សហជីព​ថា ថៅកែ​​សណ្ឋាគារ The Great Duke ​​ជំពាក់​ប្រាក់​​អតីត​ការងារ​បុគ្គលិក​​ជិត​​ ១​លាន​ដុល្លារ

កញ្ញា ឃុន វ៉ាន់ដា
២២ មករា ២០២ | ម៉ោង ៩:៥៧ ល្ងាច
https://vodkhmer.news

បុគ្គលិកសណ្ឋាគារ​ Great Duke លើក​បដា​តវ៉ា​ដែល​ទាមទារ​ឱ្យ​មាន​ដំណោះ​ស្រាយ​សម្រាប់​ប្រាក់​បំណាច់​អតីតភាព​ការងារ និង​អត្ថ​ប្រយោជន៍​ផ្សេងៗ នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែ​មករា ឆ្នាំ​២០២០ នៅ​មុខ​សណ្ឋាគារ​ស្ថិត​នៅ​រាជ​ធានី​ភ្នំពេញ។(ឆពណ្ណ បញ្ញា)

បុគ្គលិកសណ្ឋាគារ​ Great Duke លើក​បដា​តវ៉ា​ដែល​ទាមទារ​ឱ្យ​មាន​ដំណោះ​ស្រាយ​សម្រាប់​ប្រាក់​បំណាច់​អតីតភាព​ការងារ និង​អត្ថ​ប្រយោជន៍​ផ្សេងៗ នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែ​មករា ឆ្នាំ​២០២០ នៅ​មុខ​សណ្ឋាគារ​ស្ថិត​នៅ​រាជ​ធានី​ភ្នំពេញ។ (ឆពណ្ណ បញ្ញា)


អតីត​បុគ្គលិក​បម្រើ​ការងារ​នៅ​សណ្ឋាគារ The Great Duke អះ​អាង​ថា ថៅកែ​សណ្ឋាគារ​នេះ គេច​វេស​ពី​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​សំណង​​ប្រាក់​អតីតភាព​ការងារ និង​ប្រាក់​អត្ថ​​ប្រយោជន៍​ដទៃ​ទៀត ដែល​ពួកគេ​ថា មាន​ទំហំ​ជិត ១​លាន​ដុល្លារ។​

តំណាង​អតីត​បុគ្គលិក​សណ្ឋាគារ​នេះ បាន​ជួប​ប្រជុំ​ជាមួយ​ក្រុម​មេធាវី​តំណាង​ឱ្យ​ថៅកែ​សណ្ឋាគារ និង​មន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ​កាល​ពី​ថ្ងៃ​ចន្ទ​កន្លង​មក​នេះ នៅ​ពេល​ពួកគេ​ប្រមូល​ផ្ដុំ​តវ៉ា​នៅ​មុខ​សណ្ឋាគារ​ដោយ​ផ្ទាល់។

ប្រធានសហព័ន្ធសហជីពកម្មករនិយោជិកវិស័យទេសចរណ៍កម្ពុជាប្រចាំនៅសណ្ឋាគារ The Great Duke លោក ទូច កុសល បានប្រាប់​ថា អតីត​បុគ្គលិក​​សណ្ឋាគារ​នេះ​ចំនួន ១៣៨នាក់ បាន​បន្ត​ការ​តវ៉ា​​ទៀត​នៅ​ព្រឹក​ថ្ងៃ​នេះ ដើម្បី​ទាមទារ​ប្រាក់​អតីត​ភាព​ការងារ និង​ប្រាក់អត្ថប្រយោជន៍​ផ្សេង​ទៀត។

សណ្ឋាគារ The Great Duke ឬ​អតីត​សណ្ឋាគារ InterContinental បាន​ប្រកាស​ថា ក្ស័យ​ធុន និង​ប្រកាស​បិទ​អាជីវកម្ម​របស់​ខ្លួន​កាល​ពី​ចុង​ខែ​ធ្នូ​ឆ្នាំ​២០១៩​កន្លង​មក​នេះ បន្ទាប់​ពី​ដំណើរការ​អាជីវកម្ម​អស់​រយៈ​ពេល​ ២៣​ឆ្នាំ​មក​នោះ។

ប៉ុន្តែ តំណាង​សហជីព បាន​ច្រាន​ចោល​នូវ​ជំហរ​ប្រកាស​ក្ស័យ​ធុន​នេះ ហើយ​ចាត់​ទុក​ជា​ការ​គេស​វេស​ពី​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​បុគ្គលិក​ដែល​ធ្លាប់​បម្រើ​ការងារ​នៅ​សណ្ឋាគារ​នេះ​ទៅ​វិញ។

លោក ទូច កុសល និយាយថា៖«គេលើកហេតុផលថា គេក្ស័យធន់ គេអត់ចំណេញ បានគេបង់រំលួស។ បង់រំលួសដូចម៉ូតូ ដូចឡាន ដូចផ្ទះល្វែងចឹង។ ប៉ុន្តែ យើងមើលរូបភាពជាក់ស្តែងទៅ មិនមែនចឹងទេ ព្រោះម្ចាស់សណ្ឋាគារ​ហ្នឹងផ្ទាល់ ធ្លាប់បានហៅកម្មករទៅ លើកលែងតែសហជីពទេ គាត់បានប្រាប់ថា សណ្ឋាគារហ្នឹងបិទ ខាងសណ្ឋាគារមានប្រាក់ទូទាត់គ្រប់គ្រាន់ អត់មានកង្វះទេ»

បើ​តាម​លោក ទូច កុសល ប្រាក់​អតីតភាព​ការងារ និង​ប្រាក់​អត្ថ​ប្រយោជន៍​ផ្សេង​ទៀត​​សម្រាប់​អតីត​បុគ្គលិក​សណ្ឋាគារ​នេះ មាន​ចំនួន​ប្រហែល ១​លាន​ដុល្លារ ហើយ​លោក​ថា លោក​បាន​បញ្ជូន​ឯកសារប្រាក់សំណងទាំងអស់​ក្រសួងការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ​រួច​ហើយ​។

វីអូឌី​បាន​ព្យាយាម​ស្នើ​សុំ​ការ​បក​ស្រាយ​ពី​លោក​ លី តៃសេង និង​លោក នៅ ពិសិដ្ឋ សហ​មេធាវី​តំណាង​ថៅកែ​សណ្ឋាគារ The Great Duke ប៉ុន្តែ លោក​ទាំង​ប្រាប់​ថា ជាប់​រវល់​ប្រជុំ។

ប្រធានផ្នែកសុខដុមនីយកម្មសង្គម និងទំនាក់ទំនងវិជ្ជាជីវៈ នៃអគ្គលេខាធិការដ្ឋានគណកម្មការដោះស្រាយកូដកម្ម បាតុកម្ម នៅតាមគ្រប់មុខសញ្ញា នៃក្រសួងការងារ លោក សោម និស្ស័យ បានបញ្ជាក់ថា លោកទទួលបានឯកសារដែលក្រុមអ្នកតវ៉ាជាអតីតបុគ្គលិកសណ្ឋាគារ The Great Duke បានបញ្ជូនមកក្រសួងការងារហើយ ប៉ុន្តែ លោក​រុញ​ឱ្យ​សាក​សួរ​ទៅ​អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ។

អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជិវៈ លោក ហេង សួរ បានតាម​តេឡេក្រាមនៅ​ថ្ងៃ​នេះថា ក្រសួងបានបញ្ជូនសំណុំរឿងទំនាស់ការងារខាងលើ ទៅក្រុមប្រឹក្សាអជ្ញាកណ្តាលកាលពីម្សិលមិញរួចរាល់អស់ហើយ។

ប្រធាន​ស្ដីទី​ផ្នែក​បណ្ដុះ​បណ្ដាល និង​ទំនាក់​ទំនង នៃ​ក្រុម​ប្រឹក្សា​អាជ្ញាកណ្ដាល លោក នាង សុវត្ថារ៉ា បាន​ឱ្យ​ដឹង​ថា ស្ថាប័ន​នេះ​បាន​ទទួល​សំណុំ​រឿង​វិវាទ​រ​ការងារ​នេះ​រួច​ហើយ ប៉ុន្តែ លោក​ថា ក្រុម​ប្រឹក្សា​អាជ្ញា​កណ្ដាល​ពុំ​ទាន់​កំណត់​ពេល​កោះ​អញ្ចើញ​ភាគី​វិវាទ​មក​ជួប​ប្រជុំ​ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​នៅ​ឡើយ​ទេ។

មន្ត្រី​រូប​នេះ បាន​បញ្ជាក់​ថា ប្រសិនបើ​ភាគី​ណា​មួយ​នៅ​តែ​មិន​ទទួល​យក​សេចក្ដី​សម្រេច​របស់​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្ដាល លោកថា ពួកគេ​អាច​ប្ដឹង​បន្ត​ទៅ​តុលាការ​ ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​បន្ត​ទៀត។

លោក នាង សុវត្ថារ៉ា ប្រាប់​ថា៖ «សេចក្តីបង្គាប់ជាប់កាតព្វកិច្ច យើងឃើញថា បើភាគីមួយមិនអនុវត្ត ភាគីមួយទៀត អាចនឹងប្តឹងទៅតុលាការឱ្យបង្ខំឱ្យអនុវត្ត»

អ្នកស្រី គង់ ចាន់ថន អះ​អាង​ថា បាន​បម្រើ​ការងារ​នៅ​ផ្នែកភោជនីយដ្ឋានក្នុង​សណ្ឋាគារ The Great Duke អស់​រយៈ​ពេល​ប្រមាណ ១០ឆ្នាំ​មក​ហើយ ហើយ​គាត់​ថា ប្រាក់​អតីត​ភាព​ការងារ និង​ប្រាក់​អត្ថ​ប្រយោជន៍​ផ្សេងៗ​ដែល​អ្នកស្រី​គួរ​ទទួល​បាន​ មាន​ចំនួន​ប្រហែល ៥​ពាន់​ដុល្លារ។

អ្នកស្រីថា អ្នកតវ៉ាទាំងអស់បដិសេធដាច់ខាតមិនទទួលយកសំណងដែលផ្តល់ជាប្រាក់ចែកតាមដំណាក់កាលឡើយ ព្រោះមិនអាចយកបង្កើតជារបរថ្មី បានត្រឹមបង្កើនបំណុល អាចប្រឈមនឹងបញ្ហាដោយថៅកែគេចវេសជាថ្មី។

អ្នកស្រី គង់ ចាន់ថន ប្រាប់​ថា៖«ពិបាកមែនទែន! យើងមិនដឹងថា មួយខែហ្នឹងយើងពិបាកប៉ុណ្ណឹង ចុះបើវានៅអូសបន្លាយរហូតមួយខែទៀត វានឹងមានរឿងអីដល់ខ្លួនឯងទេ។ វាកាន់តែធ្ងន់ធ្ងរទៅហើយ»

បុគ្គលិក​ដែល​បម្រើការ​នៅ​សណ្ឋាគារមួយ​នេះ​ បាន​ផ្ទុះ​ការ​តវ៉ាចាប់តាំងពី​ដើមខែ​វិច្ឆិកា​ឆ្នាំមុនមកម្លេះ បន្ទាប់ពីម្ចាស់សណ្ឋាគារ​នេះ​ បាន​បើកប្រាក់​ឈ្នួលឱ្យពួកគេ​យឺតយ៉ាវ​​៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles