គ្រួសារ​រងទុក្ខ​ក្រោយ​កម្លាំង​ប៉េអឹម​វាយដំ​ប្តី​រហូត​បាត់បង់​ជីវិត

សិទ្ធិ​មនុស្ស
21 មករា 2020
ស៊ុន ណារិន
វីអូអេខ្មែរ

រូបថត​របស់​លោក ទុយ ស្រស់ ដែល​ត្រូវ​បាន​វាយ​ដល់​គ្រាំក្នុង និង​ស្លាប់ ត្រូវ​បាន​ដាក់តាំង​នៅក្នុង​ផ្ទះ​របស់​លោក ក្នុង​ភូមិជ្រៃ ឃុំចង្ហា ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ (ស៊ុន ណារិន/VOA Khmer)
រូបថត​របស់​លោក ទុយ ស្រស់ ដែល​ត្រូវ​បាន​វាយ​ដល់​គ្រាំក្នុង និង​ស្លាប់ ត្រូវ​បាន​ដាក់តាំង​នៅក្នុង​ផ្ទះ​របស់​លោក ក្នុង​ភូមិជ្រៃ ឃុំចង្ហា ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ (ស៊ុន ណារិន/VOA Khmer)

ក្រោយ​ការ​បញ្ជា​របស់​លោក ហ៊ុន សែន ឲ្យ​ស៊ើប​អង្កេត​ករណី​ពលរដ្ឋ​ម្នាក់​ស្លាប់​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ ខណៈ​ស្ថិត​ក្នុង​ការ​ឃុំឃាំង ការ​ស៊ើប​អង្កេត​មួយ​ត្រូវ​បាន​ធ្វើ​ឡើង​ភ្លាមៗ ហើយ​លទ្ធផល​ខុស​ពី​ការ​អះអាង​របស់​រដ្ឋបាល​ខេត្ត និង​ពន្ធនាគារ។ឃុំ​ចង្ហា ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ — 

អ្នកស្រី ប៊ុយ គីមឡាក់ ​ជា​ស្រ្តី​មេម៉ាយ ​បន្ទាប់ពី​បាត់​បង់​ស្វាមី​របស់​អ្នកស្រី​ ដែល​ត្រូវ​បាន​កងកម្លាំង​ប៉េអឹម ​ខេត្ត​បន្ទាយមានជ័យ ​ចាប់​ខ្លួន​ ក្នុង​ការ​តវ៉ា​រឿងដីធ្លី​មួយ​ កាល​ពី​ចុង​ខែ​ធ្នូ ឆ្នាំ​២០១៩។ ប្តី​របស់​អ្នកស្រី​ ​លោក ទុយ ស្រស់ ដែល​មាន​អាយុ​៣៤​ឆ្នាំ បាន​ស្លាប់​កាល​ពី​ថ្ងៃទី១ ខែ​មករា កន្លង​ទៅ​នេះ។ ក្រោយ​មក​មាន​ការ​រក​ឃើញ​ថា​លោក​ ស្រស់ ត្រូវ​បាន​កង​កម្លាំង​អាវុធហត្ថខេត្ត​នេះ ​វាយ​ដំ​យ៉ាង​ធ្ងន់ធ្ងរ​រហូត​ស្លាប់។

អ្នកស្រី ប៊ុយ គីមឡាក់ ដែល​ស្វាមី គឺ​លោក ទុយ ស្រស់ បាន​ស្លាប់ កាលពី​ថ្ងៃទី ១ ខែមករា ឆ្នាំ២០២០ ខណៈ​មាន​ការរកឃើញ​ថា ត្រូវ​បាន​វាយដំ​យ៉ាងធ្ងន់ធ្ងរ​រហូត​ដល់​គ្រាំ​ក្នុង​ពី​សំណាក់​កងកម្លាំង​អាវុធហត្ថ ខេត្តបន្ទាយមានជ័យ។(ស៊ុន ណារិន/VOA)
អ្នកស្រី ប៊ុយ គីមឡាក់ ដែល​ស្វាមី គឺ​លោក ទុយ ស្រស់ បាន​ស្លាប់ កាលពី​ថ្ងៃទី ១ ខែមករា ឆ្នាំ២០២០ ខណៈ​មាន​ការរកឃើញ​ថា ត្រូវ​បាន​វាយដំ​យ៉ាងធ្ងន់ធ្ងរ​រហូត​ដល់​គ្រាំ​ក្នុង​ពី​សំណាក់​កងកម្លាំង​អាវុធហត្ថ ខេត្តបន្ទាយមានជ័យ។(ស៊ុន ណារិន/VOA)

អ្នកស្រី ​គីមឡាក់ ដែល​មាន​អាយុ​៣៥ឆ្នាំ មាន​មុខ​របរ​ជា​អ្នក​ដុតអុស ដើម្បី​ធ្វើ​ជាធ្យូង​លក់។ ក្រៅ​ពី​នោះ អ្នកស្រី​ទិញ​សត្វ​មាន់ទា​ក្នុង​ស្រុក​ និង​ធ្វើ​ស្រែ​តាម​រដូវ។ អ្នកស្រីនិង​ប្តី​អ្នកស្រី ​មាន​កូនស្រី​ម្នាក់ ​អាយុ​១៤ឆ្នាំ​ ដែល​រៀន​ថ្នាក់​ទី​៩។

អ្នកស្រីថា​ប្តី​របស់​អ្នកស្រី ​ត្រូវ​បាន​វាយ​យ៉ាង​ធ្ងន់ធ្ងរ ហើយ​បាន​ច្រាន​ចោល​របាយការណ៍​របស់​រដ្ឋបាល​ខេត្ត​បន្ទាយ​មានជ័យ ​ដែល​ថា​ប្តី​របស់​អ្នកស្រី ជា​អ្នក​ញៀនស្រា​និង​មាន​សុខភាព​មិន​ល្អ។

អ្នកស្រី​បាន​ថ្លែង​ប្រាប់​VOA​កាល​ពី​ថ្ងៃ​ច័ន្ទ​នៅ​ផ្ទះ​របស់​អ្នកស្រី​ថា៖

«អាហ្នឹង​ខ្ញុំ​ឃើញ​ស្លាក​ស្នាម​បង។ បើ​ប្តី​ខ្ញុំ​ចេញ​ពី​ផ្ទះ​ទៅ​ ប្តី​ខ្ញុំ​មិន​បាន​កើត​អី​ទេ ហើយ​រូបរាង​ប្តី​ខ្ញុំ​មាំទាំ ដូច​គេ​ដូច​ឯង​ទាំង​អស់។ ស្រាប់​តែប្តី​ខ្ញុំ​ គេ​ចាប់​ទៅ​រហូត​ដល់​ថ្ងៃ​ស្លាប់​ បាន​ឃើញ​ជាំ​ពេញ​ខ្លួន​ទាំង​អស់​ ពេញ​មុខ​ទាំងអស់»។

អ្នកស្រី​បន្ថែម​ថា៖ «ខ្លាច​តែគេ​វាយ​ហ្នឹង​ហើយ តែ​មិន​ដឹង​ថា​គេ​វាយ​ចេញ​ពី​កន្លែងណា​ទេ​បង។ គេ​វាយ​ធ្វើ​បាប​កន្លែង​ណា ក៏​ខ្ញុំ​មិន​បាន​ឃើញ ខ្ញុំ​បញ្ជាក់​តែ​ម្យ៉ាងថា​ប្តី​ខ្ញុំ​មិន​បាន​កើត​អី​ទេ ពេល​ទៅ​ពី​ផ្ទះ»។ EMBED SHARE

ភរិយា និង​ជនរងគ្រោះ ​បង្ហាញ​ភាពសោកស្តាយ ក្រោយ​ប្តី​ស្លាប់​ដោយសារ​ការវាយដំ​ដោយ​កម្លាំង​ប៉េអឹម


កាល​ពី​ចុង​ខែធ្នូ ឆ្នាំ​២០១៩ ដោយសារ​តែ​ជីវភាព អ្នកស្រី​និង​ប្តី​ បាន​តាម​ក្រុម​ប្រជាជនដែល​ស្គាល់គ្នា​ ទៅ​ចាប់​ដីមួយ​កន្លែង​នៅ​ក្នុងភូមិ​សាស្រ្ត ​ឃុំ​ស្លក្រាម ស្រុក​ស្វាយចេក។ អ្នកស្រី​បាន​ឲ្យ​ដឹង​ថា​អ្នកស្រី​ចាប់​បានដី​មួយ​កន្លែង ដែល​មាន​ទទឹង​ប្រវែង២៥​ម៉ែត្រ​និង​បណ្តោយ​ប្រវែង​៣៥​ម៉ែត្រ។ ប៉ុន្តែ​ពួកគេ​មិនដឹង​ថា​ ដី​នោះ​ជា​កម្មសិទ្ធិ​ឯកជន ​ឬ​យ៉ាង​ណា​នោះ​ទេ។ ប្រជាពលរដ្ឋ​ដែល​ចាប់​ដី​រាប់​រយនាក់ ត្រូវ​បាន​ចោទ​ពី​បទ​ប៉ះពាល់​កម្មសិទ្ធិ​ឯកជន។

អ្នកស្រី ប៊ុយ គីមឡាក់ ​មាន​ប្រសាសន៍​ថា៖

«ព្រោះ​ប្តី​ខ្ញុំ​ប្រជាពលរដ្ឋ​ធម្មតា​ដូច​គេ​ដូច​ឯង​ក្រីក្រ​ម្នាក់ ដោយសារ​តែ​ក្រីក្រ បាន​ជា​ទៅ​សុំ​ដី​គេ ទៅ​ចាប់ដី​ចាប់​អី​នឹង​គេ។ ដល់​ទៅ​ហ្នឹង ក៏​ទៅ​តាម​គេ​ តាម​ឯង ឃើញ​គេ​ទៅ ក៏​សុំ​គេ​ទៅ​ដែរ»។

ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក​ ​ប្រជាពលរដ្ឋ​រាប់​រយ​នាក់ ដែល​បាន​ចាប់​ដី ត្រូវ​បាន​តុលាការ​ខេត្ត​ចោទ​ប្រកាន់​ថា​ ចាប់​ដី​របស់​ឯកជន។ ពួក​គេ​ក៏​បាន​ចេញប្រមូលផ្តុំ​នៅ​ខាង​មុខ​សាលា​ខេត្ត​បន្ទាយមានជ័យ​ ដើម្បី​សុំ​ដំណោះ​ស្រាយ ក្នុង​នោះ​មាន​ការ​សុំ​ឲ្យ​អាជ្ញាធរ​ខេត្ត​ផ្តល់​ដី​ជូន​ប្រជាពលរដ្ឋ​និង​ផ្តល់​សំណង​ទៅ​លើ​ការ​ដុត​ផ្ទះ​របស់​ប្រជាពលរដ្ឋ កាល​ពី​កន្លង​ទៅ។ ប៉ុន្តែ​ការ​តវ៉ា​នោះ​ បាន​នាំ​ឲ្យ​មាន​ការ​ចាប់​ខ្លួន​ និង​មាន​ការ​វាយដំ​ផង​ដែរ។

ពលរដ្ឋ​៥នាក់ ត្រូវ​បាន​ចាប់​ខ្លួន​នៅ​រសៀល​ថ្ងៃ​ទី​២៨ ខែ​ធ្នូ ឆ្នាំ​២០១៩។ ម្នាក់​ក្នុង​ចំណោម​នោះ​មាន​លោក ទុយ ស្រស់ ដែល​ត្រូវ​បានកម្លាំង​ប៉េអឹម​វាយ​ដំ​រហូត​ស្លាប់។ ពលរដ្ឋ​៤​នាក់​ទៀត​ដែល​រង​ការ​វាយដំ​ដូចគ្នា និង​នៅ​រស់​រាន​មាន​ជីវិត បាន​ប្រាប់ ​VOA នៅ​ក្នុង​បទ​សម្ភាសន៍​មួយ​ កាល​ពី​ថ្ងៃ​ច័ន្ទ នៅ​ផ្ទះ​របស់​លោក ទុយ ស្រស់ ថា ​ពួក​គាត់​បាន​មើល​ឃើញ​និង​ឮ នៅ​ពេល​កម្លាំង​ប៉េអឹម ​វាយ​ដំលោក​ ទុយ ​ស្រស់​ រហូត​ដល់​វង្វេង​និង​គ្រាំក្នុង។ ពួកគេ​ទាំង​៤​នាក់​ក៏​ត្រូវបាន​វាយដំ​ដូច​គ្នា​ផង​ដែរ។

លោក អាន រួន ជនរងគ្រោះ​ដោយសារ​ការវាយ​ដំ​ពី​សំណាក់​កម្លាំង​ប៉េអឹម ខេត្តបន្ទាយមានជ័យ​និយាយ​ថា ជនរងគ្រោះ​ស្លាប់ គឺ​លោក ទុយ ស្រស់ ត្រូវ​បាន​វាយ​រហូត​ដល់​វង្វេងស្មារតី និង​សន្លប់។ (ស៊ុន ណារិន/VOA)
លោក អាន រួន ជនរងគ្រោះ​ដោយសារ​ការវាយ​ដំ​ពី​សំណាក់​កម្លាំង​ប៉េអឹម ខេត្តបន្ទាយមានជ័យ​និយាយ​ថា ជនរងគ្រោះ​ស្លាប់ គឺ​លោក ទុយ ស្រស់ ត្រូវ​បាន​វាយ​រហូត​ដល់​វង្វេងស្មារតី និង​សន្លប់។ (ស៊ុន ណារិន/VOA)

លោក អាន រួន ដែលនៅ​ឈឺ​ដៃ​ខាង​ស្តាំ​និង​ដើម​ទ្រូង​នៅ​ឡើយ ប្រាប់​VOA​ថា​ លោក​ត្រូវ​បាន​កម្លាំង​ប៉េ​អឹម ទាត់​ធាក់​យ៉ាង​តិច​១០​ជើង ។ លោក​បន្ត​ថា ​ លោក ទុយ ស្រស់ ត្រូវ​បាន​វាយ​ជា​បន្ត​បន្ទាប់ ទាំង​ពេល​យប់​និង​ពេល​ថ្ងៃ នៅ​ពេល​ពួកគេ​ស្ថិត​ក្នុង​ការ​ឃុំឃាំង​នៅ​បញ្ជា​ការ​ដ្ឋាន​កងរាជ​អាវុធ​ហត្ថ​ខេត្ត​បន្ទាយ​មានជ័យ។

លោក រួន អាយុ​៥៩​ឆ្នាំ ដែល​មាន​មុខ​របរ​ជា​កសិករ​ម្នាក់ បាន​ថ្លែង​ថា៖

«ពេល​នោះ អ្នក​ដែល​នៅ​ក្នុង​មណ្ឌល​កែ​ប្រែ​នោះ វា​ឆ្លើយ​ប្រាប់​ថា​បងៗ វា​ស្រែក​ទៀត​ហើយ វា​ឡូឡា​ទៀត​ហើយ វា​រត់​ទៀត​ហើយ ឆ្លេឆ្លា​ទៀត​ហើយ។ អ្ហែង​វាយ​វា វាយ​វា​ឲ្យ​ងាប់។ ម្តង​នេះ បើ​ថា​វា​អត់​ស្តាប់​ទេ អ្ហែង​វាយ​វា​ឲ្យ​ងាប់។ វាយ​វា​ឲ្យ​ងាប់​ ទុក​អញ​ដោះស្រាយ»។

លោក ហ៊ឹម គីរី ជនរងគ្រោះ​ដោយសារ​ការវាយដំ​ពី​សំណាក់​កម្លាំង​ប៉េអឹម ខេត្តបន្ទាយមានជ័យ មាន​និយាយ​ថា លោក​ត្រូវ​បាន​វាយដំ រហូត​ដល់​ក្អួតឈាម​ចំនួន​២ដង។ (ស៊ុន ណារិន/VOA)
លោក ហ៊ឹម គីរី ជនរងគ្រោះ​ដោយសារ​ការវាយដំ​ពី​សំណាក់​កម្លាំង​ប៉េអឹម ខេត្តបន្ទាយមានជ័យ មាន​និយាយ​ថា លោក​ត្រូវ​បាន​វាយដំ រហូត​ដល់​ក្អួតឈាម​ចំនួន​២ដង។ (ស៊ុន ណារិន/VOA)

លោក ហ៊ឹម គីរី អាយុ​៤៥​ឆ្នាំ ជា​កម្មករ​សំណង់ ដែល​រង​ការ​វាយ​ដំ​ដូចគ្នា​និយាយថា​លោកក្អួត​ឈាម​ពីរ​ដង ដោយសារ​ការ​វាយដំ។ លោក​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​មិត្តភាព​កម្ពុជា​ជប៉ុន ស្រុក​មង្គលបូរី។

លោកថា លោក ទុយ ស្រស់ បាន​ភ័យ​ស្លន់ស្លោ ខណៈ​ត្រូវ​បាន​វាយ​ជា​បន្តបន្ទាប់​និង​បាត់បង់​ស្មារតី។

លោក​បាន​ថ្លែង​ថា៖

«រត់​ឆ្លេឆ្លា​ទៅ​កន្លែង​អា​គេ​ចាក់​សោរ​ហ្នឹង វា​ទៅ​អង្គុយ​អើត​មុខ​គេ​ហ្នឹង​ឯង។ វា​ភ័យ​ឆ្លេឆ្លា រត់​ស្រែក។ រត់​ស្រែក អា​ពួក​ហ្នឹង​ទប់​ចិត្ត​មិន​បាន ដាក់​បណ្តោយ ផឹងៗ។ អូ! ជួយ​ផង ម៉ែ​អើយ ខ្ញុំ​មិន​រស់​ទេ សន្លប់​ឈឹង។ មួយ​យប់​សន្លប់​បី​ដង។ ទាត់(ពោះ) អា​នេះ ហើយ​ខ្លាំង»។

​រដ្ឋបាល​ខេត្ត​និង​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ ​បាន​លើក​ឡើង​ថា​ការ​ស្លាប់​របស់លោក​ទុយ ស្រស់ មិន​មែន​ដោយសារ​ការ​វាយ​ដំ​នោះ​ទេ។

រដ្ឋបាល​ខេត្ត​នេះ​លើកឡើង​ថា​លោក ទុយ ស្រស់ «មាន​ភាព​មិនប្រក្រតី​ មាន​សុខភាព​មិន​ល្អ និង​ញៀន​ស្រា​ដាច់​មិន​បាន»។ ប៉ុន្តែ​ភរិយា​របស់​លោក ទុយ ស្រស់ ​បដិសេធ។

ចំណែក​របាយការណ៍​របស់​ប្រធាន​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ​ ចុះ​ថ្ងៃទី​២ ខែ​មករា​ ឲ្យ​ដឹង​ថា លោក ទុយ ស្រស់ ស្លាប់​ដោយ​សារ«​ខ្យល់គ»។

បន្ទាប់​ពី​ដឹង​ការ​ស្លាប់​នេះ លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន បាន​បញ្ជា​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ឡើង​វិញ។

ក្រោយ​ការ​ស៊ើបអង្កេត ​នៅ​ថ្ងៃទី​១៩ ខែមករា កង​រាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ ដែល​ជា​គណៈ​កម្មការ​នៃ​ការ​ស៊ើប​អង្កេត​នេះ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ ដោយ​លើក​ឡើង​ថា​នាយទាហាន​នៃ​កង​រាជអាវុធហត្ថ​ពីរ​នាក់​ មាន​លោក ស ប៊ុន​សឿង មេ​បញ្ជាការរង​នៃ​កង​រាជអាវុធ​ហត្ថ​ខេត្ត​បន្ទាយមានជ័យ និង​លោក​ ឆយ ​រដ្ឋនា ​ជំនួយ​ការ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​កងរាជ​អាវុធ​ហត្ថ​ខេត្ត​បន្ទាយមានជ័យ ដែល​ពលរដ្ឋ​រង​គ្រោះ​ហៅ​ថា«សឿង៣៨» ជាប់​ពាក់ព័ន្ធ​នឹង​ការ​វាយ​ដំ​ជន​រងគ្រោះ។

ចំណែក​តុលាការ​ខេត្ត​បន្ទាយ​មានជ័យ​ បាន​លើក​ឡើង​ថា​ អ្នក​ទាំងពីរ​បាន​ប្រើអំពើ​ហិង្សា​ដោយ​វាយ​ជន​រង​គ្រោះ​ពិត​ប្រាកដ​មែន។ ពួកគេ​ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ ​នៅ​ថ្ងៃទី១៨ ខែមករា និង​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស ​និង​ហិង្សា​ដោយ​ចេតនា​ស្ថាន​ទម្ងន់​ទោស​ ដោយ​សារ​មរណភាព​នៃ​ជន​រងគ្រោះ​តាម​បញ្ញត្តិ​នៃ​ក្រម​ព្រហ្មទណ្ឌ។

VOA​ មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​អភិបាល​ខេត្ត​បន្ទាយមានជ័យ លោក អ៊ុំ រាត្រី បាន​ទេ ដោយ​លោក​លើក​ទូរស័ព្ទ ហើយ​ឆ្លើយ​ថា​ជាប់​រវល់។ VOAក៏​មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​លោក អ៊ុង ស៊ីផាន ប្រធាន​ពន្ធនាគារ​ខេត្ត​បន្ទាយ​មានជ័យ​បាន​ដែរ។

អ្នកនាំពាក្យ​សមាគម​សិទ្ធិ​មនុស្ស​អាដហុក លោក សឹង សែនករុណា បាន​អំពាវនាវ​ឲ្យ​តុលាការ និង​រដ្ឋាភិបាល​ស៊ើប​អង្កេត​បន្ត​ទៀត​ថា​តើ​នរណាផ្សេង​ទៀត ជាប់​ពាក់ព័ន្ធ​នឹង​ករណី​បញ្ជា​ឲ្យ​បង្រ្កាប​ការ​តវ៉ា និងការ​វាយដំ​ប្រជាពលរដ្ឋ។

លោក​បាន​ថ្លែង​ថា៖«ខ្ញុំ​យល់​ថា​នេះ​ជា​ការ​បញ្ជាក់​ឲ្យ​កាន់​តែ​ច្បាស់​ថា នៅ​ក្នុង​ហេតុការណ៍​នេះ​អាច​ធ្វើ​ឲ្យ​មាន​ការ​ពាក់ព័ន្ធ​ទៅ​នឹង​មនុស្ស​ជា​ច្រើនផ្សេង​ទៀត ដែល​អាច​ជា​ការ​សម​គំនិត ឬ​ក៏​អំពើ​អ្វី​ផ្សេង​ទៀត»។

ជនរងគ្រោះ​៤​នាក់ (រាប់ពីធ្វេង) លោក អាន រួន លោក នូវ នឿន លោក ហ៊ឹម គីរី និង​លោក យិប ម៉ក់ បាន​អំពាវនាវ​ឲ្យ​ទម្លាក់ចោល​បទចោទ​ប្រកាន់​លើ​ពួកគេ ក្រោយពី​ពួកគេ​ត្រូវ​បាន​ដោះលែង ប៉ុន្តែ​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ។ (ស៊ុន ណារិន/VOA)
ជនរងគ្រោះ​៤​នាក់ (រាប់ពីធ្វេង) លោក អាន រួន លោក នូវ នឿន លោក ហ៊ឹម គីរី និង​លោក យិប ម៉ក់ បាន​អំពាវនាវ​ឲ្យ​ទម្លាក់ចោល​បទចោទ​ប្រកាន់​លើ​ពួកគេ ក្រោយពី​ពួកគេ​ត្រូវ​បាន​ដោះលែង ប៉ុន្តែ​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ។ (ស៊ុន ណារិន/VOA)

ជន​រងគ្រោះទាំង​៤​នាក់ ​ដែល​រងការ​វាយដំ​បាន​បន្ត​អំពាវនាវ​ឲ្យតុលាការ​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​ទាំង​ស្រុង​លើ​ពួកគេ ក្រោយ​ពី​ពួកគេ​ត្រូវ​បាន​ដោះលែង​ ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន ប៉ុន្តែ​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការ កាល​ពី​ថ្ងៃ​ទី​៣ ខែមករា។

កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ អ្នកទាំង៤ រួម​ទាំង​ភរិយា​របស់​លោក ទុយ ស្រស់ គឺ​អ្នកស្រី ប៊ុយ​ គីម​ឡាក់ បាន​ចូល​ទៅ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយ​មានជ័យ។ ពួកគេ​ត្រូវ​បាន​សួរ​នាំ​អំពី​អ្នកពាក់ព័ន្ធ​នឹង​ការ​វាយ​ដំនេះ។

​អ្នកស្រី ប៊ុយ គីមឡាក់ ថាអ្នកស្រី​ត្រូវ​បាន​អាជ្ញាធរ​ចម្រុះ ផ្តល់​ថវិកា​សរុប​ជាង​១០លាន​រៀល ដើម្បី​ចូលរួម​បុណ្យ​សព។ អ្នកស្រី​ក៏​បាន​អំពាវនាវ​ឲ្យ​សប្បុរសជន​ជួយ​ដោះស្រាយ​បំណុល​ដែល​អ្នកស្រី​ជំពាក់​គេ​ជាង​១៥០០០​ដុល្លារ ដោយសារ​អ្នកស្រី​បារម្ភ​ថា មិន​មាន​លទ្ធភាព​រក​ប្រាក់​បាន ក្រោយ​ប្តី​ស្លាប់។

អ្នកស្រី​មាន​ប្រសាសន៍​ថា​៖ «សម្រាប់​ខ្ញុំ​នេះ​ ខ្ញុំ​សុំ​ដែល​ខ្ញុំ​ជំពាក់​គេ​ ខ្ញុំ​មិន​មាន​លទ្ធភាព​អី​នឹង​ដោះ​គេ​ទេ។ ខ្ញុំ​សុំ​សំណូម​ពរ សូម​ជួយ​ខ្ញុំ ឲ្យ​ជួយ​ដោះស្រាយ​ខ្ញុំ ដែល​ខ្ញុំ​ជំពាក់​គេ»។

​អ្នក​នាំពាក្យ​របស់​សមាគម​អាដហុក លោក សឹង សែនករុណា បាន​ជំរុញ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​លើ​ការ​ផ្តល់​លុយ​នេះ ​ថា​តើ«​អាច​ជា​ការ​ទិញ​ទឹក​ចិត្ត ឬ​សូក​ប៉ាន់​កុំ​ឲ្យ​មាន​ការ​និយាយ​បណ្តឹង ឬក៏​ការ​ទាមទារ​តវ៉ា​អី​ផ្សេងៗ»៕

What Next?

Recent Articles