សហគមន៍​ខេត្ត​មណ្ឌលគិរី​ប្ដឹង​អាជ្ញាធរ​ទៅ​តុលាការ​ពាក់ព័ន្ធ​រឿង​ធ្វើ​ប្លង់​រឹង​លើ​ដី​ព្រៃ​ស្រោង​របស់​រដ្ឋ

ដោយ ទីន ហ្សាការីយ៉ា
2020-01-26
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​ព្នង​មក​ដាក់​ពាក្យ​ប្ដឹង​​អាជ្ញាធរឃុំ​ប៊ូស្រា ១រូប និង​អភិបាល​រង​ខេត្ត​​ម្នាក់​ ទៅ​​តុលាការ​ខេត្ត​មណ្ឌលគិរី កាល​ពី​ថ្ងៃ​ទី២២ ខែ​មករា ឆ្នាំ២០២០ រឿង​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី ក្នុង​តំបន់​ព្រៃ​ស្រោង​។

សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​ព្នង​មក​ដាក់​ពាក្យ​ប្ដឹង​​អាជ្ញាធរឃុំ​ប៊ូស្រា ១រូប និង​អភិបាល​រង​ខេត្ត​​ម្នាក់​ ទៅ​​តុលាការ​ខេត្ត​មណ្ឌលគិរី កាល​ពី​ថ្ងៃ​ទី២២ ខែ​មករា ឆ្នាំ២០២០ រឿង​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី ក្នុង​តំបន់​ព្រៃ​ស្រោង​។

 រូប៖ សហគមន៍


ប្រជា​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​ព្នង​ខេត្ត​មណ្ឌលគិរី ៦នាក់ រួម​ទាំង​មន្ត្រី​សង្គម​ស៊ីវិល​ម្នាក់​ទៀត បានប្តឹងបរិហារអាជ្ញាធរឃុំ១រូប និង​អភិបាល​រង​ខេត្ត​មណ្ឌលគិរី​ម្នាក់​ទៀត ទៅ​តុលាការ​ខេត្ត​នេះ ពី​បទ​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ដី​ធ្លី​ក្នុង​តំបន់​ព្រៃ​ស្រោង​ដោយ​ខុស​ច្បាប់។ សហគមន៍​ស្នើ​ឲ្យ​តុលាការ ​បើក​ការ​ស៊ើប​អង្កេត និង​ចាត់វិធានការ​តាម​ច្បាប់​ករណី​នេះ។

សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​ព្នង​រស់​នៅ​ឃុំ​ប៊ូស្រា ស្រុក​ពេជ្រាដា​អំពាវនាវ​ឱ្យ​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​មណ្ឌលគិរី បើក​ការ​ស៊ើប​អង្កេត​ទាក់ទិន​ករណី​អាជ្ញាធរ​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី ក្នុង​តំបន់​ព្រៃ​ស្រោង​ដោយ​បំពាន​ច្បាប់។ អ្នក​ភូមិ​រក​ឃើញ​ថា អតីត​មេ​ឃុំ​ប៊ូស្រា លោក កេង ញ៉ក់ ដែលបច្ចុប្បន្នជាជំទប់ទី២នៃឃុំប៊ួស្រា និង លោក ឈឹម កាន អតីត​ប្រធាន​មន្ទីរ​រៀបចំ​ដែន​ដី​ខេត្ត​មណ្ឌលគិរី ហើយ​បច្ចុប្បន្ន​ជា​អភិបាលរង​ខេត្ត​មណ្ឌលគិរី មាន​ជាប់​ពាក់ព័ន្ធ​ការ​ចេញ​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ចំនួន ៦ ​ប័ណ្ណ​, សលាកបត្រ​ព័ត៌មាន​ចំនួន ៤ ​ច្បាប់ និង​លិខិត​ផ្ទេរសិទ្ធិ​កាន់កាប់​ដីធ្លី​ចំនួន ៤ ​ច្បាប់​លើ​ដី​គម្រប​ព្រៃឈើ​ ឋិត​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ណាមលៀរ ក្នុង​ឃុំ​ប៊ូស្រា ស្រុក​ពេជ្រាដា ខេត្ត​មណ្ឌលគិរី​។

ពលរដ្ឋម្នាក់ក្នុងចំណោម៥នាក់ ដែល​ចូលរួម​ប្ដឹង​អាជ្ញាធរ​គឺ​លោក គ្រើង តុលា ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី២៦ មករា​ថា បណ្ដឹង​នេះ​តំណាង​ពលរដ្ឋ​បាន​ដាក់​ជូន​រដ្ឋបាល​តុលាការ​រួច​ហើយ កាល​ពី​ថ្ងៃ​ទី២២ មករា។ លោក​ថា សហគមន៍​មាន​ភស្តុតាង​ច្បាស់លាស់ ដែល​បង្ហាញ​ថា ដីធ្លី​​ដែល​មាន​​កំណត់​ក្នុង​ប័ណ្ណ​កម្មសិទ្ធិ​ចំនួន៦ និង​លិខិត​ផ្ទេរ​សិទ្ធិ ៤ច្បាប់ រួម​ទាំង​សលាកបត្រ​ព័ត៌មាន ៤ច្បាប់​ទៀត​នោះ ឋិត​ក្នុង​តំបន់​ព្រៃ​ស្រោង​របស់​រដ្ឋ។ លោក​ថា គ្រាន់​តែ​ប្លង់​កម្មសិទ្ធិ​ដី​ធ្លី​ចំនួន ៦ ដែល​ចុះ​ហត្ថលេខា​ដោយ​អតីត​ប្រធាន​មន្ទីរ​សុរិយោដី​ខេត្ត មាន​ទំហំ​សរុប​ជាង ៤០ហិកតារ ឋិត​ក្នុង​ព្រៃ​ស្រោង​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ណាមលៀរ៖ «សំណូមពរ​ឱ្យ​ព្រះរាជអាជ្ញា ក៏​ដូច​ជា​ចៅក្រម​ស៊ើប​អង្កេត​ឱ្យ​ជាក់លាក់ គោរព​ច្បាប់ ធ្វើ​តាម​ច្បាប់ ខុស​ដឹង​ខុស​ត្រូវ​ដឹង​ត្រូវ។ សូម​ឱ្យ​គាត់​ចុះ បង្កើត​គណៈកម្មការ​​មក ចុះ​ស្រាវជ្រាវ​ថា នៅ​ក្នុង​ខេត្ត​មណ្ឌលគិរី​ហ្នឹង យើង​អត់​ចង់​ធ្វើ​ប៉ុន្មាន​ប្លង់​ទេ យើង​ចង់​ធ្វើ​មួយ​ខេត្ត​មណ្ឌលគិរី។ តើ​មាន​ប៉ុន្មាន​ប្លង់​ដែល​អាជ្ញាធរ​ឃុំ​ចេញ​ដី​ក្នុង​ព្រៃ​ទី១ និងទី២ ដី​ដែល ០០១ ប្លង់​រឹង​ហ្នឹង​មាន​ប៉ុន្មាន​ប្លង់?សូម​ឱ្យ​ព្រះរាជអាជ្ញា​ហ្នឹង​ចេញ​ដីកា មោឃភាព​ចោល​ទាំង​អស់​ហ្មង»

ប្រជា​សហគមន៍​លើក​ឡើង​ក្នុង​បណ្ដឹង​ថា តាម​គោលនយោបាយ​ចាស់​សកម្មភាព​ថ្មី​ ០០១ ឆ្នាំ​ ២០១២ ដី​ដែល​អាច​ចេញ​ប្លង់​កម្មសិទ្ធិ​បាន​សម្រាប់​តែ​ដី​មាន​ដំណាំ​ប៉ុណ្ណោះ ក៏ប៉ុន្តែ​ចំពោះ​ដី​ព្រៃ​រដ្ឋ​មិន​អាច​ លក់ ទិញ និង​ផ្ទេរ​បាន​ឡើយ ។ ក្រុម​ពលរដ្ឋ​អះអាង​ថា ករណី​នេះ​ជា​ទង្វើ​រំលោភ លើ​គោល​នយោបាយ​របស់​រដ្ឋាភិបាល ដែល​កំពុង​កើត​មាន​ច្រើន​នៅ​ក្នុង​ខេត្ត​មណ្ឌលគិរី​​។

អាស៊ី​សេរី​បាន​ព្យាយាម​ទាក់ទង ជំទប់ទី១ ឃុំ​ប៊ួស្រា លោក កេង ញ៉ក់ និង​អភិបាល​ខេត្ត​មណ្ឌលគិរី ឈឹម កាន ដើម្បី​សុំ​ការ​បំភ្លឺ​រឿង​នេះ តែ​ទូរស័ព្ទ​ហៅ​ចូល​គ្មាន​អ្នក​ទទួល នៅ​ថ្ងៃ​ទី២៦ មករា។

ទោះ​ជា​យ៉ាង​ណា អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​មណ្ឌលគិរី លោក សុខ សេរ៉ា ពន្យល់​ថា មន្ត្រី​ជំនាញ និង​អាជ្ញាធរ​មូលដ្ឋាន គ្មាន​សិទ្ធិ​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ដី​ធ្លី លើ​ព្រៃ​ស្រោង ដី​គម្រប​ព្រៃ​ឈើ និង​ព្រៃ​សហគមន៍​បាន​នោះ​ទេ។ លោក​បញ្ជាក់​ថា រដ្ឋបាល​ខេត្ត​មិន​ទាន់​ទទួល​ព័ត៌មាន​ករណី​នេះ​ទេ ក៏​ប៉ុន្តែ​ប្រសិន​បើ​សហគមន៍​ប្ដឹង​រឿង​នេះ ទៅ​តុលាការ គឺ​ជា​ដែន​សមត្ថកិច្ច​របស់​តុលាការ​ក្នុង​ការ​ស៊ើប​អង្កេត​តាម​ផ្លូវ​ច្បាប់៖ «យើង​មើល​ភាព​ជាក់​ស្ដែង​សិន សំខាន់​យើង​ពិនិត្យ​សិន បើ​វា​ជា​ច្បាប់​វា​មិន​អាច​បាន​ទេ​អា​ហ្នឹង។ ជា​គោល​ការណ៍​របស់​រដ្ឋ​មិន​អនុញ្ញាត​ឱ្យ​មន្ត្រី​ណា​មួយ យក​ដី​របស់​រដ្ឋ ឬ​ក៏​ដី​អភិរក្ស​ទេ។ ជា​ច្បាប់​រដ្ឋ​មិន​អនុញ្ញាត​ទេ»

មន្ត្រី​កម្មវិធី​ពង្រឹង​សិទ្ធិ​អំណាច​សហគមន៍​មូលដ្ឋាន​នៃ​សមាគម អាដហុក លោក ប៉ែន ប៊ុណ្ណារ៍ ពន្យល់​ថា ការ​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​លើ​ដី​ព្រៃ​សាធារណៈ​របស់​រដ្ឋ ដី​ព្រៃ​អភិរក្ស និង​ដី​ព្រៃ​សហគមន៍​ក្តី គឺ​ជា​ទង្វើ​ល្មើស​ច្បាប់។ លោក​ថា ពលរដ្ឋ​មាន​សិទ្ធិ​ពេញ​លេញ​ចូលរួម​ប្ដឹង​បរិហារ ពី​ភាព​មិន​ប្រក្រតី​របស់​អាជ្ញាធរ​ពាក់ព័ន្ធ ហើយ​ស្ថាប័ន​តុលាការ​មាន​តួនាទី​ស៊ើប​អង្កេត​រឿង​នេះ ដើម្បី​រក​យុត្តិធម៌​តាម​ច្បាប់។ លោក​រំពឹង​ថា តុលាការ​ខេត្ត​នេះ នឹង​ស៊ើប​អង្កេត​ឱ្យ​គ្រប់​ជ្រុងជ្រោយ ជា​ពិសេស ត្រូវ​មោឃភាព​ប័ណ្ណ​កម្មសិទ្ធិ​ដី​ធ្លី​ទាំង​ឡាយ​ណា ដែល​ប៉ះ​ចំ​ដី​ព្រៃ​អភិរក្ស និង​ព្រៃ​ស្រោង​របស់​រដ្ឋ៖ «ទី១ យើង​មោឃភាព​ប័ណ្ណ​ហ្នឹង​ចោល។ ទី២ បទ​ល្មើស​ព្រហ្មទណ្ឌ ដែល​ពាក់ព័ន្ធ​ជា​មួយ​បទ​ល្មើស យើង​ដឹង​ថា មាន​អី​កើត​ឡើង។ ព្រោះ​យើង​មិន​ជឿ​ថា មន្ត្រី​ដែល​ចុះ​ប័ណ្ណ​ដី​ព្រៃ​បិទ​ភ្នែក​ទេ ប្រហែល​ជា​មាន​អំពើ​ពុក​រលួយ​ក្នុង​ហ្នឹង។ អ៊ី​ចឹង​យើង​អាច​ធ្វើ​ការ​ស្រាវជ្រាវ​ត​ទៀត។ យើង​ប្ដឹង​អភិបាល​រង​ខេត្ត អតីត​ជា​ប្រធាន​មន្ទីរ​សុរិយោដី ព្រោះ​លើ​ប័ណ្ណ​ហ្នឹង​មាន​ឈ្មោះ​គាត់»

លោក ប៉ែន ប៊ុណ្ណារ៍ បន្ថែម​ថា ការ​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​រំលោភ​លើ​ដី​ព្រៃ​របស់​រដ្ឋ​ដោយ​ខុស​ច្បាប់​នេះ មិន​ត្រឹម​តែ​កើត​មាន​ច្រើន​នៅ​ខេត្ត​មណ្ឌលគិរី​ទេ នៅ​ខេត្ត​ព្រះវិហារ ខេត្ត​ក្រចេះ ខេត្ត​កំពត និង​ខេត្ត​ស្ទឹង​ត្រែង ក៏​កើត​មាន​ច្រើន​ដូច​គ្នា​នេះ​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles