មេធាវី​លោក កឹម សុខា បន្ថែម​ភស្តុតាង ៣៥ចំណុច​ក្នុង​សវនាការ​ជម្រះ​ក្តី​លើក​ទី២

ដោយ អាស៊ីសេរី
2020-01-22
អាស៊ីសេរី

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ស្ថានភាព​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ ពេល​ធ្វើ​សវនាការ​ជម្រះ​ក្ដី​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ទី២២ ខែ​មករា ឆ្នាំ២០២០។

ស្ថានភាព​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ ពេល​ធ្វើ​សវនាការ​ជម្រះ​ក្ដី​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ទី២២ ខែ​មករា ឆ្នាំ២០២០។

 រូប៖ RFA


ក្រុម​មេធាវី​លោក​ កឹម សុខា​ បន្ថែម​ភស្តុតាង​៣៥​ចំណុច​ ក្នុង​សវនាការ​ជម្រះ​ក្តី​


សវនាការ​ជម្រះ​ក្តី​លោក កឹម សុខា ក្នុងសប្តាហ៍ទី២ ថ្ងៃទី២២ ខែ​មករា​នេះ តុលាការ​ចែក​ចេញ​ពីរ​ពេល​គឺ ពេល​ព្រឹក និង​ពេល​រសៀល។ មេធាវី​ការពារ​ក្តី​លោក កឹម សុខា ឲ្យ​ដឹង​ថា ការ​បន្ថែម​ភស្តុតាង ៣៥ចំណុច​នេះ ដើម្បី​ដោះ​បន្ទុក​លោក កឹម សុខា។ ប៉ុន្តែ​មេធាវី​រដ្ឋាភិបាល​ថា ភស្តុតាង​ដាក់​បន្ថែម​មួយ​ចំនួន​នៅ​ពេល​នេះ គឺ​ជា​ការ​ដាក់​បន្ទុក​បន្ថែម​លើ​លោក កឹម សុខា ទៅ​វិញ​ទេ។

មេធាវី​ការពារ​ក្តី​របស់​លោក កឹម សុខា គឺ ​លោក ផែង ហេង ឲ្យ​អ្នក​សារ​ព័ត៌មាន​ដឹង​ថា សវនាការ​នៅ​ពេល​ព្រឹក​មិន​ទាន់​មាន​ការ​ជជែក​ដល់​អង្គ​សេចក្ដី​នៅ​ឡើយ​ទេ ដោយ​ចៅក្រម​អនុញ្ញាត​ឲ្យ​មាន​ការ​ដេញដោល​ពី​ការ​ដាក់​ភស្តុតាង និង​របៀប​ដាក់​ភស្តុតាង ដែល​ភាគី​មេធាវី​ការពារ​ក្តី​លោក កឹម សុខា ដាក់​ជូន​តុលាការ។ លោក​មេធាវី​ឲ្យ​ដឹង​ទៀត​ថា ភស្តុតាង​នោះ​មាន​ចំនួន ៣៥ចំណុច​ជា​ភស្តុតាង ដើម្បី​ដោះ​បន្ទុក​ក្នុង​នោះ​រួម​មាន វីដេអូ​ពេញ​រយៈ​ពេល​ជាង​មួយ​ម៉ោង នៃ​ការ​ថ្លែង​របស់​លោក​ កឹម សុខា និង​រូបថត​មួយ​ចំនួន ព្រម​ទាំង​វីដេអូ​ខ្លីៗ ខ្លះ​ទៀត​ផង​ដែរ។ លោក​ថា សវនាការ​នៅ​ពេល​រសៀល គឺ​ជា​ការ​ចាក់​វីដេអូ​ពេញ​នៃ​ការ​ថ្លែង​របស់​លោក ​កឹម សុខា នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​កាល​ពី​ឆ្នាំ​២០១៣ដែលមាន​រយៈ​ពេល​ជា​ង​មួយ​ម៉ោង៖ «»

រីឯ​មេធាវី​តំណាង​រដ្ឋាភិបាល​ដែល​ជា​ដើម​បណ្ដឹង គឺ​លោក គី តិច ថ្លែង​ប្រាប់​ក្រុម​អ្នក​សារ​ព័ត៌មាន​ថា ភស្តុតាង​ខ្លះ ដែល​សហ​មេធាវី​លោក កឹម សុខា ដាក់​ជូន​តុលាការ​នោះ គឺ​ជា​ភស្តុតាង​ដាក់​បន្ទុក​បន្ថែម​លើ​លោក កឹម សុខា ទៅ​វិញ​ទេ។ ប៉ុន្តែ​មេធាវី​រូប​នេះ មិន​បាន​បញ្ជាក់​ថា ចំណុច​ណា​ខ្លះ​នៃ​ភស្តុតាង ដែល​ជា​ការ​បន្ទុក​នោះ​ទេ ដោយ​លោក​បង្ហើប​ថា មេធាវី​លោក កឹម សុខា ក៏​បាន​ដាក់​ជូន​តុលាការ​នូវ​វីដេអូ​ខ្លីៗ នៃ​ការ​ថ្លែង​របស់​លោក កឹម សុខា ដែល​លោក​អះអាង​ថា ភស្តុតាង​បែប​នេះ គឺ​ដូច​គ្នា​ទៅ​នឹង​វីដេអូ​ខ្លីៗ របស់​សមត្ថកិច្ច​ដែល​បាន​ផ្ដល់​ទៅ​តុលាការ​ក្នុង​ការ​ចោទ​ប្រកាន់​លោក កឹម សុខា៖ «»

សវនាការ​ថ្ងៃ​ទី២២ ខែ​មករា តុលាការ​អនុញ្ញាត​ឲ្យ​សារ​ព័ត៌មាន និង​តំណាង​មន្ត្រី​សង្គម​ស៊ីវិល​មួយ​ចំនួន​ចូល​រួម​ស្ដាប់។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ម្នាក់ គឺ​នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា (TI Cambodia) លោក ព្រាប កុល ដែល​បាន​ចូល​ស្អាប់​សវនាការ​នេះ សរសេរ​លើ​ហ្វេសប៊ុក​ថា ដើម្បី​បុព្វហេតុ​តម្លាភាព​លោក​យល់​ថា សវនាការ​នេះ​គួរ​ត្រូវ​បាន​ផ្សាយ​ផ្ទាល់​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ ឬ​យ៉ាង​ហោច​ណាស់​ដាក់​អេក្រង់​ផ្សាយ​មក​ក្រៅ​បន្ទប់​សម្រាប់​អ្នក​សារ​ព័ត៌មាន​ជា​ច្រើន​អ្នក​ទៀត ដែល​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ទៅ​ក្នុង​បន្ទប់​សវនាការ។

ថ្លែង​ប្រាប់​ក្រុម​អ្នក​សារ​ព័ត៌មាន​មុន​ពេល​ធ្វើ​ដំណើរ​ទៅ​តុលាការ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ចោទ​ប្រកាន់​ថា វីដេអូ​ខ្លី​ដែល​យក​មក​ចោទ​ប្រកាន់​រូប​លោក​ជា​វីដេអូ​ក្លែង​បន្លំ ព្រោះ​បាន​កាត់​ជា​កង់ៗ។ លោក​បញ្ជាក់​ថា ខ្លឹមសារ​វីដេអូ​ពេញ ដែល​លោក​ថ្លែង​នៅ​ប្រទេស​អូស្ត្រាលី គឺ​ជា​ការ​បង្ហាញ​ពី​យុទ្ធសាស្ត្រ​នៃ​ដំណើរ​ឆ្ពោះ​ទៅ​មូលដ្ឋាន ដើម្បី​សិទ្ធិ និង​ការ​ផ្លាស់ប្ដូរ និង​ទិសដៅ​ទី២ គឺ​ការ​ធ្វើ​ឆ្ពោះ​ទៅ​ការ​បោះ​ឆ្នោត ដើម្បី​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ។ លោក កឹម សុខា ឲ្យ​ដឹង​ទៀត​ថា ខ្លឹមសារ​ទី២ នៃ​វីដេអូ​នោះ គឺ​លោក​ពន្យល់​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេសពីការផ្អាកធ្វើបាតុកម្ម ឆ្នាំ២០១៣ មិន​មែន​ជា​ការ​លក់​ក្បាល​ឲ្យ​គណបក្ស​កាន់​អំណាច​ទេ ប៉ុន្តែ​លោក​មិន​ចង់​ឃើញ​ការ​បង្ហូរ​ឈាម និង​ចង់​ដោះ​ស្រាយ​ដោយ​សន្តិវិធី៖ «»

រដ្ឋាភិបាល​យក​វីដេអូ​ខ្លី​របស់​លោក កឹម សុខា ធ្វើ​ជា​ភស្តុតាង​សំខាន់​បំផុត​ទៅ​ចាប់​ខ្លួន​លោក កឹម សុខា ខណៈ​លោក​មាន​អភ័យ​ឯក​សិទ្ធិ​សភា​ទាំង​កណ្ដាល​យប់​រហូត​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ឆ្នាំ២០១៧ ដោយ​ចោទ​ពី​បទ​ក្បត់​ជាតិ។

ប៉ុន្តែ​លោក កឹម សុខា អះអាង​ថា មាន​ពលរដ្ឋ​ក្រៅ​ស្រុក និង​មតិ​ខ្លះ​ចង់​ឃើញ​លោក​ធ្វើ​ការ​ទាមទារ​ដោយ​មធ្យោបាយ​ផ្សេងៗ ប៉ុន្តែ​លោក​នៅ​តែ​ប្រកាន់​ជំហរ​រក​ដំណើរ​ដោះ​ស្រាយ​ដោយ​អហិង្សា ដោយ​សន្តិវិធី មិន​មែន​យក​ក្បាល​ទៅ​ជល់​នឹង​ថ្ម និង​មិន​ឲ្យ​ឈាម​ខ្មែរ​ហូរ​ទៀត​ទេ។

សវនាការ​កាត់​ក្តី​លោក កឹម សុខា នឹងបន្តនៅថ្ងៃទី២៣ ខែ​មករា​ទៀត តុលាការ​ប្រកាស​ថា សំណុំ​រឿង​នៃ​បទ​ចោទ “សន្ទិដ្ឋិភាព” ឬ​ការ​ត្រូវរ៉ូវ​គ្នា​ជាមួយ​បរទេស ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​ តុលាការ​ត្រូវ​ប្រើ​រយៈ​ពេល​ច្រើន​ខែ ដើម្បី​ជំនុំ​ជម្រះ៕

(អ្នក​កាសែត និង​អ្នក​សង្កេតការណ៍​អង្គការ​សហប្រជាជាតិ នៅ​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី២២ ខែ​មករា ឆ្នាំ២០២០ ខណៈ​សវនាការ​ជម្រះ​ក្តី​លោក កឹម សុខា សប្ដាហ៍​ទី២ កំពុង​ប្រព្រឹត្ត​ទៅ​នៅ​ខាង​ក្នុង។ រូប៖ RFA)

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

Leave a Reply

Submit Comment