ភរិយា​សកម្មជន​បក្ស​ប្រឆាំង​ដែល​ជាប់​ឃុំ​នៅ​ព្រៃស​ទាមទារ​ឱ្យ​តុលាការ​ដោះលែង​ស្វាមី

ដោយ សេក បណ្ឌិត
2020-01-26
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក ប៉ាន សុខសុវណ្ណនី សកម្មជន​គណបក្ស​សង្គ្រោះជាតិ នៅ​ស្រុក​កណ្ដាលស្ទឹង ខេត្ត​កណ្ដាល​។

លោក ប៉ាន សុខសុវណ្ណនី សកម្មជន​គណបក្ស​សង្គ្រោះជាតិ នៅ​ស្រុក​កណ្ដាលស្ទឹង ខេត្ត​កណ្ដាល​។

 Photo Provided


ភរិយា​របស់​សកម្មជន​បក្ស​ប្រឆាំង​ម្នាក់ កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ព្រៃ​ស រាជធានី​ភ្នំពេញ លោក ប៉ាន សុខសុវណ្ណនី ទាមទារ​ឱ្យ​របប​ក្រុងភ្នំពេញ ដោះលែង​ស្វាមី ដើម្បី​បាន​ជួបជុំ​ប្រពន្ធ និង​កូន​តូច កំពុង​ភៀសខ្លួន នៅ​ក្នុង​ប្រទេស​ថៃ។ សង្គម​ស៊ីវិល​យល់ថា ករណី​លោក ប៉ាន សុខសុវណ្ណនី ជា​រឿង​នយោបាយ ដូច្នេះ​គួរ​ត្រូវ​បាន​ដោះលែង ឱ្យ​ពួកគេ​ជួបជុំ​គ្រួសារ​ឡើងវិញ។

ភរិយា​របស់ លោក ប៉ាន សុខសុវណ្ណនី គឺ លោកស្រី ស ខ្ចី ប្រាប់​ថា ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ ស្វាមី​លោកស្រី កំពុង​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់​ក្នុង​ពន្ធនាគារ​ព្រៃស ក្រោយ​ពេល​ឆ្មាំ​ពន្ធនាគារ បាន​បំបែក​អ្នក​ទោស​នយោបាយ ដាក់​ឃុំ​លាយឡំ​គ្នា ជាមួយ​ឧក្រិដ្ឋជន​វិញ​។ លោកស្រី ចង់​ឱ្យ​តុលាការ​ដោះលែង​ស្វាមី ដើម្បី​លោកស្រី និង​កូនង៉ែត​អាយុ​៨​ខែ​ម្នាក់ មាន​ភាព​កក់ក្ដៅ​ក្នុង​ចិត្ត អាច​វិល​ត្រលប់​ចូល​ប្រទេស​កម្ពុជា រួមរស់​ជាមួយគ្នា។

ស្ត្រី​សកម្មជន​បក្ស​ប្រឆាំង ស្រុក​បាភ្នំ ខេត្ត​ព្រៃវែង​រូប​នេះ ឱ្យ​ដឹង​ថា បច្ចុប្បន្ន លោកស្រី​ពិបាក​ក្នុង​ការ​រស់នៅ​ប្រទេស​ថៃ ដោយសារ​មានការ​លំបាក​ផ្នែក​ជីវភាព និង​ម្យ៉ាង​បារម្ភ​សុវត្ថិភាព ព្រោះ​លេច​លឺ​ព័ត៌មាន​ថា របប​ក្រុងភ្នំពេញ បញ្ជូន​មនុស្ស​មក​ធ្វើបាប​សកម្មជន​បក្ស​ប្រឆាំង​ដល់​កន្លែង​លាក់ខ្លួន​ក្នុង​ប្រទេស​ថៃ៖ «គាត់​ធ្លាក់ខ្លួន​ឈឺ នៅ​ក្នុង​ពន្ធនាគារ​ហ្នឹង ហើយ​ថ្ងៃ​គេ​ដោះលែង គង់ រ៉ៃយ៉ា ហើយ វា​បាន​ទៅ​បំបែក​អ្នក​ទោស​នយោបាយ យក​ទៅ​ដាក់​ជាមួយ​អ្នកទោស​ជក់​ថ្នាំ ជាមួយ​ចោរលួច ចោរប្លន់ ចំនួន​៤០០​នាក់ ក្នុង​បន្ទប់​ហ្នឹង ហើយ​អត់​បាន​គេង​ទេ មួយ​ថ្ងៃៗ អង្គុយ​រហូត អត់​មាន​ពេល​ហាត់ប្រាណ អត់​អ្វី​អ៊ីចឹង​។ ពិបាក​រស់នៅ​ក្នុង​ប្រទេស​ថៃ យើង​អត់​មាន​ច្បាប់​ទម្លាប់​របស់​គេ យើង​អត់​មាន​វីសា ប៉ាស្ព័រ និយាយ​ទៅ ថា ខុសច្បាប់ ហើយ​ទី​២ យើង​ពិបាក​នឹង​រដ្ឋាភិបាល​កម្ពុជា ច្រើនតែ​បញ្ជូន​មនុស្ស​មក​វាយ​ធ្វើបាប​សកម្មជន​របស់​យើង​៣​នាក់​ហើយ កន្លង​មក ហើយ​យើង​ពិបាក​ខ្លាំង​ទៀត យើង​ពិបាក​ប្រឈម​ក្នុង​ការចាយវាយ​ប្រចាំថ្ងៃ​សម្រាប់​ជនភៀសខ្លួន យើង​មាន​កូន​តូច មិនបាន​ធ្វើការ​រកស៊ី ប្ដី​ក៏​ជាប់គុក​។ ពេលខ្លះ លុយ​គេ​ជួយ​យើង​បន្តិចបន្តួច​យើង​ត្រូវ​ផ្ញើ​ទៅ​ឱ្យ​ប្ដី​ចាយ​ទៀត»។

លោក ប៉ាន សុខសុវណ្ណនី គឺជា​សកម្មជន​បក្ស​ប្រឆាំង នៅ​ស្រុក​កណ្ដាលស្ទឹង ខេត្ត​កណ្ដាល​។ លោក​បាន​រត់​ភៀសខ្លួន ទៅ​ប្រទេស​ថៃ នៅ​កំឡុង​ឆ្នាំ​២០១៨ ហើយ​បាន​បង្ហោះ​សារ យុទ្ធនាការ​ម្រាមដៃ​ស្អាត និង​រិះគន់​របប​ក្រុងភ្នំពេញ​តាម​ហ្វេសប៊ុក (Facebook)​។ លោក​បាន​លប ចូល​ប្រទេស​វិញ នៅ​ចុង​មករា ឆ្នាំ​២០១៩ ព្រោះ​ម្ដាយ​មាន​ជំងឺ​ធ្ងន់ ហើយក៏​ត្រូវ​បាន​សមត្ថ​កិច្ច​ចាប់ខ្លួន ដោយ​ចោទប្រកាន់ ៤​ករណី គឺ​បទ​ញុះញង់ ជេរប្រមាថ​រដ្ឋាភិបាល ក្បត់ជាតិ និង​លួចលាក់​អាវុធ​ខុសច្បាប់​។ ក្រោយ​បញ្ជូន​ទៅ​តុលាការ ចៅក្រម​សាលាដំបូង បាន​ចោទប្រកាន់​មួយ​ករណី គឺ​បទ​ជេរប្រមាថ​ជា​សាធារណៈ តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក ហើយ​តុលាការ​សម្រេច​ទោស​ពន្ធនាគារ​១​ឆ្នាំ​កន្លះ គិត​ពី​ថ្ងៃ​ចាប់ខ្លួន។

លោកស្រី ស ខ្ចី ប្រាប់ថា មេធាវី​ការពារ​ក្ដី ខកខាន​ប្ដឹង​ឡើង​ឧទ្ធរណ៍ ដោយសារ ពេល​នោះ​មេធាវី​រវល់​កាន់​ក្ដី ឱ្យ​សកម្មជន​បក្ស​ប្រឆាំង​ច្រើន​ពេក​។ លោកស្រី ស ខ្ចី ស្នើសុំ​ឱ្យ​តុលាការ​អនុញ្ញាត​ឱ្យ​ស្វាមី បាន​នៅ​ក្រៅ​ឃុំ ដើម្បី​បាន​ជួប​មុខ​កូន​តូច​ផង ព្រោះ​សមត្ថកិច្ច បាន​ចាប់ខ្លួន​ស្វាមី តាំងពី​លោកស្រី មានគភ៌ ៤​ខែ។ បច្ចុប្បន្ន កូន​របស់​លោកស្រី​អាយុ​៨​ខែ។

អាស៊ីសេរី មិន​អាច​សុំ​ការ​បំភ្លឺ​ពី​ភាគី​រដ្ឋាភិបាល​កម្ពុជា​បានទេ ដោយសារ​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន និង​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ លោក ឆាយ គឹមខឿន មិន​ទទួល​ទូរស័ព្ទ នៅ​ថ្ងៃ​ទី​២៦ មករា​។ ប៉ុន្តែ លោក ឆាយ គឹមខឿន ធ្លាប់​ប្រាប់​អាស៊ីសេរី​ថា ប៉ូលិស​កម្ពុជា គ្មាន​សិទ្ធិ​ចាប់ខ្លួន​សកម្មជន​បក្ស​ប្រឆាំង ក្នុង​ទឹកដី​ប្រទេស​ថៃ​ទេ។

អ្នកនាំពាក្យ​សមាគម​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក ស៊ឹង សែនករុណា យល់ថា ករណី​ចាប់ខ្លួន លោក ប៉ាន សុខសុវណ្ណនី ជា​រឿង​នយោបាយ ដូច្នេះ គួរ​សម្រួល​ឱ្យ​មានការ​ដោះលែង ដើម្បី​ឱ្យ​ក្រុម​គ្រួសារ​របស់​សកម្មជន​បក្ស​ប្រឆាំង បាន​ជួបជុំគ្នា​ឡើងវិញ៖ «ក្នុង​រឿង​នេះ គឺជា​រឿង​មួយ​ដែល​គួរតែ​អ្នក​នយោបាយ ជួយ​អន្តរាគមន៍​របៀប​ម្ដេច ដើម្បី​ធ្វើ​យ៉ាងណា ឱ្យ​គាត់​មាន​សេរីភាព​ក្នុង​ការ​ជួបជុំ​គ្រួសារ ដើម្បី​ជា​រឿង​មនុស្សធម៌​មួយ ដែល​យើង​គួរ​ជួយ​ឱ្យ​ពួកគាត់ បាន​ជួបជុំ​គ្រួសារ​។ យើង​ឃើញ​ថា រឿង​នេះ ពួកគាត់​បាន​បែកបាក់​គ្នា ជា​យូរហើយ ដោយសារតែ​វិបត្តិ​នយោបាយ​។ អ៊ីចឹង គួរតែ​គិតគូរ​នូវ​សំណើ នូវ​អ្វី ដែល​គាត់​បាន​ស្នើសុំ ដើម្បី​ឱ្យ​ពួកគាត់​មាន​សេរីភាព បាន​រស់នៅ​ជួបជុំ​គ្រួសារ ហើយ​នឹង​ប្រកប​របរ​រស់នៅ​ជា​ធម្មតា​ឡើងវិញ ទៅ​ណា»។

របប​ក្រុងភ្នំពេញ បាន​បើក​យុទ្ធនាការ​បង្ក្រាប និង​ចាប់ខ្លួន​សកម្មជន​បក្ស​ប្រឆាំង ជិត​១០០​នាក់ នៅ​ឆ្នាំ​២០១៩ ដើម្បី​ទប់ទល់ នឹង​មាតុភូមិនិវត្តន៍​របស់​ប្រធាន​ស្ដីទី​បក្ស​ប្រឆាំង លោក សម រង្ស៊ី។ នៅ​ពាក់​កណ្ដាល ខែ​វិច្ឆិកា ឆ្នាំ​២០១៩ មេដឹកនាំ​របប​ក្រុងភ្នំពេញ លោក ហ៊ុន សែន បាន​បញ្ជា​ឱ្យ​ដោះលែង​សកម្មជន​នយោបាយ​ទាំងនោះ​វិញ​។ មេធាវី​កាន់​ក្ដី ឱ្យ​សកម្មជន​បក្ស​ប្រឆាំង ធ្លាប់​ប្រាប់​ថា នៅសល់​អ្នក​ទោស​នយោបាយ​ជាង​១០​នាក់ មិន​ទាន់​ទទួល​បាន​ការ​ដោះលែង​នៅ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

One Response to "ភរិយា​សកម្មជន​បក្ស​ប្រឆាំង​ដែល​ជាប់​ឃុំ​នៅ​ព្រៃស​ទាមទារ​ឱ្យ​តុលាការ​ដោះលែង​ស្វាមី"

  1. Anonymous says:

    Wait till this beast regime die ‘