មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ៖ របប​ក្រុង​ភ្នំពេញ​ នៅ​តែ​បរាជ័យ​ក្នុង​ការ​ស្ដារ​សិទ្ធិ​សេរីភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ

ដោយ មួង ណារ៉េត
2020-01-20
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក យាង សុធារិន្ទ (ឆ្វេង) និង​លោក អ៊ួន ឈិន អតីត​អ្នក​យក​ព័ត៌មាន​អាស៊ី​សេរី នៅ​មុខ​សាលា ឧទ្ធរណ៍ នៅ​ព្រឹក​ថ្ងៃ​ទី២០ ខែ​មករា ឆ្នាំ២០២០។

លោក យាង សុធារិន្ទ (ឆ្វេង) និង​លោក អ៊ួន ឈិន អតីត​អ្នក​យក​ព័ត៌មាន​អាស៊ី​សេរី នៅ​មុខ​សាលា ឧទ្ធរណ៍ នៅ​ព្រឹក​ថ្ងៃ​ទី២០ ខែ​មករា ឆ្នាំ២០២០។

 រូប៖ RFA។


មន្ត្រី​ជាន់​ខ្ពស់​ ផ្នែក​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ ថា របប​ក្រុង​ភ្នំពេញ​ នៅ​តែ​បរាជ័យ​ក្នុង​ការ​ស្ដារ​សិទ្ធិ​សេរីភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ។ ការ​ថ្លែង​ដូច្នេះ គឺ​ស្រប​ពេល​ដែល​សាលា​ឧទ្ធរណ៍ កាល​ពី​ថ្ងៃ​ទី២០ ខែ មករា សម្រេច​លើក​ពេល​ទៅ​ថ្ងៃ​ទី២៨ ខែ​មករា ដើម្បី​​ប្រកាស​សាល​ដីកា លើ​បណ្ដឹង​សាទុក្ខ​របស់​អតីត​អ្នក​យក​ព័ត៌មាន​អាស៊ី​សេរី​ពីរ​រូប ដែល​​ស្នើសុំ​ឱ្យ​តុលាការ​ជាន់ខ្ពស់​មួយ​នេះ ទម្លាក់​ចោល​ការ​ស៊ើបអង្កេត​បន្ថែម​​លើ​បទ​ចារកម្ម​របស់​ពួក​គេ។

នាយក​រង​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី ​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ហ្វ៊ីល រ៉ូប៊ើតសិន (Phil Robertson) នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍ កាល​ពី​ថ្ងៃ​ទី២០ ខែ​មករា​ថា រដ្ឋាភិបាល​កម្ពុជា បង្ហាញ​យ៉ាង​ច្បាស់​ថា ខ្លួន​កំពុង​តែ​ប្រើ​​ល្បិច​ចាស់​ដដែលៗ ក្នុង​រំលោភ​សិទ្ធិ​មនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ។ លោក​បន្ថែម សវនាការ​នៅ​សាលាឧទ្ធរណ៍ កាល​ពី​ថ្ងៃ​ទី២០ ខែ​មករា លើ​ករណី​អតីត​អ្នក​កាសែត​អាស៊ី​សេរី​ទាំង​ពីរ​នាក់​នោះ​ គឺ​ជា​សញ្ញាណ​មួយ​ទៀត ដែល​បង្ហាញ​ថា​រដ្ឋាភិបាល​កម្ពុជា នៅ​តែ​មិន​ព្រម​បន្ធូរ​ដៃ​ក្នុង​រំលោភ​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ​នោះ​ឡើយ។ ហើយ​រដ្ឋាភិបាល​នេះ នៅ​តែ​ខកខាន​មិន​បាន​គោរព​គោល​ការណ៍​សេរីភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ។

មន្ត្រី​ជាន់​ខ្ពស់​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​នេះ​បន្ថែម​ថា អ្វី​ដែល​រដ្ឋាភិបាល​កំពុង​ធ្វើ​ទៅ​លើ​អតីត​អ្នក​កាសែត​ទាំង​នេះ គឺ​ជា​ចេតនា​គំរាម​កំហែង បំភិតបំភ័យ និង​បំបិទ​មាត់​អ្នក​សារ​ព័ត៌មាន​ឯករាជ្យ​ នៅ​កម្ពុជា​តែ​ប៉ុណ្ណោះ។ លោក​​ស្នើ​ឲ្យ​សហគមន៍​អន្តរជាតិ យក​ចិត្ត​ទុក​ដាក់​លើ​ការណ៍​ដែល​រដ្ឋាភិបាល​កម្ពុជា ព្រងើយកន្តើយ​ មិន​ព្រម​បញ្ឈប់​ការ​រំលោភ​សិទ្ធិ​មនុស្ស​នេះ។

សំណុំរឿង​ចោទ​ប្រកាន់​លោក អ៊ួន ឈិន និង​លោក យាង​ សុធារិន្ទ នេះ បាន​អូស​បន្លាយ​ពេល​ជាង​ពីរ​ឆ្នាំ​ហើយ ដោយ​ដំបូង​ឡើយ​តុលាការ​ចោទ​ប្រកាន់​អ្នក​ទាំង​ពីរ​ពី​បទ​ចារកម្ម ឬ​ផ្ដល់​ព័ត៌មាន​ដល់​រដ្ឋ​បរទេស ដែល​អាច​ធ្វើឲ្យ​អន្តរាយ​ដល់​ការ​ការពារ​ជាតិ។

ការ​ចោទ​ប្រកាន់​នេះ ត្រូវ​បាន​ក្រុម​អ្នក​កាសែត និង​អង្គការ​សិទ្ធិ​មនុស្ស​អន្តជាតិ និង​រដ្ឋាភិបាល​ប្រទេស​សេរី​ជា​ច្រើន ចាត់​ទុក​ថា ជា​ការ​ប្រឌិត​បទ​ចោទ ដើម្បី​ធ្វើ​ទុក្ខ​បុក​ម្នេញ​អ្នក​សារ​ព័ត៌មាន​ឯករាជ្យ។ អ្នក​ទាំង​ពីរ​ត្រូវ​បាន​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​អស់​រយៈ​ពេល​ជាង ៩ខែ។

ក្រោយ​មក​តុលាការ​ក៏បាន​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ដោយ​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ​វិញ និង​មិន​អនុញ្ញាត​ឲ្យ​ធ្វើ​ដំណើរ​ចេញ​ក្រៅ​ប្រទេស​ឡើយ។

ជាង​នេះ​ទៅ​ទៀត តុលាការ​បាន​ចោទ​ប្រកាន់​អ្នក​ទាំង​ពីរ ពី​បទ​ចោទ​បន្ថែម​មួយ​ករណី​ផ្សេង​ទៀត គឺ​ពាក់ព័ន្ធ​នឹង​ការ​ផលិត​វីដេអូ​អាស​អាភាស​ បន្ទាប់​ពី​អាជ្ញាធរ​អះអាង​ថា ពួក​គេ​បាន​រក​ឃើញ​ភស្តុតាង​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​បទល្មើស​នេះ នៅ​ក្នុង​កុំព្យូទ័រ​របស់​លោក អ៊ូន ឈិន។

ស្រប​ពេល​ជាមួយ​គ្នា​នេះ តុលាការ​បញ្ចេញ​ចេញ​ដីកា​ចាត់​របៀប ដោយ​បង្គាប់​ឲ្យ​ស៊ើប​អង្កេត​បន្ថែម ទោះ​រឿង​ក្តី​នេះ​បាន​អូស​បន្លាយ​ពេល​វេលា​ដ៏​យូរ និង​តុលាការ​គ្មាន​រក​ឃើញ​ភស្តុតាង​អ្វី​ដាក់​បន្ទុក​លើ​អ្នក​ទាំង​ពីរ​ក៏​ដោយ។

មេធាវីការពារក្តី​ឲ្យ​អ្នក​ទាំង​ពីរ គឺ​លោក សំ ចំរើន ចាត់​ទុក​សាលក្រម​ចាត់​របៀប​នេះ​ថា ជា​ចំណាត់​ការ​មិន​ត្រឹមត្រូវ និង​មិន​ចាំបាច់​ ដែល​ប៉ះពាល់​យ៉ាង​ខ្លាំង ដល់​សិទ្ធិ​ទទួល​បាន​ការ​ជំនុំជម្រះ​ក្តី​ដោយ​យុត្តិធម៌​របស់​កូន​ក្តី​លោក៖ «យើង​យល់ថា​សាលក្រម​ហ្នឹង​ មិន​ឋិត​ក្នុង​ក្របខ័ណ្ឌ​ទេ ព្រោះអី​ខ្វះ​ភាព​ចាំបាច់។ សាលក្រម​បែប​ហ្នឹង សម្រេច​ទៅ​ប៉ះពាល់​ដល់​គោល​ការណ៍​សច្ចធារណ៍​នៃ​និរទោស ឬ​គោលការណ៍​សន្មត​ជា​មុន​ថា​គ្មាន​ទោស​របស់​កូន​ក្តី ដោយ​មិន​អាច​កំណត់​ពេល​វេលា​បាន។ ហើយ​ក៏​ប៉ះពាល់​ដល់​គោល​ការណ៍​មួយ​ទៀត គឺ​គោល​ការណ៍​សវនាការ​ដោយ​ត្រឹមត្រូវ​ និង​យុត្តិធម៌​សម្រាប់​កូន​ក្ដី។ ខ្ញុំ​យល់​ថា បើ​សិន​ជា​តុលាការ​ផ្តល់​តម្លៃ ឬ​នីត្យានុកូលភាព​ដល់​សាលក្រម​បែប​ហ្នឹង ធ្វើ​ឲ្យ​ប៉ះពាល់​សិទ្ធិ​របស់​កូន​ក្ដី​ ដោយ​មិន​អាច​កំណត់​ពេល​វេលា​បាន ទោះ​បី​ថា អ្នក​ទាំង​នោះ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​មែន​ក៏​ដោយ។ ចុងក្រោយ​យើង​សុំ​ឲ្យ​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​សាលា​ឧទ្ធរណ៍​ហ្នឹង បដិសេធ​សាលក្រម​របៀប​ហ្នឹង»។

ការ​សម្រេច​យ៉ាង​ណា​របស់​សាលាឧទ្ធរណ៍ ជុំវិញ​ការ​ជំទាស់​របស់​មេធាវី​រូប​នេះ នឹង​ដឹង​លទ្ធផល​នៅ​ដើម​សប្ដាហ៍​ក្រោយ។

លោក ហ្វ៊ីល រ៉ូប៊ើតសុន ស្នើ​ឲ្យ​សាលាឧទ្ធរណ៍ សម្រេច​សេចក្ដី​នៅ​ថ្ងៃ​ទី២៨ ខែ​មករា​ខាង​មក​នោះ ដោយ​បញ្ចប់​ភាព​អយុត្តិធម៌​នេះ​ភ្លាម​ទៅ។ លោក​ថា ដីកា​ចាត់​របៀប​ឲ្យ​ស៊ើប​អង្កេត​បន្ថែម​ស្អី​គេ​នោះ គួរ​តែ​ទម្លាក់​ចោល​ទៅ ព្រោះ​ការ​ចោទ​ប្រកាន់​អំពី​បទ​ចារកម្ម​នោះ គឺ​ជា​ការ​ប្រឌិត ដែល​គ្មាន​មូលដ្ឋាន​នៃ​ការ​ពិត​នោះ​ឡើយ។

សំណុំរឿងលោក អ៊ួន ឈិន និង​លោក យាង​សុធារិន្ទ នេះ រង​ឥទ្ធិពល​ពី​អ្នក​នយោបាយ​កំពូល​របស់​កម្ពុជា។ លោក​ ហ៊ុន សែន បើ​ទោះ​បី​ជា​មិន​ត្រូវ​មាន​សមត្ថកិច្ច​អ្វី​ក្នុង​កិច្ចការ​តុលាការ ដែល​លោក​អួត​ថា តុលាការ​កម្ពុជា​ឯករាជ្យ​នោះ​ក៏​ដោយ​ ក៏បាន​ថ្លែង​ការពារ​ចំណាត់​ការ​ក្នុង​ការ​ចាប់​អ្នក​ទាំង​ពីរ។ លោក​ថ្លែង​សារ​ជា​សាធារណៈ ជុំវិញ​រឿង​ក្តី​ដែល​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​ស៊ើប​អង្កេត និង​សម្ងាត់​នេះ ដោយ​លោក​អះអាង​ថា ធ្លាប់​ជជែក​ជាមួយ​មន្រ្តី​តុលាការ​ អំពី​ការ​បញ្ចប់​រឿង​ក្តី​នេះ​ថែមទៀត​ផង៖ «ប៉ុន្តែ​មិន​មែន​ចាប់​ដោយ​សារ​រឿង​សេរីភាព​ព័ត៌មាន​ទេ។ ពីមុន​ខ្ញុំ​​ចោទ​សួរ​ថា ចុះ​ម៉េច​ក៏​មិន​លើក​លែង​ការ​ចោទប្រកាន់​ឲ្យ​គ្នា​ទៅ។ អ៊ីចឹង​ខាង​ណោះ គេ​ត្រឡប់​មក​វិញ គេ​ថា​អត់​ទេ គេ​អត់​កាត់​អា​រឿង​សារ​ព័ត៌មាន​ គេ​កាត់​អា​រឿង​ដែល​បំពាន​ផ្លូវ​ភេទ​នោះ ជួញដូរ​ផ្លូវ​ភេទ»។

បើ​តាម​លោក ហ៊ុន សែន មន្ត្រី​តុលាការ​បញ្ជាក់​ថា គ្មាន​ហេតុផល​ណា​ក្នុង​ការ​បន្ត​ចោទ​ប្រកាន់​អ្នក​ទាំង​ពីរ អំពី​បទ​ចោទ​ចារកម្ម​នេះ​ទេ។ ប៉ុន្តែ តុលាការ​នៅ​តែ​បន្ត​រឿង​ក្តី​នេះ ដោយ​បង្គាប់​ឲ្យ​ស៊ើប​អង្កេត​បន្ថែម​រឿង​នេះ ដែល​រឹត​តែ​អូស​បន្លាយ​ពេល​យូរ​គ្មាន​កាល​កំណត់។

ជាង​នេះ​ទៅទៀត លោក ហ៊ុន សែន ថែម​ទាំង​បើក​កកាយ​កិច្ចការ​សម្ងាត់​របស់​តុលាការ ដោយ​បើការ​ការវាយប្រហារ បរិហារ ប្រមាថ និង​មាក់ងាយ​​លោក អ៊ួន ឈិន ដែល​លោក ហ៊ុន សែន ចោទ​ថា ប្រព្រឹត្ត​អំពើ​អនាចារ បើ​ទោះ​បី​ជា​រហូត​មក​ដល់​ពេល​នេះ តុលាការ​មិន​ទាន់​បាន​សម្រេច​ក្តី​យ៉ាង​ណា លើ​ករណី​របស់​លោក​នៅ​ឡើយ។

បើតាមរដ្ឋធម្មនុញ្ញ​កម្ពុជា ដែល​ជា​ច្បាប់​កំពូល ត្រង់​មាត្រា ៣៨ ចែង​ការ​ពារ​សេចក្ដី​ថ្លៃថ្នូរ​ នៃ​ជីវភាព​ឯក​ជន​របស់​ជន​សង្ស័យ ឬ​ជន​ត្រូវ​ចោទ ឬ​ជន​ជាប់​ចោទ ដោយ​មិន​ឲ្យ​បុគ្គល​ណា​អាច​ប្រមាថ និង​មើល​ងាយ ដោយ​ការ​សន្មត​ជា​មុន​ថា អ្នក​នោះ​មាន​ទោស​នោះ​ឡើយ ដរាបណា​តុលាការ​​មិន​ទាន​ចេញ​សាល​ដីកា​ស្ថាពរ រក​ឃើញ​ថា ជន​នោះ​ពិត​ជា​បាន​ប្រព្រឹត្ត​បទ​ល្មើស​អ្វី​មួយ។ បើ​តាម​រដ្ឋធម្មនុញ្ញ ដែល​គ្មាន​បុគ្គល​ណា​ម្នាក់​នៅ​លើ​ច្បាប់​នេះ​បាន គឺ​ជន​គ្រប់រូប​ ត្រូវ​ចាត់​ទុក​ថា គ្មាន​ទោស ឬ​ជា​ជន​ស្អាតស្អំ បើ​តុលាការ​មិន​ទាន់​រក​ឃើញ​ថា មាន​ពិរុទ្ធ។

នាយក​ប្រតិបត្តិ​សម្ព័ន្ធ​អ្នក​សារ​ព័ត៌មាន​កម្ពុជា ឬ​ហៅ​កាត់​ថា ខាំបូចា លោក​ ម៉ៃ ទិត្រថារ៉ា ថា ចំណាត់​ការ​លើ​អ្នក​សារ​ព័ត៌មាន ដែល​មិន​ព្រម​បញ្ចប់​ឆាប់​នេះ គឺ​ផ្ទុយ​ទៅ​នឹង​អ្វី​ដែល​លោក ហ៊ុន សែន អះអាង​នា​ពេល​ថ្មីៗ នេះ​ថា ចង់​បើក​លំហ​សេរីភាព​សារ​ព័ត៌មាន​ឡើង​វិញ។ លោក​ថា ការ​អូស​បន្លាយ​ពេល​វេលា​ក្នុង​រឿង​ក្តី​នេះ ធ្វើ​ឲ្យ​ប៉ះពាល់​សិទ្ធិ​សេរីភាព​របស់​លោក អ៊ួន ឈិន និង​ យាង​ សុធារិន្ទ គ្រប់គ្រាន់​ហើយ ដែល​តុលាការ​គួរ​តែ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់ និង​អនុញ្ញាត​ឲ្យ​អ្នក​ទាំង​ពីរ មាន​សេរីភាព​ពេញលេញ ដើម្បី​ប្រកប​វិជ្ជាជីវៈ​របស់​ពួក​គាត់​វិញ។

ជុំវិញ​ការ​ថ្លែង​សារ​ណា​មួយ​របស់​លោក ហ៊ុន សែន ក្នុង​រឿង​ក្តី​នេះ លោក​ថា​មិន​គួរ​ធ្វើ​នោះ​ឡើយ ជាពិសេស​ចំពោះ​រឿង​ក្តី​ដែល​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​ស៊ើប​អង្កេត​នេះ ព្រោះ​វា​ធ្វើ​ប៉ះពាល់​ដល់​ដំណើរការ​ក្តី និង​សិទ្ធិ​របស់​ជន​ត្រូវ​ចោទ។ លោក​ថា ភស្តុតាង​នៅ​ក្នុង​រឿង​ក្តី ដែល​ត្រូវ​បាន​លោក​នាយក​រដ្ឋមន្រ្តី យក​មក​និយាយ​ជា​សាធារណៈ​បែប​នេះ បាន​ធ្វើឲ្យ​ខូច​តម្លៃ​នៃ​ភស្តុតាង​នោះ​ទៅ​ហើយ។ ដូច្នេះ មេធាវី​អាច​ប្ដឹង​ឲ្យ​ដក​ភស្តុតាង​បែប​នេះ ចេញ​ពី​សំណុំ​រឿង​បាន៖ «សារ​ហ្នឹង​វា​អាច​ប៉ះពាល់​ដល់​ដំណើរការ របស់​តុលាការ​ ដោយសារ​យើង​ដឹង​ហើយ​ថា តុលាការ​ដំណើរការ​ក្តី​ ដោយ​យើង​តាម​វត្ថុ​តាង​ ដែល​មេធាវី​ទាំងសងខាង​ដាក់​ ដើម្បី​ដាក់​បន្ទុក​ និង​ដោះបន្ទុក។ ប៉ុន្តែ ហេតុ​អ្វី​បាន​ជា​បុគ្គល​ទីបី បែរ​ជា​មាន​ភស្តុតាង​ហ្នឹង។ ភ័ស្តុតាង​ហ្នឹង មិន​អាច​យក​មក​ប្រើ​ក្នុង​តុលាការ​បាន​ទៀត​ទេ»

មេធាវី​ការពារ​ក្តី​លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​សារ​របស់​លោក ហ៊ុន សែន ប៉ះពាល់​ដល់​រឿង​ក្តី​របស់​កូន​ក្តី​របស់​លោក​ទេ ដោយ​លោក​អះអាង​ថា​ លោក​មិនបាន​ស្តាប់​ប្រសាសន៍​លោក ហ៊ុន សែន។ ទោះ​ជា​យ៉ាង​នេះ​ក្តី លោក សំ​ ចំរើន បង្ហាញ​ការ​សោក​ស្ដាយ ដែល​រឿង​ក្តី​នេះ​ចេះ​តែ​អូស​បន្លាយ​គ្មាន​ទី​បញ្ចប់ ដែល​ធ្វើ​ឲ្យ​លោក​បាត់បង់​សុទិដ្ឋិនិយម​ក្នុង​រឿង​នេះ ព្រោះ​លំនាំ​នៃ​សេចក្តី​សម្រេច​របស់​តុលាការ​ ច្រើន​តែ​មិន​បាន​ប្រយោជន៍​ដល់​កូន​ក្តី​លោក​នោះ​ឡើយ៖ «សង្ឃឹម​មាន​ដែរ តែ​តិច​តួច​ណាស់​ឃើញ​គម្រូ​មុន​ដែល​ប្រហាក់ប្រហែល​គ្នា​ហ្នឹង​ហើយ គឺ​តុលាការ​យល់​ឃើញ​ក្នុង​សម្អាង​ហេតុ​ ដូចជា​យល់​ដដែល​សម្រាប់​ពួក​យើង។ តុលាការ​យល់​ឃើញ​ដោយ​ចំណុចៗ មិន​អធិប្បាយ​ច្បាស់​លាស់​ ដើម្បី​ឲ្យ​យើង​ទទួល​បាន​ដោយ​ស្ងប់ចិត្ត​នោះ​ទេ»

ទាំង​លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ ចង់​ឱ្យ​តុលាការ​បញ្ចប់​​សំណុំ​រឿង​ឱ្យ​បាន​ឆាប់ និង​ផ្ដល់​យុត្តិធម៌​ដល់​ពួក​​លោក​វិញ ពី​ព្រោះ​ជាង​ពីរ​ឆ្នាំ​មក​នេះ ពួក​លោក​ត្រូវ​រស់​នៅ​ក្នុង​ភាព​អយុត្តិធម៌ និង​គ្រាំគ្រា​ក្នុង​ចិត្ត​ដោយសារ​តែ​គ្មាន​សិទ្ធិ​សេរីភាព​ពេញលេញ​ដូច​ពលរដ្ឋ​ទូទៅ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

2 Responses to "មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ៖ របប​ក្រុង​ភ្នំពេញ​ នៅ​តែ​បរាជ័យ​ក្នុង​ការ​ស្ដារ​សិទ្ធិ​សេរីភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ"

  1. Anonymous says:

    WELL….. KANGAROO’s court have no justice for you they have justice for me only HAS..HA…. do not dream about it. GOD bless KAMPOUCHEA

  2. Anonymous says:

    Justice in this beast regime??? NO way’ this country is in the cage of Veitcong mafia dictator and his groups’