ពលរដ្ឋ​ថា សេចក្ដី​ប្រកាស​របស់​រដ្ឋាភិបាល​មិន​ឱ្យ​ម៉ាស់​ឡើង​ថ្លៃ គ្មាន​ប្រសិទ្ធភាព

ដោយ សុជីវី
2020-01-27
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ពលរដ្ឋ​ក្មេង​ចាស់​ចំនួន​ភាគ​ច្រើន​នៅ​ក្រុង​ភ្នំពេញ នាំ​គ្នា​ពាក់​ម៉ាស់​បង្ការ​ការ​ឆ្លង​មេរោគ កូរ៉ូណា​វីរុស ប្រភេទ​ថ្មី (Coronavirus) ខណៈ​កម្ពុជា​មាន ១ករណី ម៉ាស់​ឡើង​ថ្លៃ​ទ្វេ​ដង។

ពលរដ្ឋ​ក្មេង​ចាស់​ចំនួន​ភាគ​ច្រើន​នៅ​ក្រុង​ភ្នំពេញ នាំ​គ្នា​ពាក់​ម៉ាស់​បង្ការ​ការ​ឆ្លង​មេរោគ កូរ៉ូណា​វីរុស ប្រភេទ​ថ្មី (Coronavirus) ខណៈ​កម្ពុជា​មាន ១ករណី ម៉ាស់​ឡើង​ថ្លៃ​ទ្វេ​ដង។

 រូប៖ ពលរដ្ឋ


សង្គមស៊ីវិល ថាការឆ្លៀតឱកាសដំឡើងថ្លៃលក់​ម៉ាស់ អាចមកពីសីលធម៌សង្គមធ្លាក់ចុះ


ពលរដ្ឋ​ខ្លះ​ត្អូញ​ថា អ្នក​លក់​ម៉ាស់​មួយ​ចំនួន​នៅ​ក្រុង​ភ្នំពេញ ឆ្លៀត​ឱកាស​តម្លៃ​ថ្លៃ​ម៉ាស់​ទ្វេដង ស្រប​ពេល​ដែល​ពលរដ្ឋ​កំពុង​សម្រុក​ទិញ​ម៉ាស់​ប្រើប្រាស់ ដើម្បី​ការពារ​ជំងឺ​រលាក​​សួត​ប្រភេទ​ថ្មី បង្ក​ឡើង​ដោយ វីរុស​កូរ៉ូណា(Corona Virus)។ ពលរដ្ឋ​ថា សារ​ព្រមាន​របស់​រដ្ឋាភិបាល​ថា នឹង​ចាត់​វិធានការ​លើ​អ្នក​លក់​ម៉ាស់​ដំឡើងថ្លៃ គឺ​គ្មាន​ប្រសិទ្ធភាព​នោះ​ទេ។

ពលរដ្ឋ​មួយ​ចំនួន​រស់​នៅ ក្រុងភ្នំពេញ និង​ខេត្ត​កំពង់ចាម ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី២៧ មករា​ថា ស្រប​ពេល​ដែល វីរុសកូរ៉ូណា (Corona Virus) កំពុង​ផ្ទុះ​ខ្លាំង​នៅ​ប្រទេស​ចិន និង​រាតត្បាត​ដល់​ប្រទេស​ជិត​ខាង​កម្ពុជា ពលរដ្ឋ​ខ្មែរ​បាន​សម្រុក​ទិញ​ម៉ាស់​ពាក់​ការពារ ក៏​ប៉ុន្តែ​ពួក​គេ​រអ៊ូ​ថា អ្នក​លក់​ម៉ាស់​នៅ​តាម​ហាង​មួយ​ចំនួន បាន​ឆក់​ឱកាស​តម្លៃ​ថ្លៃ​ទ្វេ​ដង។

ពលរដ្ឋ​រស់​នៅ​ក្រុង​ភ្នំពេញ កញ្ញា ខាត់ ឆវី ថ្លែង​ថា ថ្ងៃ​ធម្មតា​ម៉ាស់​មួយ​ប្រអប់ ដែល​មាន​ចំនួន ៥០ម៉ាស់ មាន​តម្លៃ ១ម៉ឺនរៀល ឬ​ស្មើ​នឹង ២ ដុល្លារ ៥០ សេន ក៏​ប៉ុន្តែ​នៅ​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​នេះ ម៉ាស់​មាន​តម្លៃ​រហូត​ដល់ ៨ដុល្លារ ឬ​ស្មើ ៣ម៉ឺន ២ពាន់រៀលក្នុងមួយប្រអប់។ កញ្ញា​ត្អូញ​ថា ការ​ឆ្លៀត​ឱកាស​ដំឡើង​ថ្លៃ​បែប​នេះ គឺ​ជា​សញ្ញា​បង្ហាញ​ពី​ទង្វើ​អសីលធម៌​សង្គម និង​ភាព​ទន់​ខ្សោយ​នៃ​ការ​អនុវត្ត​ច្បាប់​របស់​រដ្ឋាភិបាល ក្នុង​ការ​ការពារ​សុខុមាលភាព​ពលរដ្ឋ៖ «ជា​ធម្មតា ម៉ាស់​ហ្នឹង​តែ ៣ម៉ាស់ ៥០០រៀល ហើយ​មួយ​ដុំ​ហ្នឹង​វា ៥០ម៉ាស់។ អ៊ីចឹង​យើង​គិត​ថា ម៉ាស់១=២០០រៀល ៥០ម៉ាស់ តែ ១ម៉ឺនរៀលហ្នឹង។ ហើយ​ឥឡូវ​វា​ឡើង​ដល់ ៨ដុល្លារ (ម៉ាស់​មួយ​ប្រអប់អ៊ីចឹង​វា​ឡើង​ទ្វេ​មួយ​ជា ២ ជា ៣។ ហ្នឹងហើយ ៨ដុល្លារ គ្រាន់​តែ​មក​ដល់​ទិញ​នៅ​ហ្នឹង​គេ​គ្រាន់​ប្រាប់​ថា ម៉ាស់​ឥឡូវ​ឡើង​ថ្លៃ ៨ដុល្លារ នៅ​ម្តុំ​ថ្នាំ​ពេទ្យ​ផ្សារ​តា​ប៉ាង»

ចំណែក ពលរដ្ឋ​រស់​នៅ​រាជ​ធានី​ភ្នំពេញ​ម្នាក់​ទៀត លោក សុត បាន សង្កេត​ឃើញ​ថា មិន​ត្រឹម​តែ​នៅ​រាជ​ធានី​ភ្នំពេញ​ទេ នៅ​ខេត្ត​សៀមរាប ក៏​មាន​ករណី​ដំឡើង​ថ្លៃ​ម៉ាស់​នេះ​កើត​ឡើង​ដូច​គ្នា​ដែរ។ លោក​អំពាវនាវ​ឱ្យ​ក្រសួង​សុខាភិបាល​ចាត់​វិធានការ​តាម​ច្បាប់ លើ​ម្ចាស់​ហាង​ទាំង​ឡាយ​ណា ដែល​ឆ្លៀត​ឱកាស​ដំឡើង​ថ្លៃ​ម៉ាស់ នៅ​គ្រា​ដែល​ពលរដ្ឋ​កំពុង​សម្រុក​ទិញ ដើម្បី​ពាក់​ការពារ​ជំងឺ​ប្រភេទ​ថ្មី​នេះ៖ «ឃើញ​ថា ខាង​រាជ​រដ្ឋាភិបាល​ធ្វើ​អ្វី​មួយ មិន​ទាន់​មាន​ប្រសិទ្ធភាព ដោយសារ​តែ​ឈ្មួញ​កណ្ដាល​មួយ​ចំនួន​គាត់​អត់​បាន​គោរព​តាម​ទេ។ ក្នុង​ខណៈ​ពេល​ហ្នឹង​គាត់​នៅ​តែ​បន្ត​លក់ ហើយ​រដ្ឋាភិបាល​ចេះ​គំរាម​កំហែង​ថា ចាប់​ចេះ​ចាប់​ចុះ ប៉ុន្តែ​ឈ្មួញ​នៅ​តែ​លក់​ដដែល»

ដោយ​ឡែក ពលរដ្ឋ​នៅ​ខេត្ត​កំពង់ចាម លោក ឃឹម សុខុម សង្កេត​ឃើញ​ថា សេចក្ដី​ប្រកាស​របស់​រដ្ឋាភិបាល​ដែល​ព្រមាន​អ្នក​លក់​ម៉ាស់​មិន​ឱ្យ​ឡើង​ថ្លៃ គឺ​គ្មាន​ប្រសិទ្ធភាព​នោះ​ទេ។ លោក​ថា ការ​ឆ្លៀត​ឱកាស​ដំឡើង​ថ្លៃ​បែប​នេះ អ្នក​ដែល​ប្រឈម​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ជាង​គេ គឺ​ពលរដ្ឋ​ក្រីក្រ ដែល​រដ្ឋាភិបាល​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ដោះ​ស្រាយ​រឿង​នេះ មិន​មែន​គ្រាន់​តែ​ប្រកាស​ឱ្យ​តែ​ល្អ​មើល​នោះ​ទេ៖ «ខ្ញុំ​គិត​ថា ដើម្បី​ឱ្យ​វិធានការ​ហ្នឹង​វា ជាក់លាក់​ពិត​ប្រាកដ​មែន មួយ​គឺ​រដ្ឋាភិបាល​ខ្លួន​ឯង​តែ​ម្តង។ ខ្ញុំ​គិត​ថា រឿង​ប៉ុណ្ណឹង ដូច​ជា​រឿង​ស្រាល​ទេ​តិចតួច​ទេ គ្រាន់​តែ​ម៉ាស់​ប៉ុណ្ណឹង ប្រសិន​បើ​រឿង​ហ្នឹង​វា​ចាំបាច់ ទាក់ទង​សុខភាព​ពលរដ្ឋ ដល់​ម្ល៉ឹង​គាត់​គួរ​តែ​កេង​ហ្នឹង គាត់​គួរ​តែ​កេង​ប្រជាប្រិយភាព រឿង​ម៉ាស់​ប៉ុណ្ណឹង រដ្ឋាភិបាល​គាត់​គួរ​តែ​ចែក Free ឱ្យ​ពលរដ្ឋ​តែ​ម្តង ដើម្បី​ឱ្យ​គាត់​មាន​ទំនុក​ចិត្ត ហើយ​នេះ​ជា​សុខភាព​របស់​ពលរដ្ឋ​ខ្លួន​ឯង​តែ​ម្ដង»

ឆ្លើយ​តប​រឿង​នេះ ប្រធាន​អង្គភាព​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន ថ្លែង​ក្នុង​សន្និសីទ​ព័ត៌មាន​នៅ​ព្រឹក​ថ្ងៃ​ទី២៧ មករា ដោយ​ព្រមាន​ថា ប្រសិន​បើ​អ្នក​លក់​ម៉ាស់ (Mask) ហ៊ាន​ដំឡើង​ថ្លៃ ពួក​គេ​​អាច​នឹង​ប្រឈម​ជាប់​ទោស​ក្នុង​ពន្ធនាគារ ចាប់​ពី ៦ថ្ងៃ ដល់ ៥ឆ្នាំ។ អ្នក​នាំ​ពាក្យ​រូប​នេះ សំណូមពរ​ឱ្យ អ្នក​លក់​ម៉ាស់​ទាំង​អស់ កុំ​ធ្វើ​ព្យុះ​ភ្លៀង ក្នុង​ពេល​ដែល​ពលរដ្ឋ​កំពុង​មាន​តម្រូវ​ការ​ចាំបាច់៖ «ពេល​នេះ​ដែរ សូម​សំណូមពរ​ដល់​ពាណិជ្ជករ ដែល​អ្នក​លក់​ម៉ាស់ កុំ​ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង ព្រោះ​ការពារ​ជំងឺ​នេះ គឺ​ជា​ការ​ការពារ​ជំងឺ​ទូទៅ មិន​មែន​គ្រាន់​តែ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ទេ គឺ​ទូទាំង​ពិភព​លោក។ បើ​កាល​ណា​ដំឡើង​ថ្លៃ​ម៉ាស់​ហ្នឹង គឺ​ជា​បទ​វិច្ឆេទកម្ម ដែល​យើង​អាច​ចោទ​ជា បញ្ហា​ហ្នឹង​បាន។ សូម​រក្សា​តម្លៃ​ដដែល ដើម្បី​ផ្ដល់​លទ្ធភាព​ដល់​ពលរដ្ឋ​យើង​គ្រប់​ជាន់​ថ្នាក់ ដែល​លោក​អាច​ប្រើប្រាស់​បាន»

ទោះ​ជា​បែប​នេះ​ក្តី ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក វន់ ពៅ សង្កេត​ឃើញ​ថា រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​នេះ តម្លៃម៉ាស់ឡើងខ្ពស់ទ្វេ១ ជា ៣ ហើយ​មិន​ទាន់​ឃើញ​មន្ត្រី​រដ្ឋាភិបាល​ណា ចុះ​អនុវត្ត​ច្បាប់​នៅ​ឡើយ​ទេ។ លោក​យល់​ថា ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ រដ្ឋាភិបាល​ត្រូវ​មាន​យុទ្ធនាការ ចែក​ម៉ាស់​មាន​គុណភាព​ខ្ពស់​ដោយ​មិន​គិត​ថ្លៃ ដល់​ពលរដ្ឋ​ក្រីក្រ ដើម្បី​ការពារ​ជំងឺ​ឆ្លង​ផ្សេងៗ ជា​ពិសេស ត្រូវ​ចុះ​អនុវត្ត​ច្បាប់ លើ​ម្ចាស់​ហាង​ទាំង​ឡាយ​ណា ដែល​ឆ្លៀត​ឱកាស​ដំឡើង​ថ្លៃ​ម៉ាស់៖ «កន្លង​មក​ប៉ុន្មាន​ថ្ងៃ​នេះ តម្លៃ​ម៉ាស់​ទ្វេ ១ ជា ២ ជា ៣ ឯ​ណោះ ហើយ​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​គាត់​គ្រាន់​ប្រកាស​ឱ្យ​តែ​សាធារណជន ដឹង​ថា រដ្ឋាភិបាល​ប្រកាស​ដែល​តែ​ប៉ុណ្ណោះ តែ​តាម​ការ​ពិត​គ្រាន់​តែ​ប្រកាស​ហើយ​អ្នក​ឡើង គឺ​គេ​ឡើង​តាម​អំពើ​ចិត្ត​អ៊ីចឹង​ទៅ។ ប្រកាស​គ្មាន​យន្តការ គឺ​ជា​រឿង​មួយ​ដែល យើង​មិន​ទើប​ឃើញ​ឥឡូវ​ទេ គ្រប់​សាច់​រឿង។ ប្រកាស​គ្មាន​យន្តការ គឺ​ស្មើ​នឹង​អត់​ប្រកាស​ដដែល»

ក្រសួងសុខាភិបាល នៅ​ថ្ងៃ​ទី ២៧មករា  បាន​អំពាវនាវ​ឱ្យ​អ្នក​លក់​ម៉ាស់​ទាំង​អស់ (Mask) កុំ​ដំឡើង​ថ្លៃ ដើម្បី​ផ្ដល់​លទ្ធភាព​ឱ្យ​ពលរដ្ឋ​ក្រីក្រ អាច​ទិញ​ប្រើប្រាស់​បាន ចូលរួម​ទប់​ស្កាត់​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី ដែល​​បង្កឡើង​ដោយ​វីរុស​កូរ៉ូណា៕


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

Leave a Reply

Submit Comment