សាលាឧទ្ធរណ៍​សម្រេច​បន្ថយទោស​អតីត​សកម្មជន​ CNRP ​ខេត្ត​ព្រះសីហនុ​​ម្នាក់​មក​ត្រឹម៨ខែ​

សង្គម
កញ្ញា ខាន់ លក្ខិណា
២១ មករា ២០២០ | ម៉ោង ១០:៥៥ ព្រឹក
https://vodkhmer.news

អតីត​សកម្មជន​បក្ស​ ប្រឆាំង​ម្នាក់​នៅ​ខេត្ត​ព្រះសីហនុ​ លោក​ ម៉ៃ​ ហុង​ស្រៀ​ង ចូលសវនាការសាលាឧទ្ធរណ៍ ព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០។ (រូបភាព៖ ហ្វេសប៊ុក Sang Sann)

អតីត​សកម្មជន​បក្ស​ ប្រឆាំង​ម្នាក់​នៅ​ខេត្ត​ព្រះសីហនុ​ លោក​ ម៉ៃ​ ហុង​ស្រៀ​ង ចូលសវនាការសាលាឧទ្ធរណ៍ ព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០។ (រូបភាព៖ ហ្វេសប៊ុក Sang Sann)


សាលាឧទ្ធរណ៍​ នៅ​ថ្ងៃនេះ​ បានសម្រេច​បន្ថយទោស​អតីត​សកម្មជន​គណបក្ស​ប្រឆាំង​នៅ​ខេត្ត​ព្រះសីហនុ​ម្នាក់​ពី១៨ខែ​ មក​ត្រឹម ៨ខែ​វិញ​ ដោយ​មូលហេតុ​សកម្មជន​រូប​នេះ​ ព្រម​ទទួលកំហុស​ និង​មាន​ជំងឺ​គាប​សរសៃ​ធ្ងន់ធ្ងរ​។

អតីត​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ ម៉ៃ​ ហុង​ស្រៀ​ង ត្រូវ​បាន​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃទី១០​ ខែតុលា​ ឆ្នាំ២០១៩​ បានសម្រេច​ផ្ដន្ទាទោស​លោក​ ឱ្យ​ជាប់ពន្ធ​នា​គារ១ឆ្នាំ​កន្លះ​ ពី​បទ​ញុះញង់​ឱ្យ​មានការ​រើសអើង​ និង​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​ ពាក់ព័ន្ធ​ការ​ផ្សព្វផ្សាយ​សារ​លើ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុ​ករិះគន់​ការដឹកនាំ​របស់​រដ្ឋាភិបាល​។

មេធាវី​ការពារ​ក្ដី​ឱ្យ​លោក​ ម៉ៃ​ ហុង​ស្រៀ​ង គឺ​លោក កែត​ ឃី​ ប្រាប់​វី​អូ​ឌី​ថា​ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាឧទ្ធរណ៍​ នៅ​ថ្ងៃនេះ​ បានសម្រេច​បន្ថយទោស​កូនក្ដី​របស់​លោក​ពី​១៨​ខែ​ មក​ឱ្យ​ជាប់ទោស​តែ​៨ខែ​វិញ​ ដោយ​ទោស​ដែល​នៅ​សល់​ត្រូវ​ព្យួរ​។ លោក​បន្ត​ថា​ ការសម្រេច​បន្ថយទោស​នេះ​ ដោយ​តុលាការ​ លើក​ហេតុផល​ថា​ កូនក្ដី​របស់​លោក​កំពុង​មាន​ជំងឺ​គាប​សរ​សៃរ​ និង​ព្រម​ទទួលកំហុស​។

លោក​ថា​៖ «ប្រធាន​ក្រុមប្រឹក្សា​សាលាឧទ្ធរណ៍​សម្រេច​បន្ថយទោស​ពី១៨​ខែ​ មក​ត្រឹមតែ៨​ខែ​វិញ​ ដោយ​សំអាង​ថា​ ទី១​ គាត់​កំពុង​មាន​ជំងឺ​គាប​សរ​សៃរ​ ហើយ​ទី២​ គាត់​បាន​ទទួលស្គាល់​កំហុស​»។

មេធាវី​រូប​នេះ​ និយាយ​ថា​ គិត​ចាប់ពី​ថ្ងៃ​ជាប់ឃុំ​ រហូតមកដល់​ថ្ងៃនេះ​ លោក​ថា​ កូនក្ដី​របស់​លោកជាប់ពន្ធ​នា​គារ​រយៈ​ពេល​ ៥ខែ ២១​ថ្ងៃហើយ​ ដូច្នេះ​លោក​ ម៉ៃ​ ហុង​ស្រៀ​ង ត្រូវ​ជាប់ឃុំ​ជាង២ខែ​ទៀត​។

អតីត​សកម្មជន​បក្ស​ប្រឆាំង​ខេត្ត​ព្រះសីហនុ​ លោក​ ម៉ៃ​ ហុង​ស្រៀ​ង ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​នៅ​ម្ដុំ​ផ្លូវ២០០៤​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ កាលពី​ចុងខែ​កក្កដា​ ឆ្នាំ២០១៩​ ក្រោយ​លោក​ភៀសខ្លួន​ចេញពី​ការ​ឡោម​ព័ទ្ធរបស់​សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ​។

បើ​តាម​មេធាវី​ លោក​ សំ​ សុ​គង់​ ដែល​ការពារ​ក្ដី​ឱ្យ​អតីតមន្ត្រី​ និង​សកម្មជន​បក្ស​ប្រឆាំង​ ប្រាប់​វីអូ​ឌី​ថា​ គិត​មកដល់​ថ្ងៃទី២១​ ខែមករា​ ឆ្នាំ​ ២០២០នេះ​ មាន​អតីតមន្ត្រី​ និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ ចំនួន​១៥​នាក់​ ដែល​មិនទាន់​ត្រូវ​បាន​ដោះលែង​ពី​ពន្ធនាគារ​នៅឡើយ​។

លោក​បន្ត​ថា​ មូលហេតុ​ដែល​តុលាការ​មិន​ដោះលែង​ ដោយសារ​ សំណុំរឿង​របស់​ពួកគាត់​ត្រូវ​តុលាការ​កាត់ទោស​រួចហើយ​ និង​អ្នកខ្លះ​ទៀត​ សំណុំរឿង​របស់​ពួកគាត់​កំពុង​ស្ថិតនៅ​ក្នុង​នីតិវិធី​ជំនុំជម្រះ​។


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles