ប៉ូលិស​ក្រសួងមហាផ្ទៃ​ហៅ​ជនរងគ្រោះ​មក​សាកសួរ​រឿង​ប៉េអិម​ធ្វើ​ទារុណកម្ម

ដោយ ខែ សុណង
2020-01-22
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក អាន រួន ជា​ពលរដ្ឋ​ម្នាក់​ក្នុង​ចំណោម ៥នាក់ ដែល​អះអាង​ថា​រង​ការ​វាយ​ធ្វើ​បាប​ពេល​ជាប់​ឃុំ​នៅ​កន្លែង​ប៉េអឹម​ខេត្ត​បន្ទាយ​មាន​ជ័យ ហើយ​អ្នក​ជាប់​ឃុំ​ម្នាក់ គឺ​លោក ទុយ ស្រស់ បាន​ស្លាប់ នៅ​ថ្ងៃ​ទី១ ខែ​មករា ឆ្នាំ២០២០។

លោក អាន រួន ជា​ពលរដ្ឋ​ម្នាក់​ក្នុង​ចំណោម ៥នាក់ ដែល​អះអាង​ថា​រង​ការ​វាយ​ធ្វើ​បាប​ពេល​ជាប់​ឃុំ​នៅ​កន្លែង​ប៉េអឹម​ខេត្ត​បន្ទាយ​មាន​ជ័យ ហើយ​អ្នក​ជាប់​ឃុំ​ម្នាក់ គឺ​លោក ទុយ ស្រស់ បាន​ស្លាប់ នៅ​ថ្ងៃ​ទី១ ខែ​មករា ឆ្នាំ២០២០។

 រូប៖ ហ្វេសប៊ុក និង​ខាង​ស្ដាំ​រូប​ពី​សមាគម អាដហុក


សាក្សី​និង​ជា​ជនរងគ្រោះ​៣​នាក់​ក្នុង​សំណុំរឿង​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ វាយដំ​ធ្វើ​ទារុណកម្ម​បណ្ដាល​ឱ្យ​ពលរដ្ឋ​ម្នាក់​ស្លាប់​បាន​ចូល​បំភ្លឺ តាម​ការ​កោះហៅ​របស់​ប៉ូលិស​ក្រសួង​មហាផ្ទៃ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​នៅ​ព្រឹក​ថ្ងៃទី​២១ មករា​។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល នៅតែ​ទាមទារ​ឱ្យ​តុលាការ​ចាប់​អ្នក​ពាក់ព័ន្ធ​បន្ថែម​ទៀត ដាក់ទោស​តាមច្បាប់។

ជនរងគ្រោះ​ម្នាក់​ក្នុងចំណោម ៣​នាក់​ដែល​បាន​ប្ដឹង​ទៅ​តុលាការ​រក​យុត្តិធម៌ គឺ លោក អាន រួន ថ្លែង​ថា ប៉ូលិស ៣​នាក់​បាន​សាកសួរ​ពួក​លោក​ប្រមាណ​កន្លះ​ម៉ោង អំពី​រឿង​ដែល​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​វាយដំ​ពួក​លោក និង​ធ្វើ​ទារុណកម្ម​លោក ទុយ ស្រស់ រហូតដល់​ស្លាប់​។ លោក​បញ្ជាក់​ថា លោក​និយាយ​ការពិត​ទាំងអស់​អំពី​ទង្វើ​ហិង្សា​របស់​មន្ត្រី​កងរាជអាវុធហត្ថ​ដូច​ដែល​​លោក​បាន​ប្រាប់​គណៈកម្មការ​មុនៗ​រួច​មក​ហើយ​ដែរ៖ «ដែល​ខ្ញុំ​ឃើញ​ផ្ទាល់​គឺ​ពេល​ខ្ញុំ​ភ្ញាក់​កាលណា​លឺ​អូយៗ វាយ​ចូល​មក​វាយ ហើយ​វាយ​គ្រប​អាវ​វាយ​ផង វា​ខ្ទប់​ច្រមុះ បិទមាត់​វាយ ហើយ​អុក​នឹង​ក្បាល​ជង្គង់​ត្រង់​ចុងដង្ហើម​រហូត​សន្លប់​បាត់​មាត់​ប្រហែល ២០​នាទី ជនរងគ្រោះ​ស្រែ​អូយៗ ហើយ​គេ​ចាប់​វាយ​បន្ត​ទៀត។ ឈ្មោះ​សឿង ហ្នឹង​អ្នក​វាយ​ជនរងគ្រោះ ហើយ​យក​កាំភ្លើងខ្លី​មក​ភ្ជង់​គំរាម​ថា ឯង​ចង់​ងាប់​អត់ អញ​យក​ខ្មោច​ចេញ​ពី​កន្លែង​នេះ ១១​នាក់​ហើយ ឯង​ចង់​មួយទៀត​បាន ១២​នាក់ ឬ​អីចឹង​បើ​ឯង​ចង់​ងាប់​យប់​នេះ បាន​តើ​មិន​អី​ទេ ជាមួយ​អញ​ស្គាល់​អាសឿង​៣៨​ហើយ​នៅ ថា​អញ​កាន់​គុក​តាំង​ពី​ប៉ោយប៉ែត​រហូតដល់​បន្ទាយមានជ័យ​ណាស់ ឯង​មាន​ស្គាល់​អញ​អត់​?»។

ពលរដ្ឋ​រូប​នេះ​នៅតែ​អះអាង​ថា តំណាង​ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​នៅ​ភូមិ​ជ្រៃ ឃុំ​ចង្ហា ស្រុក​អូរជ្រៅ គឺ​លោក ទុយ ស្រស់ ដែល​ជាប់ឃុំ​ជាមួយ​ពួក​លោក នៅ​កន្លែង​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយ​មាន​ជ័យ ​បាន​ស្លាប់​នៅ​ថ្ងៃ​ទី​១ មករា គឺ​ដោយសារ​ការ​វាយ​វាយដំ ធ្វើ​ទារុណកម្ម​បណ្ដាល​ឱ្យ​គ្រាំ​ខ្លួន ចាប់ពី​ថ្ងៃ​ទី​២៨ ដល់​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១៩។ លោក​បន្ត​ថា ជនរងគ្រោះ​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់ ទើប​មន្ត្រី​​អាវុធហត្ថ​បញ្ជូន​បន្ត​ទៅ​ពន្ធនាគារ​ខេត្ត ហើយ​បាន​ស្លាប់​នៅ​ថ្ងៃ​បន្ទាប់​។ រីឯ​ជនរងគ្រោះ ៤​នាក់​ផ្សេងទៀត ត្រូវ​បាន​ដោះលែង​វិញ​នៅ​ថ្ងៃ​ទី​៣ ខែ​មករា។

កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ បាន​ចាប់​ពលរដ្ឋ​ទាំង ៥​នាក់​ យក​ទៅ​ឃុំ​ និង​វាយដំ បន្ទាប់ពី​ពលរដ្ឋ​ជាង ១០០​នាក់ បាន​តវ៉ា​នៅមុខ​សាលាខេត្ត​បន្ទាយមានជ័យ ដើម្បី​ស្នើសុំ​រក​ដំណោះ​ស្រាយ​​ទំនាស់​ដីធ្លី​របស់​ពួកគាត់​នៅ​ស្រុក​ស្វាយចេក កាលពី​ថ្ងៃ​ទី​២៨ ខែ​​ធ្នូ ឆ្នាំ​២០១៩​។

កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​ចាប់​បញ្ជូន​ខ្លួន​មេ​បញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ លោក ស ប៊ុនសឿង និង​ជំនួយការ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​អាវុធហត្ថ​ខេត្ត​នេះ គឺ​លោក ឆយ រដ្ឋនា ទៅ​តុលាការ​បន្ទាប់ពី​មាន​បញ្ជា​ផ្ទាល់​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឱ្យ​ស៊ើបអង្កេត​រឿង​នេះ​។ តំណាង​អយ្យការ​អម​តុលាការ​ខេត្ត​បន្ទាយមានជ័យ​បាន​សម្រេច​ឃុំ​ខ្លួន​​មន្ត្រី​ប៉េអិម​ទាំងពីរ​រូប​នេះ ពី​បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស និង​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស​ដោយសារ​មរណភាព​នៃ​ជនរងគ្រោះ។

កងរាជអាវុធហត្ថ​អះអាង​ថា មន្ត្រី​ទាំងពីរ​រូប​ធ្វេសប្រហែស​ក្នុង​ការ​បំពេញ​មុខងារ ដោយ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ឃុំ​ជាមួយ​ក្រុម​ក្មេង​ដែល​កំពុង​បន្សាប​ថ្នាំញៀន និង​បណ្ដាល​ឱ្យ​ជន​ទាំងនោះ​វាយ​ធ្វើបាប​ពលរដ្ឋ​ដែល​បាន​ចាប់ខ្លួន​នោះ ធ្វើ​ឱ្យ​លោក ទុយ ស្រស់ បាន​ស្លាប់។

ផ្ទុយ​ពី​ការ​លើក​ឡើង​នេះ លោក អាន រួន អះអាង​ថា មន្ត្រី​អាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​បាន​វាយដំ​ទាត់​ធាក់​ជនរងគ្រោះ​វង្វេងស្មារតី​រួចហើយ​បាន​បញ្ជូន​ទៅ​ឱ្យ​ក្រុម​មនុស្ស​ក្បាល​ត្រងោល​ដែល​កំពុង​បន្សាប​ថ្នាំញៀន​នៅ​ទីនោះ​វាយដំ​ធ្វើ​ទារុណកម្ម​បន្ត​។ លោក​ថា ក្រុម​អ្នក​ញៀន​ថ្នាំ​ទាំងនោះ​ក៏​ពុំ​មែន​ជា​កូនក្មេង​ដូច​ក្នុង​របាយការណ៍​របស់​គណៈកម្មការ​ចំពោះ​កិច្ច​នោះ​ឡើយ គឺជា​មនុស្ស​ពេញកម្លាំង​អាយុ​ចន្លោះ​ពី​២០​ទៅ​៥០​ឆ្នាំ​៖«អត់​មាន​ក្មេង​ណា​ម្នាក់​ទេ​បង សុទ្ធតែ​មនុស្ស​ធំ​មាន​សាក់​ពេញ​ខ្លួន ពេល​ឃើញ​ពួកវា​ខ្លាច​ណាស់។ ខ្ញុំ​ថា​បង​អើយ​រក​យុត្តិធម៌​បង​ឯង​ធ្វើ​យ៉ាងណា​រក​ឱ្យ​អស់​ឱ្យ​ខ្ញុំ​ផង ខ្ញុំ​មិន​សុខចិត្ត​ទេ ព្រោះ​អី​វា​ធ្វើបាប​ខ្ញុំ​ដូច​វា​ហួសហេតុ​ពេក។ គាត់​និយាយ​ធ្វើ​ដូច​ចោរលួច​វាយ​ណា​តាម​អំពើ​ចិត្ត​អីចឹង ហើយ​គាត់​ថា ចាំ​គាត់​រក​យុត្តិធម៌​ឱ្យ គាត់​នឹង​ស្រាវជ្រាវ ពេល​នេះ​​គាត់​​ទៅ​​ស្រាវជ្រាវ​នៅ​កន្លែង​ពួក​អា​ត្រងោល​វាយ​ជនរងគ្រោះ​ដែល​បន្សាប​គ្រឿងញៀន»។

លោក​រំពឹង​ថា ប៉ូលិស​អាច​នឹង​ជួយ​រក​យុត្តិធម៌​ជូន​ពួក​លោក​បាន ពីព្រោះ​ប៉ូលិស​បាន​ពិនិត្យមើល​ស្នាមរបួស​នៅ​លើ​រាងកាយ​របស់​លោក​រួច​ហើយ។

អាស៊ីសេរី​មិន​អាច​ទាក់ទង​ប៉ូលិស​ក្រសួងមហាផ្ទៃ​ដែល​ចុះ​ស៊ើបអង្កេត​រឿង​នេះ ដើម្បី​សុំ​អត្ថាធិប្បាយ​បន្ថែម​បាន​ទេ នៅ​ថ្ងៃ ទី​២១ មករា។

អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​ អាដហុក ​(Adhoc) លោក សឹង សែនករុណា យល់​ថា មូលហេតុ​ដែល​ប៉ូលិស​សាកសួរ​ជនរងគ្រោះ​អំពី​រឿង​ធ្វើ​ទារុណកម្ម​ គឺ​ដោយសារ​មាន​មហាជន​ចាប់​អារម្មណ៍​​ច្រើន ហើយ​ទំនងជា​ស្ថាប័ន​នីមួយៗ​ចង់​បង្ហាញ​ថ្វីដៃ​រៀងៗ​ ខ្លួន​។ ទោះជា​យ៉ាងណា​លោក​ថា ការ​ចាប់ខ្លួន​ជន​ប្រព្រឹត្ត​តែ ២​នាក់​មិនទាន់​គ្រប់គ្រាន់​នោះ​ទេ ហើយ​លោក​ទាមទារ​ឱ្យ​តុលាការ​​ស៊ើបអង្កេត​រក​អ្នក​ពាក់ព័ន្ធ​បន្ថែម​ទៀត៖ «ខ្ញុំ​ថា​វា​ជា​រឿង​ល្អ​ដែល​ដែល​មាន​សមត្ថកិច្ច​ចុះ​បំពេញ​តួនាទី​ទាំងអស់​មាន​ភាព​ក្លាហាន​បកអាក្រាត​ដែល​ខ្លួន​បាន​រក​ឃើញ​ជាជាង​ដែល​ខ្លួន​រក​ឃើញ​ហើយ​មិន​ហ៊ាន​ឬក៏​ចេញ​របាយការណ៍​មួយ​ការពារ​សមត្ថកិច្ច​ជាមួយ​អី​ជាដើម​អីចឹង​។​យើង​អត់​ចង់បាន​ថា​ចេញ​របាយការណ៍​ដែល​មាន​បញ្ហា​អីចឹង​ទេ ប៉ុន្តែ​បើ​សិន​ជា​មាន​ក្រុមចម្រុះ​ដែល​បាន​ទៅ​កិច្ច​ការងារ​រឿង​នេះ ហ្នឹង​អាច​មាន​តម្លាភាព ឬក៏​កម្រិត​នៃ​ការអនុវត្ត​ច្បាប់​ហ្នឹង​វា​កាន់តែ​ខ្លាំង ហើយ​ច្បាស់លាស់​ជាង​យើង​បណ្ដែតបណ្ដោយ​ឱ្យ​តែ​មួយ​ក្រុម​ធ្វើការ»។

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ នៅតែ​ទទូច​ឱ្យ​តុលាការ​ពន្លឿន​នីតិវិធី​ឱ្យ​បាន​ឆាប់ ដើម្បី​រក​អ្នក​ពាក់ព័ន្ធ​ឱ្យ​ទទួល​ខុសត្រូវ​បន្ថែម​ទៀត។ លោក​ថា អង្គការ​របស់​លោក​នឹង​តាមដាន​សំណុំ​រឿង​នេះ​បន្ត​ទៀត ដើម្បី​ជួយ​រក​យុត្តិធម៌​ដល់​ជនរងគ្រោះ និង​ដើម្បី​កុំ​ឱ្យ​មន្ត្រី​មានអំណាច​ចាប់​ពលរដ្ឋ​វាយ​ធ្វើបាប​តាម​ទំនើងចិត្ត​តទៅ​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

Leave a Reply

Submit Comment