ក្រសួងសុខាភិបាល ព្រមាន​ចាត់​វិធានការ​អ្នក​លេង​ហ្វេសប៊ុក​ដែល​ថា មេរោគ​កូរ៉ូណា​ឆ្លង​ដល់​កម្ពុជា

ដោយ ហេង រស្មី
2020-01-26
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

មន្ត្រី​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង ក្រសួងសុខាភិបាល ដាក់​ម៉ាស៊ីន​ត្រួត​ពិនិត្យ​អ្នក​ដំណើរ​នៅ​វាល​យន្តហោះ និង​ច្រក​ចេញ​ចូល​អន្តរជាតិ។

មន្ត្រី​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង ក្រសួងសុខាភិបាល ដាក់​ម៉ាស៊ីន​ត្រួត​ពិនិត្យ​អ្នក​ដំណើរ​នៅ​វាល​យន្តហោះ និង​ច្រក​ចេញ​ចូល​អន្តរជាតិ។

 រូប៖ ហ្វេសប៊ុក​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​ នៅ​ថ្ងៃ​ទី១៤ ខែ​មករា ឆ្នាំ២០២០


ក្រសួងសុខាភិបាល ព្រមានចាត់វិធានការចំពោះអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកដែល ប្រឌិតព័ត៌មានថា ជំងឺរលាកសួតបង្កឡើងដោយវីរុសកូរ៉ូណា (Corona Virus) មាន​ប្រភព​ពី​ប្រទេស​ចិន​ឆ្លង​ចូល​ដល់​ប្រទេសកម្ពុជា។ សង្គមស៊ីវិល​យល់ថា ក្រសួង​សុខាភិបាល​​គួរ​តែ​យក​ចិត្ត​ទុក​ដាក់​ផ្សព្វផ្សាយ និងទប់ស្កាត់មេរោគឆ្លងប្រភេទ ថ្មីនេះឲ្យមានប្រសិទ្ធភាព ជាពិសេស​រក​វិធីសាស្ត្រ ជួយ​ដល់​និស្សិត​កម្ពុជាដែលកំពុងស្ថិតក្នុងប្រទេស​ចិន។

អ្នកនាំពាក្យក្រសួងសុខាភិបាល និង​ជា​ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង លោក លី សូវ៉ាន់ ប្រកាស​ថា គិតត្រឹមម៉ោង ៤ល្ងាចថ្ងៃ​ទី២៦ ខែ​មករា កម្ពុជា​មិនទាន់​រក​ឃើញ មាន​ករណី​ជំងឺឆ្លង​ប្រភេទ​រលាក​សួត​បង្ក​ដោយ​វីរុស​កូរ៉ូណា (Coronavirus) នៅឡើយ​ទេ​។ លោក​​អះអាង​ថា ​ក្រសួង​រក​ឃើញ​មាន​ករណី​សង្ស័យ​ជា​បន្តបន្ទាប់ ប៉ុន្តែ​ក្រោយ​ពិនិត្យ​និង​វិភាគ​មើល គឺ​លទ្ធផល​សុទ្ធតែ​អវិជ្ជមាន​ទាំងអស់៖ «យើង​នៅ​តែ​ខិតខំ​ប្រឹងប្រែង​បង្ការ និង​ទប់ស្កាត់​ឲ្យ​ទាន់​ពេលវេលា ហើយ​ករណី​សង្ស័យ​យើង​ត្រូវ​តែ ជា​ពិសេស បើ​មាន​ជា​វិជ្ជមាន គឺ​យើង​មាន​មន្ត្រី​របស់​យើង​ទប់​ស្កាត់​ទាន់​ពេល​វេលា។ក្នុង​ឱកាស​នេះ​ដែរ យើង​សូម​អំពាវនាវ​ដល់​ពលរដ្ឋ​ទាំង​អស់ ប្រសិន​បើ​ព័ត៌មាន​មិន​ច្បាស់លាស់​សុំ​កុំ​មាន​ការ​ផុស សូម​តាម​ដាន​ព័ត៌មាន​ពី​ក្រសួង​សុខាភិបាល និង​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល។ ដើម្បី​រាយការណ៍​ករណី​សង្ស័យ សូម​ទាក់ទង​មក​លេខ115»។

ក្រសួងសុខាភិបាល កាលពីព្រឹកថ្ងៃទី២៦​ ខែមករា បានចេញសេចក្តីប្រកាសព័ត៌មាន ដោយព្រមាន ថា នឹង​ចាត់​វិធាន​ការ​តឹងរ៉ឹង​តាម​ផ្លូវ​ច្បាប់​ចំពោះ​ម្ចាស់​គណនី​ហ្វេសប៊ុក​ណាដែល​នៅ​តែ​បន្ត​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​​ថា មេរោគ​កូរ៉ូណា បានឆ្លងចូលដល់កម្ពុជា។ ក្រសួង​ចាត់​ទុក​ថា ការ​ផ្សាយ​ព័ត៌មាន​មិន​ពិត គឺជា «ទង្វើមិនអាចអត់ឱនឲ្យបាន» និងជា «ទង្វើ​ប្រាស​ចាក​សីលធម៌ សច្ចធម៌» ដែលបង្កឲ្យ ប្រជាជនបាត់បង់ជំនឿទៅលើក្រសួងសុខាភិបាល ក្នុង​ការ​ប្រឹងប្រែង​ទប់​ស្កាត់​កុំ​ឲ្យ​កូរ៉ូណា​វីរុស​ចូល​ដល់​កម្ពុជា។

អគ្គលេខាធិការសម្ព័ន្ធសមាគម និង​សហជីព​ផ្ទះសាមគ្គី លោក ទឹម ម៉ាឡៃ មានប្រសាសន៍ថា លោក មិន​គាំទ្រ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​នោះ​ទេ ប៉ុន្តែលោក ស្នើសុំ​ឲ្យ​ក្រសួង​សុខាភិបាល គួរ​តែ​ខិតខំ​ទប់​ស្កាត់​ឲ្យ​មាន​ប្រសិទ្ធិភាព ព្រោះកម្ពុជា មានភ្ញៀវទេសចរណ៍ចិន​ចេញ​ចូល​រាល់​ថ្ងៃ ហើយ​ប្រសិន​បើ​ជំងឺ​ថ្មី​នេះ មាន​វត្តមាន​នៅ​កម្ពុជា គឺ​ពិត​ជា​អាសន្ន​ធំ​ពិបាកទប់ស្កាត់​មិន​ខាន​ឡើយ ។ ទន្ទឹម​គ្នា​នេះ លោក ស្នើសុំ​ឲ្យ​រដ្ឋាភិបាល គួរ​តែ​យក​ចិត្ត​ទុក​ដាក់​ជួយ​ដល់​និស្សិត​កម្ពុជា​ប្រមាណ ២០នាក់ ដែល​កំពុង​ជាប់​នៅ​ក្នុង​ក្រុង​វ៉ូហាន (Wuhan) នៃ​ខេត្ត​ហ៊ូបេ(Hubei) ប្រទេស​ចិន  ដែល​ជា​ទី​កន្លែង​ផ្ទុះ​មេរោគ​ដ៏​កាច​សាហាវ​នេះ៖ «រដ្ឋាភិបាល គួរ​តែ​ផ្ដល់​ឧបទេស និង​សម្ភារៈ​ការពារ​ដល់​ពួក​គាត់​ជា​និស្សិត ដែល​ទទួល​បាន​អាហារូបករណ៍​ទៅ​សិក្សា​ទី​នោះ ដែល​ពួក​គាត់​មិន​មាន​ធនធាន​គ្រប់​គ្រាន់​ក្នុង​ការពារ​ហានិភ័យ ដែល​កើត​មាន​ឡើង​ពី​ជំងឺ​នេះ។ មួយទៀត នៅ​ពេល​មាន​ការ​បង្ហោះ​ថា មាន​ជំងឺ​នេះ សូម​ឲ្យ​រដ្ឋាភិបាល ស្រាវជ្រាវ​រក​សិន ហើយ​បើ​រក​មិន​ឃើញ​មាន​ទេ សូម​ឲ្យ រដ្ឋាភិបាល​បក​ស្រាយ​មក»

ជំងឺ​រលាក​សួត​ដែល​បង្ក​ដោយ​វីរុស​កូរ៉ូណា​ថ្មី​នេះ បាន​ផ្ទុះឡើង​នៅ​ខេត្ត ហ៊ូបេ (Hubei) ប្រទេស​ចិន ចាប់​តាំង​ពី​ដើម​ខែ​មករា។ អាជ្ញាធរ​ចិន បាន​ចេញ​បម្រាម​បិទ​ទីក្រុង និង​ខេត្ត​នេះ​ទាំង​មូល ដោយ​​មិន​អនុញ្ញាត​ឲ្យ​ធ្វើ​ដំណើរ​ចេញ​ចូល​ដោយ​សេរី​ទៀត​ឡើយ។

មានក្រុមនិស្សិតកម្ពុជាប្រមាណ ២០នាក់ ដែលកំពុងសិក្សានៅក្នុងខេត្តខេត្តហ៊ូបេ (Hubei) ប្រទេស​ចិននោះ ហើយពួកគេ ព្រួយបារម្ភយ៉ាងខ្លាំងអំពីសុវត្ថិភាពដោយសារតែ​ការចម្លងយ៉ាងលឿន​នៃវីរុស កូរ៉ូណាថ្មីនេះ និងបានអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជា សហការជាមួយរដ្ឋាភិបាលចិន ដើម្បីជម្លៀស ពួកគេចេញពីទីនោះទៅរកកន្លែងមានសុវត្ថិភាព។ ពួក​គេ​ប្រាប់​បណ្តាញ​សារ​ព័ត៌មាន​នៅ​កម្ពុជា​ថា ស្ថានភាពទីនោះស្ងាត់ជ្រងំ ម្នាក់ៗ រស់នៅតែក្នុងបន្ទប់ ហើយហាងនានាត្រូវបានបិទទ្វា ខ្វះម្ហូបអាហារ និងខ្វះម៉ាស់ការពារជាដើម។

ឆ្លើយតបនឹងករណីនេះ ប្រធាននាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង លោក លី សូវ៉ាន់ ថ្លែងថា ក្រសួង សុខាភិបាល និងរដ្ឋាភិបាល មិនទាន់​មាន​វិធានការ​ជម្លៀស​និស្សិតខ្មែរ​ចេញ​ពី​ទី​នោះ​នៅ​ឡើយ ប៉ុន្តែ ក្រសួង បាន​ទំនាក់ទំនង និង​បាន​ផ្ញើសារ​អប់រំ​អំពី​របៀប​ថែ​រក្សា​សុខភាព​ជូន​ពួក​គាត់​រួច​ហើយ។ អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល​រូប​នេះ អំពាវនាវ​ឲ្យ​និស្សិត​កម្ពុជា​ទាំង​នោះ មាន​ការ​អត់ធ្មត់ និង​ថែ​រក្សា​សុខភាព​ដោយ​ខ្លួនឯង៖ «សូម​បង​ប្អូន​ទ្រាំ​បន្តិច​ទៅ ដោយសារ​តែ​ជំងឺ​នេះ​ជា​ជំងឺ​មួយ ដែល​យើង​មិន​ដឹង​ថា ការ​ចម្លង​យ៉ាង​ម៉េច​ដែរ គួរ​តែ​គាត់​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ខ្មែរ ធ្វើ​យ៉ាង​ម៉េច ហាម​កុំ​ឲ្យ​ជំងឺ​នេះ​ឆ្លង​មក​ប្រទេស​យើង។ សូម​ឲ្យ​គាត់​មាន​ការ​អត់ធ្មត់ ហើយ​យើង​ខិតខំ​ធ្វើ​យ៉ាង​ម៉េច​ផ្ញើ​សារ​អប់រំ​ជូន​ដល់​ពួក​គាត់​អស់​ហើយ និង​បាន​លេខ​ទូរស័ព្ទ​ទាក់ទង​ទៅ​ពួក​គាត់»

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​បង្ហោះ​សារ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក ដោយ​​អំពាវ​នាវ​ឱ្យ​ពលរដ្ឋ និង​និស្សិត​ខ្មែរ​នៅ​ប្រទេស​ចិន ថែ​រក្សា​សុខភាព និង​ទំនាក់ទំនង​ជាមួយ​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ចិន​​ក្នុង​ករណី​មាន​អ្វី​កើត​ឡើង។

គិត​ត្រឹម​ថ្ងៃ​ទី​២៦ ខែ​មករា ចំនួន​មនុស្ស​ស្លាប់ កើន​ដល់​ ៥៦នាក់ហើយ និង​ជាង ២ពាន់​នាក់ បាន​​ធ្លាក់ខ្លួន​ឈឺ​បណ្ដាលមកពី​វីរុស​កូរ៉ូណា។ ករណី​វីរុស​ថ្មី​នេះ កំពុង​រីក​រាលដាល​ដល់​ប្រទេស​ជា​ច្រើន​​ក្នុង​ពិភព លោក ​រួមមាន កោះ​តៃវ៉ាន់ ថៃ វៀតណាម សិង្ហបុរី ម៉ាឡេស៊ី ជប៉ុន នេប៉ាល់ កូរ៉េខាងត្បូង បារាំង អូស្ត្រាលី កាណាដា អារ៉ាប់ប៊ី​សាអូឌីត និង​សហរដ្ឋអាមេរិក។ ប៉ុន្តែ​បច្ចុប្បន្ន​ករណី​ស្លាប់ មាន​តែ​នៅ​ប្រទេស​ចិន​ប៉ុណ្ណោះ។ ប្រទេស​មួយ​ចំនួន ដូចជា អាមេរិក កំពុង​រៀបចំ​ជម្លៀស​ប្រជាជន​របស់​ខ្លួន ចេញ​ពី​ទីក្រុង​វ៉ូហាន (Wuhan) ជា​ទី​កន្លែង​ផ្ទុះ​មេរោគ​ថ្មី​នេះ។

ក្រសួង​សុខាភិបាល​កម្ពុជា​អំពាវនាវ​ដល់​​ប្រជាពលរដ្ឋ​គ្រប់រូប​​ឱ្យ​លាងដៃ​ជាមួយ​សាប៊ូ ឬ​ជាតិ​អាកុល​ឱ្យ​បាន​ញឹកញាប់ ខ្ទប់​មាត់​និង​ច្រមុះ នៅ​ពេល​ក្អក​និង​ផ្ដាសាយ ហើយ​ចោល​ក្រដាស​ទាំងនោះ​ក្នុង​ធុង​សំរាម​ភ្លាមៗ​។ ក្រសួង​ណែនាំ​ឱ្យ​​ជៀសវាង​ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នក​ដែល​មាន​គ្រុនក្ដៅ និង​ក្អក ហើយ​បើ​ក្នុង​ករណី​មាន​អាការៈ​គ្រុនក្ដៅ ក្អក និង​ពិបាក​ដកដង្ហើម ​ត្រូវ​រួសរាន់​រក​ការ​ព្យាបាល​នៅ​តាម​មន្ទីរពេទ្យ​ដែល​នៅ​ជិត​។ ចំណុច​មួយទៀត ក្រសួង​ហាម​ប៉ះពាល់​សត្វ​រស់ បើ​មិន​ចាំបាច់​ ហើយ​ចម្អិន​ម្ហូប​អាហារ​ឲ្យ​មាន​អនាម័យ និង​ឆ្អិន​ល្អ និង​ហាម​បរិភោគ​សត្វ ឬ​ស៊ុត​ដែល​នៅ​ឆៅ។

និស្សិត​ខ្មែរ​​ខ្លះ​មិន​ទាន់​​ហ៊ាន​ត្រឡប់​ទៅ​បន្ត​ការ​សិក្សា​នៅ​ប្រទេស​ចិន​វិញ ខណៈ​វីរុស​កូរ៉ូណា (Coronavirus) កំពុង​ឆ្លង​រាតត្បាត​ខ្លាំង

និស្សិត​ខ្មែរ​មួយ​ចំនួន​មិន​ទាន់​ហ៊ាន​ត្រឡប់​ទៅ​បន្ត​ការ​សិក្សា​នៅ​ប្រទេស​ចិន​វិញ​នៅ​ឡើយ​ទេ ខណៈ​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី កំពុង​ឆ្លង​តែ​រាតត្បាត​នៅ​ក្នុង​ប្រទេស​ចិន និង​ប្រទេស​មួយ​ចំនួន​ទៀត​នៅ​ជុំវិញ​ពិភព​លោក។

និស្សិត​ផ្នែក​វិស្វកម្ម​ហិរញ្ញវត្ថុ​ឆ្នាំ​ទី២ លោក អ៊ុក អរ៉ៃ ឲ្យ​អាស៊ី​សេរី​ដឹង​កាល​ពី​យប់​ថ្ងៃ​ទី២៦ មករា​ថា លោក និង​និស្សិត​ខ្មែរប្រមាណ ១០០នាក់ផ្សេងទៀត នៅ​រង់ចាំ​ការ​ជូន​ដំណឹង​ពី​គណៈ​គ្រប់គ្រង​សាលា​នៅ​ប្រទេស​ចិន អំពី​គម្រោង​វិល​ត្រឡប់​ទៅ​បន្ត​ការ​សិក្សា​វិញ ក្រោយ​ពី​បាន​មក​លេង​ស្រុក​កំណើត​កាល​ពី​ដើម​ខែ​មករា ឆ្នាំ២០២០ នេះ ពី​ព្រោះ​ថា មេរោគ​កូរ៉ូណា​វីរូស (Coronavirus) កំពុង​តែ​ឆ្លង​រីក​រាល​ដាល​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ​នៅ​លើ​ពិភព​លោក​នេះ ពិសេស​នៅ​ប្រទេស​ចិន​តែ​ម្ដង។ ពួក​លោក​ថា មិន​ទាន់​ហ៊ាន​វិល​ត្រឡប់​ទៅ​ប្រទេស​ចិន​វិញ​ទេ។ លោក​បញ្ជាក់​ថា សម្រាប់​​និស្សិត​ខ្មែរ ដែល​មិន​ទាន់​បាន​ត្រឡប់​មក​ស្រុក​កំណើត​វិញ​នោះ អាជ្ញាធរ​ចិន​មិន​អនុញ្ញាត​ឲ្យ​ចេញ​ក្រៅ​បរិវេណ​សាលា​ទេ ដោយ​សារ​ខ្លាច​ឆ្លង​មេរោគ​កូរ៉ូណា​វីរុស​នេះ៖ «ឥឡូវ​នេះ មាន​ឆ្លង​ដល់​តំបន់​សាលា​ខ្ញុំ​ហើយ គឺ​ឆ្លង​បី​នាក់​ហើយ ចំពោះ​ការ​វិល​ត្រឡប់ទៅវិញ បើ​សិន​ជា​អាជ្ញាធរ​ចិន​ទប់​ស្កាត់​បាន យើង​ខ្ញុំ​នឹង​នៅ​ទៅ​បន្ត​ការ​សិក្សា​វិញ តែ​បើ​សិន​ជា​ទប់​ស្កាត់​មិន​បាន​ទេ យើង​ខ្ញុំ​នឹង​ធ្វើ​ការ​សម្រេច​ចិត្ត​នៅ​ពេល​ក្រោយ​ទៀត»

លោក អ៊ុក អរ៉ៃ ក៏សម្ដែង​ការ​ព្រួយ​បារម្ភ​ពី​មេរោគ​ថ្មី​នេះ ឆ្លង​រាល​ដាល​ដល់​កម្ពុជា​ដែរ នៅ​ក្រោយ​ពី​ចូល​ឆ្នាំ​ប្រពៃណី​ចិន ពីព្រោះ​ថា ជន​ជាតិ​ចិន​នឹង​ធ្វើ​ដំណើរ​មក​កម្ពុជា​វិញ ក្រោយ​ពិធី​ចូល​ឆ្នាំ​ថ្មី​នេះ​បាន​បញ្ចប់ ពិសេស​នៅ​ខែត្រ​ព្រះសីហនុ ដែល​ជា​តំបន់​មាន​ជន​ជាតិ​ចិន​ចូល​មក​វិនិយោគ​ច្រើន​ជាង​គេ។ លោក​អំពាវនាវ​ឲ្យ​អាជ្ញាធរ និង​ប្រជាពលរដ្ឋ​ប្រុង​ប្រយ័ត្ន និង​ជួយ​ទប់​ស្កាត់ ការពារ​កុំ​ឲ្យ​ឆ្លង​មេរោគ​កូរ៉ូណា​វីរូស​នេះ។

តាម​គ្រោង លោក អ៊ុក រ៉ៃ និង​និស្សិត​ផ្សេង​ទៀត ប្រមាណ ១០០នាក់ ដែល​សិក្សា​នៅ​សាលា​ជាមួយ​លោក​នៅ​ខែត្រ​ស៊ីជាំង (Zhejiang) នឹង​ចាប់​ផ្ដើម​ចូល​វិស្សមកាល​វិញ នៅ​ចុង​ខែ​កុម្ភៈ ឆ្នាំ២០២០ នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles