HRW ​ថា លោក កឹម សុខា មិន​ទទួល​បាន​សវនាការ​សាធារណៈ​​តាម​ច្បាប់​អន្តរជាតិ​ទេ

លោក សូរ្យ ជ័យឧត្ដម
២២ មករា ២០២០ | ម៉ោង ១២:០៣ ល្ងាច
https://vodkhmer.news

លោក កឹម សុខា ប្រធាន​គណបក្សសង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​រំលាយ​ចោល នៅគេហដ្ឋាន​របស់​លោក នៅ​រាជ​ធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៩។

លោក កឹម សុខា ប្រធាន​គណបក្សសង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​រំលាយ​ចោល នៅគេហដ្ឋាន​របស់​លោក នៅ​រាជ​ធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៩។ (សាញ់ ប៊ុនហឿន)


ស្ថាប័ន​ឃ្លាំ​មើល​ការ​រំលោភ​សិទ្ធិ​មនុស្ស​តំបន់​អាស៊ី បាន​និយាយ​ថា អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា មិន​ទទួល​បាន​សិទ្ធិ​ជនុំ​ជម្រះ​ក្ដី​ជា​សាធារណៈ​ទៅ​តាម​ច្បាប់​អន្តរជាតិ​នោះ​ឡើយ។

សំណុំ​រឿង​ប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក កឹម សុខា ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​«ក្បត់​ជាតិ»​ ត្រូវ​បាន​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ បើក​សវនាការ​ជំនុំ​ជម្រះ​ជា​លើក​ទី​២​នៅ​ថ្ងៃ​ពុធ​នេះ បន្ទាប់​ពី​សវនាការ​រយៈ​ពេល​២​ថ្ងៃ​លើក​ដំបូង​កាល​ពី​សប្ដាហ៍​មុន។

ខុស​ពី​សវនាការ​លើក​ដំបូង​កាល​ពី​មុន សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ បាន​អនុញ្ញាត​ឱ្យ​អ្នក​សារព័ត៌មាន និង​មន្ត្រី​សង្គម​ស៊ីវិល បាន​ចូល​រួម​តាម​ដាន​ក្នុង​បន្ទប់​សវនាការ​នៅ​ថ្ងៃ​នេះ ប៉ុន្តែ បើក​ឱ្យ​តំណាង​តែ​ម្នាក់​មក​ពី​ស្ថាប័ន​នីមួយៗ​ចូល​រួម។

ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​ខ្លួន​នៅ​ថ្ងៃ​នេះ អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស (Human Rights Watch) បាន​លើក​ឡើង​ថា មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ កំពុង​តែ​មិន​ទទួល​បាន​សិទ្ធិ​ទទួល​បាន​ការ​ជំនុំ​ជម្រះ​ក្ដី​ជា​សាធារណៈ​នោះ​ឡើយ។

លោក កឹម សុខា ត្រូវ​បាន​សមត្ថកិច្ច​ចូល​ចាប់​ខ្លួន​ទាំង​កណ្ដាល​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​០៣ ខែ​កញ្ញា ឆ្នាំ​២០១៧ ក្រោម​ការ​ចោទ​ប្រកាន់​ពី​រដ្ឋាភិបាល​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ថា «ក្បត់​ជាតិ»​។

អតីត​មេ​បក្ស​ប្រឆាំង​រូប​នេះ ត្រូវ​បាន​បញ្ជូន​ទៅ​ដាក់​ឃុំ​ខ្លួន​នៅ​ឯ​ពន្ធនាគារ​ត្រពាំងផ្លុង ស្ថិត​ក្នុង​ខេត្ត​ត្បូងឃ្មុំ ជាប់​ព្រំដែន​វៀតណាម មុននឹង​បញ្ជូន​មក​ដាក់​ឃុំ​ក្នុង​ផ្ទះ ក្រោយត្រូវ​បាន​ដាក់​ឃុំ​នៅ​ត្រពាំងផ្លុង​អស់​រយៈ​ពេល​ជាង ១​ឆ្នាំ។​

លោក កឹម សុខា ត្រូវ​បាន​ដោះ​លែង​ឱ្យ​រួច​ផុត​ពី​ការ​ឃុំ​ខ្លួន​ក្នុង​ផ្ទះ​កាល​ពី​ទី​១០ ខែ​វិច្ឆិកា​ឆ្នាំ​មុន មួយ​ថ្ងៃ​ក្រោយ​ពី​គម្រោង​វិល​ត្រឡប់​ចូល​ស្រុក​វិញ​របស់​អតីត​មេ​បក្ស​ប្រឆាំង លោក សម រង្ស៊ី ពុំ​បាន​កើត​ឡើង។

លោក Phil Robertson នាយក​រង​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស បាន​លើក​ឡើង​ក្នុង​សេចក្ដី​ថ្លែងការណ៍​នេះ​ថា ដំណើរការ​កាត់​ក្ដី​លោក កឹម សុខា រឹត​តែ​អាក្រក់​ថែម​ទៀត ដោយសារ​តែ​ការ​ផាត់​ក្រុម​អ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស និង​ក្រុម​អ្នក​សារព័ត៌មាន មិន​ឱ្យ​ចូល​តាម​ដាន​ក្នុង​បន្ទប់​សវនាការ។

លោក Phil Robertson និយាយ​ថា​៖ «អាជ្ញាធរ​កម្ពុជា គួរ​តែ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លើ​លោក កឹម សុខា ផ្ទុយ​ទៅ​វិញ ​បែរ​ជា​ព្យាយាម​បន្ត​ប្រព្រឹត្ត​​ទាំង​ខុស​ច្បាប់​ និង​បែប​ចាស់​គំរិល មិន​ឱ្យ​សាធារណជន​បាន​ឃើញ​គាត់»

អង្គការ​ឃ្លាំ​មើល​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​មួយ​នេះ កម្ពុជា​គឺ​ជា​ប្រទេស​ហត្ថលេខី​លើ​អនុសញ្ញា​អន្តរជាតិ​ស្ដី​ពី​សិទ្ធិ​ស៊ីវិល និង​សិទ្ធិ​នយោបាយ ដែល​បាន​ធានា​នូវ​សិទ្ធិ​ទទួល​បាន​សវនាការ​ដោយ​ត្រឹម​ត្រូវ និង​ជា​សាធារណៈ ដែល​មាន​ការ​ចូលរួម​តាម​ដាន​ពី​​គ្រប់​គូ​ភាគី ក្រុម​ឯករាជ្យ និង​មិន​លម្អៀង៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

Leave a Reply

Submit Comment