រដ្ឋមន្ត្រី​ក្រសួងការពារ​ជាតិ​ធ្វើ​ទស្សនកិច្ច​រយៈពេល​៦​ថ្ងៃ​នៅ​តួកគី ដើម្បី​បង្កើន​ទំនាក់ទំនង​យោធា

សង្គម


លោក ហ៊ុន សិរីវឌ្ឍន៍
២៧ មករា ២០២០ | ម៉ោង ១:៥៩ ល្ងាច
https://vodkhmer.news

ល្ងាច​ថ្ងៃ​ទី​២៦ ខែមករា​ ឆ្នាំ២០២០ លោក ទៀ បាញ់ បានដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់ ក្រសួងការពារជាតិ ទៅបំពេញទស្សនកិច្ចផ្លូវការរយៈពេល៦ថ្ងៃ​ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣១ ខែមករា​ ឆ្នាំ២០២០ នៅសាធារណរដ្ឋតួកគី តបតាមការអញ្ជើញរបស់លោក ហ៊ូលូសុី​ អាការ៍​(Hulusi AKAR) រដ្ឋមន្ត្រី ក្រសួងការពារជាតិ​ នៃសាធារណរដ្ឋតួកគី។ (General TEA Banh)

ល្ងាច​ថ្ងៃ​ទី​២៦ ខែមករា​ ឆ្នាំ២០២០ លោក ទៀ បាញ់ បានដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់ ក្រសួងការពារជាតិ ទៅបំពេញទស្សនកិច្ចផ្លូវការរយៈពេល៦ថ្ងៃ​ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣១ ខែមករា​ ឆ្នាំ២០២០ នៅសាធារណរដ្ឋតួកគី តបតាមការអញ្ជើញរបស់លោក ហ៊ូលូសុី​ អាការ៍​(Hulusi AKAR) រដ្ឋមន្ត្រី ក្រសួងការពារជាតិ​ នៃសាធារណរដ្ឋតួកគី។ (General TEA Banh)


រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​កម្ពុជា​ លោក ទៀ បាញ់ ធ្វើ​ទស្សនកិច្ច​រយៈពេល​៦​ថ្ងៃ​នៅ​ប្រទេសតួកគី ដើម្បី​បង្កើន​កិច្ច​សហប្រតិបត្តិការរវាង​ក្រសួង​ការពារជាតិប្រទេស​ទាំង​ពីរ។

យោង​តាម​ទំព័រហ្វេសបុក​ផ្លូវ​ការ​របស់​រដ្ឋមន្ត្រី​ការពារ​ជាតិ​​ លោក ទៀ បាញ់ ឱ្យ​ដឹង​ថា ​លោក​បាន​ដឹក​នាំ​គណៈប្រតិភូយោធាជាន់ខ្ពស់ក្រសួងការពារជាតិ ទៅបំពេញទស្សនកិច្ចផ្លូវការរយៈពេល៦ថ្ងៃ​ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣១ ខែមករា​ ឆ្នាំ២០២០ នៅសាធារណរដ្ឋតួកគី តបតាមការអញ្ជើញរបស់រដ្ឋមន្ត្រី​ការពារជាតិ​តួកគី លោក ហ៊ូលូស៊ី​ អាការ៍ ​(Hulusi AKAR)។

អ្នក​នាំពាក្យ​រង​ក្រសួង​ការពារជាតិ​ លោក អ៊ុន សុវណ្ណ ប្រាប់​ VOD ថា ប្រតិភូ​អម​លោក​ ទៀ បាញ់​ ទៅ​តួកគី​នេះ​គឺ​មាន​ចំនួន​១៩នាក់ដែល​សុទ្ធ​តែ​ជា​មន្ត្រីយោធា​ជាន់​ខ្ពស់​របស់​ក្រសួង ដើម្បី​ពិភាក្សា​ការងារលើ​ការ​បង្កើន​កិច្ច​សហប្រតិបត្តិការ​យោធា​រវាង​ប្រទេស​ទាំង​ពីរ។ ទោះ​ជា​យ៉ាង​ណា ​លោកមិន​ទាន់​អាច​បញ្ជាក់​បាន​ទេថា ​នឹង​មាន​កិច្ច​ព្រមព្រៀង​ណា​ខ្លះ​ដែល​នឹង​ចេញ​នៅ​ពេល​បញ្ចប់​ទស្សនកិច្ច​នេះ​នៅ​ឡើយ​ទេ។

លោក អ៊ុន សុវណ្ណ៖ «ចំពោះ​រឿង​នេះ (កិច្ច​ព្រមព្រៀង)​ ខ្ញុំ​មិនបាន​ទទួល​ព័ត៌មាន​អី​ដែរ ដូច្នេះ​ ខ្ញុំ​មិន​ហ៊ាន​អធិប្បាយ​អីបន្ថែម​ទេ»។ ​

ក្រោយ​ពី​សម្រេច​បិទ​សាលា​ហ្សាម៉ាន់តាម​រយៈ​ការ​ស្នើ​សុំ​របស់​តួកគី និង​បើក​ស្ថាន​ទូតខ្លួន​នៅ​ទីក្រុង​អង់ការ៉ា​ ក្នុង​ឆ្នាំ​២០១៨ ទំនាក់ទំនង​ប្រទេស​កម្ពុជា​ និង​តួកគី​ ឃើញ​ថា ​មាន​ទំនាក់ទំនង​កាន់​តែ​ខ្លាំង​ក្លា​ឡើង តាម​រយៈ​ការ​ធ្វើ​ទស្សនកិច្ច​របស់​ប្រមុខ​រដ្ឋាភិបាល និង​មន្ត្រី​ជាន់​ខ្ពស់​នៃ​កម្ពុជា​ទៅ​ប្រទេស​នេះ​។

​អ្នកជំនាញគោលនយោបាយ និងជាសាស្ត្រាចារ្យផ្នែកការទូត និងកិច្ចការ​ពិភពលោក​នៃមហាវិទ្យាល័យ Occidental នៅសហរដ្ឋអាមេរិក លោក អៀ សុផល ឱ្យ​VODដឹង​ថា ទំនាក់ទំនង​កម្ពុជា និង​តួកគី​ បាន​​បង្កើត​​ឡើង​ ដោយ​សារ​តែ​ប្រទេស​ទាំង​ពីរ​មាន​ចំណុច​រួម​ដូច​ជា​ ការ​រំលោភ​សិទ្ធ​មនុស្ស ភាព​ផ្ដាច់ការ និង​បំផ្លាញប្រជាធិតេយ្យ​។

លោកសរសេរ​ថា៖ «មនុស្ស​ដូចគ្នា​តែង​រត់​រក​គ្នា​។ ការ​រិះគន់​ពី​ពិភព​លោក​បាន​ជម្រុញ​ឱ្យ​ពួកគេ​កាន់​តែដើរ​ជា​មួយ​គ្នា។ មីយ៉ាន់ម៉ា​​ ក៏​បាន​ដើរ​ផ្លូវ​ជា​មួយ​កម្ពុជា​ដែរ។ វា​គឺ​ជា​សម្ព័ន្ធ​មិត្តរបស់​ពួក​ផ្ដាច់​ការ នៅ​ពេល​ដែល​ប្រទេស​ដែល​រវល់​ក្នុង​ការ​បំពាន​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​ នៅ​ជា​មួយ​គ្នា​នោះ​»។  

ទំនាក់​ទំនង​កម្ពុជា-តួកគី ធ្លាប់ឈាន​ដល់​ចំណុច​ចម្រូង​ចម្រាសមួយ​រយៈ បន្ទាប់​ពី​រដ្ឋាភិបាល​តួកគី​បាន​ទាមទារ​មក​រដ្ឋាភិបាល​កម្ពុជា ឱ្យបិទ​សាលារៀន​ហ្សាម៉ាន់ ដោយ​​ថា សាលា​នេះ​មាន​ជាប់​ពាក់​ព័ន្ធនឹង​​ផែនការ​ធ្វើ​រដ្ឋ​ប្រហារ​យោធា​ដ៏​បង្ហូរ​ឈាម​កាល​ពី​ឆ្នាំ​២០១៦ ប៉ុន្តែ កម្ពុជាបដិសេធ។

ទោះ​ជា​យ៉ាង​ណា ​ស្ថានភាពនេះ ​បាន​ប្រែ​ប្រួល​វិញ​ក្រោយ​កម្ពុជា​រំលាយ​បក្សប្រឆាំង​ចោល​នៅ​ចុង​ឆ្នាំ​២០១៧ និង​ការ​បោះឆ្នោត​ដោយ​ចម្រូង​ចម្រាស​នៅឆ្នាំ​២០១៨ ក្រៅ​ពីកម្ពុជា​យល់​ព្រម​​​បិទ​សាលា​ហ្សាម៉ានហើយ​នោះ នៅ​ខែ​តុលា​ឆ្នាំ​២០១៩ ពីរ​ខែ​ក្រោយរដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ លោក ស ខេង ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​នេះ កម្ពុជា​ក៏​ចាប់​បញ្ជូន​នាយកសាលាហ្សាម៉ាន់ ​គឺ​លោក អូស្មាន់ ការាខា ទៅ​ឱ្យ​​តួកគីផង​ដែរ៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles