ក្រសួង​មហាផ្ទៃ បដិសេធ​សំណើ​សង្គម​ស៊ីវិល​ដែល​ចង់​ឲ្យ​មាន​ផែនការ​ច្បាស់លាស់​រឿង​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល

ដោយ មាន ឫទ្ធិ
2020-01-20
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

កិច្ច​ប្រជុំ​រវាង​ក្រសួង​មហាផ្ទៃ និង​អង្គការ​មិនមែន​រដ្ឋាភិបាល អំពី​វិសោធនកម្ម​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល នៅ​ថ្ងៃ​ទី២០ ខែ​មករា ឆ្នាំ២០២០។

កិច្ច​ប្រជុំ​រវាង​ក្រសួង​មហាផ្ទៃ និង​អង្គការ​មិនមែន​រដ្ឋាភិបាល អំពី​វិសោធនកម្ម​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល នៅ​ថ្ងៃ​ទី២០ ខែ​មករា ឆ្នាំ២០២០។

 រូប៖ ហ្វេសប៊ុក​ក្រសួង​មហាផ្ទៃ


ដំណើរការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ឆ្នាំ២០១៥ ដែល​រង​ការ​រិះគន់​ថា បាន​រឹតត្បិត​លំហ​សេរីភាព​អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា​នោះ នៅ​តែ​ជាប់​គាំង​នៅ​ត្រឹម​ក្រសួង​មហាផ្ទៃ​ដដែល។ ការ​ជាប់​គាំង​នេះ គឺ​ដោយសារ​ខាង​ក្រសួង​បដិសេធ​ទៅ​នឹង​សំណើ​របស់​តំណាង​អង្គការ​សង្គម​ស៊ីវិល​ ដែល​ស្នើ​ឲ្យ​មានការ​កំណត់​ផែនទី​បង្ហាញ​ផ្លូវ​ និង​ពេល​វេលា​ច្បាស់លាស់​ ព្រមទាំង​បើក​កិច្ចប្រជុំ​ពិភាក្សា​ជា​លក្ខណៈ​ចង្អៀត​ ដើម្បី​ពន្លឿន​ដំណើរ​ការ​ធ្វើ​វិសោធនកម្ម​លើ​ច្បាប់​មួយ​នេះ ស្របតាម​ការ​ចង់​ឃើញ​ពី​សហគមន៍​ជាតិ​ និង​អន្តរជាតិ​នោះ​។

កិច្ចប្រជុំ​ពិភាក្សា​ពិគ្រោះ​យោបល់​ប្រមូល​ធាតុ​ចូល​ពី​តំណាង​អង្គការ​សង្គម​ស៊ីវិល​ជាង ៥០០ស្ថាប័ន​ ជា​លើក​ទីបី​ ដើម្បី​ឈាន​ទៅ​កែ​ច្បាប់​ស្ដីពី​សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ឆ្នាំ២០១៥ ដែល​បាន​ប្រព្រឹត្តិ​ទៅ​នៅ​ទីស្ដីការ​ក្រ​សួង​មហាផ្ទៃ​ កាលពី​ថ្ងៃទី២០​ មករា​ បាន​បិទ​បញ្ចប់​ទៅ ដោយ​គ្មាន​ការវិវឌ្ឍន៍​ទៅមុខ​អ្វី​ជា​ដំ​កំភួន​នោះ​ទេ​។ កិច្ចប្រជុំ​ពិគ្រោះ​យោបល់​នេះ​ បាន​ធ្វើឡើង​ដោយ​អវត្តមាន​តំណាង​សង្គម​ស៊ីវិល​សំខាន់ៗ មួយ​ចំនួន ដោយសារ​តែ​ពួក​គេ​ជាប់​រវល់​ការងារ​តាម​ស្ថាប័ន​រៀងៗ ខ្លួន​ ក៏​ប៉ុន្តែ​មាន​ការ​ចូល​រួម​ពី​តំណាង​សង្គម​ស៊ីវិល​ដទៃ​ទៀត ក្នុង​នោះ​ក៏​រួមមាន​អង្គការ​គណៈកម្មាធិការ​សហប្រតិបត្តិ​ការ​ដើម្បី​កម្ពុជា​ ហៅ​កាត់​ថា CCC ដែល​បាន​ផ្ដួចផ្ដើម​គំនិត​ និង​ស្នើ​ឲ្យ​មានការ​កែប្រែ​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​។

នាយក​ប្រតិបត្តិ​អង្គការ CCC លោក សឿន សារឿន ប្រាប់​អាស៊ី​សេរី​ថា នៅ​មាន​ការ​យល់ឃើញ​ខុស​គ្នា​រវាង​ភាគី​ខាង​ក្រសួង​មហាផ្ទៃ និង​ខាង​សង្គម​ស៊ីវិល​ដែល​តំណាង​ឲ្យ​ជាង ៥០០ស្ថាប័ន​នៅ​ឡើយ។ លោក​ថា ខាង​សង្គម​ស៊ីវិល​ចង់​ឲ្យ​ក្រសួង​ចាប់​ផ្ដើម​ពិភាក្សា​អំពី​ផែនទី​បង្ហាញ​ផ្លូវ ដើម្បី​កំណត់​អំពី​ពេល​វេលា​ច្បាស់លាស់​អំពី​ដំណើរការ​កែប្រែ​ច្បាប់​នេះ​ ហើយ​បើក​កិច្ចប្រជុំ​នេះ​ជា​លក្ខណៈ​ចង្អៀត​តែ​ជាមួយ​តំណាង​អង្គការ​សង្គម​ស៊ីវិល​ ដែល​បាន​ដាក់​ស្នើ​ឲ្យ​កែប្រែ​ច្បាប់​នេះ​តែ​ប៉ុណ្ណោះ។ ក៏​ប៉ុន្តែ​ សំណើ​នេះ​ត្រូវ​ខាង​ក្រសួង​មហាផ្ទៃ​បដិសេធ ដោយ​ក្រសួង​នៅ​តែ​អះអាង​ថា​ ចង់​ឲ្យ​មាន​ការ​ចូលរួម​ដើម្បី​ប្រមូល​ធាតុ​ចូល​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់។ យ៉ាង​ណា​ក៏​ដោយ​ លោក​ សឿន សារឿន ថា លទ្ធផល​មួយ ដែល​ទទួល​បាន​ពី​កិច្ចប្រជុំ​នោះ​ គឺ​ភាគី​ពាក់ព័ន្ធ​បាន​ព្រមព្រៀង​គ្នា​ថា​ នឹង​បន្ត​បើក​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ជា​លើក​ទី៤​ នៅ​ថ្ងៃ​សុក្រ​ ទី៧​ ខែ​កុម្ភៈ​ ខាងមុខ៖ «ថ្ងៃ​មិញ​ហ្នុង​ គឺ​មានការ​យល់​ឯកភាព​គ្នា​មួយ​អំពី​ជំ​ហ៊ាន​បន្ត​ ដោយ​ថ្ងៃ​ទី០៧​ ខែ​កុម្ភៈ​ខាងមុខនេះ​ គឺ​យើង​នឹង​ប្រជុំ​ជជែក​គ្នា​បន្ថែម​ទៀត​។ ហើយ​យើង​នឹង​លែង​ធ្វើ​កិច្ចការ​ងារ​តាម​មាត្រា​មួយ​ម្តងៗ ហើយ គឺ​ខាង​តំណាង​អង្គការ​សង្គម​ស៊ីវិល​ជាង៥០០​ នឹង​ធ្វើ​បទ​បង្ហាញ​រយៈ​ពេល១០​ ទៅ ២០នាទី​អំពី​អនុសាសន៍​របស់​ខ្លួន​ដែល​ចង់​ស្នើ​ឲ្យ​ក្រសួង​មាន​ការ​កែប្រែ​ ហើយ​ទើបបាន​យក​អនុសាសន៍​ទាំង​អស់​ហ្នុង​ មក​ជជែក​គ្នា​ជា​រួម​ដើម្បី​ពន្លឿន​ការ​ពិភាក្សា​ទៅ​លើ​វិសោធនកម្ម​នេះ​ ឲ្យ​បាន​ឆាប់​រហ័ស»

អាស៊ី​សេរី​ បាន​ព្យាយាម​ទាក់ទង​លោក ប៊ុន ហ៊ុន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ ដែល​បាន​ដឹកនាំ​កិច្ចប្រជុំ​នេះ​ ក៏ប៉ុន្តែ​លោក​មិន​លើក​ទូរស័ព្ទ​កាលពី​យប់​ថ្ងៃទី២០​ មករា​។ ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​របស់ក្រ​សួង​មហាផ្ទៃ​ ឲ្យដឹង​ថា ក្នុង​កិច្ចប្រជុំ​នេះ​ លោក ប៊ុន ហ៊ុន​ បាន​ស្នើ​ឲ្យ​អង្គការ​សង្គម​ស៊ីវិល​ ព្រមទាំង​ដៃគូ​រពាក់​ព័ន្ធ​ទាំងអស់​ចូលរួម​ជាមួយ​ក្រុមការងារ​របស់​រដ្ឋាភិបាល​ ឲ្យអស់​ពី​លទ្ធភាព​ ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​រាល់​កិច្ចពិភាក្សា​ទាំងអស់​ដែល​រៀបចំឡើង​ដោយ​ក្រសួងមហាផ្ទៃ​ អាច​ស្វែងរក​ចំណុច​ខ្លាំង​ និង​ចំណុច​ខ្សោយ​ ហើយ​ប្រមូល​បាន​ធាតុ​ចូល​សំ​ខាន់ៗ ក្នុង​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​មួយ​នេះ​ ក្នុង​អ្វីមួយ​ដែល​លោក​ថា​ ដើម្បីឲ្យ​មាន​ភាព​ពេញលេញ​ អាច​ទទួលយក​បាន​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ ហើយ​ស្របតាម​ការអនុវត្ត​ការងារ​ជាក់​ស្ដែង។

កន្លងមក​ ក្រោយ​ពី​មាន​ការ​រិះគន់​ពី​សង្គម​ស៊ីវិល​ជាតិ​ និង​សហគមន៍​អន្តរជាតិ ជា​ពិសេស​អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ ព្រម​ទាំង​សហភាព​អឺរ៉ុប ជុំវិញ​ការ​រឹតត្បិត​លំហ​សេរីភាព​អង្គការ​សង្គម​ស៊ីវិល​ តាមរយៈ​ការអនុវត្ត​ច្បាប់​នេះ​ក្រសួង​មហាផ្ទៃ​ បាន​បើក​ឲ្យ​មាន​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ចំនួន​ពីរ​ដង​ ជាមួយ​តំណាង​អង្គការ​សង្គម​ស៊ីវិល​ គឺ​កាលពីដើម​ខែ​វិច្ឆិកា​ និង​ខែ​ធ្នូ​ ឆ្នាំទៅ​ ដើម្បី​ប្រមូល​ធាតុ​ចូល​ ធ្វើ​វិសោធនកម្ម​ច្បាប់​នេះ។ ក៏​ប៉ុន្តែ​ កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ទាំង​ពីរ​លើក​នេះ​ មិន​បាន​សម្រេច​អ្វី​ជា​ដំ​កំភួន​នោះ​ទេ​ ហើយ​ការ​ជជែក​គ្នា​នោះ​ មាន​ភាព​យឺតយ៉ាវ​ខ្លាំង​ ដោយសារ​តែ​ក្រសួង​មហាផ្ទៃ​ បាន​អនុញ្ញាត​ឲ្យ​តំណាង​អង្គការ​សង្គម​ស៊ីវិល​ដទៃ​ទៀត ដែល​មិនបាន​ស្នើសុំ​ឲ្យ​ធ្វើ​វិសោធនកម្ម​ច្បាប់​នេះ​ ចូលរួម​កិច្ច​ពិគ្រោះ​យោបល់​ដែរ។

តំណាង​សង្គម​ស៊ីវិល​ជាង ៥០០ស្ថាប័ន ក្នុង​នោះ​រួមមាន​បណ្ដាញ​អង្គការ​សង្គម​ស៊ី​វិល​ធំៗ ជិត ១០ ស្ថាប័ន​ មក​ពី​វិស័យ​ផ្សេងៗ គ្នា​រួមមាន​ សិទ្ធិ​មនុស្ស​ ប្រជាធិបតេយ្យ​ អប់រំ​ សុខភាព​ បរិស្ថាន​ ស្ត្រី​ និង​កុមារ​ ជាដើម​ ព្រម​បណ្ដាញ​អង្គការ​សង្គម​ស៊ីវិល​ធ្វើការ​តាម​មូលដ្ឋាន​ បាន​ស្នើ​ធ្វើ​វិសោធនកម្ម ឬ​លុប​ចោល​មាត្រា​មួយ​ចំនួន​នៃ​ច្បាប់​នេះ​ ជាពិសេស​ពាក់ព័ន្ធ​នឹង​ការចុះបញ្ជី​ការ​ ប្រតិបត្តិ​ការ​ ការបញ្ឈប់​ ឬ​ផ្អាក​សកម្មភាព​អង្គការ​មិនមែន​រដ្ឋាភិបាល​ ការកំណត់​និយមន័យ​អំពី​អព្យា​ក្រឹត្យ​ភាព​របស់​អង្គការ​សង្គម​ស៊ីវិល​ជាមួយ​គណបក្ស​នយោបាយ​ជាដើម​ ដែល​ពួកគេ​មើល​ឃើញ​ថា ជា​ការ​រឹតត្បិត​លំ​ហរ​សេរីភាព​សង្គម​ស៊ីវិល។

លោក សឿន សារឿន មាន​ប្រសាសន៍​ថា​ តំណាង​អង្គការ​សង្គម​ស៊ីវិល​ នៅ​តែ​រក្សា​ជំហរ​ដដែល​ចង់​ឲ្យ​មានការ​កែប្រែ​ច្បាប់​នេះ​ ជា​ពិសេស លុប​ចោល​មាត្រា​ទាំង​ឡាយ​ណា​ដែល​មាន​ខ្លឹមសារ​ទូលំទូលាយ​ ដូចជា​ករណី​តម្រូវឲ្យ​អង្គការ​សង្គម​ស៊ីវិល​ត្រូវតែ​រក្សា​អព្យា​ក្រឹត្យ​ជាមួយ​គណបក្ស​នយោបាយ​ជាដើម​។ លោក​ថា​ ការ​ធ្វើ​ដូច្នេះ​ គឺ​ដើម្បី​ងាយស្រួល​ឲ្យ​អង្គការ​សង្គម​ស៊ីវិល​ ក្នុង​ការ​ធ្វើការ​ប្រកបដោយ​ភាពជា​ដៃគូ​ជាមួយ​អ្នក​ដែល​ពាក់ព័ន្ធ​ក្នុង​ការចូលរួម​ការអភិវឌ្ឍន៍​ប្រទេស​កម្ពុជា​ប្រកបដោយ​ប្រជាធិបតេយ្យ​ សេរីភាព​ និង​យុត្តិធម៌៖ «បើ​យើង​មើល​ការអនុវត្ត​សព្វថ្ងៃ​នេះ​ ការដឹកនាំ​ប្រទេស​កម្ពុជា​សព្វថ្ងៃ​នេះ​ គឺ​ដោយ​គណបក្ស​កាន់អំណាច​មួយ​ អ៊ីចឹង​ទាំង​អង្គការ​សង្គម​ស៊ីវិល​ដែល​កំពុង​ប្រតិបត្តិ​ការ​សព្វថ្ងៃ​នេះ​វា​អត់មាន​អព្យា​ក្រឹត្យ​ទេ​ បើសិនជា​ធ្វើការ​គាំទ្រ​ទៅ​នឹង​បេសកកម្ម​ឬក៏​ គោលការណ៍​ ឬ​គោល​នយោបាយ​របស់​គណបក្ស​កាន់អំណាច​សព្វថ្ងៃ​ ឬក៏​ធ្វើ​ទៅ​ វា​ស្ថិត​ក្នុង​គោលនយោបាយ​ ឬ​របៀបវារៈ​របស់​គណបក្ស​ប្រឆាំង​ អ៊ីចឹង​ អង្គការ​សង្គម​ស៊ីវិល​ គឺ​អត់​អាច​ធ្វើ​អី​កើត​ទេ»

ការ​ស្នើ​ឲ្យ​កែប្រែ​ច្បាប់​ស្ដីពី​សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​នេះ​ គឺជា​លក្ខខណ្ឌ​មួយ​ក្នុងចំណោម​លក្ខខណ្ឌ​ជាច្រើន​នៃ​ការ​ទាមទារ​សំ​ខាន់ៗ របស់​គណៈកម្មការ​អឺរ៉ុប ប្រសិន​បើ​កម្ពុជា​ មិន​ចង់​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​សហភាព​អឺរ៉ុប​នោះ​ទេ។

ចាប់​តាំង​ពី​ច្បាប់​ស្ដីពី​សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ ត្រូវ​បាន​ប្រកាសឲ្យប្រើ​កាលពី​ពាក់​កណ្ដាល​ឆ្នាំ២០១៥មក​ របប​ក្រុងភ្នំពេញ​បាន​បញ្ឈប់​សកម្មភាព​របស់ «បន្ទប់​ស្ថានការណ៍» ដែល​ជា​គម្រោង​របស់​បណ្ដុំ​អង្គការ​សង្គម​ស៊ីវិល​ឃ្លាំមើល​ការបោះឆ្នោត​របស់​អង្គការ ខុមហ្វ្រែល បិទ​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ NDI របស់​អាមេរិក​ផ្អាក​សកម្មភាព​អង្គការ​សមធម៌​កម្ពុជា​មួយ​រយៈ ដែល​ធ្វើការ​ពាក់ព័ន្ធ​ជាមួយ​សហគមន៍​ប៉ះពាល់​ដោយសារ​ការ​ផ្ដល់​ដីសម្បទាន​សេដ្ឋកិច្ច​ដល់​ក្រុមហ៊ុន​ផលិត​ស្ករ​អំពៅ និង​ផ្អាក​សកម្មភាព​របស់​សហព័ន្ធ​និស្សិត​ និង​បញ្ញវន្ត​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles