លទ្ធផល​ស្ទង់​មតិ​របស់​សិង្ហបុរី​ថា ពលរដ្ឋ​ខ្មែរ​ភាគ​ច្រើន​ព្រួយ​បារម្ភ និង​មិន​ទុកចិត្ត​ពី​ឥទ្ធិពល​ចិន

ដោយ មាន ឫទ្ធិ
2020-01-21
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

នាយករដ្ឋមន្ត្រី​ចិន លោក លី ខឹឈាង ថា ( Li Keqiang) [ឆ្វេង] ​ចាប់​ដៃ​ជាមួយ​លោក​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ក្នុង​ពេល​ចូល​រួម​ពិធី​​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ចំនួន នា​វិមាន​សន្តិភាព កាល​ពី​ព្រឹក​ថ្ងៃ​ទី​១១ មករា ឆ្នាំ​២០១៨។

នាយករដ្ឋមន្ត្រី​ចិន លោក លី ខឹឈាង ថា ( Li Keqiang) [ឆ្វេង] ​ចាប់​ដៃ​ជាមួយ​លោក​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ក្នុង​ពេល​ចូល​រួម​ពិធី​​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ចំនួន នា​វិមាន​សន្តិភាព កាល​ពី​ព្រឹក​ថ្ងៃ​ទី​១១ មករា ឆ្នាំ​២០១៨។ Photo courtesy of SPM Facebook’s Page


លទ្ធផល​នៃ​ការស្ទង់មតិ​មួយ​ដែល​ទើប​ចេញផ្សាយ​ដោយ​វិទ្យាស្ថាន​ស្រាវជ្រាវ ISEAS របស់​សិង្ហ​បុរី បង្ហាញ​ថា ពលរដ្ឋ​ខ្មែរ​ភាគច្រើន ព្រួយបារម្ភ​ចំពោះ​ការ​កើន​ឡើង​នៃ​ឥទ្ធិពល​ផ្នែក​នយោបាយ និង​សេដ្ឋកិច្ច​របស់​ចិន​កាន់តែ​ខ្លាំង​នៅ​កម្ពុជា​។ ខុស​ពី​ទំនុក​ចិត្ត​ទៅលើ​ភាពជា​អ្នកដឹកនាំ​ក្នុង​តំបន់​របស់​សហរដ្ឋអាមេរិក លទ្ធផល​នៃ​ការស្ទង់មតិ​នេះ​បង្ហាញ​ថា ពលរដ្ឋ​ខ្មែរ​ភាគច្រើន មាន​ទំនុក​ចិត្ត​តិចតួច​ដែល​ថា មហា​យក្ស​ចិន នឹង​ចូលរួម​ចំណែក​ជួយ​ដល់​ការ​ការពារ​សន្តិភាព សន្តិសុខ វិបុលភាព និង​អភិបាលកិច្ច​នៅ​លើ​ពិភពលោក​។ អ្នក​ជំនាញ​កិច្ចការ​អន្តរជាតិ​ព្រមាន​ថា មនោសញ្ចេតនា​អវិជ្ជមាន​ប្រឆាំង​ចិន​នៅ​កម្ពុជា អាច​នឹង​ពុះកញ្ជ្រោល​ឡើង​កាន់តែ​ខ្លាំង ប្រសិនបើ​របប​ក្រុងភ្នំពេញ​មិន​មានការ​ប្រយ័ត្នប្រយែង​ចំពោះ​បញ្ហា​នេះ។

ពលរដ្ឋ​ខ្មែរ​ជិត ៩០% (៨៨,៩%) ឆ្លើយ​ថា ពួកគេ​មានការ​ព្រួយបារម្ភ​ចំពោះ​ការ​កើន​ឡើង​នៃ​ឥទ្ធិពល​សេដ្ឋកិច្ច និង​នយោបាយ​របស់​ចិន​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ពលរដ្ឋ​ខ្មែរ​ជាង ៤៤% (៤៤,៤%) ឆ្លើយ​ថា ពួកគេ​បារម្ភ​ពី​ការណ៍​ដែល​ចិន​ប្រើប្រាស់​ឧបករណ៍​សេដ្ឋកិច្ច និង​ទេសចរណ៍​ដើម្បី​ជា​គំនាប​ប្រឆាំង​នឹង​កម្ពុជា​ប្រសិនបើ​កម្ពុជា​ជ្រើស​រើស​យក​គោលនយោបាយ​ការបរទេស​ណាមួយ ដែល​មិន​ដើរ​ស្របតាម​បន្ទាត់​គូសវាស​របស់​ប្រទេស​ចិន។ ខណៈ ពលរដ្ឋ​ជាង ២២% (២២,២%) បារម្ភ​ថា ចិន​កំពុង​ជ្រៀតជ្រែក​ចូល​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​កម្ពុជា ក្នុង​នោះ​ក៏​រួម​ទាំង​ឥទ្ធិពល​ទៅលើ​ជន​ជាតិ​ចិន​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង។

ក្រប​មុខ​នៃ​របាយការណ៍​របស់​វិទ្យាស្ថាន​សិក្សា​អំពី​តំបន់​អាស៊ីអាគ្នេយ៍ ISEAS ស្តី​ពី​ «ស្ថានភាព​តំបន់​អាស៊ីអាគ្នេយ៍​ឆ្នាំ​២០២០»​។ 

ក្រប​មុខ​នៃ​របាយការណ៍​របស់​វិទ្យាស្ថាន​សិក្សា​អំពី​តំបន់​អាស៊ីអាគ្នេយ៍ ISEAS ស្តី​ពី​ «ស្ថានភាព​តំបន់​អាស៊ីអាគ្នេយ៍​ឆ្នាំ​២០២០»​។  Photo: Institute of Southeast Asian Studies (ISEAS)


នេះ​ជា​លទ្ធផល​នៃ​ការស្ទង់មតិ​មួយ​ធ្វើឡើង​ដោយ​វិទ្យាស្ថាន​សិក្សា​អំពី​តំបន់​អាស៊ីអាគ្នេយ៍ ហៅ​កាត់​ថា ISEAS របស់​សិង្ហបុរី ដែល​ទើបនឹង​ចេញផ្សាយ​កាល​ពី​ពេល​ថ្មីៗ​នេះ នៅ​ក្នុង​របាយការណ៍​មួយ ដែល​មាន​ចំណងជើង​ថា «ស្ថានភាព​តំបន់​អាស៊ីអាគ្នេយ៍​ឆ្នាំ​២០២០»​។ ការស្ទង់មតិ​នេះ ធ្វើឡើង​ដោយមាន​ការ​ជ្រើសរើស​សំណាក​នៃ​អ្នក​ឆ្លើយ​សរុប​ចំនួន​ជាង ១​ពាន់​៣​រយ (១.៣០៨ នាក់​) មកពី​ប្រទេស​ទាំង​១០ ដែល​ជា​រដ្ឋ​សមាជិក​ក្នុង​តំបន់​អាស៊ាន ដែល​ប្រមូល​បាន​ចាប់ពី​ថ្ងៃ​ទី​១២ វិច្ឆិកា ដល់​ថ្ងៃ​ទី​១ ធ្នូ ឆ្នាំ​២០១៩ ដើម្បី​ស្វែងយល់​អំពី​ការយល់ឃើញ​ក្នុងចំណោម​ប្រជាជន​នៅ​អាស៊ីអាគ្នេយ៍ ចំពោះ​កិច្ចការ​ប្រចាំ​តំបន់ និង​ការ​ពាក់ព័ន្ធ​របស់​អាស៊ាន​ជាមួយ​នឹង​ដៃគូ​សន្ទនា ជាពិសេស​ប្រទេស​មហាអំណាច​ធំៗ​នៅ​លើ​សាកលលោក​។ ភាគច្រើន​នៃ​អ្នក​ផ្ដល់​ចម្លើយ​ទាំងនោះ គឺ​អ្នក​សិក្សា​ស្រាវជ្រាវ អ្នកជំនួញ មន្ត្រី​រដ្ឋាភិបាល សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ ជាដើម​។ ក្នុងចំណោម​អ្នក​ឆ្លើយ​សរុប​ជាង ១​ពាន់​៣​រយ​នាក់ អ្នក​ឆ្លើយ​មកពី​កម្ពុជា​មានតែ ២% ប៉ុណ្ណោះ ហើយ​អ្នក​ឆ្លើយ​ជា​ពលរដ្ឋ​ខ្មែរ​នេះ​សោត ពុំ​មាន​នរណា​ម្នាក់​ជា​តំណាង​មកពី​ខាង​វិស័យ​ធុរកិច្ច សង្គម​ស៊ីវិល ឬ​អង្គការ​មិនមែន​រដ្ឋាភិបាល​នោះ​ឡើយ។

យ៉ាងណាក៏ដោយ ឆ្លើយតប​ទៅ​នឹង​សំណួរ​ដែរ​ថា ប្រសិនបើ​អាស៊ាន​ត្រូវ​បង្ខំចិត្ត​ជ្រើស​រើស​យក​ចិន ឬ​អាមេរិក​នោះ ជាង​៥៧% (៥៧,៧%) នៃ​ពលរដ្ឋ​ខ្មែរ​ដែល​ឆ្លើយ​ក្នុង​ការស្ទង់មតិ​នោះ​ថា ពួកគេ​នឹង​រើស​យក​ចិន ខណៈ​ជាង ៤២% (៤២,៣%) ថា​ពួកគេ​នឹង​ជ្រើស​រើស​យក​សហរដ្ឋអាមេរិក​។ ជុំវិញ​បញ្ហា​នេះ អ្នក​ជំនាញ​កិច្ចការ​អន្តរជាតិ បណ្ឌិត អៀ សុផល ពន្យល់​ប្រាប់​អាស៊ីសេរី តាម​សារ​អេឡិចត្រូនិក​ថា លោក​នៅតែ​គិត​ថា ពលរដ្ឋ​ខ្មែរ​ភាគច្រើន មិន​មាន​គំនិត​វិជ្ជមាន​ទៅលើ​ចិន មក​ធ្វើជា​ដៃគូ​ជ្រើសរើស​របស់​អាស៊ាន ប្រសិនបើ​អាស៊ាន ត្រូវ​បង្ខំ​ឱ្យ​ជ្រើស​យក​រវាង​ចិន និង​អាមេរិក​នោះ​។ លោក​ថា អ្នកឆ្លើយ​ទៅនឹង​សំណួរ​នៃ​ការស្ទង់មតិ​នេះ មិនមែន​ជា​ពលរដ្ឋ​សាមញ្ញ​នោះ​ទេ​។ បណ្ឌិត អៀ សុផល ចោទ​ជា​សំណួរ​ថា ប្រសិនបើ​គេ​សួរ​ទៅ​ពលរដ្ឋ​ខ្មែរ​នា​ពេល​ឥឡូវនេះ ថា​តើ​ពួកគេ​ចង់​ទៅ​នៅ​ស្រុក​ចិន ឬ​អាមេរិក នោះ​ពលរដ្ឋ​ខ្មែរ​នឹង​ជ្រើសរើស​យក​ប្រទេស​អាមេរិក​ដោយ​គ្មាន​ការ​អល់អែក​ណាមួយ​នោះ​ឡើយ ដោយសារតែ​ពួកគេ​ស្រលាញ់ សេរីភាព សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​។ លោក​ថា លោក​មិន​គិត​ថា ពួកគេ​នឹង​ជ្រើស​រើស​យក​ប្រទេស​ផ្តាច់ការ​នោះ​ទេ។

សាស្ត្រាចារ្យ​ផ្នែក​កិច្ចការ​ពិភពលោក​នៃ​មហាវិទ្យាល័យ Occidental College នៅ​រដ្ឋ​កាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក បណ្ឌិត អៀ សុផល

សាស្ត្រាចារ្យ​ផ្នែក​កិច្ចការ​ពិភពលោក​នៃ​មហាវិទ្យាល័យ Occidental College នៅ​រដ្ឋ​កាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក បណ្ឌិត អៀ សុផលRFA


បណ្ឌិត អៀ សុផល ព្រមាន​ថា មនោសញ្ចេតនា​ប្រឆាំង​ចិន​ក្នុងចំណោម​ពលរដ្ឋ​ខ្មែរ នឹង​ពុះកញ្ជ្រោល​ឡើង​កាន់តែ​ខ្លាំង ប្រសិនបើ​របប​ក្រុងភ្នំពេញ មិន​ប្រយ័ត្នប្រយែង​ចំពោះ​បញ្ហា​នេះ​។ លោក​ផ្ដល់​ជា​ឧទាហរណ៍​ថា នេះ​គឺ​ដោយសារតែ​ការ​ជាប់​ពាក់ព័ន្ធ​របស់​ចិន ក្នុង​ហេតុការណ៍​បាក់​រលំ​អាគារ​នៅ​ខេត្ត​ព្រះសីហនុ ចិន​បាន​ដណ្ដើម​យក​ការងារ​ពី​ពលរដ្ឋ​ខ្មែរ អាកប្បកិរិយា​មិនល្អ​ក្នុងចំណោម​ភ្ញៀវ​ទេសចរណ៍ និង​អ្នក​វិនិយោគ​របស់​ចិន ជាដើម​។ លោក​ថា ទាំងនេះ​គឺ​សុទ្ធសឹងតែ​ជា​រឿងរ៉ាវ​ដែល​បណ្ដាល​ឱ្យ​ពលរដ្ឋ​ខ្មែរ​ទូទៅ​មាន​កំហឹង​ជាមួយ​ជនជាតិ​ចិន។

ផ្អែក​តាម​លទ្ធផល​នៃ​ការស្ទង់មតិ​ដដែល​នេះ ចំពោះ​សំណួរ​ដែល​សួរ​ថា​រវាង​ចិន​ និង​អាមេរិក​ តើ​មហាអំណាច​ណាមួយ​ដែល​ពលរដ្ឋ​ខ្មែរ​មាន​ទំនុក​ចិត្ត​ខ្លាំង​ជាង​គេ​បំផុត​ ក្នុង​ការផ្តល់​ភាព​ជា​មេដឹកនាំ​ក្នុង​ការ​រក្សា​សណ្ដាប់ធ្នាប់​ផ្អែក​លើ​បញ្ញត្តិ​ច្បាប់ និង​លើក​កម្ពស់​ច្បាប់​អន្តរជាតិ​ គ្មាន​ពលរដ្ឋ​ខ្មែរ​ណា​ ម្នាក់​ជ្រើសរើស​យក​ចិន​ឡើយ ក៏ប៉ុន្តែ​ ពលរដ្ឋ​ខ្មែរ​ជាង ៣៨% (៣៨,៥%) ជ្រើសរើស​យក​សហភាព​អឺរ៉ុប​ ជាង​៣១% (៣០,៨%) ជ្រើសរើស​យក​សហរដ្ឋអាមេរិក និង ជិត២៧% (២៦,៩%) ជ្រើសរើស​យក​ប្រទេស​ជប៉ុន។​

ចំពោះ​សំណួរ​ដែល​សួរ​ថា ហេតុអ្វី​បាន​ជា​ពួក​គេ​គ្មាន​ទំនុកចិត្ត​ចំពោះ​ប្រទេស​ចិន​ ពលរដ្ឋ​ខ្មែរ​ជាង​ ៧១% (៧១,៤%) ឆ្លើយ​ថា​ អំណាច​សេដ្ឋកិច្ច និង​យោធា​របស់​ចិន អាច​នឹង​ត្រូវ​បាន​ប្រទេស​នេះ​ប្រើប្រាស់​ដើម្បី​គំរាម​កំហែង​ដល់​ផលប្រយោជន៍​ និង​អធិបតេយ្យ​របស់​ប្រទេស​កម្ពុជា។​ ពលរដ្ឋ​ជាង ១៤% (១៤,៣%) ឆ្លើយ​ថា ពួកគេ​មិន​គិត​ថា ចិន​ជា​មហាអំណាច​ដែល​គួរ​ឲ្យ​ទុកចិត្ត​នោះ​ទេ។​ ដូចគ្នា​នេះ​ដែរ​ ចំនួន​ពលរដ្ឋ​ដដែល​នេះ គឺ​ជាង ១៤% (១៤,៣%) នេះ ឆ្លើយ​ថា ចិន​មិន​មាន​សមត្ថភាព​ ឬ​ឆន្ទៈ​នយោបាយ​ដើម្បី​ធ្វើ​ជា​ភាព​ជា​អ្នកដឹកនាំ​ពិភពលោក​នោះ​ទេ។​ ជា​រួម​ ៥០%​នៃ​ពលរដ្ឋ​ខ្មែរ​ដែល​បាន​ផ្ដល់​ចម្លើយ​នេះ​ ឆ្លើយ​ថា​ ពួកគេ​ មាន​ទំនុកចិត្ត​តិចតួច​ទៅ​លើ​ការណ៍​ដែល​ថា​ចិន​នឹង​ធ្វើ​រឿងរ៉ាវ​ត្រឹមត្រូវ​ ដើម្បី​ចូលរួម​ចំណែក​ដល់​សន្តិភាព​ សន្តិសុខ​ វិបុលភាព​ និង​អភិបាលកិច្ច​នៅ​លើ​ពិភពលោក។

សម្រាប់​ការយល់ឃើញ​របស់​យុវជន​ខ្មែរ​ទៅលើ​ជនជាតិ​ចិន​វិញ អ្នកវិភាគ​វ័យក្មេង កញ្ញា លី ស្រីស្រស់ សង្កេត​ឃើញ​ថា យុវជន​ខ្មែរ​ភាគច្រើន​ដែល​កញ្ញា​ធ្លាប់​ធ្វើការ​ជាមួយ បាន​ចាប់ផ្ដើម​មានគំនិត​អវិជ្ជមាន​ច្រើន​ទៅលើ​ជនជាតិ​ចិន ចាប់​តាំង​ពី​ពលរដ្ឋ​ចិន​បាន​បង្ក​បញ្ហា​អសន្តិសុខ​ខ្លាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា៖ «យុវជន​កន្លងមក​គាត់​អត់​សូវ​មានគំនិត​ថា​តើ​គាត់​អត់​សូវ​ចូលចិត្ត​ចិន ឬ​អាមេរិក គាត់​អត់​សូវ​មានគំនិត​នេះ​ទេ​។ ប៉ុន្តែ​នៅ​ពេល​ដែល​ផ្ទុះ​ការអភិវឌ្ឍន៍ វត្តមាន​របស់​ជនជាតិ​ចិន បាន​កើន​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ជា​លំដាប់ ហើយ​ធ្វើ​ឱ្យ​មាន​អសន្តិសុខ​អី​ជាដើម គឺ​ពួកគាត់​ចាប់ផ្ដើម​មាន​គំនិត​អវិជ្ជមាន​ច្រើន​ចំពោះ​ជនជាតិ​ចិន ដោយសារ​តែ​មាន​ការ​បង្ក​អសន្តិសុខ ធ្វើ​ឱ្យ​រញ៉េរញ៉ៃ ដណ្ដើម​មុខរបរ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ដែល​គាត់​រកស៊ី​នៅ​តាម​ដង​ផ្លូវ​អី​ជាដើម​អ៊ីចឹង​ទៅ»។

ដោយឡែក អ្នក​សិក្សា​ស្រាវជ្រាវ​បញ្ហា​សង្គម និង​នយោបាយ បណ្ឌិត មាស នី ពន្យល់​ថា ពលរដ្ឋ​ខ្មែរ​មិន​សប្បាយចិត្ត​ចំពោះ​ចិន ដោយសារ​កត្តា​ប្រវត្តិសាស្ត្រ​ដែល​ចិន​បាន​ជាប់ជំពាក់​វាក់វិន​ជាមួយ​របប​ខ្មែរក្រហម ប្រព័ន្ធ​នយោបាយ​កុម្មុយនិស្ត​ដែល​ចិន​បាន​ព្យាយាម​នាំ​ចូល​មក​កម្ពុជា​ឱ្យ​អ្នកនយោបាយ​ខ្មែរ​អនុវត្ត​តាម ព្រមទាំង​មហិច្ឆតា​របស់​ចិន ដើម្បី​ពង្រីក​ឥទ្ធិពល​ផ្នែក​នយោបាយ សេដ្ឋកិច្ច និង​យោធា​នៅ​កម្ពុជា​។ ក្រៅ​ពី​នេះ លោក​ថា ទង្វើ​ដែល​អាជ្ញាធរ​ខ្មែរ​ចាត់​វិធានការណ៍​ធូរ​លុង​ចំពោះ​ជនជាតិ​ចិន​ដែល​បង្ក​បញ្ហា​អសន្តិសុខ​នៅ​កម្ពុជា​នោះ ក៏​ចោទ​ជា​ចម្ងល់​ក្នុងចំណោម​ពលរដ្ឋ​ខ្មែរ​ដែរ ដែល​អាច​ធ្វើ​ឱ្យ​ពួកគេ​មិន​សប្បាយចិត្ត​នោះ​ដែរ៖ «សម្រាប់​មន្ត្រីរាជការ​ធម្មតា ខ្ញុំ​គ្រាន់តែ​បាន​ឮ​សូរ​ការ​ត្អូញត្អែរ​អំពី​វត្តមាន​របស់​ចិន ហើយ​ការ​បណ្ដែតបណ្ដោយ​ឱ្យ​ចិន​បង្ក​ភ្លៀង​ផ្គរ​ទៅលើ​អំពើហិង្សា​ផ្សេងៗ ហើយ​មន្ត្រី​កម្ពុជា​ខ្លះ ក៏​មិន​ពេញចិត្ត​នឹង​អ្វី​ដែល​ជា​ការ​យល់​ព្រម​រវាង​រដ្ឋាភិបាល​កម្ពុជា និង​ចិន ក្នុង​ការ​បញ្ជូន​អ្នកទោស​ចិន​ទៅ​ស្រុក​ចិន​វិញ នៅ​ពេល​ដែល​ចិន​បាន​អនុវត្ត ឬ​បាន​ប្រព្រឹត្តិ នៅ​អំពើ​ហិង្សា ឬ​អំពើ​ឧក្រិដ្ឋ​ផ្សេងៗ គឺ​រដ្ឋការ​កម្ពុជា​យើង មិនបាន​កាត់ទោស ឬ​ដាក់​ទោស​ទណ្ឌ​ទេ គឺ​យើង​ប្រគល់​ទៅ​ឱ្យ​អាជ្ញាធរ​ចិន​វិញ​។ នេះ វា​អាច​ចោទ​ជា​សំណួរ​មួយ​ទៅលើ​ថា​តើ​បូរណភាព​ទឹកដី​របស់​កម្ពុជា មានន័យថា​ម៉េច នៅ​ពេល​ដែល​ពលរដ្ឋ​បរទេស​ណាមួយ មក​ប្រព្រឹត្តិ​អំពើ​ខុស​ផ្សេងៗ​នៅ​កម្ពុជា​នោះ»។

បណ្ឌិត មាស នី ផ្ដល់​អនុសាសន៍​ថា ដើម្បី​បញ្ចៀស​ពី​អារម្មណ៍​អវិជ្ជមាន​កាន់តែ​ខ្លាំង​ឡើង​ទៅ​លើ​អាកប្បកិរិយា​របស់​ពល​រដ្ឋ​ចិន​នៅ​កម្ពុជា​នេះ អាជ្ញាធរ​កម្ពុជា​គួរ​បង្កើន​ការអនុវត្ត​ច្បាប់​ឱ្យ​បាន​តឹងរ៉ឹង​ដោយ​ស្មើភាព​គ្នា​ចំពោះ​ពលរដ្ឋ​ចិន​ដែល​បង្ក​អសន្តិសុខ​នៅ​កម្ពុជា​ទាំងនោះ ហើយ​ត្រូវ​បង្កើន​សមត្ថភាព​គ្រប់គ្រង​ជនអន្តោប្រវេសន៍​នៅ​កម្ពុជា​ទាំងនេះ ឱ្យ​មាន​ប្រសិទ្ធភាព​ល្អ​ឡើងវិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

Leave a Reply

Submit Comment