ក្រសួង​ការ​បរទេស​កម្ពុជា​ គ្មាន​វិធានការ​ជម្លៀស​និស្សិត​ខ្មែរ​​ពី​ប្រទេស​ចិន​ទេ

ដោយ ទីន ហ្សាការីយ៉ា
2020-01-27
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

មន្ត្រី​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​កម្ពុជា លោក កុយ គួង ផ្ដល់​បទ​សម្ភាសន៍​ដល់​អ្នក​កាសែត នៅ​ក្រសួង​ការបរទេស​កម្ពុជា បន្ទាប់​ពី​ជំនួប​រវាង​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា លោក ហោ ណាំហុង ជាមួយ​ឯកអគ្គរាជទូត​ថៃ ប្រចាំ​កម្ពុជា នៅ​ថ្ងៃ​ទី​១៥ ខែ​មីនា ឆ្នាំ​២០១១។

មន្ត្រី​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​កម្ពុជា លោក កុយ គួង ផ្ដល់​បទ​សម្ភាសន៍​ដល់​អ្នក​កាសែត នៅ​ក្រសួង​ការបរទេស​កម្ពុជា បន្ទាប់​ពី​ជំនួប​រវាង​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា លោក ហោ ណាំហុង ជាមួយ​ឯកអគ្គរាជទូត​ថៃ ប្រចាំ​កម្ពុជា នៅ​ថ្ងៃ​ទី​១៥ ខែ​មីនា ឆ្នាំ​២០១១។ Photo: RFA


ក្រសួង​ការបរទេសបញ្ជាក់ថា អាជ្ញាធរ​កម្ពុជា​គ្មាន​វិធានការ​ជម្លៀស​ពលរដ្ឋ និង​និស្សិត​ខ្មែរ ដែល​កំពុង​ជាប់​នៅ​ក្នុង​ខេត្ត​ហ៊ូបេ (Hubei)ប្រទេស​ចិន  ដែល​ជា​ទី​កន្លែង​ផ្ទុះ​ជំងឺ​រលាក​សួត បង្ក​ឡើង​ដោយ​មេរោគ​កូរ៉ូណា (Coronavirus) ​ដ៏​កាច​សាហាវ​នោះ​ឡើយ។ សង្គម​ស៊ីវិល យល់​ថា រដ្ឋាភិបាល គួរ​តែ​គិតគូរ​ជម្លៀស​ប្រជាជន និង​និស្សិត​ខ្មែរ​ចេញ​ពី​កន្លែង​ប្រឈម​ការ​ឆ្លង​មេរោគ​ថ្មី​នេះ ព្រោះ​នេះ​ជា​រឿង អាយុ​ជីវិត។

អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា លោក​ លោក កុយ គួង មានប្រសាសន៍ថា ក្រសួង​បាន​ណែនាំ​ទៅ​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ចិន និង​ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំ​ខេត្ត​ឆុងឈីង ដែល​នៅ​ជិត​នឹង​ខេត្ត​ហ៊ូបេ ដើម្បី​សហការ​ជា​ប្រចាំ​ជាមួយ​អាជ្ញាធរ​ចិន និង​សាលារៀន ក្នុង​ការ​ជួយ​សហការ​ថែ​ទាំ និងផ្គត់ផ្គង់ចំណីអាហារដល់និស្សិតកម្ពុជាចំនួន២៣នាក់ ដែល​កំពុង​ជាប់​នៅ​ទី​នោះ។ លោក​អះអាង​ថា មក​ទល់​ពេល​នេះ ស្ថានភាព​សុខភាព​របស់​ពលរដ្ឋ និង​និស្សិត​ខ្មែរ​នៅ​ប្រទេស​ចិន គឺ​ល្អ​ធម្មតា​ទេ។ អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា​រូប​នេះ ឲ្យ​ដឹង​ដែរ​ថា ទោះ​បី​ជា​ប្រទេស​មួយ​ចំនួន កំពុង​រៀបចំ​ជម្លៀស​ប្រជាជន​របស់​គេ​ចេញ​ពី​ខេត្ត ដែល​ផ្ទុះ​ជំងឺ​កាច​សាហាវ​នោះ​ក្តី ក៏​កម្ពុជា មិន​មាន​ផែនការ​ជម្លៀស​ប្រជាពលរដ្ឋ និង​និស្សិត​ខ្មែរ​នោះ​ទេ ដោយ​ជឿ​ជាក់​ទៅ​លើ​សមត្ថភាព​របស់​អាជ្ញាធរ​ចិន និង​យល់​ថា ស្ថានភាព​នៅ​ទី​នោះ មិន​ទាន់​ធ្ងន់ធ្ងរ​ដល់​កម្រិត​ព្រួយ​បារម្ភ​ខ្លាំង៖ «យើង​អត់​មាន​គម្រោង​អី​ទេ ព្រោះ​យើង​ជឿ​ជាក់​ទៅ​លើ​សមត្ថកិច្ច និង​សមត្ថភាព​របស់​អាជ្ញាធរ​ចិន ព្រោះ​គេ​មាន​គម្រោង​បង្កើត​កន្លែង​ពិសេស​ពិនិត្យ និង​ព្យាបាល​ហើយ ប្រសិន​បើ​មាន​ករណី​នេះ​កើត​ឡើង។ អ្វី​ដែល​ចំពោះ​មុខ​គឺ សហការ​ធ្វើ​ម៉េច​ឲ្យ​ពលរដ្ឋ​យើង​នៅ​ទី​នោះ ស្ថិត​នៅ​កន្លែង​មាន​សុវត្ថិភាព ហើយ​ទទួលទាន​អាហារ​បាន​គ្រប់គ្រាន់»

ជំងឺ​រលាក​សួត​ដែល​បង្ក​ដោយ​វីរុស​កូរ៉ូណា​ថ្មី​នេះ បាន​ផ្ទុះឡើង​នៅ​ខេត្ត ហ៊ូបេ (Hubei) ប្រទេស​ចិន ចាប់​តាំង​ពី​ដើម​ខែ​មករា។ គិត​ត្រឹម​ថ្ងៃ​ទី២៧ ខែ​មករា ចំនួន​មនុស្ស​ស្លាប់​នៅ​ប្រទេស​ចិន កើន​ដល់​៨១នាក់ហើយ និង​ជិត ៣ពាន់​នាក់ បាន​​ឆ្លង​វីរុស​កូរ៉ូណា​ថ្មី​នេះ។ ករណី​វីរុស​ថ្មី​នេះ កំពុង​រីក​រាលដាល​ដល់​ប្រទេស​ជា​ច្រើន​ក្នុង​ពិភព​លោក ហើយ ប្រទេស​មួយ​ចំនួន ដូច​ជា អាមេរិក ជប៉ុន និង​ប្រទេស​ថៃ ជាដើម​កំពុង​រៀបចំ​ជម្លៀស​ប្រជាជន​របស់​ខ្លួន ចេញ​ពី​ទីក្រុង​វ៉ូហាន (Wuhan) ជា​ទី​កន្លែង​ផ្ទុះ​មេរោគ ថ្មី​នេះ។

ក្រុម​និស្សិត​កម្ពុជា​ដែល​កំពុង​សិក្សា​នៅ​ក្នុង​ខេត្ត ហ៊ូបេ (Hubei) ប្រទេស​ចិន កាល​ពី​​ពេល​​ថ្មីៗ នេះ បាន​បង្ហាញ​​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​អំពី​សុវត្ថិភាព​ដោយ​សារ​តែ​ការ​ចម្លង​យ៉ាង​លឿន​នៃ​វីរុស កូរ៉ូណា​ថ្មី​នេះ និង​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា សហការ​ជា​មួយ​រដ្ឋាភិបាល​ចិន ដើម្បី​ជម្លៀស ពួក​គេ​ចេញ​ពី​ទី​នោះ​ទៅ​រក​កន្លែង​មាន​សុវត្ថិភាព។ ពួក​គេ​ប្រាប់​បណ្ដាញ​សារ​ព័ត៌មាន​នៅ​កម្ពុជា ថា ស្ថានភាព​នៅ​ទីនោះ​ស្ងាត់​ជ្រងំ ម្នាក់ៗ រស់​នៅ​តែ​ក្នុង​បន្ទប់ ហើយ​ហាង​នានា ត្រូវ​បាន​បិទ​ទ្វារ ខ្វះ​ម្ហូប​អាហារ និង​ខ្វះ​ម៉ាស់​ការពារ​ជាដើម។

នាយក​ប្រតិបត្តិ​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា លោក សន ជ័យ ថ្លែង​ថា រដ្ឋាភិបាល គួរ​តែ​រក​មធ្យោបាយ​ជម្លៀស​ពលរដ្ឋ និង​និស្សិត​ខ្មែរ​ចេញ​ពី​ទឹក​ដី ដែល​កំពុង​ប្រឈម​ការ​ឆ្លង​មេ​រោគ ថ្មី​នេះ ដោយ​មិន​អាច​ធ្វេស​ប្រហែល​បាន​ទេ ព្រោះ​ជា​ករណី​ប៉ះ​ពាល់​ដល់​អាយុ​ជីវិត។ លោក​បន្ត​ថា ក្នុង​ករណី​មាន​បញ្ហា​ដល់​ពលរដ្ឋ ឬ​និស្សិត​ខ្មែរ​នៅ​ប្រទេស​ចិន គឺ​រដ្ឋាភិបាល នឹង ប្រឈម​ការ​ស្ដី​បន្ទោស និង​មាន​ចំណែក​ទទួល​ខុស​ត្រូវ ព្រោះ​រដ្ឋាភិបាល​មាន​កាតព្វកិច្ច​ការពារ​ពលរដ្ឋ​របស់​ខ្លួន​គ្រប់​ទី​កន្លែង៖ «មិន​ជម្លៀស ដោយ​ហេតុផល​ថា ជឿ​ជាក់​ទៅ​លើ​ប្រសិទ្ធភាព ការងារ របស់ អាជ្ញាធរ​ចិន​ទេ ព្រោះ​អី​រដ្ឋាភិបាល​ចិន បាន​ធ្វេស​ប្រហែស​បណ្តាល​ឲ្យ​ប្រជាពលរដ្ឋ​របស់​ខ្លួន ឆ្លង​មេរោគ​នេះ​កាន់​តែ​ច្រើន​ឡើង​ហើយ​រហូត​ដល់​មាន​អ្នក​ស្លាប់​ទៀត។ រូបភាព​បែប​នេះ​ហើយ រដ្ឋាភិបាល​​ត្រូវ​​យក​ចិត្ត​ទុក​ដាក់​សុខ​ទុក្ខ​ពលរដ្ឋ ជា​ពិសេស និស្សិត​របស់​កម្ពុជា ដែល​ទៅ​រៀន​នៅ​ទី​នោះ​គឺ ជា​រឿង​មួយ​ចាំបាច់»

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ជំនាញ​ពាក់ព័ន្ធ ត្រូវ​ប្រុង​ប្រយ័ត្ន​ចំពោះ​ជន​ជាតិ​ចិន និង​អ្នក​ដំណើរ ដែល​មាន​ប្រវត្តិ​ឆ្លង​កាត់​ប្រទេស​ចិន និង​ត្រូវ​ត្រៀម​លក្ខណៈ​ឲ្យ​បាន​គ្រប់គ្រាន់ ដើម្បី​បង្ការ និង​ទប់​ស្កាត់​ករណី​មាន​នាំ​ចូល​នូវ​មេរោគ​ថ្មី​នេះ​ដែរ។

ដើម្បី​ទប់​ស្កាត់​បង្ការ​នូវ​មេរោគ​កូរ៉ូណា​នេះ ក្រសួង​សុខាភិបាល​កម្ពុជា​ បាន​ដាក់​ម៉ាស៊ីន​ស្កែន​កម្ដៅ​នៅ​តាម​ច្រក​អន្តរជាតិ​ផ្លូវគោក ៣​កន្លែង រួមមាន ​ប៉ោយប៉ែត បាវិត និង​ព្រែក​ចាក ហើយ​ដាក់​ម៉ាស៊ីន​ស្ទង់​កម្ដៅ​នៅ​តាម​អាកាសយានដ្ឋាន​អន្តរជាតិ​ទាំង​៣​កន្លែង​ផង​ដែរ គឺ​នៅ​ភ្នំពេញ សៀមរាប និង​ក្រុង​ព្រះសីហនុ។

ជា​មួយ​គ្នា​នេះ ក្រសួងសុខាភិបាល អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​គ្រប់រូប​លាងដៃ​ជាមួយ​សាប៊ូ ឬ​ជាតិ​អាកុល​ឱ្យ​បាន​ញឹកញាប់ ខ្ទប់​មាត់​និង​ច្រមុះ នៅ​ពេល​ក្អក​និង​ផ្ដាសាយ ហើយ​ចោល​ក្រដាស​ទាំងនោះ​ក្នុង​ធុង​សំរាម​ភ្លាមៗ​។ ក្រសួង​ណែនាំ​ឱ្យ​​ចៀសវាង​ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នក​ដែល​មាន​គ្រុនក្ដៅ និង​ក្អក ហើយ​បើ​ក្នុង​ករណី​មាន​អាការៈ​គ្រុនក្ដៅ ក្អក និង​ពិបាក​ដកដង្ហើម ​ត្រូវ​រួសរាន់​រក​ការ​ព្យាបាល​នៅ​តាម​មន្ទីរពេទ្យ​ដែល​នៅ​ជិត​។ ចំណុច​មួយទៀត ក្រសួង​ហាម​ប៉ះពាល់​សត្វ​រស់ បើ​មិន​ចាំបាច់​ ហើយ​ចម្អិន​ម្ហូប​អាហារ​ឲ្យ​មាន​អនាម័យ និង​ឆ្អិន​ល្អ និង​ហាម​បរិភោគ​សត្វ ឬ​ស៊ុត​ដែល​នៅ​ឆៅ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

One Response to "ក្រសួង​ការ​បរទេស​កម្ពុជា​ គ្មាន​វិធានការ​ជម្លៀស​និស្សិត​ខ្មែរ​​ពី​ប្រទេស​ចិន​ទេ"

  1. លី says:

    សក់អ្នកណាក្បាលអ្នកនឹង