អ្នកវិភាគ៖ សវនាការ​មេបក្ស​ប្រឆាំង​បង្ហាញ​ពី​ការបំផ្លាញ​ប្រជាធិបតេយ្យ​ និង​ការ​ភ័យ​ខ្លាច​របស់​បក្សកាន់​អំណាច

នយោបាយ
21 មករា 2020
ហ៊ុល រស្មី
វីអូអេខ្មែរ

រូបឯកសារ៖ លោក កឹម សុខា ​មេដឹកនាំ​បក្សជំទាស់ បាន​ចាកចេញ​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពី​សវនាការថ្ងៃទីពីរ លើសំណុំរឿង ដែល​លោក​ត្រូវបាន​ចោទបទ «ឃុបឃិតជាមួយរដ្ឋបរទេស»​បាន​បញ្ចប់កាលពី​ថ្ងៃទី​១៦ ខែមករា ឆ្នាំ២០២០។(ទុំ ម្លិះ/VOA)
រូបឯកសារ៖ លោក កឹម សុខា ​មេដឹកនាំ​បក្សជំទាស់ បាន​ចាកចេញ​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពី​សវនាការថ្ងៃទីពីរ លើសំណុំរឿង ដែល​លោក​ត្រូវបាន​ចោទបទ «ឃុបឃិតជាមួយរដ្ឋបរទេស»​បាន​បញ្ចប់កាលពី​ថ្ងៃទី​១៦ ខែមករា ឆ្នាំ២០២០។(ទុំ ម្លិះ/VOA)

ក្រុម​អ្នក​វិភាគ​យល់​ឃើញថា​ ការ​កាត់​ក្តី​លោក​កឹម សុខា​ ឆ្លុះបញ្ចាំង​ពី​ការ​បន្ត​បំផ្លាញ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា និង​ការ​ភ័យខ្លាច​របស់​បក្ស​អំណាច​នៅ​ក្នុង​ឆ្នាំ​២០២៣ ​បើ​លោក​កឹម សុខា​ ត្រូវបាន​ផ្តល់​សិទ្ធិ​នយោបាយ​ពេញលេញ​ ហើយ​គណបក្ស​ប្រឆាំង​ត្រូវបាន​អនុញ្ញាត​ឲ្យ​មានដំណើរឡើងវិញនោះ។ភ្នំពេញ — 

លោក​ កឹម សុខា​ មេដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​ បាន​បង្ហាញ​ខ្លួន​ជា​សាធារណៈ​លើក​ដំបូង​នៅ​តុលាការ​ក្រុង​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​១៥​ ខែ​មករា​ ឆ្នាំ​២០២០។

ការ​បង្ហាញ​ខ្លួន​របស់​លោក​នៅ​តុលាការ​ កើតមាន​ពីរឆ្នាំ​ ក្រោយ​ការ​ចាប់​ឃុំ​ខ្លួន​លោក​កាលពី​ឆ្នាំ​២០១៧។

លោក​ កឹម សុខា​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ​ដែល​ត្រូវ​តុលាការ​រំលាយ​មុន​ការ​បោះឆ្នោត​ឆ្នាំ​២០១៨ ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​រួម​គំនិត​ជាមួយ​បរទេស​ ក្នុង​គម្រោង​មួយ​ដែល​រដ្ឋា​ភិ​បាល​របស់ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ហៅ​ថា«ការ​ប៉ុនប៉ង​ផ្ដួល​រំលំ​រដ្ឋាភិបាល» ដោយ​មាន​សហរដ្ឋ​អាមេរិក​នៅ​ពី​ក្រោយ។ ទាំង​លោក កឹម សុខា និង​សហរដ្ឋ​អាមេរិក​ បាន​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ។

សវនាការ​ដំបូង​ពីរថ្ងៃ​របស់លោក​បាន​បញ្ចប់​ទៅ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ហើយ​នឹង​បន្ត​ទៀត​ នៅ​ថ្ងៃ​ទី​២២ ខែ​មករា​ ដោយ​សវនាការ​នេះ​ត្រូវ​រំពឹង​ទុក​ថា​ នឹង​ធ្វើឡើង​យ៉ាងហោច​ណាស់​បី​ខែ។

ក្រុម​មន្ត្រី​ការទូត​ ក្រុម​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្សក្នុង​ស្រុក​ និង​ក្រៅ​ប្រទេស​ បន្ទាប់ពីការ​ចាប់ផ្តើម​ និង​បិទ​បញ្ចប់​ជុំទី​មួយ​សវនាការ​របស់​លោក​ កឹម សុខា បាន​និយាយ​ថា​ដំណើរ​ការ​ក្តី​នេះ​មិន​មាន​គុណ​ភាព​ កើត​ឡើង​ដោយ​សារ​ហេតុផល​នយោបាយ​និង​បង្ហាញ​ពី​ការ​ប្រើប្រាស់​អំណាច​តុលាការ​មិន​ត្រឹម​ត្រូវ​ក្នុង​គោល​បំណង​កាច់​បំបាក់​សំឡេង​ប្រឆាំង​នឹង​រដ្ឋាភិបាល។

កាល​ពីថ្ងៃ​សុក្រ​សប្តាហ៍​មុន​ ក្រុម​អ្នកជំនាញ​បីនាក់​ ដែល​រួមមាន​លោកស្រី សាស្ត្រាចារ្យ រ៉ូណា ស្មីត (Ms Rhona Smith) អ្នក​រាយ​ការណ៍​ពិសេស​ស្តី​ពី​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ លោក​ ដាវីដ កាយ៉េ​ (Mr. David Kaye) អ្នក​រាយ​ការណ៍​ពិសេស​ស្តី​ពី​ការលើកស្ទួយ និង​ការពារ​សិទ្ធិ​សេរីភាពនៃ​គំនិត​និង​ការបញ្ចេញ​មតិ​ និង​លោក​ឌីហ្គោ កាសៀ-សាយយាន​ (Mr. Diego García-Sayán) អ្នក​រាយការណ៍​ពិសេស​ស្តីពី​ឯករាជ្យភាព​របស់​ចៅក្រម​ និង​មេធាវី​ បាន​ថ្លែង​ដោយ​សង្កត់​ធ្ងន់ក្នុង​សេចក្តី​ប្រកាស​មួយ​ថា៖

«ដំណើរ​ការ​ទាំង​មូល​នៃ​ការ​ចាប់​ខ្លួន​ និង​ការ​ឃុំខ្លួន​របស់​លោក​ កឹម សុខា​ គឺ​មិនមាន​គុណភាព​អាច​ទទួល​យកបាន​ ដោយ​មាន​ភាព​មិន​ប្រក្រតី​ និង​ការ​មិន​គិតគូរ​យ៉ាងច្បាស់​ពី​ច្បាប់​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ​និង​ច្បាប់​កម្ពុជា»។

ពួក​ក្រុម​អ្នកជំនាញ​បាន​អះអាង​ថា​ ពួកគេ​មាន​ហេតុ​ផល​រឹងមាំ​អាច​ជឿ​ថា​ការ​ចោទ​ប្រកាន់​ពី​ប​ទក្បត់​ជាតិ​ប្រឆាំង​នឹង​លោក​ សុខា គឺ​ជា​«ហេតុ​ផល​នយោបាយ»​ ហើយ​ការចោទ​ប្រកាន់​នេះ​វា​ក៏​ជាផ្នែក​នៃ​លំនាំ​មួយ​កាន់​តែ​ធំ​ជាង​នេះ​នៃ«​ការ​ប្រើ​ប្រាស់​ច្បាប់​មិន​ត្រឹម​ត្រូវ‍» ​ដើម្បី​ដាក់​គោល​ដៅ​ទៅ​លើ«​គូ​ប្រជែង​នយោបាយ​ និង​អ្នក​រិះគ​ន់​រដ្ឋាភិបាល»។

ក្រុម​អ្នកឃ្លាំមើល​ស្ថានការណ៍​ប្រទេស​កម្ពុជា​ក៏បាន​មើល​ឃើញ​ថា​ ការ​កាត់​ក្តីលោក​កឹម សុខា​ មាន​ចរិត​នយោបាយ​ ហើយ​ វាបង្ហាញ​ពលរដ្ឋ​ក្នុងប្រទេស​កម្ពុជា​ឲ្យ​ឃើញ​ពី​ការ​រង្គោះ​រង្គើ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​កម្ពុជា​និង​ការមិន​រុញរា​របស់​គណបក្ស​កាន់​អំណាច​ក្នុង​ការ​វាយ​បំបែក​សំឡេង​ក្រុម​ប្រឆាំងបន្ថែម​ទៀត។

លោក អៀ សុផល សាស្រា្ត​ចារ្យ​ផ្នែក​ការទូត​ និង​កិច្ចការ​អន្តរជាតិ​នៅ​មហា​វិទ្យាល័យ ​Occidental ​ទីក្រុង ​ Los Angeles ​រដ្ឋ ​California​ ​សហរដ្ឋ​អាមេរិកយល់​ថា​ ការកាត់​ក្តី​លោក​ កឹម សុខា​ គឺជា​ឈុតឆាក​ដែល​សំដែង​ដើម្បី​ទាញ​យក​ប្រយោជន៍​នយោបាយរបស់​គណបក្ស​កាន់​អំណាច។

លោក​បាន​សរសេ​ក្នុង​សារអេឡិចត្រូនិក ​ឬ​ Email​ ក្នុង​ន័យ​ដើម​ថា៖

«ការ​កាត់​ក្តីនេះ​ មាន​ន័យថា​ ការ​ធ្វើបាប​លើ​បុរស​រូប​នេះ​ម្តង​ហើយ​ម្តងទៀត ដោយ​គ្មាន​ហេតុផល​អ្វី​ក្រៅ​តែ​ពី​ផល​ប្រយោជន៍​នយោបាយ​របស់​បក្ស​កាន់​អំណាច​ និង​ការ​ដឹកនាំ​របស់​ខ្លួន។ វាមាន​ន័យ​ទៀត​ថា​ ការ​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​បាន​បន្ត តែ​កុំ​បារម្ភ​លទ្ធិប្រជាធិបតេយ្យ​អាច​ងើបមក​វិញ​ជា​ថ្មី​បាន។ ប្រទេស​កម្ពុជា​ជា​ប្រទេស​ដែល​ធ្លាប់​រងការ​ឈឺចាប់​ពី​របប​ខ្មែរក្រហម។ ប្រទេស​នេះ​ក៏អាច​បន្តដំណើរ​ខ្លួន​តាម​រយៈ​ល្បិច​បោក​បញ្ឆោត​សព្វ​ថ្ងៃ​នេះ»។

នៅ​ពេល​ដែល​តុលាការ​បើក​សវនាការ​កាត់​ក្តីលោក​ កឹម សុខា ​កាល​ពី​សប្តាហ៍​មុន​ ទាំង​រដ្ឋាភិបាល​និង​តុលាការ​រង​ការ​រិះគន់​ផ្ទួនៗ បន្ទាប់​ពី​មាន​ការ​រារាំង​មិន​ឲ្យអ្នក​សារព័ត៌មាន​ឯករាជ្យ​ និង​ក្រុម​អង្គ​ការ​សិទ្ធិ​មនុស្ស​ឃ្លំា​មើលដំណើរការ​កាត់​ក្តី​ ដោយ​យក​លេស​ថា​ បន្ទប់​តុលាការ​ពេញ​ទៅ​ដោយ​តំណាង​ស្ថានទូត។ របាយ​ការណ៍​ជា​ច្រើន​ដែល​ផ្តល់​ដោយ​អ្នក​នៅ​ក្នុង​បន្ទប់​សវនាការ​ បាន​បង្ហាញ​ថា​ មាន​កៅ​អី​នៅ​ទំនេរ​ជាច្រើន​ ក្នុង​អំឡុង​ពេល​សវនាការ។

ចំណែក​ក្រុម​មេធាវី​ទាំង​ពីរ​ក្រុម​របស់​លោក​កឹម សុខា​ និង​ភាគី​រដ្ឋាភិបាល​ ត្រូវ​គេ​រាយការណ៍ថា​បាន​ដេញ​ដោល​គ្នា​ខ្លាំង​ទៅ​លើ ​ភស្តុតាងវីដេអូ​មួយ ​ដែល​បង្ហាញ​ពី​ការ​ថ្លែង​របស់​លោកនៅឆ្នាំ២០១៣​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​អំពី​យុទ្ធសាស្ត្រ​របស់​លោក​ដើម្បី​ប្រជែង​ជាមួយ​ដៃគូ​នយោបាយ។ វីដេអូ​នេះ​ជា​ដើម​ចម​នៃ​ការ​ចាប់​ខ្លួន​លោក កឹម សុខា​ កាលពី​ថ្ងៃទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៧។

ក្រុម​មេធាវី​បាន​ប្រកែក​គ្នា ពាក់​ព័ន្ធ​នឹង​ផ្នែក​មួយ​នៃ​វីដេអូ​នោះ​ ដែល​មាន​រយៈពេល​ជាង​២នាទី​ដែល​មាន​ការ​កាត់​ជា​កង់ៗ ​និង​ដំណាក់​កាល​នៃ​រឿង​រ៉ាវ​ដែល​កើត​ឡើង​មុន​ច្បាប់​សន្ទិដ្ឋិភាព​ត្រូវ​ប្រកាស​ឲ្យ​ប្រើ ​ហើយ​នឹង​ដំណើរ​ការ​នីតិវិធី​មួយ​ចំនួន​ទៀត។

លោក​ Sebastian Strangio អ្នក​និពន្ធ​សៀវភៅ​ «ប្រទេស​កម្ពុជា​របស់​លោក​ ហ៊ុន សែន‍​»ហើយ​ដែល​បន្ត​តាម​ដាន​ស្ថានភាព​នយោបាយ​របស់​ប្រទេស​កម្ពុជា​បាន​ប្រាប់​ VOA ​តាម​សារ​អេឡិច​ត្រូនិក ​Email ​ក្នុង​ន័យ​ដើម​ថា៖

«ច្បាស់​ណាស់​គណបក្ស​កាន់​អំណាច​ មាន​ការ​បារម្ភ​អំពី​សក្តានុពល​របស់​លោក​កឹម សុខា​ ដើម្បី​កៀរគរ​ សំឡេង​ប្រឆាំង​នឹង​ការ​គ្រប់​គ្រង​អំណាច​របស់​ខ្លួន»។

លោក​បាន​បន្ថែមថា​ មិន​មាន​សញ្ញា​បង្ហាញ​ថា​ ប្រជាប្រិយភាព​លោក​ កឹម សុខា​ ​សាបរលាប​នោះ​ទេ ចាប់តាំង​ពី​ការ​ចាប់​ខ្លួន​លោក​ក្នុង​ឆ្នាំ​២០១៧ ហើយ​ជា​ការណ៍​ពិត​ ប្រជាប្រិយភាព​របស់​លោក​អាច​កើនឡើងនៅក្នុងបរិយាកាសនៃការ​ខកចិត្ត​ ដែល​រដ្ឋាភិបាល​របស់បក្ស​ប្រជាជន​កម្ពុជា​ បាន​ធ្វើឲ្យមាន​ការ​រឹតត្បឹត​លំហនយោបាយនាពេល​ថ្មីៗនេះ។

លោក​បាន​បន្តថា៖ «​ប្រសិនបើ​ផ្តល់​សេរីភាព​ពេញលេញ​នោះ លោក​ កឹម សុខា​ និង​គណបក្ស​សង្គ្រោះ​ជាតិ​ដែលអាចស្តាថាមពលខ្លួន​វិញបាននោះ​ អាច​បង្ក​ការ​គំរាមកំហែងដល់​រដ្ឋាភិបាល​គណបក្សប្រជាជន​កម្ពុជា​ នៅ​ក្នុង​ការ​បោះ​ឆ្នោត​ខាង​មុខ​ក្នុង​ឆ្នាំ​២០២៣»។

នៅ​មុនការ​កាត់​ក្តី​លោក​កឹម សុខា​ សហ​ភាព​អឺរ៉ុប​បាន​ផ្តួចផ្តើម​ឲ្យ​មានការ​ដក​ប្រព័ន្ធ​ឋានៈ​អនុ​គ្រោះ​ពន្ធ​ EBAជា​បណ្តោះ​អាសន្ន​ពី​កម្ពុជា ដោយ​សារ​តែ​ការ​រំលោភ​សិទ្ធិ​មនុស្ស​ជា​ប្រព័ន្ធ​អស់​ជា​ច្រើន​ឆ្នាំ​មក​នេះ​ ដែល​រួម​មាន​ការ​បង្ក្រាប​លើ​គណបក្ស​នយោបាយ​ ការ​កៀប​សង្កត់​លើ​អង្គ​ការ​មិនមែនរដ្ឋាភិបាល​ និង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យ។

ការ​សម្រេច​ជា​ចុង​ក្រោយ​របស់ ​EU ថា​ត្រូវ​ព្យួរ​ EBA ឬ​យ៉ាងណា នឹង​ធ្វើ​ឡើង​នៅ​ខែ​កុម្ភៈ​ ឆ្នាំ​២០២០ ដែល​នឹង​ប៉ះពាល់​ដល់​វិស័យ​កាត់​ដេរ​សម្លៀកបំពាក់​នៅ​កម្ពុជា។វិស័យនេះ​ផ្តល់​ការងារ​ដល់​កម្មករ​ដែល​ភាគ​ច្រើន​ជា​ស្ត្រី​ជាង​៧​សែន​នាក់​ដោយ​ផ្ទាល់​ និង​ច្រើន​ជាងមួយ​លាន​នាក់​ដោយ​ប្រយោល។

លោក ​Sebastian Strangio ​ដែល​ជាអ្នក​តាមដាន​ស្ថានភាព​នយោបាយ​អាស៊ីអាគ្នេយ៍​មួយ​រូប​ផង​នោះ​ បាន​អះ​អាង​ថា​ ដូចជា​អ្នកទោស​នយោបាយ​ជាច្រើន​កាលពី​អតីត​កាល​នោះ​ដែរ រដ្ឋាភិបាល​កំពុង​ប្រើ​ប្រាស់​លោក ​កឹម សុខា​ ជា​ឧបរកណ៍​ត​ថ្លៃ​ដើម្បី​ចំណេញនយោបាយ​ជាមួយ​ប្រទេស​ប្រជាធិបតេយ្យ​នៅ​លោកខាង​លិច។

លោក​Sebastianបាន​សរសេរ​ក្នុង​ន័យ​ដើម​ថា៖​ «ការ​កំណត់​ពេល​កាត់​ក្តី​មួយ​ខែ​មុន​ការ​សម្រេច​របស់​សហភាព​អឺរ៉ុប​ ដែល​នឹង​សម្រេចថា​ តើ​ត្រូវ​ព្យួរ​កម្ពុជា​ពីការ​កម្មវិធី ​EBA គឺ​មិន​មែន​ជា​រឿង​គាប់​ជួន​ពេល​គ្នានោះ​ទេ។ ផ្អែក​លើ​ហេតុការណ៍​ដែល​បាន​កើត​ឡើង​កន្លង​មក​នោះ​ រដ្ឋាភិបាល​ប្រហែល​ជា​សង្ឃឹម​ថា​ នឹង​ប្រើ​ប្រាស់​សវនាការ​នេះ​ ជា​ឱកាស​មួយ​ដើម្បី​សម្រួល​ឲ្យ​មានការ​វិល​ត្រឡប់​យ៉ាង​រលូន​មួយ​របស់​លោក​កឹម សុខា​ទៅ​រក​ជីវិត​នយោបាយវិញ​ [បើ​ទោះបី​លោក​ត្រូវបាន​រក​ឃើញ​ថា​ មានទោស​ក៏ដោយ​ចុះ​]​ ដើម្បី​ជា​ថ្នូរ​នឹង​ការបន្ត​នៃ​បុព្ធ​សិទ្ធិEBA»។

លោក ​អៀ សុផល សាស្រា្ត​ចារ្យ​ផ្នែក​ការទូត​ និង​កិច្ចការ​អន្តរជាតិ​នៅ​មហា​វិទ្យាល័យ ​Occidental ​ទីក្រុង ​ Los Angeles ​រដ្ឋ ​California​ កត់​សម្គាល់​ថា​ ប្រព័ន្ធឋានៈ​អនុគ្រោះពន្ធ​ EBA ​នឹង​បាត់​បង់​ប្រសិន​បើ​លោក​កឹម សុខា​ត្រូវ​គេរកឃើញ​ថា​ មាន​ទោស​នោះ។

លោក​បាន​សរសេរ​តាមសារអេឡិច​ត្រូនិក​Email​ក្នុង​ន័យ​ដើម​ថា៖«ប្រសិន​បើ​គាត់​ត្រូវ​រកឃើញ​ថា​ មាន​ទោស​នោះ​ បន្ទាប់​មក​ត្រូវ​ថើបEBA ​រួច​និយាយ​ថា​លាហើយ»។

លោក​ជឿ​ថា​ ការ​សម្រប​សម្រួល​ដែល​អាច​ធ្វើ​ទៅ​បាន​នោះ​គឺ​ការ​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​ ដែល​ជា​«សេណារីយោ​ល្អបំផុត»​ ហើយ​បើ​អាច​ត្រូវ​រួស​រាន់​បញ្ចប់​រឿង​នេះ​ ឬ​ក៏​ជម្រើស​ប្រសើរ​ជាង​នោះ​គឺ​ ការ​រក​ឃើញ​ថា លោក​កឹម សុខា ​មាន​ទោស​ពី​បទ​ចោទប្រកាន់​មិន​សូវ​ធំ​ដុំដែល​នឹងមាន​ន័យថា​ គ្មាន​ការ​ឃុំ​ខ្លួន​ ឬ​ក៏​លោក​កឹម សុខា​ បាន​ប្រើ​ពេល​ក្នុង​មន្ទីរឃុំឃាំង​គ្រប់គ្រាន់​ទៅ​ហើយ​សម្រាប់​បទល្មើស​នោះ។

លោក​បាន​បន្ថែម​ក្នុង​ន័យ​ដើម​ថា៖«សេណារីយោ​ចុងក្រោយ​នោះ​ គឺ​ការកាត់​ឲ្យ​មាន​ទោស​ ប៉ុន្តែ​បន្ទាប់​មក​នោះ​ គឺត្រូវមាន​ការលើក​លែង​ទោស​ភ្លាមៗ។ អ្នករាល់​គ្នា​ នឹង​មិន​បាក់​មុខ​ទេ ប៉ុន្តែ​បក្ស​ប្រឆាំង​នៅតែ​ត្រូវ​បាន​គេ​បំផ្លាញ។ ប្រព័ន្ធ​ឋានៈអនុគ្រោះ​ពន្ធ ​EBA បន្ទាប់​មក​គ្រាន់​តែ​ត្រូវបាន​សង្គ្រោះ​តាម​ទ្រឹស្តី​ប៉ុណ្ណោះ»។

លោក ​ជិន ម៉ាលីន​ មន្ត្រី​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​បាន​ប្រាប់​ VOA កាល​ថ្ងៃ​ច័ន្ទ​ ទី​២០ ខែ​មករា​ ឆ្នាំ​២០២០​ថា​ ការ​អធិប្បាយ​ ឬ​ក៏​ទស្សនៈ​យល់​ឃើញ​ណា​មួយ​នោះ​ នឹង​មិន​បង្អាក់ដំណើរការ​កាត់​ក្តី​លោក​កឹម សុខា​នោះ​ទេ។

«បាទ​អាហ្នឹង​ជា​ការ​យល់​ឃើញ​ទៅ​តាម​និន្នាការ​នយោបាយរបស់​គាត់​ តែ​សំខាន់​គឺ​ តុលាការ​បាន​ដំណើការ​នីតិវិធី​របស់​ខ្លួន​ទៅ​តាម​ផ្លូវច្បាប់​ត្រឹម​ត្រូវ​ដែល​មាន​ជា​ធរមាន​»។

លោក​បន្ថែម​ទៀត​ថា​ រដ្ឋាភិបាល​ក៏បន្ត​ពិភាក្សា​ជាមួយ​ភាគី​សហភាព​អឺរ៉ុប​ អំពី​ប្រព័ន្ធអនុ​គ្រោះ​ពន្ធ​EBAផងដែរ។

«រឿង​ EBA ​ហ្នឹងជារឿង​មួយ​ផ្សឹង​ដោយ​ឡែក​មួយ​ទៀត​ ដែល​រដ្ឋាភិបាល​កំពុងធ្វើការចរចា​ជាមួយសហគមន៍​អឺរ៉ុប​បាទ»។

ដោយ​ឡែក​ នៅ​ជុំវិញ​សំណុំ​រឿងក្បត់​ជាតិ​ដ៏​រស៊ើប​របស់​លោកកឹម សុខា​ក្រុម​មេធាវី​របស់​រដ្ឋា​ភិ​បាល​កម្ពុជា លោក​មេធាវី គី​ តិច ​បាន​និយាយ​ថា មាន​អង្គការ​និង​ប្រទេស​ចំនួន​៩ ដែល​ពាក់​ព័ន្ធ​នៅ​ក្នុង​រឿង​នេះ។ លោក​បាន​ស្នើ​សុំ​ឲ្យ​តុលាការ​តាំង​ជា«​អក្សរ​កាត់»​ ​ដោយ​មិន​ប្រើ​ឈ្មោះ​ប្រទេស​ទាំង​នោះ ក្នុង​គោល​បំណង​រក្សា​ទំនាក់ទំនង​ល្អ​ជាមួយ​បរទេស។ ប្រទេស​ទាំង​៩​នោះ​រួម​មាន​ឥណ្ឌូណេស៊ី​ យូហ្គោស្លាវី​ ស៊ែប៊ី​ អូស្ត្រាលី​ សហរដ្ឋអាមេរិក​ កាណាដា សហភាព​អឺរ៉ុប តៃ​វ៉ាន់​ និង​ឥណ្ឌា។

ព្រះអង្គ​ម្ចាស់​ស៊ីសុវត្ថិ ធម្មិកោ​ អតីត​លេខាផ្ទាល់​របស់​ព្រះ​បរម​រតន​កោដ្ឋព្រះ​បាទ​នរោត្តម​សីហនុ​ និងអតីត​មន្ត្រី​ជាន់​ខ្ពស់​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ​មាន​ព្រះ​បន្ទូល​ថា​ ការ​បញ្ចេញ​ឈ្មោះ​ប្រទេស​ទាំង​ប្រាំបួន​ ហាក់​ដូច​ជាមាន​ភាពមិនច្បាស់​លាស់។

«ព្រោះ​ចង់​មិន​ចង់​ តែ​យើង​ចោទ​លោកប្រធាន​កឹម​ សុខា​ ឃុប​ឃឹត​ជាមួយ​គេ​ បាន​ន័យថា​ គេ​ឃុប​ឃិត​ជាមួយ​ប្រធាន​កឹម សុខា​ដែរ​។ ដូច្នេះ​គេ​ត្រូវ​តែ​ការពារក្តីរបស់​គេ​ដែរ​ ហើយ​រហូត​មក​ដល់​ថ្ងៃនេះ​ គឺ​គេ​អត់​ទាន់​បាន​បញ្ចេញ​ឈ្មោះ​ ម្ល៉ោះ​ហើយ​ រឿង​ទាំង​អស់​ហ្នឹង​គឺ​ តាមការ​យល់​ឃើញ​របស់​ខ្ញុំ​វា​លេង​សើច​ ខ្លាំង​ឡើង​ៗ ហើយ»។

មេធាវី​ការពារក្តី​ឲ្យរដ្ឋាភិបាល​លោក គី តិច​ បានប្រាប់​ក្រុម​អ្នកកាសែត​នៅ​ក្រៅ​សវនាការ​ថា​ លោក​មាន​ភស្តុតាង​ជាច្រើន​ ដែលអាច​«ដឹកគូថ​ឡាន​តែ​ម្តង»​ ដើម្បី​គាំទ្រ​បទចោទ​ប្រកាន់​ប្រឆាំង​នឹង​លោក​កឹម សុខា។ ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​ថា​តើ​ភស្តុតាង​ទាំង​នោះ​ជា​អ្វី​ខ្លះ​ទេ ដោយ​អះអាង​ថា ​នេះ​ជា​ការសម្ងាត់​របស់​មេធាវី។

ទោះយ៉ាងណា​ លោក​កឹម សុខា​ ​ដែល​បាន​ការពារ​ខ្លួន​លោក​ថា​ អ្វីដែល​លោក​បាន​ធ្វើ​កន្លងមក ​គឺ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​ ​និង​សិទ្ធិមនុស្ស​ ​មិនមែន​ក្នុង​គោលដៅ​បដិវត្តន៍​ពណ៌​នោះនឹង​ឡើង​សវនាការ​ជុំទីពីរ​នៅ​ថ្ងៃ​ពុធ​នេះ។ ​

លោកស្រី Emily Zeeberg អ្នកនាំពាក្យ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​បាន​ឲ្យដឹង​កាលពី​កន្លង​មក​ថា​ សហរដ្ឋ​អាមេរិក​កំពុង​តាមដាន​យ៉ាង​ដិត​ដល់​ចំពោះ​ការ​កាត់​ក្ដី​មេដឹកនាំ​គណបក្ស​ប្រឆាំង​លោក កឹម សុខា ហើយ​ថា សហរដ្ឋ​អាមេរិកទទូច​ដល់​អាជ្ញាធរឲ្យ​ស្តា​ឡើង​វិញ​នូវ​សេរីភាព និង​សិទ្ធិ​នយោបាយ​ពេញលេញ​របស់​លោក៕

What Next?

Recent Articles

2 Responses to "អ្នកវិភាគ៖ សវនាការ​មេបក្ស​ប្រឆាំង​បង្ហាញ​ពី​ការបំផ្លាញ​ប្រជាធិបតេយ្យ​ និង​ការ​ភ័យ​ខ្លាច​របស់​បក្សកាន់​អំណាច"

  1. so socheath says:

    អាពូជឆ្កែ អៀ សុផល
    វាមិនដែលអ្នកសំពងឆ្កែ បែរជាខ្លាចឆ្កែ ដែលរត់ផាសក្រញ៉ាំទេអ្ហា ! ​

  2. Anonymous says:

    OH GOD why I still see this AH CHKOUTH coming again. I though he is in PREK TNOTH already too bad if he escaped please bring him back. GOD bless KAMPOUCHEA