អង្គការ​អភិរក្ស​ដំរី​ថា ការ​បាត់បង់​ព្រៃ​ឈើ និង​គ្រោះ​រាំងស្ងួត​ គំរាម​កំហែង​ដល់​ជីវិត​សត្វ​ដំរី​ព្រៃ

ដោយ អូន ភាព
2020-01-20
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

កូន​ដំរី​ព្រៃ​ដាច់​ហ្វូង​មួយ​ក្បាល នៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ព្រេច ខេត្ត​មណ្ឌលគិរី ងាប់​ដោយសារ​ជំងឺ​ធ្ងន់ធ្ងរ កាល​ពី​ថ្ងៃ​ទី២០ ខែ​មករា ឆ្នាំ២០២០។

កូន​ដំរី​ព្រៃ​ដាច់​ហ្វូង​មួយ​ក្បាល នៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ព្រេច ខេត្ត​មណ្ឌលគិរី ងាប់​ដោយសារ​ជំងឺ​ធ្ងន់ធ្ងរ កាល​ពី​ថ្ងៃ​ទី២០ ខែ​មករា ឆ្នាំ២០២០។

 រូប៖ មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌលគិរី


អង្គការ​ការពារ​សត្វ​ដំរី ដែល​មាន​មូលដ្ឋាន​នៅ​ខេត្ត​មណ្ឌលគិរី ព្រួយ​​បារម្ភ​យ៉ាង​ខ្លាំង ពី​ការបាត់បង់​ទំហំ​ព្រៃឈើ​ និង​គ្រោះ​រាំងស្ងួត ដែល​បង្ក​ការ​គំរាមកំហែង​ធ្ងន់ធ្ងរ​ដល់​ជីវិត​សត្វ​ដំរី​ព្រៃ។ ការ​លើក​ឡើង​ពី​ក្តី​បារម្ភ​នេះ គឺ​ក្រោយ​ពី​កូន​ដំរី​មួយ​ក្បាល​ទៀត ដែល​មាន​អាយុ​ជាង ១សប្តាហ៍​បាន​ងាប់​ ដោយសារ​ជំងឺ បាត់បង់​ចំណី និង​ខ្វះ​ប្រភព​ទឹក។

អង្គការ​ការពារ​សត្វ​ដំរី​ និង​ជនជាតិ​ដើម​ភាគតិច​ព្នង (ពូនង) ខេត្ត​មណ្ឌលគិរី​ អះអាង​ថា​ គ្រោះ​រាំង​ស្ងួត​ខ្វះ​ប្រភព​ទឹក និង​ការ​ថយ​ចុះ​ទំហំ​ព្រៃឈើ​ ដោយ​សារ​ការ​កាប់​ទន្ទ្រាន​ដី​ព្រៃ ប៉ះពាល់​ខ្លាំង​ដល់​​ជម្រក និង​កន្លែង​ចិញ្ចឹម​ជីវិត​​របស់​​សត្វ​ដំរី។ ពួកគេ​អំពាវនាវ​ឱ្យ​អាជ្ញាធរ​ និង​ស្ថាប័ន​ពាក់ព័ន្ធ ស្តារ ឬ​ជីក​ស្រះទឹក​​ក្នុង​ព្រៃ​បន្ថែម​ទៀត​ ដើម្បី​រក្សា​ទឹក​ទុក​សម្រាប់​ដំរី​ព្រៃ​រស់នៅ​ និង​ចិញ្ចឹម​ជីវិត។

