ប៉ូលិស​ពោធិ៍សែនជ័យ​សង្ឃឹម​ថា អាច​រក​ជន​ដៃដល់​វាយ​សកម្មជន​បក្ស​ប្រឆាំង​លោក ខៀវ ឌីន

ដោយ សេក បណ្ឌិត
2020-01-26
RFA

អធិការដ្ឋាន​ពោធិ៍សែនជ័យ។

អធិការដ្ឋាន​ពោធិ៍សែនជ័យ។

 photo facebook


សមត្ថកិច្ច​ខណ្ឌ​ពោធិ៍​សែន​ជ័យ​សង្ឃឹម​ថា នឹង​អាច​ស្វែងរក​ជន​ដៃដល់​ដែល​វាយ​សកម្មជន​គណបក្ស​សង្គ្រោះជាតិ​លោក ខៀវ ឌីន។ សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​រង​ការវាយប្រហារ​ស្វាគមន៍​ចំពោះ​ការ​អះអាង​នេះ និង​លើកឡើង​ថា ប្រសិនបើ​សមត្ថកិច្ច​ប្រឹងប្រែង​ស្រាវជ្រាវ​នឹង​អាច​ចាប់​ជន​ប្រព្រឹត្ត​បាន។

អធិការ​នគរបាល​ខណ្ឌ​ពោធិ៍សែនជ័យ លោក ម៉ន វុធី ឱ្យ​អាស៊ីសេរី​ដឹង​នៅ​ថ្ងៃ​ទី​២៦ ខែ​មករា ថា ពេល​នេះ​សមត្ថកិច្ច​ទទួល​បាន​តម្រុយ​បន្ថែម​នៃ​ករណី​ជន​ដៃដល់​វាយ​លោក ខៀវ ឌីន ហើយ​និង​កំពុង​ស្រាវជ្រាវ​បន្ត ដើម្បី​ឈាន​ដល់​ការ​ចាប់ខ្លួន​ជន​ប្រព្រឹត្ត៖ «តាម​ការស្រាវជ្រាវ​ដែល​ពួក​យើង​ខំ​ទាំង​ក្រសួង​ទាំង​ក្រុង​សហការ​គ្នា​ពួក​យើង​សង្ឃឹម​ច្រើន»។

ទោះជា​យ៉ាងណា នគរបាល​មូលដ្ឋាន​រូប​នេះ​សុំ​មិន​អត្ថាធិប្បាយ​លម្អិត​ពី​ករណី​នេះ​នៅ​ឡើយ​ទេ​ដោយសារ​លើក​ឡើង​ថា ទុក​ឱ្យ​កម្លាំង​ជំនាញ​ធ្វើការ​លើ​រឿង​នេះ​សិន​។ ប៉ុន្តែ​នា​ពេល​កន្លងមក លោក​ធ្លាប់​ប្រាប់​ថា សមត្ថកិច្ច​បាន​ឆែក​កាមេរ៉ា​សុវត្ថិភាព​នៅ​កន្លែង​កើតហេតុ និង​បាន​ទៅ​សាកសួរ​ព័ត៌មាន​បន្ថែម​ពី​ជនរងគ្រោះ​ដល់​ផ្ទះ។

សកម្មជន​គណបក្ស​សង្គ្រោះជាតិ លោក ខៀវ ឌីន ប្រាប់​ថា ករណី​វាយ​ធ្វើបាប​លោក​នេះ​គឺ​សកម្មភាព​ខ្លះ​គួរ​ឱ្យ​សង្ស័យ​ដោយ​ថ្ងៃ​កើត​ហេតុ​ក្រៅពី​ជន​ដៃដល់​វាយ​លោក​រួចហើយ ក៏​មាន​ជន​មិន​ស្គាល់​ផ្សេងទៀត បាន​ថត​សកម្មភាព​លោក​ហើយក៏​គេចខ្លួន​បាត់​ទៅ​។ លោក​យល់​ថា ប្រសិនបើ​សមត្ថកិច្ច​ប្រឹងប្រែង​ស្រាវជ្រាវ​តាម​ជំនាញ​របស់​ខ្លួន លោក​សង្ឃឹមថា​អាច​នឹង​ចាប់​ជន​ដៃដល់​ឃើញ៖ «សមត្ថកិច្ច​គេ​អាច​រក​បែប​ឃើញ តែ​បើ​គេ​មិន​រក​ខ្ញុំ​អត់​ដឹង​ដែរ ចម្លែក​អ្នក​វាយ​ហើយ​មាន​អ្នក​ថត​ទៀត​វា​ចម្លែក​ប៉ុណ្ណឹង»។

លោក ខៀវ ឌីន ជា​សកម្មជន​គណបក្ស​ប្រឆាំង​ម្នាក់​រស់នៅ​សង្កាត់​កាកាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ត្រូវ​ជន​មិន​ស្គាល់​មុខ​ពីរ​នាក់​ជិះ​ម៉ូតូ​គ្មាន​ស្លាក​លេខ លួច​វាយ​ពីក្រោយ​នឹង​ដំបង​បណ្ដាល​ឱ្យ​រ​ងរបួស​បែក​ក្បាល​កាល​ពី​ថ្ងៃ​ទី​២០ ខែ​មករា​។ លោក​ជា​ជនរងគ្រោះ​ទី​១៤ ដែល​ត្រូវ​ជន​មិន​ស្គាល់​មុខ​លួច​វាយ​ធ្វើបាប។

ភរិយា លោក ខៀវ ឌីន ប្រាប់​ថា ក្រោយ​រដ្ឋាភិបាល​រំលាយ​គណបក្ស​នេះ លោក ខៀវ ឌីន មិន​បាន​ធ្វើ​សកម្មភាព​អ្វី​ទាក់ទង​នឹង​នយោបាយ​ទេ ដោយ​នៅ​ផ្ទះ​មើល​ចៅ​ប៉ុណ្ណោះ។

ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពជា លោក សន ជ័យ សង្កេត​ឃើញ​ថា រាល់ពេល​កើតមាន​បទល្មើស​គឺ​សមត្ថកិច្ច​តែង​អះអាង​ពី​ការ​ប្រឹងប្រែង​របស់​ខ្លួន​ក្នុង​ការ​បង្ក្រាប​។ ប៉ុន្តែ​ប្រសិន​ករណី​នេះ​សមត្ថកិច្ច​នៅតែ​មិន​អាច​ស្វែងរក​ជន​ប្រព្រឹត្ត​ឃើញ​ទេ នឹង​ធ្វើ​ឱ្យ​មានការ​រិះគន់​លើ​សមត្ថភាព​របស់​សមត្ថកិច្ច ឬ​ការ​ចោទ​ប្រកាន់​ថា ជា​ការ​ធ្វើទុក្ខបុកម្នេញ​លើ​សកម្មជន​គណបក្ស​ប្រឆាំង​។ លោក​ចង់​ឃើញ​សមត្ថកិច្ច​បង្ហាញ​លទ្ធផល​នៃ​ការស៊ើបអង្កេត និង​នាំ​ខ្លួន​ជន​ដៃដល់​យក​មក​ផ្ដន្ទាទោស​តាមច្បាប់៖ «នៅ​ពេល​ដែល​សមត្ថកិច្ច​ខកខាន​មិនបាន​ចាត់​វិធានការ​ឬក៏​មិនបាន​ចាប់​ជន​បង្ក​ប្រឈមមុខ​នឹង​ផ្លូវច្បាប់​ទេ វា​ជា​ទម្រង់​និទ្ទណ្ឌភាព​មួយ​ដែល​យើង​ឃើញ​ថា នៅ​ក្នុង​ស្ថានភាព​មួយ​គេ​ហៅថា នៅតែ​បន្ត​ធ្វើទុក្ខបុកម្នេញ​ទៅដល់​ក្រុម​អតីត​សមាជិក​សមាជិកា​របស់​គណបក្ស​ប្រឆាំង»។

លោក ខៀវ ឌីន អះអាង​ថា លោក​នៅតែ​ព្យាយាម​សហការ​ជាមួយ​សមត្ថកិច្ច​ក្នុង​ការ​ផ្តល់​ព័ត៌មាន ហើយ​បើ​សមត្ថកិច្ច​ត្រូវការ​ភស្តុតាង​បន្ថែម​ដែល​លោក​មាន លោក​នឹង​ផ្តល់​ជូន​សមត្ថកិច្ច៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

Leave a Reply

Submit Comment