ក្រសួង​បរិស្ថាន​ស្នើ​ឱ្យ​អាជ្ញាធរ​ចាត់​វិធានការ​ការពារ​ភ្លើង​ឆេះ​ព្រៃ ដុត​សំរាម និង​ហុយ​ធូលី​ដី

ដោយ យន់ សាមៀន
2020-01-19
RFA

ទិដ្ឋភាព​ដី​ហុយ​តាម​ផ្លូវ​ជាតិ​លេខ​៣ ខណៈ​ផ្លូវ​នេះ​កំពុង​ជួសជុល កាល​ពី​ថ្ងៃ​ទី១៤ ខែ​មករា ឆ្នាំ​២០២០។

ទិដ្ឋភាព​ដី​ហុយ​តាម​ផ្លូវ​ជាតិ​លេខ​៣ ខណៈ​ផ្លូវ​នេះ​កំពុង​ជួសជុល កាល​ពី​ថ្ងៃ​ទី១៤ ខែ​មករា ឆ្នាំ​២០២០។

 RFA


ក្រសួងបរិស្ថាន​ស្នើ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ថ្នាក់​មូលដ្ឋាន ចាត់វិធានការ​ទប់ស្កាត់​ភ្លើង​ឆេះ​ព្រៃ ការ​ដុត​សំរាម ស្មៅ គល់​ជញ្ជ្រាំង និង​សំណល់​ផ្សេងៗ សំអាត​អនាម័យ​តាម​ដង​ផ្លូវ ទប់ស្កាត់​ការ​ហុយ​ធូលី​ដី និង​អប់រំ​ពលរដ្ឋ​កុំ​ឱ្យ​ដុត​សំរាម ដើម្បី​ធានា​ថា ស្ថានភាព​គុណភាព​ខ្យល់​មានគុណ​ភាព​ប្រសើរ​ឡើង​វិញ​។ ស្រដៀង​គ្នា​នេះ​ដែរ ពលរដ្ឋ​រស់នៅ​តាម​ដង​ផ្លូវជាតិ​លេខ ៣ ត្អូញត្អែរ​ថា ផ្លូវជាតិ​លេខ​៣ ហុយ​ខ្លាំង​ជាង ២​ឆ្នាំ​មក​ហើយ ជា​ផ្នែក​មួយ​ប៉ះពាល់​ដល់​គុណភាព​ខ្យល់ ជាពិសេស ប៉ះពាល់​សុខភាព​ពលរដ្ឋ និង​អ្នកដំណើរ។

ក្រសួង​បរិស្ថាន ឱ្យ​ដឹង​ថា លទ្ធផល​នៃ​ការ​អង្កេត​តាមដាន​គុណភាព​ខ្យល់​ពី​ស្ថានីយ​ត្រួតពិនិត្យ​គុណភាព​ខ្យល់​បង្ហាញ​ថា គុណភាព​ខ្យល់​បាន​វិល​មក​រក​ភាព​ប្រសើរ​ឡើង​វិញ​ហើយ បន្ទាប់ពី​កំហាប់​កម្ទេច​ផង់​ធូលី ដែល​ហៅ​តាម​ពាក្យ​បច្ចេកទេស​បរិស្ថាន​ឱ្យ​ឈ្មោះ​ថា ប៉ារ៉ាម៉ែត្រ​ភាគល្អិត​និចល PM 10 និង PM 2.5 បាន​ធ្លាក់​ចុះ​ស្ថិត​ក្នុង​រង្វង់​ស្តង់ដារ គឺ​កម្រិត ៥០​មីក្រូក្រាម ក្នុង​ខ្យល់ ១​ម៉ែត្រ​គីប​។ ក្រុម​មន្ត្រី​ជំនាញ​ផ្នែក​គុណភាព​ខ្យល់​នៃ​ក្រសួង​បរិស្ថាន​នៅ​បន្ត​តាមដាន​យ៉ាង​យកចិត្តទុកដាក់​បញ្ហា​នេះ។

អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន លោក នេត្រ ភត្ត្រា ថ្លែង​ក្នុង​ទំព័រ​ហ្វេសប៊ុក​របស់​ក្រសួង​ថា ដើម្បី​ការពារ​សុខភាព ជៀស​ផុត​ពី​ការ​ដក​ដង្ហើមចូល​ខ្យល់​ពុល​ជាយថាហេតុ ពលរដ្ឋ​ដែល​ធ្វើដំណើរ​តាម​ដង​ផ្លូវ ឬ​ជា​អ្នក​ដែល​ធ្វើការ​នៅ​ខាងក្រៅ​អគារ​រយៈពេល​យូរ គួរតែ​ពាក់​ម៉ាស់​ការពារ​។ លោក​ថា ក្រសួង​បរិស្ថាន​នឹង​ជូនដំណឹង​ការ​វិវឌ្ឍ​ន៍​ថ្មីៗ ទាក់ទង​នឹង​ស្ថានភាព​គុណភាព​ខ្យល់​នេះ ដើម្បី​ឱ្យ​ពលរដ្ឋ​ការពារ​ឱ្យ​ទាន់​ពេលវេលា។

លោក នេត្រ ភត្ត្រា បន្ថែម​ថា ដើម្បី​កែ​លម្អ​គុណភាព​ខ្យល់​នៅ​តាម​រាជធានី​/​ខេត្ត ក្រសួង​បរិស្ថាន​បាន​ជូនដំណឹង​ប្រាប់​មន្ទីរ​បរិស្ថាន​គ្រប់​ខេត្ត​/​ក្រុង ត្រូវ​សហការ​ជាមួយ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ អនុវត្ត​វិធានការ​មួយ​ចំនួន មាន​ដូចជា ត្រូវ​ចាត់វិធានការ​ទប់ស្កាត់​ភ្លើង​ឆេះ​ព្រៃ ការ​ដុត​សំរាម ត្រូវ​ចាត់វិធានការ​ទប់ស្កាត់​ការ​ហុយ ធូលី​ពី​ការដ្ឋាន​សំណង់ ការដ្ឋាន​កែ​លម្អ​ហេដ្ឋារចនាសម្ព័ន្ធ និង​ធូលី​ហុយ​នៅ​តាម​ដង​ផ្លូវ​។ លើស​ពី​នេះ ត្រូវ​សម្អាត​អនាម័យ នៅ​តាម​ដង​ផ្លូវ និង​ទី​សាធារណៈ​ស្រោច​ទឹក​លើ​ដង​ផ្លូវ​កុំ​ឱ្យ​ហុយ​ធូលី​ហុយ និង​ចុះ​អប់រំ​ប្រជាពលរដ្ឋ​កុំ​ឱ្យ​ដុត​សំរាម សំណល់​រឹង ការ​ដុត​ស្មៅ គល់​ជញ្ជ្រាំង និង​សំណល់​កសិកម្ម​ផ្សេងៗ​ទៀត។

ទាក់ទង​នឹង​គុណភាព​ខ្យល់​នេះ ពលរដ្ឋ​រស់នៅ​តាម​ដង​ផ្លូវជាតិ​លេខ៣ ស្រុក​ទឹកឈូ ខេត្ត​កំពត ថ្លែង​សុំ​លាក់​ឈ្មោះ​នៅ​ថ្ងៃ​ទី​១៨ មករា បាន​ត្អូញ​ថា ធូលី​ដី​ហុយ​ខ្លាំង នៅ​តាម​ផ្លូវជាតិ​លេខ​៣ រាប់​សិប​គីឡូម៉ែត្រ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​សុខភាព​ពលរដ្ឋ​តាម​ដង​ផ្លូវ និង​អ្នកដំណើរ ជាពិសេស​សិស្សានុសិស្ស​ធ្វើ​ដំណើរ​ទៅ​សាលារៀន​។ លោកស្រី​បន្ត​ថា រយៈពេល​ជាង ២​ឆ្នាំ​មក​ហើយ ដែល​ផ្លូវជាតិ​លេខ​៣ រង​ការ​ខូចខាត​ទ្រង់ទ្រាយ​ធំ​ហុយ​ខ្លាំង បង្ក​ការ​លំបាក​សព្វបែបយ៉ាង ប៉ះពាល់ ផ្ទះសម្បែង សំលៀកបំពាក់ ម្ហូបអាហារ និង​ធ្វើ​ឱ្យ​កុមារ​កើត​ជំងឺ​ផ្លូវ​ដង្ហើម​។ លោកស្រី​ចាត់​ទុក​ភាព​យឺតយ៉ាវ​នៃ​ការ​សាងសង់​ផ្លូវ​នេះ​ថា ជា​ផ្នែក​មួយ​ធ្វើ​ប៉ះពាល់​ដល់​គុណភាព​ខ្យល់​ដែល​ក្រសួង មន្ទីរ​បរិស្ថាន​គួរ​ពិនិត្យ​វាយតម្លៃ​៖ «មាន​ផល​លំបាក​ច្រើន​ណាស់ វា​ហុយ​ច្រើន​ណាស់ សូម្បី​ជិះ​ម៉ូតូ​ទៅ​ផ្សារ​ម្តងៗ​ក៏​ពាក់អាវ​ភ្លៀង​ដែរ។ និយាយ​រួម​ពាក់​ម៉ាស់​មួយ​ជាន់​មិនកើត​ទេ ពីរ​ជាន់​ពី​ហុយ​មែនទែន ហើយ​ក្មេងៗ​ចាប់ផ្ដើម​ឈឺ​អត់​ឈប់​ដែរ​ហ្នឹង កូន​ខ្ញុំ​។ ប្រហែល​២ ឆ្នាំ​ជាង​។ ហុយ​មែនទែន​ហ្មង ក្មេងៗ​ទៅ​រៀន​វា​មិន​ដូច​យើង​ចាស់​ទេ វា​អស់​ចេញ​ពាក់​ម៉ាស់​អី ទៅ​រៀន​អាវ​ស មកវិញ​អាវ​ក្រហម​អស់​អាលីង»។

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក ខេត្ត​កំពត លោក យន់ ផល្លី ថ្លែង​ថា គុណវិបត្តិ​ផ្លូវ​ហុយ​ខ្លាំង​នេះ ធ្វើ​ឱ្យ​ប៉ះពាល់​សុខភាព​ពលរដ្ឋ​ធ្ងន់ធ្ងរ ជាពិសេស គុណភាព​ខ្យល់ ព្រោះ​ផ្លូវ​ជាតិ​លេខ ៣ មាន​រថយន្ត​ធំៗ ធ្វើ​ដំណើរ​ច្រើន​។ លោក​ថា សិស្សានុសិស្ស និង​កុមារ ដែល​ធ្វើដំណើរ​ដោយ​ម៉ូតូ និង​កង់ ងាយ​នឹង​កើត​ជំងឺ​ផ្សេងៗ បណ្ដាល​មក​ពី​ធូលី​ដី​ហុយ​ខ្លាំង​នេះ​។ លោក​អំពាវនាវ​ឱ្យ​អាជ្ញាធរ ពន្លឿន​ការ​សាងសង់​ផ្លូវជាតិ​លេខ ៣ ឱ្យ​បាន​ឆាប់ និង​ស្រោច​ទឹក​លើ​ផ្លូវ​ឱ្យ​ញឹកញាប់ ដើម្បី​កាត់​បន្ថយ​ការ​ហុយ​ខ្លាំង​៖ «ពលរដ្ឋ​ទូទៅ​ធ្វើដំណើរ​តាម​ដង​ផ្លូវ​ហ្នឹង​ក៏​លំបាក​ដែរ បាន​ន័យ​ថា ដី​ហ្នឹង​ហុយ​ប្រឡាក់​ជាប់​ខោអាវ​អស់ហើយ។ សិស្សសាលា​អី​ហ្នឹង​សិស្ស​សាលា​អី​ហ្នឹង ដីក្រហម​ហ្នឹង​។ មន្ទីរ​ពាក់ព័ន្ធ និង​ស្ថាប័នរដ្ឋ​មេត្តា​ធ្វើ​យ៉ាងម៉េច រឹត​បណ្ដឹង​លើ​ក្រុមហ៊ុន ដែល​បាន​ដេញថ្លៃ​ហ្នឹង មាន​វិធានការ​ទៅ​។ អាហ្នឹង​វា​ពាក់ព័ន្ធ​សុខភាព ដល់​ពលរដ្ឋ​ធំ​ណាស់ តាម​ដង​ផ្លូវ​ហ្នឹង»។

លោក នេត្រ ភក្ត្រា បន្ថែម​ថា បញ្ហា​កើន​ឡើង​កំហាប់​កម្ទេច​ផង់​ធូលី ឬ​ភាគល្អិត​និចល PM2.5 ក្នុង​ខ្យល់​នេះ​មិន​មែនមាន​នៅតែ​នៅ​កម្ពុជា​ទេ គឺ​មាន​នៅ​ក្នុង​បណ្ដា​ប្រទេស​ផ្សេងទៀត​នៅ​ក្នុង​តំបន់ ដោយសារតែ​អាកាសធាតុ​នៃ​អនុ​តំបន់​ទន្លេ​មេគង្គ​មាន​ភាព​ស្ងួត​ហួតហែង​។ លោក​ថា ប្រភព​សំខាន់​ដែល​ជា​ហេតុ​បង្ក​ឱ្យ​មាន​កំហាប់​កម្ទេច​ផង់​ធូលី ឬ​ភាគល្អិត​និចល PM2.5 ដោយសារ​ការ​បញ្ចេញ​ផ្សែង​ពី​រោងចក្រ​ឧស្សាហកម្ម ពី​យានយន្ត ភ្លើង​ឆេះ​ព្រៃ ការ​ដុត​រាន​ព្រៃ ការ​ដុត​វាលស្មៅ ការ​ដុត​គល់​ជញ្ជ្រាំង ការ​ដុត​សំរាម និង​ហុយ​ធូលី​ដី​ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles