គណៈកម្មការថ្នាក់ជាតិ និងខេត្តប.ជ័យ រកឃើញមូលហេតុខុសគ្នាករណីស្លាប់សកម្មជនដីធ្លី

សង្គម
លោក ម៉ម មុនីរតន៍
២៣ មករា ២០២០ | ម៉ោង ១២:១០ ល្ងាច
https://vodkhmer.news

លោក ទុយ ស្រស់ តំណាងពលរដ្ឋមានជម្លោះដីធ្លីនៅបន្ទាយមានជ័យដែលស្លាប់ពេលឃុំឃាំងកាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២០ (រូប ហ្វេសប៊ុក Ah Sangha)

លោក ទុយ ស្រស់ តំណាងពលរដ្ឋមានជម្លោះដីធ្លីនៅបន្ទាយមានជ័យដែលស្លាប់ពេលឃុំឃាំងកាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២០ (រូប ហ្វេសប៊ុក Ah Sangha)


គណៈកម្មការថ្នាក់ជាតិ​ និងអាជ្ញាធរខេត្តបន្ទាយមានជ័យ នៅតែប្រកាន់ជំហរការពារលទ្ធផលខុសគ្នានៃការស្វែងរកឃើញមូលហេតុស្លាប់តំណាងសកម្មជនដីធ្លីនៅពេលឃុំឃាំង ដោយមួយក្រុមថា ស្លាប់ដោយសារការធ្វើទារុណកម្ម និងក្រុមមួយទៀតថា ស្លាប់ដោយសារការញៀនស្រា។

សេចក្ដី​ជូន​ដំណឹង​កាល​ពី​ថ្ងៃ​ទី១៩ ខែមករា របស់​គណៈកម្មការ​ចំពោះ​កិច្ច ក្រោយ​បញ្ចប់​ការ​ស៊ើបអង្កេត​បាន​រក​ឃើញ​ថា ការ​ស្លាប់​របស់​លោក ទុយ ស្រស់ នោះ​កើត​ចេញ​ពី​ការ​ធ្វើ​ទារុណកម្ម​ដោយ​ប្រាកដ​មែន។ ស្រប​ពេល​ជា​មួយ​គ្នា​នេះ​ដែរ គណៈកម្មការ​ថ្នាក់​ជាតិប្រឆាំង​ការ​ធ្វើ​ទារុណកម្ម ចេញ​ពី​ក្រសួង​មហាផ្ទៃ ក៏​បាន​អះអាង​ដូច​គ្នា​ដែរ។

លោក តុប សុភី ប្រធាន​ផ្នែក​នីតិកម្ម និង​ជំនួយ​ផ្នែក​ច្បាប់ របស់​គណៈកម្មការ​ថ្នាក់ជាតិប្រឆាំងការធ្វើទារុណកម្ម មានប្រសាសន៍​ថា មាន​សាក្សី​ដ៏​សំខាន់​មួយក្រៅ​ពី​ជនរងគ្រោះ​ទាំង​អស់​ដែល​អាច​ផ្ដល់​សក្ខីកម្ម​បាន​ថា កម្លាំង​​នៃ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ ជា​អ្នក​ដែល​ស្ថិត​នៅ​ពី​ក្រោយ​នៃ​ការ​ទារុណកម្ម​នេះ។

លោក​បន្ថែម​ថា៖ «នៅ​ក្នុង​ករណី​ហ្នឹង ​ក្រុម​ការងារ​យើង​មាន​សាក្សី​ពិសេស​មួយ​ទៀត ក្រៅ​ពី​អ្នក​ទាំង៤នាក់​ហ្នឹង»

មន្ត្រី​ទទួល​បន្ទុក​ធ្វើ​កោសលវិច័យ​នៃ​រដ្ឋបាល​របស់​សាលា​ខេត្ត​បន្ទាយមានជ័យ នៅ​បន្ត​រក្សា​ជំហរ​ជុំវិញ​ការ​រក​ឃើញ​ដែល​ថា ការ​ស្លាប់​នោះ​គឺ​ផ្ដើម​ចេញ​ពី​លោក ទុយ ស្រស់ មាន​សុខភាព​មិន​ល្អ ជា​មនុស្ស​មាន​បញ្ហាស្មារតី​ និង​ញៀន​ស្រា​ដាច់​មិន​បាន។

ឆ្លើយ​តប​រឿង​នេះ ​លោក ឈុន ប៊ុនថា នាយក​ទីចាត់ការ​ធ្វើ​កោសលវិច័យ​នៃ​រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ បាន​បដិសេធ​យ៉ាង​ខ្លី​ថា មិន​អាច​បកស្រាយ​បាន​ទេ។ លោក ប៊ុនថា ជំរុញ​ឱ្យប្រើប្រាស់​ជា​ផ្លូវការ​ដូច​ដែល​សាលាខេត្ត​បាន​ជូន​ដំណឹង​រួច​ហើយ តាមរយៈ​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន។

លោក​បន្ថែម​ថា៖ «ខ្ញុំ​សូម​អធ្យាស្រ័យ ខ្ញុំ​អត់​អាច​និយាយ​រឿង​ហ្នឹង​បាន​ទេ។ មើល​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ខេត្ត​ទៅ»។

ទាក់ទិនលទ្ធផល​នៃ​ការ​ធ្វើ​កោសលវិច័យ​នេះ នៅ​តែ​មាន​ការ​ខ្វែង​គំនិត​គ្នា​នៅ​ឡើយ រវាង​រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ និង​គណៈកម្មការ​ដែល​រដ្ឋាភិបាល​បង្កើត​ឡើង ដើម្បី​ស៊ើបអង្កេតក្នុង​រឿង​ក្តី​ព្រហ្មទណ្ឌ​នេះ។ ជំហរ​របស់​សាលាខេត្ត​បន្ទាយមានជ័យ ទាំង​ក្នុង​ដំណាក់កាលនៃ​សេចក្ដី​ប្រកាស​ព័ត៌មាន ក្រោយ​កើតហេតុ​ភ្លាម​ៗ និង​លិខិត​បំភ្លឺ១ផ្សេង​ទៀត របស់​លោក អ៊ុំ រាត្រី ទៅ​លោក ស ខេង កាល​ពី​ថ្ងៃ​ទី៣ ខែមករា នៅ​តែ​មិន​ដូរ​ជំហរ។ ការ​ការពាររបស់​រដ្ឋបាល​ខេត្ត​ទាំង២លើក​នេះ ព្យាយាម​ប្រកាន់​គោលការណ៍​របស់​ខ្លួន​ថា ការ​ស្លាប់​របស់​លោក ទុយ ស្រស់ នេះ​ពិត​ជា​មិនមែន​កើត​ឡើងដោយ​សារ​ការ​ធ្វើ​ទារុណកម្ម​ទេ។ តែ​មរណភាព​នោះ បណ្ដាល​មក​ពី​ញៀន​ស្រា និង​ជា​មនុស្ស​មាន​សតិ​មិន​ល្អ។

ទោះយ៉ាងណា ភរិយាលោក ទុយ ស្រស់ គឺអ្នកស្រី ប៊ុយ គីមឡាក់ អះអាងថា ប្តីរបស់គាត់ជាមនុស្សមាំមួនរកស៊ីចិញ្ចឹមគ្រួសារ ហើយក៏ជាប្រជាការពារភូមិ តែងដើរយាមល្បាតជាប្រចាំដែរ។​

ទំនាស់​ដីធ្លី​ស្ថិត​នៅ​ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ​នេះ បាន​បណ្ដាល​ឱ្យសកម្មជន​ដីធ្លី​ម្នាក់​គឺ​លោក ទុយ ស្រស់ ត្រូវ​ស្លាប់ ហើយ៤នាក់​ផ្សេង​ទៀតក្នុង​ចំណោម​តំណាង​ទាំង៥នាក់​នេះ មានរបួស​ពេញ​ខ្លួន ក្រោយ​សមត្ថកិច្ច​ចាប់​ខ្លួន។ នៅ​ពេល​រឿង​បាន​ផ្ទុះឡើង តំណាង​ទាំង៤នាក់​ដែល​សមត្ថកិច្ច​ចាប់​ឃុំ​ខ្លួន​តាំង​ពី​ថ្ងៃ​ទី២៨ ខែធ្នូ ឆ្នាំមុន បាន​ដោះលែង​ឱ្យនៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​វិញ បន្ទាប់​ពី​លោក ទុយ ស្រស់ ស្លាប់​កាល​ពី​ថ្ងៃ​ទី១ ខែមករា ឆ្នាំ២០២០។

ក្រោយពេលស្លាប់លោក ទុយ ស្រស់ អ្នកជាប់ឃុំជាមួយអះអាងថា ពួកគេបានឃើញផ្ទាល់ភ្នែកសមត្ថកិច្ចវាយធ្វើទារុណលើលោក ទុយ ស្រស់។ ក្រោយមានការស៊ើបអង្កេតពីគណៈកម្មការថ្នាក់ជាតិ ក៏មានការចាប់ខ្លួនមន្ត្រីកងរាជអាវុធហត្ថខេត្តនេះ២រូប។​

វេជ្ជបណ្ឌិត​ផ្នែក​កោសលវិច័យ ​ព្យាយាម​បដិសេធ​ថា​ ខាង​មន្ទីរពេទ្យ​មួយ​នេះ ពុំ​បាន​ពិនិត្យ​ឱ្យបាន​ល្អិតល្អន់ទៅ​លើ​សាកសព​អតីត​សកម្មជន​ដីធ្លី​ លោក ទុយ ស្រស់ ដែល​រង​ការ​ធ្វើ​ទារុណកម្មពី​កម្លាំង​ប៉េអិម​ខេត្ត ក្នុង​ទម្រង់​ធ្ងន់ធ្ងរ​ឡើយ។

​លោក​វេជ្ជបណ្ឌិត សំរិទ្ធិ រង្សី ឯកទេស​ផ្នែក​កោសលវិច័យ ប្រចាំ​នៅ​មន្ទីរពេទ្យ​មង្គល​បូរី​ ខេត្ត​បន្ទាយមានជ័យ អះអាងថា មិនបានពិនិត្យល្អិតល្អន់លើលោក ទុយ ស្រស់ ទេ។

លោក​បន្ត​ថា៖ «ទាក់ទង​នឹង​ស្លាកស្នាម​ដោយ​សារ​តែ​ពេល​បញ្ជូន​មក​ដល់ ​ខ្ញុំ​មើល​តែ​សញ្ញា​ជីវិត​ ព្រោះ​ខ្ញុំ​ត្រូវ​ការ​សង្គ្រោះ​អ្នកជំងឺ​ដែល​នៅ​រស់។ ដល់​ពេល​គាត់​ស្លាប់​ហើយ ដូច្នេះ ​ខ្ញុំ​អត់​បាន​មើល​អ្វី​ច្រើន​ទេ។ ខាង​កោសលវិច័យ គេ​មាន​ខាង​នគរបាល​គេ​ជា​អ្នក​ចូលរួម ពីព្រោះ​ទាល់​តែ​ខាង​នគរបាល​គេ​ធ្វើ​កោសល​វិច័យ ទើប​គេ​កាត់​ត្រា​ទិន្នន័យ​ហ្នឹង​ចូល»។

បើ​តាម​លោក​វេជ្ជបណ្ឌិត សំរិទ្ធិ រង្សី មាន​ន័យ​ថា លោក​ក៏​បាន​ឃើញ​សាកសព​លោក ទុយ ស្រស់ ដោយ​ផ្ទាល់​ដែរ ពេល​ត្រូវ​គេ​បញ្ជូន​ដល់​មន្ទីរពេទ្យ។ ប៉ុន្តែ តាមរយៈ​សំណួរ​បញ្ជាក់​ពី​ភិនភាគ និង​បាន​ឃើញ​អ្វី​ខ្លះ ដូច​ជា​ស្លាកស្នាម​នៅ​លើ​រាងកាយ ឬ​ស្ថានភាព​បែប​ណា មុន​ពេល​ដឹក​ចូល​ដល់​មន្ទីរពេទ្យ​នោះ ត្រូវ​បាន​លោក រង្សី មិន​អត្ថាធិប្បាយ​អ្វី​ទាំង​អស់ ដោយលោកថា ​ស្ថិត​នៅ​លើ​ដៃ​សមត្ថកិច្ច​អស់​ហើយ។

បើ​ទោះ​ជា​បែប​នេះ​ក្ដី អង្គការ​ផ្នែក​សិទ្ធិមនុស្ស ដែល​ឃ្លាំមើល​ជុំវិញ​សំណុំរឿង​នេះ យល់​ឃើញ​ថា ការ​ចេញ​ព័ត៌មាន​ជា​ហូរហែរ​ខុស​ពី​ការ​ពិត អាច​ជា​វិធី​ជួយ​បិទបាំងរឿង​រសើប​នៅ​ពី​ក្រោយ​ខ្នង។ បើ​តាម​លោក ចន្ទគា មន្ត្រី​ជាន់​ខ្ពស់សមាគម​អាដហុក ចាត់​ទុក​ថា ការ​ព្យាយាម​លាក់បាំង​បែប​នេះ ឬ​កុហក​តុលាការ អ្នក​ដែល​ភូតភរ​ត្រូវ​ប្រឈម​មុខ​នឹង​ច្បាប់។  

លោក ស៊ុំ ចន្ទគា អ្នក​សម្របសម្រួល​សមាគមអាដហុក ប្រចាំ​ខេត្ត​បន្ទាយមានជ័យ ឱ្យដឹង​ថា ក្នុង​រឿង​ក្ដី​ព្រហ្មទណ្ឌ​នេះ ប្រសិន​បើ​តុលាការ​ពន្លាត​ការ​ស្រាវជ្រាវ​បន្ថែម អ្នក​ដែល​ជួយ​បិទ​បាំង​ព័ត៌មាន​មួយ​ចំនួន​ក្នុង​សំណុំរឿង​នេះ ក៏​គេច​មិន​ផុត​ពី​នីតិវិធី​តុលាការ​ដែរ។

លោក​បន្ថែម​ថា៖ «អ្នក​ផ្សំ​គំនិត​នៅ​ក្នុង​ការ​រៀបចំ​ហើយ​ផ្ដើម​ ថា​បើ​សិន​ជា​បទល្មើស​ហ្នឹងបាន​ទទួល​ជោគជ័យ​ធ្វើ​ឱ្យមនុស្ស​ស្លាប់ ឬ​រង​របួស​ដោយ​សារ​ស្នាដៃ​របស់​ខ្លួន។ ដូច្នេះ​ ខ្លួន​ត្រូវ​ចេញ​នូវ​លិខិត​នេះ​មួយ ឬ​ចេញ​នូវ​លិខិត​នោះ​មួយ។ អ៊ីចឹង ​ទាំងអស់​ហ្នឹង​ក៏​ត្រូវ​ទទួល​នូវទោស​ដែរ ​បើ​សិន​តុលាការ​ពង្រីក ហើយ​ស៊ើបអង្កេត​នូវ​ក្តី​នេះ​បន្ត»។

ព្រះរាជអាជ្ញា​រង​អម​តុលាការ​ខេត្ត​បន្ទាយមានជ័យ​ លោក តេង សាម៉ៃ បាន​ប្រាប់​វីអូឌី តាម​ទូរស័ព្ទ​ថា តុលាការ​នឹង​ពង្រីក​ការ​ស៊ើបអង្កេតក្នុង​រឿង​ក្តី​ទៀត។ ការ​បន្ត​ពង្រីក​សំណុំរឿង​នេះ ប្រយោជន៍​ដើម្បី​រក​អ្នក​ដែល​ពាក់ព័ន្ធ​បន្ថែម៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

One Response to "គណៈកម្មការថ្នាក់ជាតិ និងខេត្តប.ជ័យ រកឃើញមូលហេតុខុសគ្នាករណីស្លាប់សកម្មជនដីធ្លី"

  1. Anonymous says:

    The beast regime and the criminals are the same side ‘ because they are veitcong dogs ‘

Leave a Reply

Submit Comment