តុលាការ​ទទួល​យក​វីដេអូ​ជា​ភស្តុតាង​បំពេញ​​​​​តាម​សំណើ​របស់​លោក​ កឹម សុខា

នយោបាយ


22 មករា 2020
កាន់ វិច្ឆិកា
វីអូអេខ្មែរ

លោក កឹម សុខា មេដឹក​នាំ​បក្ស​ជំទាស់​និយាយ​ជាមួយ​អ្នក​សារព័ត៌មាន​នៅ​ក្នុង​គេហដ្ឋាន​របស់​លោក​មុន​នឹង​ចេញ​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ចូល​រួម​សវនាការសវនាការ​សប្តាហ៍​ទីពីរលើ​សំណុំរឿង ដែល​លោក​ត្រូវបាន​ចោទបទ «ឃុបឃិតជាមួយរដ្ឋបរទេស» កាល​ពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២០។
លោក កឹម សុខា មេដឹក​នាំ​បក្ស​ជំទាស់​និយាយ​ជាមួយ​អ្នក​សារព័ត៌មាន​នៅ​ក្នុង​គេហដ្ឋាន​របស់​លោក​មុន​នឹង​ចេញ​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ចូល​រួម​សវនាការសវនាការ​សប្តាហ៍​ទីពីរលើ​សំណុំរឿង ដែល​លោក​ត្រូវបាន​ចោទបទ «ឃុបឃិតជាមួយរដ្ឋបរទេស» កាល​ពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២០។

ភ្នំពេញ — ក្នុង​ដំណើរ​ការ​បន្តជម្រះ​ក្ដី​សំណុំ​រឿង​ក្បត់​ជាតិ​របស់​លោក​ កឹម ​សុខា​ ដែល​ជា​មេដឹក​នាំបក្ស​ប្រឆាំង​មួយ​រូប​ នៅ​ថ្ងៃ​ពុធ​នេះ​ ចៅក្រម​សាលា​ដំបូងបាន​សម្រេច​យក​វីដេអូ​មាន​រយៈពេល​ជាង​មួយ​ម៉ោង ​ដែល​ផ្តល់​ដោយ​ក្រុម​មេធាវី​ការពារ​ក្តី​របស់​លោក​ កឹម ​សុខា ​មក​ធ្វើ​ជា​ភស្តុតាង​ក្នុង​សវនាការ។

ការ​សម្រេច​របស់​ចៅក្រម​នា​ពេល​រសៀល​ថ្ងៃ​ពុធ​នេះ ​កើត​ឡើង​បន្ទាប់​ពី​មេធាវី​ការពារ​ក្តី​ប្រគល់​ភស្តុតាង​ចំនួន​៣៤​កញ្ចប់​ និង​វីដេអូ​ដែល​មាន​រយៈពេល​ជាង​មួយ​ម៉ោងនោះ​ទៅ​តុលាការ​ ដើម្បី​ដក​បន្ទុក​ការ​ចោទ​ប្រកាន់​ទៅ​លើ​លោក​ កឹម​ សុខា។ តុលាការយល់​ព្រម​ទទួល​យក​ភស្តុតាង​ទាំង​៣៤​កញ្ចប់​ដែល​ផ្តល់​ដោយ​ក្រុម​មេធាវី​ការពារ​ក្តី​របស់​លោក ​កឹម​ សុខា ​ផង​ដែរ។

ទាំង​តំណាង​អយ្យការ​ ទាំង​មេធាវី​ដើម​បណ្តឹង​ និយាយ​ថា ពួកគេ​ត្រូវការ​ពេល​បន្ថែម ដើម្បី​សិក្សា​ភស្តុតាង​ដែល​ផ្តល់​ដោយ​ក្រុម​ការពារ​ក្តី​របស់​លោក កឹម សុខា។

ប្រធាន​ក្រុម​ជំនុំ​ជម្រះ លោក​ចៅក្រម កូយ សៅ បាន​សម្រេច​ថា៖ «សម្រេច​ទទួល​យក​ឯកសារ​ភស្តុតាង​ទាំង​អស់ និង​ទុក​ពេល​ឲ្យ​គ្រប់ភាគី​នូវ​ពេល​វេលា​គ្រប់គ្រាន់​ក្នុងការ​ពិនិត្យ»។

​ក្នុង​សាល​ជំនុំ​ជម្រះ​ ​តុលាការដែល​មាន​ការ​ដេញ​ដោល​រវាង​ក្រុម​មេធាវី​ការពារ​ក្តី​របស់​លោក​ កឹម ​សុខា​ និង​ក្រុម​មេធាវី​ដើម​បណ្ដឹង​រដ្ឋប្បវេណី​របស់​រដ្ឋាភិបាល​ ដែល​ដឹក​នាំ​ដោយ​លោក​ គី​ តិច​ មាន​ការ​ជជែក​ដេញ​ដោល​ពី​ខ្លឹមសារ​ ប្រភព​ដើម និង​ការ​កាត់​ត​វីដេអូ​នោះ។

លោក​ កឹម ​សុខា​ អះអាង​ជាថ្មី​ថា វីដេអូ​ដែល​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ប្រើ​ជា​ភស្តុតាង​ដាក់​បន្ទុក​នោះ​ជា​ «វីដេអូ​ក្លែង​បន្លំ​កាត់​ជា​កង់​ៗ»។

ទាំង​តំណាង​អយ្យការ លោក ប្លង់ សុផល និង​ក្រុម​មេធាវី​របស់​រដ្ឋាភិបាល សុទ្ធ​តែ​បាន​លើក​ឡើង​ថា វីដេអូ​ឃ្លីប​ជាង​ពីរ​នាទី​នោះ​ជា​សំឡេង​និង​រូបភាព​ពិត​ ព្រម​ទាំង​មាន​ខ្លឹម​សារ​ពិត​ ដូច​ទៅ​នឹង​វីដេអូ​វែង មាន​រយៈពេល​ជាង​១​ម៉ោង។

កញ្ចប់​ភស្តុតាង​ទាំង​៣៤​នោះ​ រួម​មាន​ឯកសារ​ចុះ​ឈ្មោះ​គណបក្ស​សង្គ្រោះ​ជាតិ​ ឯកសារ​ពី​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ CCHR​ សេចក្តី​ថ្លែងការណ៍ ​និង​លិខិត​ផ្សេងៗ​ទៀត​ដែល​ត្រូវ​បាន​ផ្ញើ​ទៅ​លោក កឹម សុខា ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ពេល​ដែល​លោក​នៅ​ជា​តំណាងរាស្ត្រ​ ដែល​រួមមាន​ទាំង​សេចក្តី​ថ្លែងការ​ណ៍​ផ្សេងៗ​ទៀត​ដែល​ចេញ​នៅ​ក្នុង​ឆ្នាំ​២០១៤។ ថ្មីៗ​នេះ​ ក្រុម​អ្នក​ការពារ​ក្តី​ក៏បាន​ដាក់​ជូន​តុលាការ​នូវ​រូបភាព​ដើម្បី​គាំទ្រ​ភស្តុតាង​ដែល​បាន​ដាក់​ជូន​តុលាការ​ផង​ដែរ។

ក្រុម​មេធាវី​ការពារ​ក៏​បាន​ដាក់​ឯកសារ​ដែល​ជាគេហទំព័រ​របស់​ USAID​ ដើម្បី​បង្ហាញ​ថា​ស្ថាប័ននេះ​ បាន​និង​កំពុង​ធ្វើ​ការ​ជាមួយ​រដ្ឋាភិបាល​ទៅ​លើ​ការ​អភិវឌ្ឍ​ជាច្រើន ​ហើយ​ថា​ ទំនាក់ទំនង​រវាង​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ CCHR ​ជាមួយស្ថាប័ន​នេះ ​មិន​គួរ​ជា​បញ្ហា​នោះ​ទេ។

ក្រុម​មេធាវី​ការពារ​ក្តី​និយាយ​ថា ​វីដេអូដែល​មាន​រយៈពេល​ជាង​២​នាទី ​ដែល​បង្ហាញ​ពី​ការ​ថ្លែង​របស់​លោក​ កឹម ​សុខា​ ទៅ​កាន់​អ្នក​គាំ​ទ្រ​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​នោះ​ជា​វីដេអូ​ដែល​ត្រូវ​បាន​កាត់​ត​ ហើយ​មិន​បាន​បង្ហាញ​ពី​ការ​ពិត​ និង​ចេតនា​នៃ​ការ​ថ្លែង​របស់​លោក​ កឹម ​សុខា នោះ​ទេ។

លោក កឹម សុខា ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ដើម​ខែ​កញ្ញា ឆ្នាំ​២០១៧​មក ដោយ​សមត្ថកិច្ច​បាន​ប្រើប្រាស់​វីដេអូ​មាន​រយៈពេល​ជាង​ពីរ​នាទី មក​ធ្វើ​ជា​ភស្តុតាង​ក្នុង​ការ​ចាប់​ខ្លួន​លោក ​ចោទ​ប្រកាន់ ហើយ​ឃុំ​ក្នុង​ពន្ធនាគារ និង​បន្ត​សវនាការរហូត​មក​ដល់​ពេល​នេះ។

លោក ​កឹម​ សុខា ​និយាយ​នៅ​ក្នុង​សាល​សវនាការ​នោះ​ថា៖ «អយុត្តិធម៌​ណាស់ ហើយ​វីដេអូ​ពីរ​នេះ វា​បាត់​ខ្លឹមសារ​ពិត មិនមែន​ខ្លឹម​សារ​ដូចគ្នា​ទេ»។

ក្រុម​មេធាវី​ការពារ​ក្តី​របស់​លោក​ កឹម​ សុខា​ ក៏​បាន​លើក​ឡើង​ថា ​ឯកសារ​វីដេអូ ​រូបថត ​និង​សេចក្តី​ថ្លែង​ការណ៍​ពី​លោក ​កឹម ​សុខា ​នៅ​ពេល​ដែល​លោក​ជា​អ្នក​នយោបាយ​ និង​ជា​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ពី​ឆ្នាំ១៩៩៣​ រហូត​ដល់​ឆ្នាំ​២០១៧ ដែល​នេះ​បញ្ជាក់​ថា​ លោក​មិន​បាន​បង្ហាញ​ពី​គោល​បំណង​ក្បត់ជាតិ​នោះ​ទេ។

ពួកគេ​បន្ថែម​ថា រូបថត​ទាំង​នោះ​ជា​ការ​ទំនាក់​ទំនង​ក្នុង​ការងារ​នយោបាយ​ជាមួយ​អ្នក​តំណាង​មក​ពី​ប្រទេស​ចិន ប្រទេស​ជប៉ុន និង​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត ដែល​ពួកគេ​ថា នេះ​មាន​ន័យ​ថា ផ្ទុយ​នឹង​ការ​ដែល​ថា​លោក កឹម សុខា​ បាន​ធ្វើការ​តែ​ជាមួយ​ប្រទេស​មួយ​ចំនួន ​ដូចជា​សហរដ្ឋ​អាមេរិក​ដើម្បី​ធ្វើ​សកម្មភាព​ក្បត់​ជាតិ​នោះ​ គឺ​មិន​ពិត​នោះ​ទេ។

ក្រោយ​ការ​ជជែក​ដេញ​ដោល​អស់​រយៈពេល​ជាង​២​ម៉ោង​កន្លះ តំណាង​អយ្យការ លោក ប្លង់ សុផល និយាយ​ថា៖ «តំណាង​អយ្យការ​សូម​ស្នើ​ឲ្យ​យក​វីដេអូ​នេះ [វីដេអូវែង] ជា​ភស្តុតាង​តទៅ»។

ក្រោយ​ការ​ស្នើ​របស់​តំណាង​អយ្យការ លោក​ចៅក្រម​ កូយ សៅ ​បាន​សម្រេច​ទៅ​តាម​ការ​ស្នើ​សុំ ដោយ​បញ្ជាក់​ថា៖ «សម្រេច​ដេញ​ដោល​តែ​លើ​វីដេអូ​វែង​តទៅ»។

អ្នក​សារព័ត៌មាន និងមន្ត្រីទូត និង​អង្គការ​ជាតិ​និង​អន្តរជាតិ​មួយ​ចំនួន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ស្តាប់​អង្គជំនុំ​ជម្រះ​នៅ​ថ្ងៃ​ពុធ​នេះ។

ចៅក្រម​ក៏​បាន​ប្រកាស​បិទ​សវនការ​នា​រសៀល​ថ្ងៃ​ពុធ​នេះ នា​ល្ងាច​ម៉ោង​៥ និង​៥​នាទី ហើយ​ប្រកាស​បន្ត​សវនាការ​ទៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍។

ក្រុម​មន្ត្រី​ការទូត​ ក្រុម​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្សក្នុង​ស្រុក​និង​ក្រៅ​ប្រទេស​បាន​និយាយ​ថា សវនាការ​របស់​លោក​ កឹម សុខា ​មិន​មាន​គុណភាព ​ហើយ​ដំណើរការ​ក្តី​នេះកើត​ឡើង​ ដោយ​សារ​ហេតុផល​នយោបាយ​និង​បង្ហាញ​ពី​ការ​ប្រើប្រាស់​អំណាច​តុលាការ​មិន​ត្រឹម​ត្រូវ​ ក្នុង​គោល​បំណង​កាច់​បំបាក់​សំឡេង​ប្រឆាំង​នឹង​រដ្ឋាភិបាល។ ពួកគេ​បាន​ទទូច​ដដែលៗ​ឲ្យ​តុលាការ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់លើ​លោក ​កឹម​ សុខា៕

What Next?

Recent Articles