ពលរដ្ឋ​ខេត្ត​កំពត​ស្ដាយ​ភ្នំ​ស្ដេច​គង់ ដែល​ក្រុមហ៊ុន​រំលាយ​យក​ថ្ម ធ្វើ​ឱ្យ​បាត់បង់​អត្តសញ្ញាណ​ប្រវត្តិសាស្ត្រ

ដោយ អាស៊ីសេរី
2020-01-16
អាស៊ីសេរី

ភ្នំ​ស្ដេច​គង់ ឋិត​នៅ​ឃុំ​ស្ដេច​គង់​ខាងត្បូង ស្រុក​បន្ទាយមាស ខេត្ត​កំពត ដែល​ក្រុមហ៊ុន​ផលិត​ថ្ម​កំបោរ​ ភ្នំ​មាស កម្ពុជា កាយ​យក​ថ្ម​ធ្វើ​អាជីវកម្ម​ជិត​រាប​ដល់​ដី ចាប់​ពី​ឆ្នាំ២០១៦រហូត​មក​ដល់​ថ្ងៃ​ទី១៦ ខែ​មករា ឆ្នាំ២០២០។

ភ្នំ​ស្ដេច​គង់ ឋិត​នៅ​ឃុំ​ស្ដេច​គង់​ខាងត្បូង ស្រុក​បន្ទាយមាស ខេត្ត​កំពត ដែល​ក្រុមហ៊ុន​ផលិត​ថ្ម​កំបោរ​ ភ្នំ​មាស កម្ពុជា កាយ​យក​ថ្ម​ធ្វើ​អាជីវកម្ម​ជិត​រាប​ដល់​ដី ចាប់​ពី​ឆ្នាំ២០១៦រហូត​មក​ដល់​ថ្ងៃ​ទី១៦ ខែ​មករា ឆ្នាំ២០២០។

 រូប៖ ពលរដ្ឋ​ផ្ដល់​ឱ្យ


ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​ស្ដេច​គង់​ខាងត្បូង​ ស្រុក​បន្ទាយមាស​ ខេត្ត​កំពត​ បង្ហាញ​ការ​សោក​ស្ដាយ​ ចំពោះ​សកម្មភាព​រំលាយ​ភ្នំ​ស្ដេច​គង់​ ដើម្បី​ធ្វើអាជីវកម្ម​ថ្មកំបោរ​ ពីសំណាក់​ក្រុមហ៊ុន​ឯកជន។ ពលរដ្ឋ​ថា អាជីវកម្ម​រំលាយ​ភ្នំ​នេះ​ ធ្វើ​ឱ្យ​បាត់បង់​អត្តសញ្ញាណ​ជា​ប្រវត្តិសាស្ត្រ​ក្នុង​ឃុំ​ចំនួន ៣ ក្នុង​ស្រុក​បន្ទាយ​មាស ខេត្ត​កំពត។

ក្រុម​ពលរដ្ឋ​រស់នៅ​ភូមិ​ស្ដេច​គង់​ ឃុំ​ស្ដេច​គង់​ខាងត្បូង​ និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​បង្ហាញ​ការ​មិន​ពេញចិត្ត​ ចំពោះ​ករណី​អាជ្ញាធរ​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​ផលិត​ថ្ម​កំបោរ​ ភ្នំ​មាស​ កម្ពុជា​ កាយ​ភ្នំ​ស្ដេច​គង់​ធ្វើ​អាជីវកម្ម​ ហើយ​មកទល់​ពេល​នេះ​ភ្នំ​ធម្មជាតិ​មួយ​នេះ​ បាន​ខូច​រូបរាង​ផ្នែក​ខាងលើ​ស្ទើរតែ​ទាំងស្រុង​ហើយ។

