អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ​រក្សា​រូប​ចម្លាក់​តោ​បុរាណ នៅ​ក្នុង​ប្រាសាទ​មេបុណ្យ​ដដែល បន្ទាប់​ពី​រក​ឃើញ​កប់​ក្នុង​ដី

ដោយ ថន ថារ៉ូ
2020-02-04
អាស៊ីសេរី

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ចម្លាក់​តោ​ថ្ម​បុរាណ​កប់​ក្នុង​ដី ដែល​ពលរដ្ឋ​កាយ​រក​ឃើញ នៅ​ប្រាសាទ​មេ​បុណ្យ ឃុំ​បន្ទាយ​ឆ្មារ ស្រុក​ថ្ម​ពួក ខេត្ត​បន្ទាយ​មាន​ជ័យ កាល​ពី​ថ្ងៃ​ទី៣ ខែ​កុម្ភៈ ឆ្នាំ២០២០។

ចម្លាក់​តោ​ថ្ម​បុរាណ​កប់​ក្នុង​ដី ដែល​ពលរដ្ឋ​កាយ​រក​ឃើញ នៅ​ប្រាសាទ​មេ​បុណ្យ ឃុំ​បន្ទាយ​ឆ្មារ ស្រុក​ថ្ម​ពួក ខេត្ត​បន្ទាយ​មាន​ជ័យ កាល​ពី​ថ្ងៃ​ទី៣ ខែ​កុម្ភៈ ឆ្នាំ២០២០។

 រូប៖ ហ្វេសប៊ុក​អ្នក​ស្រី ម៉ៅ ម៉ាឡៃ


អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ​បាន​ប្រមូល​រូប​ចម្លាក់​តោ​បូរាណ​ធ្វើ​ពី​ថ្ម​ចំនួន​៦ ​ ទៅ​រក្សាទុក​នៅ​ក្នុង​ប្រាសាទ​មេបុណ្យ ​ស្រុក​ថ្មពួក​ដដែល​ បន្ទាប់​ពី​​​អ្នក​ភូមិ​​កាយ​យក​ចេញ​ពី​​ដី​ក្នុង​ប្រាសាទ​នេះ កាល​ពី​រសៀល​ថ្ងៃ​ទី​៣​ កុម្ភៈ​។ អ្នក​ជំនាញ​បុរាណវិទ្យា យល់​ថា តោ​បូរាណ​ទាំង​នេះ ​មាន​អាយុ​កាល​រាប​រយ​ឆ្នាំ​ដំណាល​នឹង​ប្រាសាទ​មេបុណ្យ​ និង​​ជា​វត្ថុ​មាន​តម្លៃ​របស់​ជាតិ​ ដែល​ត្រូវ​រក្សា​ទុក​ឱ្យ​បាន​គង់វង្ស​។

ប្រធាន​មន្ទីរ​វប្បធម៌​និង​ វិចិត្រសិល្ប​ ខេត្ត​បន្ទាយមានជ័យ​ លោក យង់ តាំងកួយ​ ប្រាប់​អាស៊ី​សេរី​នៅ​ព្រឹក​ថ្ងៃ​ទី​៤​កុម្ភៈ​ថា​ ប្រជាពលរដ្ឋ ​ដែល​ស្រលាញ់​វត្ថុ​បូរាណ​ខ្មែរ​​មួយ​ក្រុម​បាន​នាំ​គ្នា​ជួល​ជាង​ឱ្យ​ជួសជុល​ប្រាសាទ​មេបុណ្យ​នៅ​​ឃុំ​បន្ទាយឆ្មារ​ ស្រុក​ថ្មពួក​​ ហើយ​ពេល​កាយ​ដី​ក៏​​ប្រទះ​ឃើញ​រូបចម្លាក់​តោ​ចំនួន​៦ កប់​ក្នុង​ដី​នៅ​កំពង់ទឹក​បូរាណ​​របស់​ប្រាសាទ​មួយ​នេះ​ ក្នុង​នោះ​ តោ​ដែល​រូបរាង​ស្អាត​ដូច​ទម្រង់​ដើម​មាន​១​ទម្ងន់​ជិត​១តោន​ និង​​៥​ទៀត​បែក​បាក់ ដៃ​ ជើង ក្បាល​និង​ដង​ខ្លួន ដាច់​ចេញ​ពី​គ្នា។លោក​បញ្ជាក់​​ទៀត​ថា វត្ត​បូរាណ​ទាំង​នេះ​អាជ្ញាធរ​បាន​រក្សា​ទុក​នៅ​ក្នុង​ប្រាសាទ​មេបុណ្យ​ដដែល ​ដោយ​មិន​បាន​យក​ទៅ​ដាក់​នៅ​ក្នុង​សារមន្ទីរ​ជាតិ​នោះទេ​ ពី​ព្រោះ​ដើម្បី​ទុក​ឱ្យ​ប្រជាពលរដ្ឋ​និង​អ្នក​ទេសចរ​បាន​ចូល​ទស្សនា​កម្សាន្ត​ នៅ​ពេល​ដែល​ទៅ​លេង​ប្រាសាទ​​នេះ៖ «ដោយសារ​តែ​មាន​សុវត្ថិភាព​មាន​ប៉ូលិស​បេតិកភណ្ឌ​ការពារ​ប្រាសាទ​ ហើយ​ឈ្មួញ​ទុច្ចរិត​ក៏​អត់​មាន​ដែរ​សព្វ​ថ្ងៃ​នេះ ។អីចឹង​ទេ​គឺ​​ទុក​តាំង​ឱ្យ​បាន​ល្អ ដើម្បី​ឱ្យ​ភ្ញៀវ​ទេសចរ​ចូល​ទស្សនា​​​ មើល​ឃើញ​ប្រាសាទ​បាន​ល្អ​ជាង​មុន​។ចំពោះ​តោ​ដែល​បែកបាក់​ត្រង់ណា​ដែល​អាច​ជួសជុល​បាន​យើង​ជួសជុល​ ហើយ​របស់​ណា​ដែល​ជួសជុល​មិន​បាន​រក្សាទុក​​មួយ​កន្លែង​នៅ​ទី​នោះ»

ប្រាសាទ​មេបុណ្យ​គឺ​ជា​ប្រាសាទ​បូរាណ​មួយ​ក្នុង​ចំណោម​ប្រាសាទ​តូចៗ​ចំនួន​១០​​​ដែល​នៅ​ព័ទ្ធ​ជុំ​វិញ​​​​ប្រាសាទ​បន្ទាយឆ្មារ​ក្នុង​ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ​។​ លោក​យង់ តាំកួយ​ ឱ្យ​ដឹង​ថា​ ប្រាសាទ​មេបុណ្យ​និង​ប្រាសាទ​បន្ទាយឆ្មារ​ ត្រូវ​បាន​ប្រជាពលរដ្ឋ​មួយ​ក្រុម​ដឹក​នាំ​ដោយ​អ្នក​ស្រី ម៉ៅ មាឡៃ បាន​រៃអង្គាស​ថវិកា​ពី​សប្បុរសជន​ក្នុង​និង​ក្រៅ​ប្រទេស​ជួសជុល​ជា​បន្តបន្ទាប់​មក​។កន្លង​ទៅ​អ្នក​ជួស​ជុល​បាន​ប្រទះ​ឃើញ​​វត្ថុ​បូរាណ​ជា​ច្រើន​កប់​នៅ​ក្នុង​ដី​តំបន់​នោះ​ រួម​មាន​ក្បាល​អ្នក​តា ​កំពូល​ប្រាសាទ​ធ្វើ​ពី​មាស​ និង​តោ​បូរាណ​ជា​ដើម ក្នុង​នោះ​របស់​មួយ​ចំនួន​ត្រូវ​បាន​យក​ទៅ​រក្សា​ទុក​នៅ​ក្នុង​សារមន្ទីរ​ជាតិ។

អ្នក​ស្រាវជ្រាវ​ផ្នែក​បុរាណវិទ្យា​នៅ​រាជបណ្ឌិត​សភាព​កម្ពុជា លោក បណ្ឌិត ធុយ ចាន់ធួន ថ្លែង​ថា ​តោ​ទាំង​៦​នោះ​ជា​វត្ថុ​បូរាណ​​ដ៏​មាន​​តម្លៃ​របស់​ជាតិ​មិន​អាច​កាត់​ថ្លៃ​បាន​ឡើយ​ ពី​ព្រោះ​ជា​របស់​បូរាណ​សាងសង់​ដោយ​បុព្វបុរស​ខ្មែរ​។​លោក​សន្និដ្ឋាន​​ថា តោ​ទាំង​នេះ អាច​មាន​អាយុ​ដំណាល​នឹង​ប្រាសាទ​​មេបុណ្យ​ដែរ​ ព្រោះ​មាន​រូប​រាង​និង​រចនាបថ​ពី​សម័យ​បូរាណ៖ «ប្រយោជន៍​សំខាន់​គឺ​ជា​ភស្តុតាង​យ៉ាង​សំខាន់​ ឃើញ​ទេ​តោ​មួយ​ដ៏​ធំ​ខ្ពស់​ជាង​មនុស្ស​ឈរ​ទៀត នេះ​បញ្ជាក់​ប្រាប់​ថា មនុស្ស​ខ្មែរ​ជា​មនុស្ស​អស្ចារ្យ ពូកែ​រក្សា​សិល្បៈ​ រក្សា​ស្នាដៃ​របស់​ខ្លួន​តាំង​ពី​សម័យ​កាល​អង្គរ សម័យ​បន្ទាយឆ្មារ ហ្នឹង​ហើយ​ជា​តម្លៃ​បេតិកភណ្ឌ​ អីចឹង​ក្នុង​នាម​ខ្ញុំ​ជា​មន្ត្រី​ជំនាញ​ ខ្ញុំ​សុំ​សរសើរ​ក្រុម​ការងារ​ស្រាវជ្រាវ​នៅ​​បន្ទាយ​ឆ្មារ​ហ្នឹង»

លោក​បន្ថែម​ថា វត្ថុ​បូរាណ​ទាំង​នេះ​បាន​ដាច់​ចេញ​ពី​​តួ​ប្រាសាទ​កប់​ដី​ ដោយសារ​តែ​សង្គ្រាម ​​នៅ​កម្ពុជា​កាល​ពី​សម័យ​បូរាណ​ និង​សម័យ​ខ្មែរ​ក្រហម។

ប្រាសាទ​​មេបុណ្យ​ជា​ប្រាសាទ​មួយ​ចំណុះ​ឱ្យ​ប្រាសាទ​បន្ទាយមានជ័យ​ ស្ថិត​នៅ​ចំងាយ​ប្រមាណ​៤០​គីឡូម៉ែត្រ​​ពី​ទី​រួម​ខេត្ត​បន្ទាយមានជ័យ។ ប្រាសាទ​មួយ​នេះ​សាងសង់​ដោយ​ព្រះបាទ​ជ័យវរ្ម័នទី៧ នៅ​សតវត្ស​ទី១២ ដល់​ដើម​សតវត្ស​ទី១៣ នៃ​គ្រិស្តសករាជ ដើម្បី​ឧទ្ទិស​ដល់​ព្រះរាជបុត្រ​របស់​ព្រះអង្គ ព្រះនាម​រាជ​កុមារ និង​មេទ័ព​ទាំង​៤​ ដែល​បាន​ពលី​ជីវិត​ដោយសារ​សង្គ្រាម​កាល​ពី​សម័យ​នោះ​។ ប្រាសាទ​មួយ​នេះ​មាន​ផ្ទៃដី​បណ្ដោយ ២០០​ម៉ែត្រ និង​ទទឹង ១៧០​ម៉ែត្រ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles