អតីត​សកម្មជន​​បក្ស​ប្រឆាំង​ម្នាក់​​ទៀត​រង​អំពើ​ហិង្សាពី​ជន​បិទ​មុខនៅ​ភ្នំពេញ

នយោបាយ
លោក ហ៊ុន សិរីវឌ្ឍន៍
២០ មករា ២០២ | ម៉ោង ១១:២៨ ល្ងាច
https://vodkhmer.news

អតីត​សមាជិក​ក្រុម​ប្រឹក្សា​សង្កាត់​កាកាប​១ លោក ខៀវ ឌីន រងការវាយប្រហារពីសំណាក់ជនអនាមិក កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២០។ (បណ្ដាញសង្គម)

អតីត​សមាជិក​ក្រុម​ប្រឹក្សា​សង្កាត់​កាកាប​១ លោក ខៀវ ឌីន រងការវាយប្រហារពីសំណាក់ជនអនាមិក កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២០។ (បណ្ដាញសង្គម)


​សកម្មជន​ម្នាក់​ទៀត​របស់​អតីត​បក្សសង្គ្រោះជាតិ​ និង​ជា​​សមាជិកក្រុមប្រឹក្សាសង្កាត់កាកាប១ ​ត្រូវ​បាន​ជន​អនាមិក​វាយ​ប្រហារ​ពី​ក្រោយ​ក្នុង​ពេល​លោក​កំពុង​ធ្វើ​ដំណើរទៅ​យក​ចៅនៅ​ក្នុងសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ​​។

អតីតសមាជិកបេក្ខភាពក្រុមប្រឹក្សាឃុំ-សង្កាត់កាកាប១ ពីគណបក្សសង្គ្រោះជាតិ លោក ខៀវ ឌីន អាយុ៦៥ឆ្នាំ ប្រាប់VOD ថា លោកត្រូវបានជនមិនស្គាល់មុខ២នាក់បានជិះម៉ូតូមកក្បែរ និងបានយកដែកវាយក្បាលលោកពីក្រោយ ក្នុងពេលលោកទៅយកចៅចេញពីសាលារៀននៅក្រោយព្រលានយន្តហោះពោធិ៍ចិនតុង នៅក្នុងសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ លោកចាត់ទុកសកម្មភាពនេះជាការគំរាមកំហែងផ្នែកនយោបាយលើលោក ដោយសារលោកធ្លាប់ជាអ្នកគាំទ្របក្សសង្គ្រោះជាតិ។

លោកថា៖ «សកម្មភាព(ហិង្សា)បែបនេះ ខ្ញុំមិនដែលជួបទេ ខ្ញុំក៏មិនដែលឈ្លោះនឹងបងប្អូនញាតិមិត្តណាដែរ ខ្ញុំអត់ដែលទេ។ ខ្ញុំដល់ម៉ោងទៅយកចៅទៅរៀន និងចេញពីរៀន មុខរបរខ្ញុំមានតែប៉ុណ្ណឹង នៅតែផ្ទះទេ»។

លោកថា នៅពេលនេះ លោកមានអាការៈវិលមុខ ខណៈក្បាលលោកត្រូវដេរ១០ថ្នេរ និងផុងលាលាដ៏ផ្នែកខាងមុខផងដែរ។

​រូបភាព​ដែល​ត្រូវ​បាន​ចែក​ចាយ​នៅ​ថ្ងៃ​នេះ ​បាន​បង្ហាញនូវ​​មនុស្ស​ពីរនាក់​ជិះ​ម៉ូតូ​ហុងដា​ឌ្រីម គ្មាន​ស្លាក​លេខ ពាក់​មួក​សុវត្ថិភាព​ទាំង​ពីរ​នាក់​ ដោយ​អ្នក​នៅ​ពី​ក្រោយស្លៀក​ពាក់​អាវ​ខ្មៅ និង​ខោ​ខ្មៅ​​ បាន​លើ​ក​វត្ថុ​រឹង​ប្រវែង​ជាង​១ម៉ែត្រ ​វាយ​ទៅ​លើ​លោក ខៀវ ឌីន ពី​ក្រោយ​នៅ​ម៉ោង​១០ និង​៤៨នាទី​ព្រឹក​។

អធិការ​នគរបាល​ខណ្ឌ​ពោធិ៍សែនជ័យ ​លោក ម៉ន វុធី ប្រាប់វីអូឌីនៅ​រសៀល​នេះ​ថា ​លោក​មិន​បាន​ដឹង​ពី​ករណី​នេះ​នៅ​ឡើយ​ទេ ប៉ុន្តែ លោក​ថា លោក​​នឹង​ឱ្យ​មន្ត្រី​របស់​លោក​ចុះ​ស្រាវជ្រាវ និង​តាម​រក​ជន​បង្ក​មកទទួល​ខុសត្រូវ​ផង​ដែរ។

លោក ម៉ន វុធី និយាយ​​ថា៖ «ប្រហែល​ជា​មន្ត្រី​ប៉ុស្តិ៍​គាត់​អាច​ចុះ​ទៅ​មុន​ខ្ញុំ​ហើយ​។ រឿង​កាប់​គេ​ គឺ​ខុស​ហើយ​! ត្រូវ​តែ​អនុវត្ត​ច្បាប់​»

អតីត​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ូ ច័ន្ទរ័ត្ន ចាត់​ទុក​អំពើ​ហិង្សា​ទៅ​លើ​សកម្មជន ឬ​អ្នក​គាំ​ទ្រ​អតីត​បក្ស​ប្រឆាំង​ ថាជា​ទម្រង់​នៃ​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ខាង​ផ្នែក​នយោបាយ ហើយ​លោក​ថា អំពើ​ហិង្សា​នយោបាយ​បែប​នេះ ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ពី​ការ​បណ្ដែត​បណ្ដោយ​ពី​អាជ្ញាធរ​ឱ្យ​កើត​ឡើង​ដដែលៗ។

លោក អ៊ូ ច័ន្ទរ័ត្ន ប្រាប់​ថា​៖ «វាហាក់ដូចជាការបង្ក្រាបមួយ ជាយុទ្ធនាការបង្ក្រាបមួយបន្ថែមទៅលើអ្វីដែលគ្នាកំពុងតែរងគ្រោះហើយ អាហ្នឹងវាធ្វើឱ្យមុខមាត់រាជរដ្ឋាភិបាល មុខមាត់អាជ្ញាធរកាន់តែអាក្រក់»

អនុប្រធានអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា ករណី​នេះ​កើត​ឡើង​ដដែលៗ​ ខណៈអាជ្ញាធរមិនអាចវែកមុខជនដៃដល់មកផ្តន្ទាទោសបាន។

មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​រូប​នេះ លើក​ឡើង​ថា ការ​ដែល​មិន​អាច​យក​ជន​ដៃដល់​មក​ផ្ដន្ទាទោស​នេះ នឹងអាច​ឱ្យ​មហាជនគិតច្រឡំថា ជាការធ្វើទុក្ខបុកម្នេញ ឬគំរាមកំហែងផ្នែកនយោបាយទៅ​លើ​អ្នកប្រឆាំង​។

លោក អំ សំអាត ប្រាប់ថា៖ «ថ្មីៗនេះ សម្តេចក្រឡាហោមក៏បានលើកឡើងពី​ភាពអយុត្តិធម៌នៅក្នុងសង្គម វានាំឱ្យមានការបែកបាក់ជាតិ។ អញ្ចឹង ភាពអយុត្តិធម៌នៅក្នុងសង្គម វាបង្កឱ្យមានវប្បធម៌និទណ្ឌភាព។ ចំណុចទាំងអស់នេះ បើគេមើលឃើញរឿងដដែលកើតឡើង ហើយជនល្មើស ឬជនប្រព្រឹត្តមិនត្រូវបានយកទៅផ្តន្ទាទោសតាមច្បាប់ទេ វាជានិទណ្ឌភាពមួយ ហើយក៏វាជាអយុត្តិធម៌នៅក្នុងសង្គមមួយដែរ»

មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស លោក អំ សំអាត បាន​ឱ្យ​ដឹង​ថា អំពើ​ហិង្សា​ទៅ​លើ​សកម្មជន​អតីត​ប្រឆាំង​ចំនួន១០​ករណី បាន​កើត​ឡើង​រួច​មក​ហើយ​ចាប់​តាំង​ពី​ខែ​កញ្ញា​ឆ្នាំ​មុន៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles