សង្គម​ស៊ីវិល​ទាមទារ​ឱ្យ​តុលាការ​ផ្សព្វផ្សាយ​សវនាការ​រឿង​លោក កឹម សុខា ឱ្យ​បាន​ទូលាយ

ដោយ វ៉ែន សុមេធ
2020-01-16
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ទិដ្ឋភាព​ខាងមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ នៃ​ថ្ងៃសវនាការ​​សំណុំ​រឿង​ក្ដី​របស់​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះជាតិ ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ឃុបឃិត​ជាមួយ​បរទេស​ផ្ដួល​រំលំ​រដ្ឋាភិបាល  នៅ​ព្រឹក​ថ្ងៃ​ទី១៥ ខែ​មករា​ ឆ្នាំ​២០២០។

ទិដ្ឋភាព​ខាងមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ នៃ​ថ្ងៃសវនាការ​​សំណុំ​រឿង​ក្ដី​របស់​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះជាតិ ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ឃុបឃិត​ជាមួយ​បរទេស​ផ្ដួល​រំលំ​រដ្ឋាភិបាល នៅ​ព្រឹក​ថ្ងៃ​ទី១៥ ខែ​មករា​ ឆ្នាំ​២០២០។

 RFA


ក្រុម​អង្គការ​សមាគម​ចំនួន ៨២​ស្ថាប័ន ចេញ​សេចក្ដី​ថ្លែងការណ៍​រួមគ្នា​ទាមទារ​ឱ្យ​សាលាដំបូង រាជធានី​ភ្នំពេញ ឱ្យ​ផ្សព្វផ្សាយ​ដំណើរការ​សវនាការ​សំណុំរឿង​របស់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ឱ្យ​បាន​ទូលំទូលាយ ដើម្បី​ធានា​អំពី​តម្លាភាព និង​មាន​ការ​ចូលរួម​ដោយ​ពេញ​លេញ​ពី​សាធារណជន។ អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ ឆ្លើយតប​ថា ការ​ទាមទារ​នេះ គឺជា​ការ​ជ្រួលជ្រើម តាម​តែ​ការ​នឹក​ឃើញ។

ក្រុម​អង្គការ សមាគម និង​សហគមន៍​ដីធ្លី ស្នើសុំ​សាលាដំបូង​រាជធានី​ភ្នំពេញ​ឱ្យ​​ សវនាការ​របស់​លោក កឹម សុខា ដែល​ត្រូវ​រង់ចាំ​អស់​រយៈពេល​ជា​យូរ​មក​ហើយ​នោះ គួរតែ​បើកទូលាយ​ដល់​សាធារណជន គ្រួសារ​របស់​លោក កឹម សុខា អ្នកសារព័ត៌មាន និង​ការចូលរួម​ពេញលេញ​ពី​អង្គការ​សង្គម​ស៊ីវិល​។ ពួកគេ ក៏​ស្នើសុំ​ដល់​តុលាការ​ឱ្យ​ផ្ដិត​យក​ទិដ្ឋភាព និង​ផ្សាយ​បន្ត​ផ្ទាល់​ពី​ដំណើរការ​សវនាការ​នេះ ចេញ​មក​ខាងក្រៅ ដូចដែល​បាន​ធ្វើ​ឡើង​កាលពី​លើក​មុន។

ក្រុម​អង្គការ​-​សមាគម និង​សហគមន៍​ដីធ្លី លើក​ឡើង​ថា សាធារណជន​ទាំង​ក្នុង និង​ក្រៅ​ប្រទេស មាន​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង ចំពោះ​សំណុំរឿង​មេ​បក្ស​ប្រឆាំង​រូប​នេះ ដោយសារតែ​ពួកគេ​មើល ឃើញ​ថា ការ​ចោទប្រកាន់​ពី “​បទ​ឃុបឃិត​ជាមួយ​បរទេស​ផ្ដួល​រំលំ​រដ្ឋាភិបាល​” គឺ​តុលាការ​មិនទាន់ បាន​បង្ហាញ​ជា​សាធារណៈ​នូវ​ភស្តុតាង​គួរ​ឱ្យ​ជឿ​ទុក​ចិត្ត​ណាមួយ​នៅឡើយ ហើយ​ករណី​នេះ​អាច ប្រឈម​នឹង​ការ​ផ្ដន្ទាទោស​ឱ្យ​ជាប់ពន្ធនាគារ​រហូតដល់ ៣០​ឆ្នាំ​។ ម្យ៉ាងទៀត ការចោទប្រកាន់​លោក កឹម សុខា នេះ មាន​ការ​ជាប់​ពាក់ព័ន្ធ​ដោយ​ផ្ទាល់​នឹង​ការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ ដែល​ជា គណបក្ស​ជំទាស់​ធំ​ជាងគេ​នៅ​កម្ពុជា​កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៧។

ក្រុម​សង្គម​ស៊ីវិល​ដែល​ចូលរួម​ក្នុង​សេចក្ដី​ថ្លែងការណ៍​នេះ មាន​ដូចជា សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា (CamboJA) មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) សមាគម​អាដហុក (ADHOC) អង្គការ​លីកាដូ (LICADHO)អង្គ​ការ​សង់​ត្រាល់ (CENTRAL) ព្រមទាំង​សមាគម និង​សហគមន៍​ដីធ្លី​តាម​បណ្ដា​ខេត្ត​ជាច្រើន​ផ្សេងទៀត។

នាយក​ប្រតិបត្តិ​នៃ​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា ខេមបូចា លោក ម៉ៃ ទិត្យថារ៉ា មាន​ប្រសាសន៍​ថា​តុលាការ គួរតែ​អនុញ្ញាត​ឱ្យ​អ្នកសារព័ត៌មាន​ចូល​ក្នុង​បន្ទប់​សវនាការ ដើម្បី​អាច​ឱ្យ​អ្នក​ទាំងនោះ​រាយការណ៍​ពិតប្រាកដ​ពី​អ្វី​ដែល​បាន​កើត​ឡើង ជាជាង​រង់ចាំ​ទទួល​ព័ត៌មាន​បន្ត​ពី​អ្នកដទៃ​។ លោក បន្ថែម​ថា ប្រសិនបើ​កៅអី​ក្នុង​បន្ទប់​សវនាការ​មាន​ចំនួន​កំណត់ តុលាការ​គួរតែ​ផ្សាយ​បន្ត​ផ្ទាល់​ពី​ដំណើរការ​ជំនុំ​ជម្រះក្ដី ព្រោះ​នេះ​ជា​សម័យ​ឌីជីថល ហើយ​ដើម្បី​ស្ដារ​លំហ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឱ្យ បាន​ល្អ​ប្រសើរ តុលាការ​គួរតែ​ផ្លាស់ប្ដូរ​ផ្នត់គំនិត​របស់​ពួកគាត់។

ឆ្លើយតប​នឹង​ករណី​នេះ អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន លើកឡើង​ថា ទោះបីជា តុលាការ កំណត់​ចំនួន​មនុស្ស​ចូលរួម និង​តម្រូវ​ឱ្យ​សាធារណជន ចុះឈ្មោះ​ដើម្បី​ទទួល​បាន​កៅអី អង្គុយ​ស្ដាប់​សវនាការ​ដោយ​ផ្ទាល់​ក្តី គឺ​លោក​នៅតែ​ចាត់ទុកថា សវនាការ​មាន​តម្លាភាព​គ្រប់គ្រាន់​។ លោក​សន្និដ្ឋាន​ថា ទោះបីជា​អ្នកសារព័ត៌មាន ឬ​អ្នក​សាធារណជន ចូល​ទៅ​ស្ដាប់​ផ្ទាល់ ក៏​មិន​ប្រាកដ ថា​យល់​ដែរ ដោយសារ​ដំណើរការ​នីតិវិធី​ស្មុគស្មាញ​ផ្អែកលើ​ទិដ្ឋភាព​ច្បាប់​។ អ្នកនាំពាក្យ​ក្រសួង យុត្តិធម៌​រូប​នេះ បន្ថែម​ថា ប្រសិនបើ​សាធារណជន ជាពិសេស អ្នកសារព័ត៌មាន​ចង់​ដឹង​អំពី​ដំណើរការ​សវនាការ​នេះ​កាន់តែ​ច្បាស់ និង​ងាយ​យល់​នោះ គឺ​អាច​សាកសួរ ឬ​សម្ភាសន៍​មេធាវី ដែល​កាន់ សំណុំរឿង​របស់​លោក កឹម សុខា៖ «ការដែល​នាំគ្នា​បង្ហាញ​ក្តី​កង្វល់​ព្រួយ​បារម្ភ​គឺជា​ការ​ចង់​ជា​ការ​ជ្រួលជ្រើម​តាមតែ​ការ​នឹកឃើញ ដូច​បទពិសោធន៍​នៅ​សាលា​ក្តី​ខ្មែរក្រហម គឺ​ពី​ដំបូង​គឺ​ចង់​អ៊ីចឹង​ណាស់ សំខាន់​ណាស់ ដល់ពេល​គេ​ឱ្យ​ចូល​មើល​គ្រប់គ្នា​ទៅ ដំណើរការ​នីតិវិធី​វា​ស្មុគស្មាញ​វា​វែង ក៏​លែង​មាន​អ្នក​ចូល​ទៅ ហើយ​គេ​ឡាយ​ផ្ទាល់​ឱ្យ​មើល​ទៅ ក៏​មិន​មាន​អ្នកមើល​ទៀត»។

ទោះជា​យ៉ាងណា លោក ជិន ម៉ាលីន បាន​បញ្ជាក់​ថា តុលាការ​គ្មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលំទូលាយ​ដូច​សាលា​ក្តី​ខ្មែរក្រហម​នោះ​ទេ ដោយសារតែ​ខ្វះខាត​ទាំង​ធនធាន​បច្ចេកទេស និង​ថវិកា។

ផ្ទុយ​ពី​ការ​លើក​ឡើង​នេះ នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ លីកាដូ​(LICADHO) លោក អំ សំអាត មានប្រសាសន៍ថា តុលាការ​មិន​មាន​ចេតនា​ឱ្យ​សាធារណជន អ្នកសារព័ត៌មាន និង​អង្គការ​សង្គម​ស៊ីវិល ចូលរួម​តាមដាន​សវនាការ​នេះ​ដោយ​ផ្ទាល់​ទេ​។ លោក​សង្កេត​ឃើញ​ថា កៅអី​ក្នុង​បន្ទប់​សវនាការ​នៅ​មាន​ទំនេរ ហើយ​បើ​ក្នុង​ករណី​បន្ទប់​សវនាការ​ចង្អៀត គឺ​តុលាការ​អាច​ផ្សាយ​បន្ត​ផ្ទាល់​ចេញ​មក​ក្រៅ​បាន ដោយ​គ្មាន​ត្រូវ​ការ​ចំណាយ​ថវិកា និង​បច្ចេកទេស​ច្រើន​ឡើយ​។ លោក​បន្ត​ថា ដំណើរការ​សវនាការ​សំណុំរឿង​របស់​លោក កឹម សុខា គឺជា ព្រឹត្តិការណ៍​ធំ​មួយ ដែល​សាធារណជន​ចង់​ដឹង និង​ចង់​ឮ៖ «ខ្ញុំ​គិត​ថា សំណុំរឿង​ឯកឧត្ដម កឹម សុខា នេះ មិនមែន​ខុសគ្នា​ពី​សាលា​ក្តី​ខ្មែរក្រហម​ទេ ព្រោះ​សំណុំ​រឿង​នេះ មាន​សាធារណជន​ច្រើន​ណាស់ ទន្ទឹង​រង់​ចាំ​និង ចង់​តាមដាន​ស្វែងរក​ការពិត និង​ចង់​ដឹង​ថា តើ​ដំណើរ​នីតិវិធី​នេះ ប្រព្រឹត្តទៅ​យ៉ាងម៉េច ហើយ​នៅ​ចុង​បញ្ចប់ តុលាការ នឹង​វិនិច្ឆ័យ​យ៉ាងម៉េច​ចំពោះ​ឯកឧត្ដម កឹម សុខា ហើយ​ឯកឧត្ដម មាន​ភស្តុតាង មាន​អំណះអំណាង​យ៉ាងម៉េច ហើយ​ការ​ដេញដោល និង​ការ​ដោះ​បន្ទុក ដាក់​បន្ទុក​យ៉ាងម៉េច គឺ​សុទ្ធតែ​រឿង​ដែល​គេ​ធ្វើការ​តាមដាន​ហើយ»។

សវនាការ​នៅ​ថ្ងៃ​ដំបូង តុលាការ​បាន​អនុញ្ញាត​ឱ្យ​អ្នកសារព័ត៌មាន​ឯករាជ្យ​ពីរ​នាក់ ចូល​ស្ដាប់​សវនាការ​នៅ​ពេល​ព្រឹក ប៉ុន្តែ​នៅ​ពេល​រសៀល​មិន​ឱ្យ​ចូល​វិញ ដែល​នេះ បង្ហាញ​ពី​ចេតនា​រារាំង​យ៉ាង​ពិត​ប្រាកដ។

អ្នក​ដែល​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​ក្នុង​បន្ទប់​សវនាការ​នោះ ភាគច្រើន​ជា​មន្ត្រី​ស្ថានទូត​បរទេស និង​អ្នក​ពាក់ ព័ន្ធ​សំខាន់ៗ មួយ​ចំនួន ព្រមទាំង​អ្នកមាន​ទំនាក់ទំនង​ជិត​ស្និត​ជាមួយ​រដ្ឋាភិបាល។

លោក កឹម សុខា និង​ក្រុម​មេធាវី​ការពារ​ក្តី​របស់​លោក ក៏បាន​ស្នើសុំ​តុលាការ ឱ្យ​ផ្សាយ​បន្ត​ផ្ទាល់​ពី ដំណើរការ​ជំនុំជម្រះ​នេះ​ពី​បន្ទប់​សវនាការ ចេញ​មក​ខាងក្រៅ​ដែរ ដើម្បី​ឱ្យ​សាធារណជន​បាន​ដឹង ព្រោះ​នេះ​ជា​សវនាការ​សាធារណៈ គ្មាន​អ្វី​អាថ៌កំបាំង​នោះ​ទេ។

ក្នុង​ថ្ងៃ​ជំនុំជម្រះ​ក្ដី​លោក កឹម សុខា នេះ ក្រុម​អង្គការ​អន្តរជាតិ​ធំៗ រួមមាន​អង្គការ​លើកលែងទោស អន្តរជាតិ (Amnesty International)និង​ក្រុម​សមាជិកសភា​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស (ASEAN Parliamentarians for Human Rights) សុទ្ធតែ​បាន​ស្នើ​ឱ្យ​តុលាការ​ទម្លាក់​ចោលការ​ប្រកាន់​ប្រឆាំង​លោក កឹម សុខា ជា​បន្ទាន់ និង​ឥត​លក្ខខណ្ឌ ដោយសារ​អង្គការ​ទាំងនេះ ចាត់ទុកថា អំពើ​ក្បត់ជាតិ​នោះ គឺជា​ការចោទប្រកាន់​ក្លែងក្លាយ​បែប​នយោបាយ​សុទ្ធសាធ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

One Response to "សង្គម​ស៊ីវិល​ទាមទារ​ឱ្យ​តុលាការ​ផ្សព្វផ្សាយ​សវនាការ​រឿង​លោក កឹម សុខា ឱ្យ​បាន​ទូលាយ"

  1. Anonymous says:

    I quest some one did not know about HUN SEN that much . for me I knew this vampire is always shucking blood at night . this vampire was not like light every thing they did always in the dark. it is nothing strange to me I already knew all about this court of this well educated KHMER RUE killer. GOD bless KAMPOUCHEA