កម្ពុជា និង​វៀតណាម​ចុះហត្ថលេខា​លើ​ផែនការ​កិច្ច​សហប្រតិបត្តិការ​វិស័យ​សន្តិសុខ​សម្រាប់​ឆ្នាំ​២០២០

ដោយ មាន ឫទ្ធិ
2020-01-19
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស ខេង (ឆ្វេង) និង​មន្ត្រី​រដ្ឋាភិបាល​វៀតណាម។

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស ខេង (ឆ្វេង) និង​មន្ត្រី​រដ្ឋាភិបាល​វៀតណាម។

 រូប​ហ្វេសប៊ុក ស ខេង


កម្ពុជា និង​វៀតណាម ចុះ​ហត្ថលេខា​លើ​ផែនការ​កិច្ច​សហប្រតិបត្តិការ​វិស័យ​សន្តិសុខ សម្រាប់​ឆ្នាំ​២០២០​។ ពិធី​ចុះហត្ថលេខា​នេះ ធ្វើ​ឡើង​ក្នុង​ដំណើរ​ទស្សនកិច្ច​ការងារ​រយៈពេល​បី​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​១៧ ដល់​ថ្ងៃ​ទី​១៩ មករា របស់​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ទៅកាន់​ទីក្រុង​ហូជីមិញ ប្រទេស​វៀតណាម ដើម្បី​ជួប​ជាមួយ​សម​ភាគី​លោក​គឺ​លោក តូ ឡឹម ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​នគរបាល​វៀតណាម។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងមហាផ្ទៃ ចេញផ្សាយ​ថ្ងៃ​ទី​១៩ មករា នេះ មិន​បាន​ឱ្យ​ដឹង​ថា តើ​ផែនការ​លម្អិត​នៃ​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​សន្តិសុខ​សម្រាប់​ឆ្នាំ​២០២០ រវាង​ប្រទេស​ទាំងពីរ​រួមមាន​អ្វីខ្លះ​នោះ​ទេ​។ ក៏ប៉ុន្តែ សេចក្ដី​ប្រកាស​ព័ត៌មាន​នេះ​បញ្ជាក់​ថា ទាំង​កម្ពុជា និង​វៀតណាម បាន​ឯកភាព​យកចិត្តទុកដាក់​បន្ត​អនុវត្ត​កិច្ចការ​សំខាន់ៗ​មួយ​ចំនួន រួមមាន​៖ ការ​បន្ត​ចាត់វិធានការ​ម៉ឺងម៉ាត់​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ឆ្លងដែន​គ្រប់​ប្រភេទ ជាពិសេស​បទល្មើស​គ្រឿងញៀន បទល្មើស​ព្រៃឈើ និង​បទល្មើស​ធនធានធម្មជាតិ​ផ្សេងៗ​នៅ​តាម​បណ្ដា​ខេត្ត​ជាប់​ព្រំដែន និង​តំបន់​ដែល​មាន​ភូមិសាស្ត្រ​ស្មុគស្មាញ​រវាង​ប្រទេស​ទាំងពីរ​។ ការ​បន្ត​ជំរុញ​ចាត់វិធានការ​តឹងរ៉ឹង ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​ការ​លួច​ឆ្លងដែន​ខុសច្បាប់ និង​ការ​បន្ត​កិច្ច​សហប្រតិបត្តិ​ការ​គ្រប់គ្រង​តាម​ខ្សែ​បន្ទាត់​ព្រំដែន និង​សហការ​ដោះស្រាយ​បញ្ហា​ផ្សេងៗ ដោយ​សន្តិវិធី ក្នុង​អ្វីមួយ​ដែល​ប្រទេស​ទាំងពីរ​បញ្ជាក់​ថា ឈរ​លើ​គោលការណ៍​គោរព​ឯករាជ្យ និង​អធិបតេយ្យ​គ្នា​ទៅវិញទៅមក។

ភាគី​ទាំងពីរ​ក៏បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល សម្រេច​បាន​ពី​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​សន្តិសុខ​កាលពី​ឆ្នាំ​២០១៩ ក្នុង​នោះ​មាន​ដូចជា កិច្ចសហការ​ផ្លាស់ប្ដូរ​ព័ត៌មាន​ដើម្បី​ថែរក្សា​សន្តិសុខ​ជាតិ ការពារ​ព្រឹត្តិការណ៍​ធំៗ និង​ប្រយុទ្ធ​ប្រឆាំង​បទល្មើស​ឆ្លងដែន​គ្រប់​ប្រភេទ​ជាដើម។

ក្នុង​រយៈពេល​ចុងក្រោយ​នេះ វៀតណាម បាន​បង្កើន​កិច្ច​សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ ជាពិសេស​វិស័យ​សន្តិសុខ និង​វិស័យ​ការពារ​ជាតិ កាន់តែ​ខ្លាំង​ជាមួយ​កម្ពុជា ស្រប​ពេល​ដែល​កម្ពុជា​កំពុង​តែ​មាន​ទំនាក់ទំនង​ស្អិតល្មួត​ជាមួយ​មហា​យក្ស​ចិន​។ ជាក់ស្ដែង កាលពី​ចុង​ឆ្នាំ​២០១៩ កម្ពុជា បាន​អនុញ្ញាត​ឱ្យ​កងទ័ព​វៀតណាម​ចូល​ក្នុង​ឃុំ​ចំនួន​៣ ក្នុងស្រុក​ចន្ទ្រា នៃ​ខេត្ត​ស្វាយរៀង ក្រោម​ហេតុផល​ថា ធ្វើ​សមយុទ្ធ​រៀន​ពី​វិធីសាស្ត្រ​ជួយសង្គ្រោះ​ពលរដ្ឋ​ពេល​ជួប​គ្រោះ​មហន្តរាយ ដូចជា​ទឹកជំនន់​ជាដើម​។ ក៏ប៉ុន្តែ ការ​ធ្វើ​ដូច្នេះ ត្រូវ​ក្រុម​អ្នកឃ្លាំមើល រិះគន់​ថា អាជ្ញាធរ​ហាក់​លាក់បាំង​ព័ត៌មាន​អំពី​វត្តមាន​កងទ័ព​វៀតណាម​ក្នុង​ទឹកដី​ខ្មែរ​នេះ និង​មិនបាន​ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលំទូលាយ​នោះ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles