សកម្មជន​អតីត​បក្ស​ប្រឆាំង​មួយ​រូប​ទៀត​រង​ការ​វាយ​ប្រហារ​ឲ្យ​របួស ​តែ​សមត្ថកិច្ច​ថា​កុំ​ទាន់​សន្និដ្ឋាន​ប្រញាប់​ប្រញាល់​ពេក

ដោយ៖ ញឹម សុផល
20/01/2020 – 13:03
RFI

សកម្មជនអតីតបក្សប្រឆាំង ដែលរងការវាយប្រហារដោយជនមិនស្គាល់មុខ
សកម្មជនអតីតបក្សប្រឆាំង ដែលរងការវាយប្រហារដោយជនមិនស្គាល់មុខ FB

សកម្មជន​អតីតគណបក្ស​សង្គ្រោះជាតិ​មួយ​រូប​ ត្រូវ​បាន​ជន​មិនស្គាល់​មុខ​ចំនួន​ពីរ​នាក់​លួច​វាយ​ប្រហារ​ពីក្រោយ​ចំ​ក្បាល​បណ្តាល​ឲ្យ​រង​របួស​ធ្ងន់ ​ដែល​ហេតុការណ៍​នេះ ​ត្រូវបាន​ចោទ​ប្រកាន់​ថា​ជា​ការ​ប៉ុនប៉ង​សម្លាប់​។ ភ្លាម​ៗ​មន្ត្រី​ជាន់ខ្ពស់​អតីត​គណបក្ស​សង្គ្រោះជាតិ​នៅ​ឯ​នាយ​សមុទ្រ ​បាន​ប្រតិកម្ម ​ថា​ជា​ទង្វើ​លួច​វាយ​ប្រហារ​របស់​គណបក្ស​កាន់​អំណាច ​ខណៈ​សមត្ថកិច្ច​កំពុង​បើក​ការ​ស៊ើប​អង្កេត​នៅ​ឡើយ​។

ព្រម​ៗ​គ្នា ​បន្ទាប់​ពី​លោក ​ខៀវ ឌីន ​ដែល​ធ្លាប់​ជា​សមាជិក​ក្រុម​ប្រឹក្សា​សង្កាត់​កាកាប​១ ​នៃ​ខ័ណ្ឌ​ពោធិ៍សែនជ័យ ​បាន​រង​ការ​វាយ​ប្រហារ​ពី​មនុស្ស​មិនស្គាល់​មុខ​ចំនួន​២​នាក់ ​ដែល​បាន​ជិះ​ម៉ូតូ​វាយ​ដោយ​ដំបង​ដែក​ចំ​ពី​លើ​ក្បាល ​មន្ត្រី​ជាន់​ខ្ពស់​អតីតគណបក្ស​សង្គ្រោះជាតិ​ក្នុងនោះ​មាន​លោក ​អ៊ុំ សំអាន ​លោក​ អេង ឆៃអ៊ាង ​លោកស្រី ​មួរ សុខហួរ ​ជាដើម ​ បាន​ទំលាក់​ការ​ទទួល​ខុសត្រូវ​នេះ ​ទៅលើ​មនុស្ស​របស់​រដ្ឋាភិបាល​បច្ចុប្បន្ន​។

តាមរយៈ​ហ្វេសប៊ុក ​និង​មាន​បង្ហាញ​រូបភាព​បុរស់​ចំណាស់ ​ក្នុង​ស្ថានភាព​បែក​ក្បាល​ហូរ​ឈាម​ពេញ​ផ្ទៃមុខ​ផងនោះ ​លោក ​អ៊ុំ សំអាន ​អតីត​តំណាងរាស្ត្រ​អតីត​គណបក្ស​សង្គ្រោះជាតិ​បាន​សរសេរ​ថា ​លោក ​ខៀវ ឌីន ​ត្រូវបាន​ជន​ល្មើស​ជិះ​ម៉ូតូ​២​នាក់ ​ដូច​ក្នុង​រូបថត​ពី​កាម៉េរ៉ា​សុវត្ថិភាព​ បាន​វាយ​ឲ្យ​របួស​ក្បាល​ជា​ទំងន់​ដេរ​ជាង​១០​ថ្នេរ ​ខណៈ​គាត់​កំពុង​ជិះ​ម៉ូតូ​តាម​ផ្លូវ​។

ករណី​នេះ ​ត្រូវ​លោក ​ឆាយ គឹមខឿន ​អ្នក​នាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ ​ថ្លែង​ថា​សមត្ថកិច្ច​កំពុង​ធ្វើការ​ស៊ើប​អង្កេត​។ ​តាម​លោក​ ឆាយ គឹមឃឿន ​នៅពេល​សមត្ថកិច្ច​មិនទាន់​រក​ឃើញ​ពី​មូលហេតុ​ច្បាស់លាស់​ គេ​ពុំ​គួរ​ធ្វើ​ការ​សន្និដ្ឋាន​ទំលាក់​កំហុស​ទៅលើ​អ្នកណា​មួយ ​ឬ​ក៏​ពុំគួរ​ភ្ជាប់​រឿង​នេះ​ទៅនឹង​នយោបាយ​ឡើយ​។

ក៏​ប៉ុន្តែ ​លោក ​អ៊ុំ សំអាន ​បាន​បញ្ជាក់​តាម​សំណេរ​របស់​លោក​ថា ​សកម្មជន​សង្គ្រោះជាតិ​ចំនួន​១៤​នាក់ ​ត្រូវបាន​មនុស្ស​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​វាយ​ធ្វើ​បាប ​ហើយ​សមត្ថកិច្ច​មិនដែល​ចាប់​ខ្លួន​ជនល្មើស​យកមក​ផ្តន្ទាទោស​ម្តងណា​ឡើយ​។

ទោះយ៉ាងណា ​មន្ត្រី​អង្គការ​សិទ្ធិមនុស្ស ​និង​អង្គការ​សង្គម​ស៊ីវិល​នានា ​នៅ​ថ្ងៃ​នេះ​ដែរ ​បាន​ជម្រុញ​ឲ្យ​សមត្ថកិច្ច​រដ្ឋាភិបាល ​ស្វែងរក​ចាប់ខ្លួន​ជន​ប្រព្រឹត្ត​បទ​ល្មើស​មក​ផ្តន្ទាទោស ​ដើម្បី​ចៀសវាង​ការ​រិះគន់ ​និង​ដើម្បី​ជា​ការ​លើក​ស្ទួយ​នីតិរដ្ឋ​នៅក្នុង​ប្រទេស​កម្ពុជា​៕

What Next?

Recent Articles

Leave a Reply

Submit Comment