នគរបាល​ក្រុង​ភ្នំពេញ​ឃាត់ខ្លួន​ជនជាតិ​ចិន​ម្នាក់​ពី​បទ​ប៉ុនប៉ង​មនុស្សឃាត

ដោយ អូន ភាព
2020-01-18
RFA

សមត្ថកិច្ច​នគរបាល​ខណ្ឌ​ជ្រោយចង្វារ បាន​ឃាត់​ជនជាតិ​ចិន​តៃវ៉ាន់​ម្នាក់​ពី​បទ​ប៉ុនប៉ង​មនុស្សឃាត បន្ទាប់ពី​រក​ឃើញ​ស្ត្រី​ខ្មែរ​ម្នាក់​ក្នុង​ស្ថានភាព​សន្លប់ ក្នុង​ឃ្លុប​រថយន្ត​របស់​គាត់​នៅផ្ទះ​សំណាក់​មួយ​កន្លែង នៅ​សង្កាត់​ព្រែកលៀប ក្រុង​ភ្នំពេញ កាល​ពី​យប់​ថ្ងៃ​ទី​១៦ ខែ​មករា។

អធិការ​នគរបាល​ខណ្ឌ​ជ្រោយចង្វា​រលោក សៀម សុត្ថាវុធ បាន​ប្រាប់​អាស៊ីសេរី នៅ​ថ្ងៃ​ទី​១៧ ខែ​មករា​ថា ការ​ចាប់ខ្លួន​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​ម្ចាស់ផ្ទះ​សំណាក់​មហាលាភ​រាយការណ៍​ថា បុរស​ជន​ជាតិ​ចិន​ម្នាក់​នេះ​បាន​បី​ស្ត្រី​ខ្មែរ​យក​ទៅ​ដាក់​ក្នុង​ឃ្លុប​រថយន្ត​តូយូតា កាមារី(Toyota Camry) ហើយ​បម្រុង​បើក​ចេញ។

លោក​ថា ទាំង​រថយន្ត​និង​ជនជាតិ​ចិន​តៃវ៉ាន់​នេះ ត្រូវ​បាន​រក្សាទុក​នៅ​អធិការដ្ឋាន​ខណ្ឌ​ជ្រោយចង្វារ ហើយ​នគរបាល​កំពុង​សាកសួរ​។ ចំណែក​ស្ត្រី​ខ្មែរ​វិញ​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​កាល់ម៉ែត្រ​ដើម្បី​សង្គ្រោះ ដោយសារ​គាត់​រង​របួស​ធ្ងន់ធ្ងរ។

លោក​អធិការ​និយាយ​ថា បើ​តាម​ចម្លើយ​របស់​ជនជាតិ​ចិន​បាន​ឱ្យ​នគរបាល​ដឹង​ថា គាត់​និង​ស្ត្រី​ខ្មែរ​ម្នាក់​នេះ គឺជា​សង្សារ​នឹង​គ្នា រយ​:​ពេល​៥​ខែ​មក​ហើយ ប៉ុន្តែ​ជម្លោះ​បាន​កើត​ឡើង​ហើយ​បាន​វាយ​ដុំ​គ្នា​ទៅវិញទៅមក បន្ទាប់ពី​គាត់​បាន​សុំ​បែកផ្លូវ​គ្នា​។ លោ​កថា ជនសង្ស័យ​បាន​សារភាព​ថា គាត់​បាន​ជ្រុលដៃ​វាយ​ស្ត្រី​ឱ្យ​សន្លប់ ហើយ​បាន​រុំ​ជាមួយ​ភួយ ដាក់​ចូល​ទៅ​ក្នុង​ឃ្លុប​រថយន្ត បម្រុង​បើក​ចេញ តែ​ម្ចាស់ផ្ទះ​សំណាក់​បាន​ឃាត់៖«បុរស​តៃវ៉ាន់​ហ្នឹង​គាត់​សុំ​ម្នាក់​ស្រី​ហ្នឹង​បែក​គ្នា នេះ​ជា​ចម្លើយ​គាត់​ព្រឹក​មិញ​។ នៅ​ពេល​សុំ​បែក​គ្នា​អ៊ីចឹង ម្នាក់​ស្រី​ហ្នឹង​អត់​ចង់​បែក​ទេ ដល់ពេល​ហើយ​ក៏​មាន​ការ​ឈ្លោះប្រកែក​គ្នា វ៉ៃ​តប់​គ្នា​គាត់​ក៏​ច្របាច់ក សង្កត់​ក​អីចឹង​ទៅ ហើយ​គាត់​ច្របាច់ក​ខ្លាំង​ពេក ខាង​ស្រី​នោះ​ក៏​សន្លប់​ទៅ»។

លោក​បន្ត​ថា សមត្ថកិច្ច​មិន​ទាន់​មាន​គម្រោង​បញ្ជូន​ជនសង្ស័យ​នេះ​ទៅ​តុលាការ​នៅឡើយ​ទេ ព្រោះ​ចាំ​រង់ចាំ​សួរចម្លើយ​ស្ត្រី​រងគ្រោះ​ដែល​ឥឡូវនេះ​នៅ​សន្លប់​នៅ​ឡើយ។

នាយករង​ទទួលបន្ទុក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (Licadho) លោក អំ សំអាត សង្ស័យ​ថា ជនជាតិ​ចិន​តៃវ៉ាន់​នេះ​បាន​ប៉ុនប៉ង​សម្លាប់​ស្ត្រី​រងគ្រោះ ហើយ​លោក​ស្នើសុំ​ឲ្យ​អាជ្ញាធរ​បញ្ជូន​ជនល្មើស​នេះ​ទៅ​តុលាការ ព្រោះ​វា​មិន​ជា​ជម្លោះ​ធម្មតា​ទេ​៖ «យើង​ទុក​ឱ្យ​សមត្ថកិច្ច​គាត់​ធ្វើ​ការ​ស៊ើបអង្កេត​ឱ្យ​បាន​ម៉ត់ចត់ ទៅលើ​ករណី​ហ្នឹង ពីព្រោះ​យើង​គិត​មើល​បើ​ជម្លោះ​តិចតួច ហេតុ​អី​បានជា​ឥឡូវ​ហ្នឹង​ក៏​ស្ត្រី​ហ្នឹង​អត់​ទាន់​ដឹងខ្លួន​ផង វា​មិនមែន​ជា​រឿង​តូចតាច​ទេ»។

លោក​ថា បើ​ទោះបីជា​ជម្លោះ​ក៏​មិនមែន​ជា​រឿង​តូចតាច​ដែរ ព្រោះ​ស្ត្រី​រងគ្រោះ​ត្រូវ​បាន​ចងដៃ​ចង​ជើង ហើយ​នេះ​វា​ជា​អំពើ​ទារុណកម្ម​ធ្ងន់ធ្ងរ​មួយ ដែល​មិន​គួរ​ដោះលែង​ជនល្មើស​នោះ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles