អាវុធហត្ថ​ផ្ទៃ​ប្រទេស​កោះ​ហៅ​សាក្សី​សួរ​រឿង​ពលរដ្ឋ​ម្នាក់​ស្លាប់​ពេល​ជាប់ឃុំ​នៅ​បន្ទាយ​មាន​ជ័យ

ដោយ ខែ សុណង
2020-01-15
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក អេង ហ៊ី។

អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក អេង ហ៊ី។ Photo courtesy of Eng Hy Facebook


គណៈកម្មការ​ចំពោះ​កិច្ច​របស់​ទីបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស នៅ​ថ្ងៃ​ទី​១៥ មករា បាន​កោះហៅ​សាក្សី ៤​នាក់ សាកសួរ​អំពី​រឿង​មន្ត្រី​អាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​ចាប់ខ្លួន​ប្រជា​ពលរដ្ឋ​​មាន​ទំនាស់​ដីធ្លី ៥​នាក់ ធ្វើ​ទារុណកម្ម ហើយ​បណ្ដាល​ឱ្យ​ស្លាប់​ម្នាក់ កាលពី​ថ្ងៃ​ទី​១ មករា។

ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​នៃ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក នាង សុជីវី បាន​កោះហៅ លោក ហ៊ឹម គិរី និង​សាក្សី ៣​នាក់​ផ្សេងទៀត ឱ្យ​ចូល​បំភ្លឺ​នៅ​ទី​បញ្ជាការដ្ឋាន​កង​រាជ​អាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ នៅ​ព្រឹក​ថ្ងៃ​ទី​១៦ មករា។ ការ​កោះហៅ​ពលរដ្ឋ​នេះ គឺ​ដើម្បី​សាកសួរ​អំពី​ដំណើររឿង​ពាក់ព័ន្ធ​នឹង​ការ​ស្លាប់​ប្រជាពលរដ្ឋ​ម្នាក់​កាលពីដើម​ខែ​មករា កន្លង​ទៅ។

សាក្សី និង​ជា​ជនរងគ្រោះ​ម្នាក់​ចំណោម ៤​នាក់ ដែល​ត្រូវ​ចូល​បំភ្លឺ​គណៈកម្មការ​ចំពោះ​កិច្ច គឺ​លោក ហ៊ឹម គីរី ប្រាប់​អាស៊ីសេរី​នៅ​រសៀល​ថ្ងៃ ទី​១៥ មករា​ថា លោក​នឹង​ចូល​ទៅ​បំភ្លឺ​តាម​ការ​កោះហៅ​ក្នុង​នាម​ជា​សាក្សី​ផង និង​ជា​ជនរងគ្រោះ​ផង​។ លោក​បញ្ជាក់​ទៀត​ថា ពួក​លោក​នឹង​និយាយ​ការពិត​ដែល​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​បាន​វាយដំ​ធ្វើ​ទារុណកម្ម​ពួក​លោក ប្រាប់​គណៈកម្មការ​នេះ​ទាំង​អស់ ដោយ​មិន​មាន​លាក់បាំង​ឡើយ​។ លោក​ស្នើ​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ ចាប់​ជនល្មើស​ផ្ដន្ទាទោស​តាមច្បាប់ ដើម្បី​ផ្ដល់​យុត្តិធម៌​ដល់​ពួក​លោក និង​ជនរងគ្រោះ៖ «ខ្ញុំ​ចង់​បានតែ​សំណុំរឿង​ទទួល​បាន​​យុត្តិធម៌ និង​ឱ្យ​មាន​ការ​បង់​ជំងឺ​ចិត្ត​ឱ្យ​ខ្ញុំ​ដែល​គេ​ធ្វើបាប​ខ្ញុំ​។​ខ្ញុំ​អត់​ខ្លាច​ទេ​ដល់​ដំណាក់​នេះ​ហើយ។ បាទ​!​គេ​ធ្វើ​ទារុណកម្ម​ខ្ញុំ​វា​ព្រៃផ្សៃ​ពេក បានជា​ខ្ញុំ​ចង់​បំភ្លឺ​ឱ្យ​វា​ច្បាស់ ដើម្បី​ឱ្យ​គេ​រក​យុត្តិធម៌​ឱ្យ​ខ្ញុំ​បាន»។

ចំណែក​ឯ​ប្រពន្ធ​ជនរងគ្រោះ​ម្នាក់ទៀត គឺ​លោកស្រី រិន រី ថ្លែង​ថា មន្ត្រី​អាវុធហត្ថ​ជាច្រើន​នាក់​បាន​ប្រគល់​លិខិត​កោះហៅ​ឱ្យ​ប្ដី​របស់​លោកស្រី គឺ​លោក អាន រួន ដល់​ផ្ទះ​នៅ​ស្រុក​ព្រះនេត្រព្រះ នៅ​ព្រឹក​ថ្ងៃ​ទី​១៥ មករា​។ លោកស្រី​បន្ត​ថា ប្ដី​របស់​លោក​ស្រី​នឹង​ចូល​បំភ្លឺ​តាម​ការ​កោះហៅ​នេះ៖ «ហើយ​ខ្ញុំ​នេះ​ចង់​ឱ្យ​គេ​ជួយ​ជា​សំណង ដើម្បី​ខ្ញុំ​មើល​គ្រួសារ​ខ្ញុំ​ផង ព្រោះ​អី​ប្ដី​ខ្ញុំ​ឈឺ​ហើយ​ចាស់​ទៀត ខ្ញុំ​អត់​មាន​លុយ​អី​មើល​ប្ដី​ទេ។ ខ្ញុំ​ស្រណោះ​គ្រួសារ​ខ្ញុំ​ណាស់ ដែល​គាត់​ធ្វើ​ទារុណកម្ម​សព្វគ្រប់​នោះ ដៃ​ជាប់​ចំណង​ហើយ​លោត​ធាក់​ទៀត ហើយ​ឥឡូវនេះ​គាត់​ឈឺ​ដើមទ្រូង ហើម​ឡើង​ប៉ោង​ចេញ​មក​ក្រៅ។គាត់​ឈឺ​២​ថ្ងៃ​ហើយ មានអី​គាត់​ថា មើល​ដើមទ្រូង​ម៉េច​បានជា​ឈឺ​មិន​ដឹង​ជា​បាក់ឆ្អឹង ឬ​យ៉ាងម៉េច​ទេ​បង»។

សាក្សី​អះអាង​ថា លោក ទុយ ស្រស់ ដែល​ជា​តំណាង​ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​នៅ​ភូមិ​ជ្រៃ ឃុំ​ចង្ហា ស្រុក​អូរជ្រៅ បាន​ស្លាប់​នៅ​ថ្ងៃ​ទី​១ មករា គឺ​ដោយសារ​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​ចាប់​ឃុំ​ខ្លួន ហើយ​វាយ​ធ្វើ​ទារុណកម្ម​បណ្ដាល​ឱ្យ​គ្រាំគ្រា​ឈឺ​ចុកចាប់​ក្នុង​ខ្លួន ចាប់ពី​ថ្ងៃ​ទី​២៨ ដល់​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១៩។

សាក្សី​ទាំងនោះ​បន្ត​ថា ជនរងគ្រោះ​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់ ទើប​សមត្ថកិច្ច​បញ្ជូន​បន្ត​ទៅ​ពន្ធនាគារ​ខេត្ត និង​បណ្ដាល​ឱ្យ​ស្លាប់​នៅ​ថ្ងៃ​បន្ទាប់​។ សមត្ថកិច្ច​បាន​ចាប់ខ្លួន​ប្រជាពលរដ្ឋ​ចំនួន ៥​នាក់​យក​ទៅ​សាកសួរ បន្ទាប់​ពួកគាត់ ឱ្យ​អាជ្ញាធរ​ដោះស្រាយ​តវ៉ា​រឿង​ទំនាស់​ដី​របស់​ពួកគាត់​នៅ​ស្រុក​ស្វាយចេក។

កាល​ពី​ថ្ងៃ​ទី​២៨ ខែ​ធ្នូ​នោះ ប្រជាពលរដ្ឋ​ជាង ១០០​នាក់ បាន​នាំគ្នា​តវ៉ា​នៅមុខ​សាលា​ខេត្ត​​បន្ទាយ​មាន​ជ័យ ទាមទារ​ឱ្យ​អាជ្ញាធរ​ខេត្ត ចេញទៅ​ជួប​ពួកគាត់​ពន្យល់​អំពី​មូលហេតុ ដែល​មិន​ឱ្យ​ពួក​គាត់​កាន់កាប់​ដី​ទំនាស់ ប៉ុន្តែ​ពេលនោះ​អាជ្ញាធរ​ខេត្ត​មិន​បាន​ចេញ​ជួប​ក្រុម​អ្នកតវ៉ា​នោះ​ឡើយ​។ នៅ​ថ្ងៃ​នោះ​ក្រុម​ពលរដ្ឋ​ក៏​មិន​ព្រម​ត្រឡប់​ទៅ​ផ្ទះ​វិញ​ដែរ គឺ​រង់ចាំ​ក្បែរ​របង​​សាលា​ខេត្ត រហូត​ដល់​​ម៉ោង ២​រសៀល ស្រាប់តែ​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​ជាច្រើន​នាក់​ ទៅ​បង្ក្រាប​ក្រុម​អ្នក​តវ៉ា​ទាំងនោះ និង​បាន​ចាប់​មនុស្ស ៥​នាក់​យក​ទៅ​ឃុំខ្លួន​។ អំឡុង​ពេល​សមត្ថកិច្ច​ឃុំខ្លួន​នោះ មាន​ពលរដ្ឋ​ម្នាក់​បាន​ស្លាប់ ក្រោយពេល​បញ្ជូន​ទៅ​ពន្ធនាគារ​ខេត្ត​បាន​មួយថ្ងៃ និង ៤​នាក់​ផ្សេងទៀត ត្រូវ​បាន​ដោះលែង​វិញ​នៅ​ថ្ងៃ​ទី​៣ មករា។

អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​លោក អេង ហ៊ី ធ្លាប់​ប្រាប់​អាស៊ីសេរី​ថា មន្ត្រី​អាវុធហត្ថ​មិនបាន​ប្រើ​ហិង្សា​​លើ​ជនរងគ្រោះ​ដូច​ការចោទប្រកាន់​ឡើយ ហើយ​​អាជ្ញាធរ​ខេត្ត ក៏បាន​ចេញ​​សេចក្ដីថ្លែងការណ៍​ជុំវិញ​បញ្ហា​នេះ​រួចហើយ​ដែរ​។ ទោះជា​យ៉ាងណា លោក​ជំរុញ​ឱ្យ​សាក្សី និង​សាច់ញាតិ​ជនរងគ្រោះ ​ប្ដឹង​ទៅ​តុលាការ ដើម្បី​ដោះស្រាយ​តាមច្បាប់។

កាល​ពី​ថ្ងៃ​ទី​១៤ មករា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​ជួបជុំ​ជាមួយ​សារព័ត៌មាននៅ​រាជធានី​ភ្នំពេញ​ថា លោក​បាន​បញ្ជា​ឱ្យ​មេបញ្ជាការ​កងរាជអាវុធហត្ថ​គឺ​លោក សៅ សុខា ឱ្យ​បើក​ការស៊ើបអង្កេត និង​នាំ​ជន​ដៃដល់​មក​ផ្ដន្ទាទោស​តាមច្បាប់។

នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ លីកាដូ (LICADHO) លោក អំ សំអាត បាន​ទទូច​ដល់​អាជ្ញាធរ​របប​ក្រុងភ្នំពេញ​ឱ្យ​ធ្វើ​ការ​ដោយ​តម្លាភាព​លើ​ករណី​ស្លាប់​ប្រជាពលរដ្ឋ​ម្នាក់​នៅ​មន្ទីរឃុំឃាំង​របស់​ខេត្ត​បន្ទាយមានជ័យ​នេះ។

លោក​មាន​ប្រសាសន៍ថា អ្នក​ដែល​ពាក់ព័ន្ធ ទោះបី​អ្នកនោះ​ជា​មនុស្ស​មានអំណាច​ក៏ដោយ​ត្រូវតែ​យក​មក​អនុវត្ត​ទៅតាម​ផ្លូវច្បាប់ ដើម្បី​ផ្ដល់​យុត្តិធម៌​ដល់​ជនរងគ្រោះ និង​ធានា​យុត្តិធម៌​នៅ​ក្នុង​សង្គម​ដោយ​មិន​ប្រកាន់​បក្ស​ពួក​និយម ឬក៏​មានការ​យោគយល់​នោះ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

3 Responses to "អាវុធហត្ថ​ផ្ទៃ​ប្រទេស​កោះ​ហៅ​សាក្សី​សួរ​រឿង​ពលរដ្ឋ​ម្នាក់​ស្លាប់​ពេល​ជាប់ឃុំ​នៅ​បន្ទាយ​មាន​ជ័យ"

  1. Anonymous says:

    This case must ask so socheat ‘

  2. Anonymous says:

    YES … please keep this case alive by continuous to talk about it other why they made another killing successful . as I used to say the group of killer are still at large.

  3. Anonymous says:

    Why you wait until Mr Hun Sen order you to do your job? Do you ever realize that Cambodia people including the victim work very hard to pay your salarie? Do you ever imagine that how you feel if the victim is your family member, what comes around goes around or karma is inevitable to any person on this planet so we call rule of universe