ពលរដ្ឋ​រស់នៅ​ភូមិ​ស្តេច​គង់​ថ្លែង​សុំ​លាក់​ឈ្មោះ​ ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី១៦​ មករា​ថា​ អាជីវកម្ម​កាយ​ភ្នំ​ស្ដេច​គង់​នេះ​ បង្ក​ផល​ប៉ះពាល់​លើ​ពលរដ្ឋ​ជាច្រើន​គ្រួសារ​រស់នៅ​តំបន់​នោះ​ ដូចជា​ ហុយ​ថ្មកំបោរ​ កា​រំខាន​ដោយ​សំឡេង​ផ្ទុះ​ថ្ម​ បង្ក​ប៉ះពាល់​សុខុមាលភាព​អ្នកភូមិ​ជាច្រើន​គ្រួសារ​។ លោក​ថា​ ភ្នំ​ស្ដេច​គង់​ ជា​អត្តសញ្ញាណ​ឃុំ​ចំនួន​ ៣ ក្នុង​ស្រុក​បន្ទាយមាស​ ដែល​គួរតែ​អភិរក្ស​ជា​តំបន់​ទេសចរ​ប្រវត្តិសាស្ត្រ​ ព្រោះ​មាន​ល្អាង​ភ្នំ​ដ៏​ស្រស់​ល្អាត​ មិន​គួរ​រំលាយ​ធ្វើអាជីវកម្ម​នោះ​ទេ។ ទន្ទឹម​នឹង​នេះ​ ពលរដ្ឋ​ភាគច្រើន​មិន​ពេញចិត្ត​ ការ​រំលាយ​ភ្នំ​នេះ​ទេ​ ក៏ប៉ុន្តែ​ពួកគេ​មិន​ហ៊ាន​ស្រែក​តវ៉ា​ប្រឆាំង​ ព្រោះ​ខ្លាច​ក្រុមហ៊ុន​ និង​អាជ្ញាធរ​ធ្វើបាប៖ «វា​រង​ផល​ប៉ះពាល់ អ្នក​នៅ​ជុំវិញ​ហ្នឹង​គឺ វា​ហុយ។ ទី១ ហុយ។ អា​ហុយ​ហ្នឹង វា​ខ្លាំង​ជាង​ថ្ម​ហើរ​ទៀត​ឥឡូវ​ហ្នឹង។ វា​កិន​ហុយ​ផង សាយ​ភាយ​ចេញ​ពី​ឡ​កំបោរ​ផង ធ្វើ​ក្លិន​ហ្នឹង​ខ្លាំង។ ថ្ងៃ​ណា​វា​បោក​ធ្លាក់​អ៊ីចឹង​ងងឹត​ឈឹង​ទៅ។ ថ្ងៃ​ខ្លះ​ភាយ​បាត់​ឡើង​ទៅ​អ៊ីចឹង​ទៅ។ ប៉ុន្តែ​អា​នេះ​ផល​ប៉ះ​ពាល់ ប៉ះ​ម្ដង​នោះ​គឺ វា​នៅ​ហ្នឹង​អត់​ទៅ​ណា ប៉ះ​ម្ដង​ទៀត​វា​កើត​តិច ប៉ះ​ម្ដង​ទៀត​វា​កើត​ទៀត​ហើយ»

បុរស​ដដែល​បន្ថែម​ថា ក្រុមហ៊ុន​បាន​ចាប់​ផ្ដើម​ធ្វើអាជីវកម្ម​ភ្នំ​នេះ​តាំងពី​ឆ្នាំ២០១៦ មិន​ទាន់​មាន​អាជ្ញាប័ណ្ណ​នៅ​ឡើយ​ទេ​ ហើយ​រហូតដល់​ចុង​ឆ្នាំ២០១៧ ទើប​ធ្វើ​អាជ្ញាប័ណ្ណ​ពី​ក្រសួង​រ៉ែ​ និង​ថាមពល​ តាម​ក្រោយ​។ លោក​បញ្ជាក់​ថា អាជីវកម្ម​រំលាយ​ភ្នំ​នេះ​ ធ្វើឡើង​ប្រមាណ​ ៣ឆ្នាំ​មក​ហើយ​ ប៉ុន្តែ​ពុំ​ឃើញ​អាជ្ញាធរ​ផ្សព្វផ្សាយ​ជា​សាធារណៈ​បង្ហាញ​ពី​គម្រោង​វិនិយោគ​ និង​គោលការណ៍​អនុប្បយោគ​នៅឡើយ​ទេ៖ «ភ្នំ​នេះ​មាន​រូង​ច្រើន នេះ​វា​សម​ថា តំបន់​នេះ​ជា​តំបន់​អភិរក្ស​ទីសក្ការៈ និង​ជា​តំបន់​ទេសចរ​មួយ​នៅ​ភ្នំ​នេះ។ ដល់​ពេល​មក​វាយ​អ៊ីចឹង​មិន​ដឹង​ធ្វើ​ម៉េចបើ​ឥឡូវ​នេះ​យើង​រក្សា​លំនឹង​នៃ​ជីវិត​យើង​ម្នាក់ៗ មិន​ដឹង​ថា វា​នឹង​ធឹង​ផង តើ​យើង​មាន​វាចា​អី ដែល​ហ៊ាន​ថ្លែង និង​ហ៊ាន​និយាយ​នោះបាញ់​ទៅ​វា​រង្គើ អា​ផ្ទះ​ធ្វើ​បេតុង​នៅ​ជិតៗ ហ្នឹង មាន​ប្រេះ​បែក​កញ្ចក់ និង​បែក​បង្អួច​អ៊ីចឹង»

មន្ត្រី​សង្គម​ស៊ីវិល​សង្កេតឃើញ​ថា​ ការ​រំលាយ​ភ្នំ​ធម្មជាតិ​មួយ​នេះ​ ធ្វើ​ឱ្យ​បាត់បង់​អត្តសញ្ញាណ​ជា​ប្រវត្តិសាស្ត្រ​ នៅ​ឃុំ​ចំនួន​ ៣ គឺ​ឃុំ​ស្ដេច​គង់​ខាងត្បូង​ ឃុំ​ស្ដេច​គង់​ខាងលិច​ និង​ភ្នំ​ស្ដេច​គង់​ខាងជើង​ ដែល​អ្នកភូមិ​តែងតែ​មូលមតិគ្នា​ធ្វើបុណ្យ​ដារ​អ្នកតា​ បែប​ប្រពៃណី​ស្ទើរ​ជា​រៀងរាល់​ឆ្នាំ​ ក៏ប៉ុន្តែ​នៅ​គ្រា​ដែល​មាន​វត្តមាន​ក្រុមហ៊ុន​នេះ​ ក្រុម​ពលរដ្ឋ​បាន​ខកខាន​ធ្វើបុណ្យ​ទាន​។ ភ្នំ​នេះ​មាន​ទំហំ​ប្រហែល​ ១ហិកតារ​ និង​មាន​កម្ពស់​ប្រហែល​ជាង​ ១០០ម៉ែត្រ​។

អាស៊ី​សេរី​បាន​ព្យាយាម​ទាក់ទង​ អ្នកនាំពាក្យ​ក្រសួង​រ៉ែ​ និង​ថាមពល​ លោក​ យស​ មុនី​រ៉ាត់​ ដើម្បី​សុំ​ការ​បំភ្លឺ​ករណី​នេះ​ តែ​ទូរស័ព្ទ​ហៅ​ចូល​ច្រើនដង​ គ្មាន​អ្នកទទួល​នៅ​ថ្ងៃ​ទី១៦ មករា។

អភិបាលស្រុក​បន្ទាយមាស​ លោក​ មូង​ នឿន​ ថ្លែង​ថា​ អាជីវកម្ម​ថ្មកំបោរ​នេះ​ មាន​អាជ្ញាប័ណ្ណ​ពី​ក្រសួង​រ៉ែ និង​ថាមពល​ត្រឹមត្រូវ​ ហើយ​អាជ្ញាធរ​បាន​ផ្សព្វផ្សាយ​ប្រាប់​ពលរដ្ឋ​នៅ​តំបន់​នោះ​ ពី​ការ​ផ្ដល់​អាជ្ញាប័ណ្ណ​របស់​ស្ថាប័ន​ជំនាញ​រួច​ហើយ។ លោក​ថា ជាគោល​ការណ៍​ដី​សាធារណៈ​របស់​រដ្ឋ​ មុននឹង​ធ្វើ​អាជីវកម្ម គឺ​ត្រូវ​ធ្វើ​អនុប្បយោគ ឬ​បម្លែង​ដី​សាធារណៈ​របស់​រដ្ឋ​ ឱ្យ​មក​ជា​ដី​ឯកជន​របស់​រដ្ឋ។ លោក​បញ្ជាក់​ថា​ មុន​ពេល​ក្រុមហ៊ុន​ធ្វើអាជីវកម្ម​នេះ​ មន្ត្រី​ជំនាញ​បាន​ចុះ​សិក្សា​ពី​ផល​ប៉ះពាល់​បរិស្ថាន​ និង​សង្គម​រួចរាល់​ហើយ​ដែរ៖ «បើក​ការដ្ឋាន​អី​ហ្នឹង បង​ប្អូន​ពលរដ្ឋ​បាន​ដឹង​ហើយ អាជ្ញាធរ​តែងតែ​ផ្សព្វផ្សាយ​ផល​ប៉ះពាល់​យ៉ាង​ម៉េចហើយ​កន្លង​មក បង​ប្អូន​ធ្លាប់​លើក​ឡើង​ក្នុង​វេទិកា​សាធារណៈ​ដែរ យើង​បាន​ចួប​ជា​មួយ​ពួក​គាត់​ដែរ រៀង​រាល់​មួយ​ខែ​យើង​ធ្វើ​ម្ដង​តាម​ឃុំ​នីមួយៗ គឺ​មាន​បង​ប្អូន​មាន​លើក​ឡើង។ ពេល​បង​ប្អូន​លើក​ឡើង យើង​អញ្ជើញ​ក្រុមហ៊ុន​ពាក់ព័ន្ធ ដើម្បី​ធ្វើ​សម្រប​សម្រួល​ដោះ​ស្រាយ ជាមួយ​ពលរដ្ឋ​នៅ​ជុំវិញ​ហ្នឹង ក្នុង​ករណី​ដែល​មាន​ផល​ប៉ះពាល់​ហ្នឹង»

មន្ត្រី​សម្របសម្រួល​សមាគម អាដហុក ខេត្ត​កំពត​ លោក យន់ ផល្លី ដែល​ចុះ​អង្កេត​រឿង​នេះ​ ថ្លែង​ថា​ ក្រុមហ៊ុន​ និង​អាជ្ញាធរ​មិនទាន់​ផ្សព្វផ្សាយ​ ពី​ទំហំ​ផល​ប៉ះពាល់​ បរិស្ថាន​និង​សង្គម​បាន​ទូលំទូលាយ​នៅឡើយ​ទេ​ ដែល​ជាហេតុ​ធ្វើ​ឱ្យ​ពលរដ្ឋ​មានមន្ទិល​ ថា​ក្រុមហ៊ុន​នេះ​ មាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​ឬ​យ៉ាង​ណា​ទេ? លោក​ថា​ ពលរដ្ឋ​មួយ​ចំនួន​នៅ​តំបន់​ បង្ហាញ​ការ​សោក​ស្ដាយ​យ៉ាង​ខ្លាំង​ ពី​ការបាត់បង់​ភ្នំ​ស្ដេច​គង់​ ដែល​ជា​អត្តសញ្ញាណ​ជា​ប្រវត្តិសាស្ត្រ​ដ៏​យូរលង់​ណាស់​មក​ហើយ ដែល​អ្នក​ស្រុក​ថា ភ្នំ​នេះ​ធ្លាប់​មាន​ប្រវត្តិ​ស្ដេច​គង់​នៅ ទើប​អ្នក​ភូមិ​ហៅ តៗ គ្នា​ថា ជា​ភ្នំ​ស្ដេច​គង់៖ «ធ្វើ​អាជីវកម្ម ឬ​ធ្វើ​បំផ្លាញ​កាយ​ភ្នំ​នេះ​ទៅ គឺ​ថា អត្តសញ្ញាណ​ភ្នំ​ស្ដេច​គង់ ត្រូវ​បាន​បាត់​បង់។ បើ​អ៊ីចឹង​ពលរដ្ឋ​មាន​ការ​សោក​ស្ដាយ​យ៉ាង​ខ្លាំង​មិន​ចង់​ឱ្យ​មាន​ធ្វើ​អាជីវកម្ម​លើ​ភ្នំ​នេះ​ទេ»

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​បន្ថែម​ថា​ សកម្មភាព​កាយ​ភ្នំ​ធ្វើអាជីវកម្ម ពុំ​មែន​កើតមានឡើង​តែ​ភ្នំ​ស្ដេច​គង់​នោះ​ទេ​ មាន​ភ្នំ​ធម្មជាតិ​មួយ​ចំនួន​ទៀត​ នៅ​ខេត្ត​កំពត​ក៏​ទទួលរង​ការ​ជីកកកាយ​ដី​ធ្វើអាជីវកម្ម​ ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​។ លោក​ថា​ ប្រសិទ្ធភាព​ការគ្រប់គ្រង​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​ របស់​អាជ្ញាធរ​ខេត្ត​នេះ​ មាន​ភាព​ចន្លោះប្រហោង​ច្រើន​ ដែល​ជាហេតុ​ធ្វើ​ឱ្យ​ភ្នំ​ធម្មជាតិ​មួយ​ចំនួន​ ទទួលរង​ការ​ខូច​រូបរាង​ បាត់​សោភ័ណភាព​ ដោយ​គ្មាន​ការទទួលខុសត្រូវ។

ច្បាប់​ភូមិបាល​ឆ្នាំ​ ២០០១​ មាត្រា ១៦ ចែងថា ទ្រព្យ​សាធារណៈ​របស់​រដ្ឋ​មិន​អាច​លក់ដូរ​បានទេ​ ហើយ​ទ្រព្យកម្ម​សិទ្ធិ​ទាំងនោះ​ មិន​អាច​កំណត់​អាជ្ញាយុកាល​បាន​ឡើយ៕

(ភ្នំ​ស្ដេច​គង់ មាន​ទំហំ​ប្រហែល ១ហិកតារ និង​កម្ពស់​ជាង ១០០ម៉ែត្រ ឋិត​នៅ​ឃុំ​ស្ដេច​គង់​ខាងត្បូង ស្រុក​បន្ទាយមាស ខេត្ត​កំពត ក្រុមហ៊ុន​ផលិត​ថ្ម​កំបោរ​ ភ្នំ​មាស កម្ពុជា កាយ​យក​ថ្ម​ធ្វើ​អាជីវកម្ម ចាប់​ពី​ឆ្នាំ២០១៦ ជិត​រាប​ដល់​ដី រហូត​មក​ដល់​ថ្ងៃ​ទី១៦ ខែ​មករា ឆ្នាំ២០២០។ រូប៖ ពលរដ្ឋ​ផ្ដល់​ឱ្យ)

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles