សាលា​ឧទ្ធរណ៍​បន្ថយ​​ទោស​​​របស់​​លោក ម៉ៃ ហុង​ស្រៀង សកម្មជន​បក្ស​ប្រឆាំង ពី​ជាប់​ពន្ធនាគារ​ ១៨ខែ មក​នៅ ៨ខែ

ដោយ វ៉ែន សុមេធ
2020-01-21
អាស៊ីសេរី

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក ម៉ៃ ហុងស្រៀង សកម្មជន​បក្ស​ប្រឆាំង​​នៅ​ខេត្ត​ព្រះសីហនុ ពេល​នគរបាល​នាំ​មក​ធ្វើ​សវនាការ​នៅ​សាលា​ឧទ្ធរណ៍ នៅ​ព្រឹក ថ្ងៃ​ទី១៣ ខែ​មករា ឆ្នាំ២០២០។

លោក ម៉ៃ ហុងស្រៀង សកម្មជន​បក្ស​ប្រឆាំង​​នៅ​ខេត្ត​ព្រះសីហនុ ពេល​នគរបាល​នាំ​មក​ធ្វើ​សវនាការ​នៅ​សាលា​ឧទ្ធរណ៍ នៅ​ព្រឹក ថ្ងៃ​ទី១៣ ខែ​មករា ឆ្នាំ២០២០។

 រូប៖ ហ្វេសប៊ុក​អ្នកស្រី គា ស៊ី​សុគន្ធី


ចៅក្រម​សាលា​ឧទ្ធរណ៍ ​សម្រេច​បន្ធូរ​បន្ថយ​ទោស​ឲ្យ​សកម្មជន​បក្ស​ប្រឆាំង លោក ម៉ៃ ហុងស្រៀង ពី​ជាប់​ពន្ធនាគារ ១៨ខែ មក​នៅ​ត្រឹម ៨ខែ​វិញ។ ទោះ​ជា​បែប​នេះ​ក្តី ភរិយា និង​អ្នក​ឃ្លាំមើល​សិទ្ធិ​មនុស្ស​​​សោក​ស្ដាយ ដែល​តុលាការ​នៅ​តែ​មិន​ដោះលែង និង​​ទម្លាក់​បទ​ចោទ​ប្រឆាំង​អ្នក​គាំទ្រ​បក្ស​ប្រឆាំង​រូប​នេះ ។

ភរិយា​របស់​លោក ម៉ៃ ហុងស្រៀង គឺ អ្នកស្រី គា​ ស៊ីសុគន្ធី មិន​ពេញ​ចំពោះ​ការ​​ បន្ត​ឃុំ​ខ្លួន​​ស្វាមី​ ក្នុង​ពន្ធនាគារ​ជាង ២ខែ​ទៅ​មុខ​ទៀត​ទេ ដោយ​អះអាង ​ដដែល​ថា លោក ម៉ៃ ហុងស្រៀង ជា​មនុស្ស​ស្អាត​ស្អំ គ្មាន​ទោស​កំហុស។ អ្នកស្រី ហៅ​ការ​បន្ត​ឃុំ​ខ្លួន​​នេះ ថា អយុត្តិធម៌​ ខណៈ​ស្ថានភាព​ជំងឺ​របស់​ លោក ម៉ៃ ហុងស្រៀង កាន់​តែ​ធ្ងន់ធ្ងរ ដោយ​អ្នកស្រី​ថា លោក​ដេក​យប់​ មិន​បាន ព្រោះ​កើត​កម​រមាស់​ពេញ​ខ្លួន និង​ឈើ​ម្ដុំ​ឆ្អឹង​កៀប​សរសៃ​​​ខ្នង ព្រោះ​ត្រូវ​ដេក​ផ្អៀង​មួយ​ចំហៀង​​រាល់​យប់ ​មិន​អាច​ប្រែ​ខ្លួន​ ត្រលប់​ម្ខាង​ទៀត​បាន ដោយ​សារ​បន្ទប់​ឃុំ​ឃាំង​ ចង្អៀត​ណែន៖ «ខ្ញុំ​ស្ដាយ​ខក​ចិត្ត​ខ្លាំង ដោយសារ​គិត​ថា ព្រឹក​មិញ​ត្រូវ​រួច​ខ្លួន ហើយ​ឥឡូវ ត្រូវ​អូស​បន្លាយ​ដល់​ទៅ​ជាង​២​ខែ​ទៀត»

លោក ម៉ៃ ហុងស្រៀង គឺ​ជា​សកម្មជន​បក្ស​ប្រឆាំង​នៅ​ក្រុង​ព្រះសីហនុ។ លោក​ធ្លាប់​ភៀស​ខ្លួន​ចេញ​ក្រៅ​ប្រទេស​ម្ដង កាល​ពី​ចុង​ឆ្នាំ២០១៧ ក្នុង​កំឡុង​យុទ្ធនាការ​បង្ខំ​សកម្មជន​បក្ស​ប្រឆាំង​ចុះ​ចូល​ជាមួយ​បក្ស​កាន់​អំណាច។ បន្ទាប់​មក​លោក​បាន​ត្រលប់​វិល​ចូល​ប្រទេស​កម្ពុជា​វិញ នៅ​ពាក់​កណ្ដាល​​ឆ្នាំ២០១៨ តែ​មិន​ទាន់​ហ៊ាន​ត្រលប់​​ទៅ​ផ្ទះ​វិញ​ទេ ដោយ​ស្នាក់នៅ​ជាមួយ​មិត្ត​ភក្ដិ​នៅ​ម្ដុំ​ស្រុក​ព្រៃនប់​​មួយ​រយៈ​សិន។

​ទោះ​យ៉ាង​នេះ​ក្ដី លោក​ នៅ​តែ​​បង្ហោះ​សារ​រិះគន់​របប​ក្រុង​ភ្នំពេញ​ ដោយ​គ្មាន​សំចៃ​ដដែល។ នៅ​ចុង​ខែ​កក្កដា ឆ្នាំ២០១៨​ លោក​​​ត្រូវ​បាន​សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ​ ឡោម​ព័ទ្ធ​ កន្លែង​លាក់​ខ្លួន​ និង​ដេញ​ចាប់​ទាំង​កណ្ដាល​យប់។ លោក​ បាន​ផ្លោះ​របង​រត់​កាត់​ព្រៃ​ គេច​ខ្លួន​មក​ភ្នំពេញ​ ហើយ​ត្រូវ​ប៉ូលិស​ចាប់​​នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​​។ របប​ក្រុង​ភ្នំពេញ បាន​ចោទ​ប្រកាន់​លោក​ ​ថា បាន​បង្ហោះ​សារ​រិះគន់​ក្រុម​មេ​ដឹក​នាំ​របប​ក្រុង​ភ្នំពេញ​ និង​មាន​បំណង​គាំទ្រ​សកម្មភាព​វិល​ចូល​ប្រទេស​របស់ ​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ ​លោក សម រង្ស៊ី។

នៅ​ដំណាក់​កាល​ សាលា​ដំបូង​រាជធានី​ភ្នំពេញ ចៅក្រម បាន​កាត់​ក្ដី​ឲ្យ លោក ម៉ៃ ហុងស្រៀង ជាប់​ឃុំ​ពន្ធនាគារ ១ឆ្នាំ​កន្លះ តែ​លោក ​មិន​​​សុខ​ចិត្ត​នឹង​សាលក្រម​នេះ ទើប​​ប្ដឹង​ឡើង​ឧទ្ធរណ៍។ គិត​ត្រឹម​ថ្ងៃ​ប្រកាស​សាលដីកា​​ឧទ្ធរណ៍ ថ្ងៃ​ទី​២១ មករា​ លោក ម៉ៃ ហុងស្រៀង បាន​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ព្រៃ​ស ចំនួន ៥ខែ ២០ថ្ងៃហើយ។

អាស៊ី​សេរី មិន​ទាន់​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​មេធាវី ការ​ពារ​ក្ដី​ឲ្យ​​លោក ម៉ៃ ហុងស្រៀង គឺ​លោក​មេធាវី កែត ឃី បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី២១ មករា។ ភរិយា​​របស់​ លោក ម៉ៃ ហុង​ស្រៀង មិន​ទាន់​ដឹង​ថា ស្វាមី​អ្នក​ស្រី​នឹង​​ពឹង​ពាក់​មេធាវី សុំ​ប្ដឹង​សារ​ទុក្ខ ទៅ​តុលាការ​កំពូល ប្រឆាំង​នឹង​ការ​សម្រេច​របស់​សាលា​ឧទ្ធរណ៍​​នេះ ឬ​អត់​នោះ​ទេ។

នាយក​រង​ទទួល​បន្ទុក​ផ្នែក​​​ឃ្លាំមើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ លីកាដូ លោក អំ សំអាត យល់​ថា ចៅក្រម​សាលា​​ឧទ្ធរណ៍ មិន​គួរ​​អូស​បន្លាយ​រឿង​​ក្ដីក្ដាំ​ ពាក់ព័ន្ធ​នឹង​​រឿង​នយោបាយ​នេះ​បន្ត​ទៀត​ទេ គឺ គួរ​តែ​ដោះ​លែង និង​ទម្លាក់​បទ​ចោទ​ប្រកាន់​ប្រឆាំង លោក ម៉ៃ ហុងស្រៀង ព្រោះ​នេះ​ជា​រឿង​នយោបាយ៖ «សោកស្ដាយ​ថា ទោះ​យ៉ាង​ណា លោក ហុងស្រៀង មិន​ត្រូវ​ឲ្យ​ជាប់​ពន្ធនាគារ​បន្ត​ទៀត​ដែរ បើ​ទោះ​សាលា​ឧទ្ធរណ៍​បន្ធូរ​បន្ថយ​ទោស ក៏​ដោយ»

លោក ម៉ៃ ហុងស្រៀង ជា​សកម្មជន​បក្ស​ប្រឆាំង​ម្នាក់ ក្នុង​ចំណោម​សកម្មជន​បក្ស​ប្រឆាំង ជិត ១០០នាក់ ដែល​ត្រូវ​បាន​របប​ក្រុង​ភ្នំពេញ បង្ក្រាប​ក្នុង​យុទ្ធនាការ ទប់​ទល់​នឹង​ដំណើរ​មាតុភូមិ​និវត្តន៍​របស់​ លោក សម រង្ស៊ី។ លោក ហ៊ុន សែន មេ​ដឹក​នាំ​របប​ក្រុង​ភ្នំពេញ បាន​បញ្ជា​ឲ្យ​មន្ត្រី​ក្រសួង​យុត្តិធម៌ ទៅ​សម្រួល​ជាមួយ​តុលាការ​ឱ្យ​ដោះលែង​សកម្មជន​ទាំង​នោះ បាន​ជាង​៧០​នាក់​ហើយ។ មេធាវី​កាន់​ក្ដី​ឲ្យ​អ្នក​ទោស​នយោបាយ​ នៃ​គណបក្ស​សង្គ្រោះ​ជាតិ លោក សំ សុគង់ និយាយ​ថា នៅ​សល់​អ្នក​ជាប់​ឃុំ​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ ជាង​១០​​នាក់​ទៀត មិន​ទាន់​ទទួល​បាន ​ការ​ដោះលែង​បណ្ដោះ​អាសន្ន​នៅ​ឡើយ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles