តុលាការ​ក្រុង​ភ្នំពេញ​បញ្ចប់​សវនាការ​លើ​លោក កឹម សុខា នៅ​ថ្ងៃ​ទី​២

ដោយ សេក បណ្ឌិត
2020-01-16
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ពេល​ទៅ​ចូលរួម​សវនាការ​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ថ្ងៃ​ទី១៥ ខែ​មករា ឆ្នាំ២០២០ ដែល​ជំនុំជម្រះ​រឿង​ក្ដី​លោក ដែល​ជាប់​ចោទ​ពី​បទ “​សន្ទិដ្ឋិភាព” ឬ​ភាព​ត្រូវរ៉ូវ​គ្នា​ជាមួយ​បរទេស ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល។


លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ពេល​ទៅ​ចូលរួម​សវនាការ​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ថ្ងៃ​ទី១៥ ខែ​មករា ឆ្នាំ២០២០ ដែល​ជំនុំជម្រះ​រឿង​ក្ដី​លោក ដែល​ជាប់​ចោទ​ពី​បទ “​សន្ទិដ្ឋិភាព” ឬ​ភាព​ត្រូវរ៉ូវ​គ្នា​ជាមួយ​បរទេស ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល។

 រូប៖ RFA


លោក​ កឹម សុខា​ ទាមទារ​ឲ្យ​តុលាការ​ ទម្លាក់​ចោល​បទ​ចោទ​លោក​ទាំងស្រុង


សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ទី​១៦ មករា​នេះ បាន​បញ្ចប់​សវនាការ​ជំនុំជម្រះ​លើ​សំណុំរឿង​របស់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា នៅ​ថ្ងៃ​ទី​២ ហើយ​នឹង​បន្ត​សវនាការ​ទៅ សប្ដាហ៍​ក្រោយ​ទៀត​។ អ្នកវិភាគ​យល់​ថា សំណុំរឿង​របស់​លោក កឹម សុខា គឺជា​រឿង​នយោបាយ។

មេធាវី​ការពារ​ក្តី​របស់​លោក កឹម សុខា គឺ​អ្នកស្រី ម៉េង សុភារី ប្រាប់​អ្នកកាសែត​ក្រោយ​បញ្ចប់ សវនាការ​ថា សវនាការ​នៅ​ថ្ងៃ​ទី​២ ​នេះ តុលាការ​នៅតែ​បន្ត​ផ្ដោត​សួរ​លើ​អង្គហេតុ ឬ​សកម្មភាព ដែល​លោក កឹម សុខា បាន​ធ្វើ​តាំងពី​ឆ្នាំ​១៩៩៣ ដល់​ឆ្នាំ​២០០៧​ដដែល។ អ្នកស្រី​មេធាវី​បន្ត​ថា សំណួរ​ទាំងនោះ គឺ​កូន​ក្តី​របស់​លោក​ស្រី បាន​ឆ្លើយ​ច្បាស់​ទាំងអស់​ថា គាត់​មិន​បាន​ប្រព្រឹត្ត​ខុស នោះ​ទេ ហើយ​សម្ដី​ដែល​លោក កឹម សុខា និយាយ​ក្នុង​វីដេអូ​ជាង ២​នាទី ដែល​រដ្ឋាភិបាល​ប្រើប្រាស់ ជា​ភស្តុតាង​ក្នុង​ការ​ចោទប្រកាន់​នោះ គឺ​មាន​ការ​កាត់​ត​ធ្វើ​ឱ្យ​មានការ​ភ័ន្តច្រឡំ និង​ខុស​គោល​បំណង ពិត​របស់​លោក កឹម សុខា៖ «ឯកឧត្ដម កឹម សុខា គាត់​បាន​បញ្ជាក់​នៅ​ក្នុង​អង្គ​សវនាការ​ថា ទីមួយ គឺ​បញ្ហា​វីដេអូ​ដែល​កាត់ត ថា​ជា​វីដេអូ​ដែល​កាត់ត​។ ហើយ​មួយទៀត លោក​បាន​បញ្ជាក់​ចំណុច​កាត់ត គឺ​នៅ​ត្រង់​ណា​។ គាត់​ក៏បាន​បញ្ជាក់​ផង​ដែរ​ថា ​គាត់​មិនបាន​នាំ​បរទេស​ណា​មក​ឱ្យ​ប្រទូសរ៉ាយ ឬក៏​ឈ្លានពាន​នៅ​ក្នុង​ប្រទេស​កម្ពុជា មិនបាន​ធ្វើ​ឱ្យ​កម្ពុជា​បាត់​ទឹក​បាត់​ដី ឬមួយ​ក៏​នាំ​បរទេស​​មក​ឈ្លានពាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ហើយ​មួយទៀត​នោះ គាត់​ក៏បាន​បញ្ជាក់​អំពី​តួនាទី​ស្របច្បាប់​របស់​គាត់​នៅ​ក្នុង​សភា ព្រឹទ្ធសភា និង​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ចាប់ពី​ឆ្នាំ​១៩៩៣​ ដល់​ឆ្នាំ​២០០៧។ មួយទៀត​នោះ​គឺ​ គាត់​បញ្ជាក់​អំពី​ការ​កាត់ត​ពាក្យ​យុទ្ធសាស្ត្រ វា​ភ្ជាប់​ជាមួយ​នឹង​ពាក្យ​ខាងលើ មាន​ប្រទេស​យូហ្គោស្លាវី មានអី ប៉ុន្តែ​វា​បាត់​ខ្លឹមសារ មុន​ពាក្យ​ហ្នឹង​មក​ដល់​។ អ៊ីចឹង​មុន​ពាក្យ​ហ្នឹង អ្វី​ជា​យុទ្ធសាស្ត្រ​របស់​គាត់ គឺ​បញ្ហា​របស់​ខ្មែរ ឃ្លាន ខ្លៅ ខ្លាច»។

ម្យ៉ាងវិញទៀត អ្នកស្រី ម៉េង សុភារី បញ្ជាក់​ថា ក្រមព្រហ្មទណ្ឌ ត្រង់​មាត្រា «​សន្ទិដ្ឋិភាព​ជាមួយ​បរទេស​» ត្រូវ​បាន​ប្រកាស​ឱ្យ​ប្រើប្រាស់​នៅ​ឆ្នាំ​២០១០ ដូច្នេះ​តុលាការ មិន​អាច​អនុវត្ត​ធាក់​ថយ ឬ​មិន​អាច​ចោទប្រកាន់​ទៅលើ​សកម្មភាព​របស់​លោក កឹម សុខា តាំងពី​ឆ្នាំ​១៩៩៣ ដល់​ឆ្នាំ​២០០៧៖ «អំពើ​របស់​កូន​ក្តី​របស់ខ្ញុំ​គឺ​សុទ្ធ​តែ​ជា​អំពើ​ដែល​ត្រឹមត្រូវ​ស្របច្បាប់ គាត់​ជា​អ្នក​ប្រជាធិបតេយ្យ គាត់​ប្រកាន់​គោលការណ៍​សិទ្ធិមនុស្ស ហើយ​និង​ប្រជាធិបតេយ្យ គាត់​មិនបាន​ធ្វើ​អំពើ​ទាំងឡាយ​ណា ធ្វើ​ឱ្យ​បាត់បង់​ផលប្រយោជន៍​របស់​ជាតិ​នោះ​ទេ»។

មេធាវី​ការពារ​ក្តី​មេ​បក្ស​ប្រឆាំង​រូប​នេះ ឱ្យ​ដឹង​ថា តុលាការ នឹង​បន្ត​សវនាការ​ជំនុំជម្រះ​សំណុំរឿង លោក កឹម សុខា សប្ដាហ៍​ក្រោយ​ទៀត ហើយ​នឹង​ចាក់​បញ្ចាំង​វីដេអូ​ពេញ​របស់​លោក កឹម សុខា ដែល​បាន​និយាយ កាលពី​ឆ្នាំ ២០០៣ នៅ​ប្រទេស​អូស្ត្រាលី​ផង​ដែរ។

រីឯ​មេធាវី​តំណាង​រដ្ឋាភិបាល​ដែល​ជា​ដើម​បណ្តឹង គឺ លោក គី តិច ថ្លែង​ថា លោក​មាន​ភស្តុតាង​ដាក់​បន្ទុក​លើ​លោក កឹម សុខា ចំនួន ៣​វ៉ាលី​ធំៗ ដែល​លោក ជឿ​ថា មេ​បក្ស​ប្រឆាំង​រូប​នេះ មិន​អាច​គេច ផុត​ពី​ទោស​ទណ្ឌ​បាន​ទេ។

ទិដ្ឋភាព​នៅ​ខាងក្រៅ​តុលាការ នៅតែ​មាន​ការ​ដាក់​កម្លាំង​ការពារ​សន្តិសុខ រាប់​សិប​នាក់ ខណៈ​មាន​មន្ត្រី​សង្គម​ស៊ីវិល អ្នកសារព័ត៌មាន និង​អ្នកគាំទ្រ​លោក កឹម សុខា មួយ​ចំនួន​នៅ​ជិតៗ​តុលាការ​នោះ​ប៉ុន្តែ​មិន​មាន​ចំនួន​ច្រើន​ដូច​សវនាការ​ថ្ងៃ​ទី​១ទេ។

ប្រធាន​ក្រុម​អ្នកវិភាគ​វ័យក្មេង កញ្ញា លី ស្រីស្រស់ ថ្លែង​ថា សំណុំ​រឿង​របស់​លោក កឹម សុខា គឺ​ពាក់ព័ន្ធ​រឿង​នយោបាយ។ ដូច្នេះ​គួរតែ​សម្របសម្រួល​តាម​ផ្លូវ​នយោបាយ ដូច្នេះ​ការអនុវត្ត​ច្បាប់​របស់ តុលាការ​នៅ​ពេល​នេះ គឺ​ចង់​មិន​ចង់​ពិបាកធ្វើ​ឱ្យ​សាធារណជន​ទទួលយក និង​ជឿ​ទុក​ចិត្ត​បាន​។ កញ្ញា បារម្ភ​ថា អ្វី​ដែល​តុលាការ​និង​រដ្ឋាភិបាល​ធ្វើ​នៅ​ពេល​នេះ អាច​នាំ​ឱ្យ​កម្ពុជា​ជួប​គ្រោះជា​ច្រើន ដូចជា​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA របស់​សហភាព​អឺរ៉ុប និង​ទទួលរង​ទណ្ឌកម្ម​ផ្សេងៗ​ទៀត ព្រមទាំង​ធ្វើ​ឱ្យ​ធ្វើ​ប៉ះពាល់​ដល់​ទំនាក់ទំនង​ជាមួយ​ប្រទេស​ជាច្រើន​ក្នុង​ពិភពលោក​ផង​ដែរ៖ «កន្លង​​មក​យើង​ក៏​ដឹង​ដែរ​ថា វា​ជា​រឿង​នយោបាយ ហើយ​បើសិនជា​តុលាការ​ទម្លាក់​បទ​ចោទ​វា​ហាក់​ដូចជា​ខ្ទាស់​ជាមួយ​ការ​អនុវត្ត​កន្លង​មក ដូច​ជា​ការ​រំលាយ​បក្ស ដូចជា​ការ​យក​អាសនៈ​សភា និង​អាសនៈ​ក្រុម​ប្រឹក្សា​ឃុំ​-​សង្កាត់​ដែល​ក្រោយ​ពេល​រំលាយ​បក្ស​នោះ អ៊ីចឹង​ហើយ​បើសិនជា​ទម្លាក់​ចោលការ​ចោទ​ប្រកាន់​ថា តើ​បញ្ហា​ទាំងអស់​នោះ នឹង​ដោះស្រាយ​របៀប​ម៉េច។ ចំណុច​មួយទៀត អាច​នឹង​មាន​ការ​ចោទប្រកាន់ ហើយ​ស្នើសុំ​ឱ្យ​ព្រះមហាក្សត្រ​លើកលែងទោស»។

លោក កឹម សុខា ត្រូវ​សមត្ថកិច្ច​សម្រុក​ចូល​ចាប់​ខ្លួន​ទាំង​កណ្ដាល​អាធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី៣ កញ្ញា ឆ្នាំ​២០១៧ ក្នុងពេលដែល​លោក​កំពុង​មាន​អភ័យឯកសិទ្ធិ​សភា​។ តុលាការ​ដែល​ស្ថិត​ក្រោម​ឥទ្ធិពល​បក្ស​កាន់អំណាច បាន​ចោទប្រកាន់​មេ​បក្ស​ប្រឆាំង​ដ៏​មាន​ថ្វីមាត់​រូប​នេះ​ពី​បទ “​សន្ទិដ្ឋិភាព” ឬ​ការ​ត្រូវរ៉ូវ​គ្នា​ជាមួយ​បរទេស ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល និង​បាន​ឃុំខ្លួន​លោក​នៅ​ពន្ធនាគារ ត្រពាំង​ផ្លុង ជិត​ប្រទេស​វៀតណាម​ជាង ១​ឆ្នាំ និង​បន្ទាប់​មក​នាំ​មក​ឃុំខ្លួន​ក្នុង​ផ្ទះ​របស់​លោក​មួយ​ឆ្នាំ​ទៀត។ តុលាការ​ក្រុង​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១០ វិច្ឆិកា ឆ្នាំ​២០១៩ បានសម្រេច​កែប្រែ​លក្ខខណ្ឌ​នៃ​កាតព្វកិច្ច​មួយ​ចំនួន​សម្រាប់​លោក កឹម សុខា គឺ​អនុញ្ញាត​ឱ្យ​លោក អាច​ធ្វើ​ដំណើរ​ក្នុង​ប្រទេស ប៉ុន្តែ​មិន​ឱ្យ​ចាក​ចេញពី​កម្ពុជា​ឡើយ ហើយក៏​មិន​លោក​ធ្វើ​សកម្មភាព​នយោបាយ​ដែរ​។ ក្រៅ​ពី​នេះ តុលាការ​បាន​តម្រូវ​ឱ្យ​លោក​ឆ្លើយតប​នឹង​ការ​កោះហៅ​ពី​គ្រប់​សមត្ថកិច្ច។

នៅ​ថ្ងៃ​សវនាការ​លើកដំបូង លោក កឹម សុខា បាន​បង្ហោះ​សារ​នៅ​លើ​ទំព័រ​ហ្វេសប៊ុ​ក​ផ្លូវការ​របស់​លោក​ដោយ​បញ្ជាក់​ជំហរ​ថា លោក បដិសេធ​ទាំងស្រុង​នូវ​ការចោទប្រកាន់ ពី​បទ​សន្ទិដ្ឋិភាព​ជាមួយ​បរទេស។ មេ​បក្ស​ប្រឆាំង​រូប​នេះ អះអាង​ថា លោក​មិនបាន​នាំ​រដ្ឋ​បរទេស ឬ ភ្នាក់ងារ​បរទេស​ណា​ម​ក​ប្រទូសរ៉ាយ ឬ​ឈ្លាន​ពាន​ព្រះរាជាណាចក្រ​កម្ពុជា​ឡើយ​។ លោក​បញ្ជាក់​ថា សកម្មភាព​ទាំងអស់​របស់​លោក គឺ​ផ្តោត​លើ​សិទ្ធិ មនុស្ស និង​លទ្ធិប្រជាធិបតេយ្យ ដោយ​អហិង្សា និង សន្តិវិធី ស្របតាម​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ គ្រប់​សកម្មភាព​នយោបាយ​របស់​លោក គឺ​ផ្តោត​លើ​ការបោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ យុត្តិធម៌ ដែល​ឆ្លុះ បញ្ចាំង​ពី​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ខ្មែរ ។​

​លោក កឹម សុខា នៅតែ​ទាមទារ​ឱ្យ​តុលាការ​ទម្លាក់​ចោល​ជា​ស្ថាពរ​ចំពោះ​បទចោទប្រកាន់ ដើម្បី​ឱ្យ​លោក​​អាច​​អនុវត្ត​​បាន​​នូវ​​សិទ្ធិ​សេរី​ភាព​នយោបាយ​ពេញលេញ ក្នុង​ការ​ចូលរួម​បម្រើ​ជាតិ​មាតុភូមិ និង​ការពារ​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ​ខ្មែរ។

សវនាការ​ជំនុំជម្រះ​ក្តី​លើ​លោក កឹម សុខា នេះ តុលាការ គ្រោង​នឹង​ប្រើ​រយៈពេល​ដល់​ទៅ ៣​ខែ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

2 Responses to "តុលាការ​ក្រុង​ភ្នំពេញ​បញ្ចប់​សវនាការ​លើ​លោក កឹម សុខា នៅ​ថ្ងៃ​ទី​២"

  1. so socheath says:

    ហាស ! ហាស
    មេធាវីម្នាក់នេះ និយាយតាមនឹកឃើញ !
    បែបអត់ដែលបានមើលរដ្ឋធម្មនុញ្ញទេមើលទៅ ?
    ( អ្នកស្រី ម៉េង សុភារី បញ្ជាក់​ថា ក្រមព្រហ្មទណ្ឌ ត្រង់​មាត្រា «​សន្ទិដ្ឋិភាព​ជាមួយ​បរទេស​» ត្រូវ​បាន​ប្រកាស​ឱ្យ​ប្រើប្រាស់​នៅ​ឆ្នាំ​២០១០ ដូច្នេះ​តុលាការ មិន​អាច​អនុវត្ត​ធាក់​ថយ ឬ​មិន​អាច​ចោទប្រកាន់​ទៅលើ​សកម្មភាព​របស់​លោក កឹម សុខា តាំងពី​ឆ្នាំ​១៩៩៣ ដល់​ឆ្នាំ​២០០៧៖ «អំពើ​របស់​កូន​ក្តី​របស់ខ្ញុំ​គឺ​សុទ្ធ​តែ​ជា​អំពើ​ដែល​ត្រឹមត្រូវ​ស្របច្បាប់ គាត់​ជា​អ្នក​ប្រជាធិបតេយ្យ គាត់​ប្រកាន់​គោលការណ៍​សិទ្ធិមនុស្ស ហើយ​និង​ប្រជាធិបតេយ្យ គាត់​មិនបាន​ធ្វើ​អំពើ​ទាំងឡាយ​ណា ធ្វើ​ឱ្យ​បាត់បង់​ផលប្រយោជន៍​របស់​ជាតិ​នោះ​ទេ»។ )

  2. Anonymous says:

    constitution my ass your are the one who did not read constitution of Cambodian . go back and read it for me AH CHHKOUTH. did it said you can jail any member of opposition who have been vote by majority of people ?? your damp court can not jail any one until parliament vote off that person for the court to start their investigation. jailing is after they found out those person guilty. sorry not like you strange leader he can do whatever he always wanted . from now on if please do not kill any one if any thing happen to HUN SEN. I knew your are a hand on killer but please stop it in order to save Cambodian. GOD bless Cambodia and it’s people