នាយក​អង្គការ​ការពារ​សត្វ​ដំរី​ដែល​មាន​មូលដ្ឋាន​នៅ​ខេត្ត​មណ្ឌលគិរី​ លោក​ ឃុន​ ឌីយ៉ូន​ ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី២០ មករា​ថា ទឹកអូរ​ និង​ត្រពាំង​មួយ​ចំនួន​ក្នុង​ព្រៃ​អភិរក្ស​ បាន​រីងស្ងួត​ហួតហែង​ នៅ​រដូវ​ប្រាំង​ ដែល​ជាហេតុ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​​ហ្វូង​សត្វ​ដំរី​ព្រៃ​ចិញ្ចឹម​ជីវិត។ លោក​ចង់​ឱ្យ​អាជ្ញាធរ​ យក​គ្រឿងចក្រ​ កាយ​ត្រពាំង​ និង​អូរ​ចាស់ៗ ឱ្យ​ជ្រៅ​ ដើម្បី​រក្សា​ទឹក​ទុក​ សម្រាប់​សត្វ​ដំរី​ព្រៃ​ និង​សត្វព្រៃ​ផ្សេង​ទៀត។ លោក​សង្កត់ធ្ងន់​ថា​ បញ្ហា​នេះ​អង្គការ​លោក​ ធ្លាប់​បាន​ស្នើ​ទៅ​ក្រសួងបរិស្ថាន​ច្រើន​សា​មក​ហើយ​ ក៏ប៉ុន្តែ​នៅតែ​គ្មាន​ដំណោះស្រាយ​នៅឡើយ​ទេ៖ «យើង​មាន​ការ​ព្រួយ​បារម្ភ​ព្រៃ​ឈើ​កាន់​តែ​បាត់បង់ កាល​ណា​បាត់បង់​វា​ខ្វះ​ទឹក។ អា​ត្រពាំង​ដែល​ធ្លាប់​មាន​ទឹក កាលណា​បាត់បង់​ព្រៃ​ឈើ ទឹក​ត្រពាំង​ហ្នឹង​វា​អត់​មាន​ដែរ។ អ៊ីចឹង​នៅ​ខែ​ប្រាំង​ហ្នឹង ធ្វើ​ឱ្យ​សត្វ​មួយ​ចំនួន ដែល​ធ្លាប់​អាស្រ័យ​នៅ​ទឹក​អូរ និង​ទឹក​ត្រពាំង​ហ្នឹង​វា​រីង​អស់។ គោល​បំណង​អង្គការ ELIE(អង្គការ​ការពារ​សត្វ​ដំរីយើង​គ្មាន​លទ្ធភាព។ យើង​ចង់​បាន​អាអ៊ិច (Excavator) អី​ទៅ​កាយ​ត្រពាំង ចាស់ៗ ដែល​វា​មុន សត្វ​ដែល​ធ្លាប់​អាស្រ័យ​ជីក​ឱ្យ​ជ្រៅ ដើម្បី​ឱ្យ​វា​មាន​ទឹក ហើយ​ជម្រាល​ដែល​ធ្វើ​ឱ្យ​វា​ចុះ​បាន។ តែ​យើង​គ្មាន​លទ្ធភាព»

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​រូប​នេះ​បារម្ភ​ថា​ នៅ​រដូវប្រាំង​ប្រភព​ទឹក​សំខាន់ៗ ក្នុង​ព្រៃ​អភិរក្ស​បាន​រីងស្ងួត​ ដែល​ជាហេតុ​ធ្វើ​ឱ្យ​សត្វព្រៃ​ងាយ​នឹង​ជួប​គ្រោះថ្នាក់ ដោយសារ​ខ្វះ​ទឹក។ លោក​ថា ទឹក​ត្រពាំង និង​អូរ​ធម្មជាតិ​រីង​ស្ងួត ដោយសារ​តែ​ បាត់បង់​ព្រៃ​ឈើ និង​សកម្មភាព​កាប់​ឆ្ការ​រុករាន​ដី​ព្រៃ ធ្វើ​ជា​កម្មសិទ្ធិ​ឯកជន៖ «ខ្ញុំ​មាន​តែ​សំណូមពរ​ឱ្យ​រដ្ឋាភិបាល​គិតគូរ​មែនទែន លើ​ព្រៃ​ឈើ​ហ្នឹង ពីព្រោះ​វា​ជា​ជម្រក​សត្វ​ព្រៃ​ទាំង​ឡាយ។ ទី១ ព្រៃ​ឈើ​ជា​ជម្រក ហើយ​ទឹក​ជា​ចំណី​របស់​វា កាលណា​មាន​ទឹក​មាន​ព្រៃ​ឈើ​ចំណី​របស់​វា​មាន​ស្រាប់។ ខ្ញុំ​ព្រួយ​ប៉ុណ្ណឹង​ចាប់​អារម្មណ៍​ប៉ុណ្ណឹង»

កាល​ពី​យប់​ថ្ងៃទី១៩ ឈាន​ចូល​ថ្ងៃ​ទី២០ មករា កូន​ដំរី​ព្រៃ​មួយ​ក្បាល​ទៀត​ ដែល​វង្វេង​ហ្វូង​បាន​បាត់បង់​ជីវិត ដោយសារ​ជំងឺ​ធ្ងន់ធ្ងរ។ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌល​គិរី លោក កែវ សុភ័ក្រ្ត ថ្លែង​ថា​ កូន​ដំរី​ព្រៃ​មួយ​ក្បាល​នេះ​ ត្រូវ​មន្ត្រី​បរិស្ថាន​ប្រទះ​ឃើញ កាល​ពី​ថ្ងៃ​ទី១៧ មករា ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ព្រេច ដែល​មេ និង​ហ្វូង​របស់​វា ដើរ​ចេញ​ពី​វា ដោយសារតែ​ស្ថានភាព​ជំងឺ​ធ្ងន់ធ្ងរ​ខ្លាំង​៖ «នៅ​លើ​ដង​ខ្លួន​កូន​ដំរី មាន​ដំបៅ ជា​ពិសេស ដំបៅ​រលួយ ហើយ​មាន​ដង្កូវ​មួយៗ ដែរ។ វា​ធ្វើ​ដំណើរ​អត់​ទៅ​មុខ បាន​ក្រុម​មេ​ហ្វូង​បោះបង់​ចោល។ ក្រោយ​ពី​យើង​ជួយ​សង្គ្រោះ​វា​មាន​ដង្ហើម អាច​ឈរ​បាន ប៉ុន្តែ​ជា​អកុសល​វេលា​ព្រឹក​មិញ​វា​បាន​ដាច់​ខ្យល់​ស្លាប់»

សមាជិក​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ព្នង លោក គ្រើង តុលា សង្កេតឃើញ​ថា អាជ្ញាធរ​ហាក់​មិន​យក​ចិត្ត​ទុក​ដាក់​ជីក​ស្រះទឹក​ ផ្គត់ផ្គង់​ប្រភព​ទឹក​សំខាន់ៗ នៅ​កន្លែង​ដែល​ដំរី​រស់​នៅ និង​ឆ្លង​កាត់​នៅ​ឡើយ​ទេ។ លើស​ពី​នេះ​ សកម្មភាព​កាប់ព្រៃ​ឈើ​ ក្នុង​ព្រៃ​អភិរក្ស​ ដែល​ជា​ជម្រក​សត្វ​ដំរី​រស់នៅ​ គឺជា​ឧបសគ្គ​ចម្បង​យាយី​ដល់​សត្វ​ដំរី​ព្រៃ​ធ្ងន់ធ្ងរ៖ «ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ធំ​មែនទែន បាត់​ប្រភព​ទឹក ទឹក​តូច​ធំ​រីង​អស់​អា​លីង​ហើយ។ អ៊ីចឹង​ដំរី​គាត់​មាន​ទឹក​ឯ​ណា​ផឹក»

អាស៊ី​សេរី​មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន លោក នេត្រ ភក្ត្រា ដើម្បី​សុំ​ការ​ឆ្លើយ​តប​អំពី​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី២០ មករា ដោយ​លោក​មិន​លើក​ទូរស័ព្ទ។

អង្គការ​ការពារ​សត្វ​ដំរី (ELIE) រក​ឃើញ​ថា ចាប់​ពី​ឆ្នាំ២០១៧ រហូតដល់​ដើមឆ្នាំ២០១៩ នេះ មាន​ដំរី​ ៨ក្បាល​ហើយ ដែល​បាន​ងាប់ ព្រោះ​តែ​ជំងឺ ការ​បរបាញ់​ខុស​ច្បាប់ ការ​បាញ់​សម្លាប់​ដោយ​សារ​​តែ​​ដំរី​ចុះ​​ប្រេង និង​​មូល​ហេតុ​ផ្សេង​​ទៀត។ បច្ចុប្បន្ន​នៅ​ខេត្ត​មណ្ឌលគិរី​ មាន​ដំរី​ចិញ្ចឹម​ចំនួន ៣៨ក្បាល​ ក្នុង​នោះ​មួយ​ចំនួន​ស្ថិត​ក្រោម​ការ​ថែរក្សា​ និង​ចិញ្ចឹម​ដោយ​អង្គការ​ការពារ​ដំរី​ និង​ដំរី​មួយ​ចំនួន​ទៀត ជា​កម្ម​សិទ្ធ​របស់​ជនជាតិ​ដើម​ភាគតិច​ព្នង​។ ក្រសួងបរិស្ថាន​អះអាង​ថា​ បច្ចុប្បន្ន​ដំរី​ព្រៃ​នៅ​ប្រទេស​កម្ពុជា​មាន​ជាង​ ៥០០ក្បាល​ ក្នុង​នោះ​មាននៅ​ខេត្ត​មណ្ឌលគិរី​ជាង ២០០ក្បាល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles