ។ គាត់​បាន​បញ្ជាក់​ច្បាស់​ថា មូលហេតុ​ដែល​គេ​ប្រាប់​គាត់ គេ​មិន​ឲ្យ​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ចូលរួម​នៅ​ក្នុង​សវនាការ​ទេ»

យ៉ាង​ហោច​ណាស់​មាន​មន្ត្រី​បក្ស​ប្រឆាំង ចំនួន​៤​នាក់ ត្រូវ​បាន​តុលាការ​បដិសេធ​ ការ​ចូលរួម​ស្ដាប់​សវនាការ លោក កឹម សុខា គឺ ព្រះ​អង្គ​ម្ចាស់​ស៊ីសុវត្ថិ​ ធម្មិកោ លោក ប៉ុល ហំម លោក សុន ឆ័យ លោក យ៉ែម បុញ្ញារិទ្ធិ។ ទោះ​យ៉ាង​ណា ព្រះ​អង្គ​ម្ចាស់​ស៊ី​សុវត្ថិ ធម្មិកោ អះអាង​ថា ទ្រង់​នឹង​យាង​ទៅ​ឈរ​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដើម្បី​បង្ហាញ​ទឹក​ចិត្ត​គាំទ្រ​ លោក កឹម សុខា បើ​ទោះ មាន​ការ​រារាំង​ពី​សមត្ថកិច្ច។ ព្រះ​អង្គ អះអាង​ថា ទ្រង់​មាន​សិទ្ធិ​ស្រប​ច្បាប់ ក្នុង​ការ​ឈរ​មុខ​តុលាការ ដោយ​មិន​ប្រើ​អំពើ​ហិង្សា។

សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​កំណត់​ចំនួន​មនុស្ស​ចូលរួម​ស្ដាប់​​សវនាការ​ លោក កឹម សុខា ចំនួន​៣០​នាក់​គត់ ហើយ​តម្រូវ​ឲ្យ​​សាធារណៈ​ជន​ចុះ​ឈ្មោះ ដើម្បី​ទទួល​បាន​កន្លែង​អង្គុយ​ស្ដាប់​។ សវនាការ​រយៈ​ពេល​២​ថ្ងៃ​នេះ ក្រៅ​ពី​នៅ​ម្ដុំ​អគារ​​សាលា​ដំបូង​រាជធានី​ភ្នំពេញ អាជ្ញាធរ​បាន​ប្រកាស​ពង្រឹង​ការ​យាម​ល្បាត និង​ដាក់​ពង្រាយ​កង​កម្លាំង​ប្រដាប់​ដោយ​អាវុធ ច្រើន​ទីតាំង រួម​ទាំង​នៅ​តាម​បណ្ដា​ខេត្ត​ផ្សេង​ផង​ដែរ។

អាស៊ី​សេរី បាន​ព្យាយាម​ទូរស័ព្ទ​សុំ​ការ​បញ្ជាក់​ពី​​ក្រុម​អ្នក​នាំ​ពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ប្រធាន​​​តុលាការ​ក្រុង លោក តាំង ស៊ុនឡាយ ព្រះ​រាជ​អាជ្ញា​រង វង្ស ប៊ុន​វិសុទ្ធ ដែល​ជា​អ្នក​ចេញ​ដីកា​កោះ​ហៅ​សាក្សី​ច្រើន​នាក់ ឲ្យ​ចូល​បំភ្លឺ ក្នុង​ពេល​សវនាការ​ លោក កឹម សុខា អ្នក​នាំ​ពាក្យ​​ប៉ូលិស ប៉េអឹម ​អ្នក​នាំ​ពាក្យ​រាជធានី​​ភ្នំពេញ និង​ អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន តែ​មិន​ទទួល​ទូរស័ព្ទ នៅ​ថ្ងៃ​ទី១៤ មករា។

អ្នក​នាំ​ពាក្យ​សមាគម​អាដហុក លោក ស៊ឹង សែន​ករុណា ប្រាប់​ថា ខាង​សង្គម​ស៊ីវិល និង​អ្នក​សារ​ព័ត៌មាន​ក្នុង​ស្រុក​ជា​ច្រើន ក៏​មិន​ទទួល​បាន​ការ​អនុញ្ញាត​ឲ្យ​ចូលរួម​ស្ដាប់​សវនាការ​ដែរ។ លោក​ ​​ថា សវនាការ​​លោក កឹម សុខា ហាក់​មាន​លក្ខណៈ​ចង្អៀត​ ហើយ​មាន​តែ​មន្ត្រី​ស្ថានទូត​មួយ​ចំនួន​ ទទួល​បាន​ការ​អនុញ្ញាត​ឲ្យ​ចូល​មើល។

លោក​ សោកស្ដាយ​ចំពោះ​ការ​មិន​អនុញ្ញាត​ឲ្យ​តំណាង​គណបក្ស និង​តំណាង​របស់​សង្គម​ស៊ីវិល​ ចូលរួម​ស្ដាប់​សវនាការ​នេះ។ លោក ស៊ឹង សែន​ករុណា យល់​ថា សាធារណជន​សុទ្ធ​តែ​ចង់​មើល​​ការ​កាត់​ក្ដី​ លោក កឹម សុខា ដូច្នេះ តុលាការ​គួរ​រៀបចំ សាល​សវនាការ​ដែល​មាន​ទំហំ​ធំ ឬ​រៀបចំ​បញ្ចាំង​ស្លាយ​ (Slide) ដល់​បន្ទប់​ខាង​ក្រៅ​​ ដូច​​​សវនាការ​​សាលា​ក្ដី​ខ្មែរ​ក្រហម ទើប​ជា​ការ​ប្រសើរ៖ «គួរ​តែ​មាន​ការ​គិតគូរ​អំពី​ការ​បើក​ឲ្យ​ទូលំទូលាយ។ ឧទាហរណ៍​ថា អាច​មាន​សាល​ពិសេស​ណាមួយ ដែល​សម្រាប់​បើក​សវនាការ​ ករណី ដែល​មាន​ការ​ចាប់​អារម្មណ៍​ច្រើន​អ៊ីចឹង ហើយ​​ អា​ហ្នឹង​ទី ១ គួរ​ពិចារណា​ថ្ងៃ​ក្រោយ។ មួយ​ទៀត​នោះ ​បើ​សិន​ជា​ចំណាត់​ការ​​បាន​ចាប់​ផ្ដើម​ហើយ គួរ​តែ​អាច​ដូច​នីតិវិធី​នៅ​ខាង​តុលាការ​សាលា​ក្ដី ខ្មែរ​ក្រហម។ យើង​ឃើញ​ហើយ គេ​មាន​ការ​ផ្សាយ​​ព័ត៌មាន​អ្វី សវនាការ​អ្វី នៅ​បន្ទប់​ខាង​ក្រៅ ដល់​សារព័ត៌មាន​ណា»

លោក ស៊ឹង សែន​ករុណា យល់​ថា អាជ្ញាធរ​មិន​ត្រូវ​រារាំង​ពលរដ្ឋ​ក្នុង​ការ​ឈរ​មុខ​តុលាការ​ទេ ដោយសារ​ ការ​ឈរ​គាំទ្រ​ ឬ​ធ្វើ​សកម្មភាព​ស្រប​ច្បាប់​ផ្សេងៗ នៅ​មុខ​តុលាការ មិន​ប៉ះពាល់​ដល់​សវនាការ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

Leave a Reply

Submit Comment