បទ​សម្ភាសន៍៖ ក្រសួង​មហាផ្ទៃ​​បដិសេធ​សំណើ​អង្គការ​សង្គម​ស៊ីវិល សុំ​ឲ្យ​មាន​ផែនការ​ច្បាស់លាស់​រឿង​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល

ដោយ មួង ណារ៉េត
2020-01-20
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក សឿង សារឿន នាយក​ប្រតិបត្តិ​នេះ​អង្គការ​គណៈកម្មាធិការ​សហប្រតិបត្តិ​ការ​ដើម្បី​កម្ពុជា​ ហៅ​កាត់​ថា CCC ក្នុង​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ជា​លើក​ទីបី រវាង​តំណាង​អង្គការ​សង្គម​ស៊ីវិល និង​ក្រសួង​មហាផ្ទៃ នៅ​ថ្ងៃ​ទី២០ ខែ​មករា ឆ្នាំ២០២០។

លោក សឿង សារឿន នាយក​ប្រតិបត្តិ​នេះ​អង្គការ​គណៈកម្មាធិការ​សហប្រតិបត្តិ​ការ​ដើម្បី​កម្ពុជា​ ហៅ​កាត់​ថា CCC ក្នុង​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ជា​លើក​ទីបី រវាង​តំណាង​អង្គការ​សង្គម​ស៊ីវិល និង​ក្រសួង​មហាផ្ទៃ នៅ​ថ្ងៃ​ទី២០ ខែ​មករា ឆ្នាំ២០២០។

 រូប៖ ហ្វេសប៊ុក​ក្រសួង​មហាផ្ទៃ


ក្រសួងមហាផ្ទៃ​ បាន​បើក​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ជា​លើក​ទីបី​ជាមួយ​តំណាង​អង្គការ​សង្គម​ស៊ីវិល​ នៅ​ថ្ងៃ​ចន្ទ ទី២០​ ខែ​មករា​ នេះ​ ដើម្បី​បន្ត​ពិភាក្សា​លើ​ការ​ស្នើសុំ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​។ កិច្ចប្រជុំ​ពិគ្រោះ​យោបល់​នៅ​ថ្ងៃនេះ​ អវត្តមាន​តំណាង​សង្គម​ស៊ីវិល​សំ​ខាន់​ៗ មួយ​ចំនួន ដោយសារតែ​ពួកគេ​ជាប់រវល់​ការងារ​តាម​ស្ថាប័ន​រៀងៗ ខ្លួន​ ក៏ប៉ុន្តែ​មានការ​ចូលរួម​ពី​តំណាង​សង្គម​ស៊ីវិល​ដទៃ​ទៀត​ ក្នុង​នោះ​ក៏​រួមមាន​អង្គការ​គណៈកម្មាធិការ​សហប្រតិបត្តិ​ការ​ដើម្បី​កម្ពុជា​ ហៅ​កាត់​ថា CCC ដែល​បាន​ផ្ដួចផ្ដើម​គំនិត​ និង​ស្នើ​ឲ្យ​មានការ​កែប្រែ​ច្បាប់​ស្តី​ពី​សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​។ តំណាង​សង្គម​ស៊ីវិល​ លើកឡើង​ថា​ ពួកគេ​ចង់​ឃើញ​ក្រសួងមហាផ្ទៃ​ បង្កើត​ជា​ផែនទី​បង្ហាញ​ផ្លូវ​ ដើម្បី​កំណត់ពេលវេលា​ច្បាស់លាស់​អំពី​ដំណើរការ​នៃ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​នេះ​ និង​ជៀសវាង​កុំ​ឲ្យ​មានការ​អូស​បន្លាយពេល​វេលា​នៃ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​នេះ​។ ក៏ប៉ុន្តែ​ សំណើ​នេះ​ ត្រូវ​ខាង​ក្រសួងមហាផ្ទៃ​បដិសេធ​ ដោយ​លើក​ហេតុផល​ថា​ ខាង​ក្រសួង​នឹង​បន្ត​ធ្វើតាម​ស្ថានការណ៍​ជាក់ស្ដែង។

កន្លងមក​ ក្រោយ​ពី​មាន​ការ​រិះគន់​ពីសង្គម​ស៊ីវិល​ជាតិ​ និង​សហគមន៍​អន្តរជាតិ ជាពិសេស​អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ ព្រម​ទាំង​សហភាព​អឺរ៉ុប​ ជុំវិញ​ការ​រឹតត្បិត​លំហ​សេរីភាព​អង្គការ​សង្គម​ស៊ីវិល​ តាមរយៈ​ការអនុវត្ត​ច្បាប់​នេះ។

ក្រសួង​មហាផ្ទៃ​ បាន​បើកឲ្យ​មាន​កិច្ចប្រជុំ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ចំនួន​ពីរ​ដង ជាមួយ​តំណាង​អង្គការ​សង្គម​ស៊ីវិល​ គឺ​កាល​ពី​ដើម​ខែ​វិច្ឆិកា​ និង​ខែ​ធ្នូ​ឆ្នាំ​ទៅ ដើម្បី​ប្រមូល​ធាតុ​ចូល​ ធ្វើ​វិសោធនកម្ម​ច្បាប់​នេះ។ ក៏​ប៉ុន្តែ កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ទាំង​ពីរ​លើក​នេះ​ មិន​បាន​សម្រេច​អ្វី​ជា​ដំ​កំភួន​នោះ​ទេ​ ហើយ​ការ​ជជែក​គ្នា​នោះ​ មាន​ភាព​យឺត​យ៉ាវ​ខ្លាំង ដោយសារ​តែ​ក្រសួង​មហាផ្ទៃ​ បាន​អនុញ្ញាត​ឲ្យ​តំណាង​អង្គការ​សង្គម​ស៊ីវិល​ដទៃ​ទៀត ដែល​មិន​បាន​ស្នើសុំ​ឲ្យ​ធ្វើ​វិសោធនកម្ម​ច្បាប់​នេះ​ ចូលរួម​កិច្ច​ពិគ្រោះ​យោបល់​ដែរ។

តំណាង​សង្គម​ស៊ីវិល​ជាង​ ៥០០ស្ថាប័ន បាន​ស្នើ​ធ្វើ​វិសោធនកម្ម​ ឬ​លុប​ចោល​មាត្រា​មួយ​ចំនួន​នៃ​ច្បាប់​នេះ​ ជា​ពិសេស​ពាក់ព័ន្ធ​នឹង​ការ​ចុះ​បញ្ជី​ការ​ ការ​បញ្ឈប់ ឬ​ផ្អាក​សកម្មភាព​អង្គការ​មិនមែន​រដ្ឋាភិបាល​ ការ​កំណត់​និយមន័យ​អំពី​អព្យា​ក្រឹត្យ​ភាព​របស់​អង្គការ​សង្គម​ស៊ីវិល​ជាមួយ​គណបក្ស​នយោបាយ​ជាដើម​ ដែល​ពួកគេ​មើល​ឃើញ​ថា ជា​ការ​រឹតត្បិត​លំ​ហរ​សេរីភាព​សង្គម​ស៊ីវិល។ ការ​កែប្រែ​ច្បាប់​នេះ គឺ​ជា​លក្ខខណ្ឌ​មួយ​ក្នុង​ចំណោម​លក្ខខណ្ឌ​ជា​ច្រើន​នៃ​ការ​ទាមទារ​សំ​ខាន់ៗ របស់​គណៈកម្មការ​អឺរ៉ុប​ ប្រសិនបើ​កម្ពុជា​ មិន​ចង់​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​សហភាព​អឺរ៉ុប​នោះ​ទេ។

ចាប់​តាំង​ពី​ច្បាប់​ស្តី​ពី​សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ ត្រូវ​បាន​ប្រកាសឲ្យប្រើ​កាលពី​ពាក់​កណ្ដាល​ឆ្នាំ២០១៥ មក​ របប​ក្រុងភ្នំពេញ​បាន​បញ្ឈប់​សកម្មភាព​របស់ «បន្ទប់​ស្ថានការណ៍» ដែល​ជា​គម្រោង​របស់​បណ្ដុំ​អង្គការ​សង្គម​ស៊ីវិល​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​របស់​អង្គការ ខុមហ្វ្រែល បិទ​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ NDI របស់​អាមេរិក ផ្អាក​សកម្មភាព​អង្គការ​សមធម៌​កម្ពុជា​មួយ​រយៈ​ ​ដែល​ធ្វើការ​ពាក់ព័ន្ធ​ជាមួយ​សហគមន៍​ប៉ះពាល់​ដោយសារ​ការ​ផ្ដល់​ដីសម្បទាន​សេដ្ឋកិច្ច​ដល់​ក្រុមហ៊ុន​ផលិត​ស្ករ​អំពៅ​ និង​ផ្អាក​សកម្មភាព​របស់​សហព័ន្ធ​និស្សិត​ និង​បញ្ញវន្ត​កម្ពុជា។

សូម​លោក​អ្នក​នាង​ចុច​ស្ដាប់​សំឡេង​បទ​សម្ភាសន៍​លោក មួង ណារ៉េត ​មួយ​ជាមួយ​លោក សឿង សារឿន នាយក​ប្រតិបត្តិ​នៃ​អង្គការ​ គណៈកម្មាធិការ​សហប្រតិបត្តិ​ការ​ដើម្បី​កម្ពុជា​ ហៅ​កាត់​ថា CCC តាម​ប្រព័ន្ធ​ទូរស័ព្ទ​ ​ជុំវិញ​លទ្ធផល​ចុង​ក្រោយ​នៃ​កិច្ច​ប្រជុំ​ពិគ្រោះ​យោបល់​ជាមួយ​ខាង​ក្រសួង​មហាផ្ទៃ​នៅ​ថ្ងៃ​​ទី២០ ខែ​មករា ឆ្នាំ២០២០…

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles