សង្គម​ស៊ីវិល ព្រួយបារម្ភ​រឿង​ប្រទេស​មួយ​ចំនួន​ដាក់​កម្ពុជា ក្រោម​ការ​ឃ្លាំ​មើល​អំពី​បញ្ហា​វីរុស​កូរ៉ូណា​ដូច​នៅ​ចិន

ដោយ ខែ សុណង
2020-02-07
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

យន្តហោះ​ចត​នៅ​អាកាសយានដ្ឋាន​​អន្តរជាតិ​ភ្នំពេញ ថ្ងៃ​ទី២៩ ខែ​មករា ឆ្នាំ២០២០។

យន្តហោះ​ចត​នៅ​អាកាសយានដ្ឋាន​​អន្តរជាតិ​ភ្នំពេញ ថ្ងៃ​ទី២៩ ខែ​មករា ឆ្នាំ២០២០។

 រូប៖ ពលរដ្ឋ​ផ្ដល់​ឱ្យ>


កម្ពុជា​អាចជា​ភ្នាក់ងារ​ចម្លងវីរុសកូរ៉ូណា​ដោយសារបន្ត​ជើង​ហោះហើរពី​ចិន


ការ​ស្វែង​យល់​ពី​ការ​រីករាល​ដាល​នៃ​វីរុស​កូរ៉ូណា​និង​វិធី​បង្ការ​ជំងឺ​ឆ្លង​នេះ


សង្គម​ស៊ីវិល ព្រួយ​បារម្ភ​រឿង​ប្រទេស​មួយ​ចំនួន អាច​នឹង​ដាក់​កម្ពុជា ឱ្យ​ស្ថិត​ក្រោម​ការ​ឃ្លាំមើល​ករណី វីរុស​កូរ៉ូណា ស្រប​ពេល​ដែល​រដ្ឋាភិបាល​កម្ពុជា នៅ​តែ​អនុញ្ញាត​ឲ្យ​មាន​ជើង​ហោះហើរ​ទៅ​វិញ​ទៅ​មក រវាង​កម្ពុជា-ចិន ជា​ធម្មតា​ដូច​ដើម ខណៈ​ការ​ឆ្លង​មេរោគ​វីរុស​កូរ៉ូណា បន្ត​រាតត្បាត​ធ្ងន់ធ្ងរ​ដដែល។ ចំណែក​មន្ត្រី​រដ្ឋាភិបាល ចាត់​ទុក​ការ​បញ្ចេញ​មតិ​យោបល់​នេះ​ថា មាន​លក្ខណៈ​ជ្រុល​និយម និង​អះអាង​ទៀត​ថា រដ្ឋាភិបាល​មាន​វិធានការ​គ្រប់គ្រាន់ ដើម្បី​បង្ការ និង​ទប់​ស្កាត់​វីរុស​កូរ៉ូណា​ថ្មី​នេះ។

មន្ត្រី​សង្គម​ស៊ីវិល​មួយ​ចំនួន សម្ដែង​ការ​ព្រួយ​បារម្ភ​ថា ប្រសិន​បើ​រដ្ឋាភិបាល​កម្ពុជា បន្ត​រក្សា​ជំហរ​មិន ផ្អាក​ជើង​ហោះហើរ​ទៅ​វិញ​ទៅ​មក​រវាង​កម្ពុជា-ចិន ស្រប​ពេល​មេរោគ​កូរ៉ូណា កាន់​តែ​រាតត្បាត​ធ្ងន់ធ្ងរ​ឡើង នៅ​ក្នុង​ប្រទេស​ចិន​នោះ គឺ​អាច​នាំ​ឲ្យ​ប្រទេស​ជឿនលឿន​មួយ​ចំនួន រឹត​បន្តឹង​អ្នក​ដំណើរ​ពី​កម្ពុជា​ទៅ​កាន់​ប្រទេស​ទាំង​នោះ ព្រោះ​គេ​បារម្ភ​ថា កម្ពុជា​អាច​ជា​ភ្នាក់ងារ​ចម្លង​មេរោគ​កូរ៉ូណា​ថ្មី។

នាយក​ប្រតិបត្តិ​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ មាន​ប្រសាសន៍​ថា នៅ ពេល​ប្រទេស​មួយ​ចំនួន​ធំ ព្យាយាម​នៅ​ឆ្ងាយ​ពី​ប្រទេស​ចិន ដោយ​ខ្លាច​មេរោគ​វីរុស​កូរ៉ូណា ហើយ​កម្ពុជា​បែរ​ជា​ឆក់​ឱកាស​បង្កើន​ភាព​ល្អូកល្អិន​ជា​មួយ​ចិន​បែប​នេះ ទោះ​ចង់​ឬ​មិន​ចង់ គឺ​ប្រទេស​ដែល​ខ្លាច​វីរុស​កូរ៉ូណា​មួយ​ចំនួន ​ប្រាកដ​ជា​មើល​កម្ពុជា​ក្នុង​ផ្លូវ​អវិជ្ជមាន​មិន​ខាន​ឡើយ។

ទោះ​ជា​យ៉ាង​ណា​ក្ដី លោក​អះអាង​ថា នេះ​គ្រាន់​តែ​ជា​ដំណាក់​កាល​នៃ​ការ​ព្រួយ​បារម្ភ​ប៉ុណ្ណោះ ព្រោះ​មក​ទល់​ពេល​នេះ លោក​មិន​ទាន់​ដឹង​ថា មាន​ប្រទេស​ណា​មួយ​រឹត​បន្តឹង​អ្នក​ដំណើរ​ពី​កម្ពុជា ឬ​ក៏​ដាក់​កម្ពុជា​ក្រោម​ការ​ឃ្លាំមើល​វីរុស​កូរ៉ូណា​នៅ​ឡើយ​ទេ។ លោក សន ជ័យ ជំរុញ​ក្រសួងសុខាភិបាល ឱ្យ​រឹត​បន្តឹង​ការ​ត្រួត​ពិនិត្យ​ឲ្យ​មាន​ប្រសិទ្ធភាព ចំពោះ​អ្នក​ដំណើរ​មក​ពី​ប្រទេស​ចិន ព្រោះ​ករណី​ផ្ទុះ​វីរុស​កូរ៉ូណា​នៅ​កម្ពុជា គឺ​អាច​ជះ​ឥទ្ធិពល​អវិជ្ជមាន​ច្រើន​ដល់​សេដ្ឋកិច្ច​កម្ពុជា​ទាំង​មូល ដែល​ពិបាក​វាយ​តម្លៃ​បំផុត៖ «យើង​មើល​ជា​រួម​ឃើញ​ថា ទំនង​ជា​ចិន​បាន​ផល​ប្រយោជន៍​ច្រើន​ពី​ការ​មិន​បិទ​ជើង​យន្តហោះ​នេះ ជា​ជាង​កម្ពុជា​ព្រោះ​អី​កម្ពុជា ទោះ​បី​ជា​មាន​ការ​ចំណេញ​ដល់ សេដ្ឋកិច្ច​មែន ប៉ុន្តែ​ការ​ចំណេញ​នៅ​ពី​ក្រោយ​ក្នុង​កម្រិត​ណា​មួយ​នោះ ការ​បារម្ភ​ក៏​វា​កើត​ឡើង​ស្រប គ្នា​ដែរ​ជា​មួយ​មេរោគ​នេះ។អ៊ីចឹង​កម្ពុជា ឋិត​ក្នុង​ចំណុច​កណ្ដាល​នៃ​ការ​ព្រួយ​បារម្ភ។ ពលរដ្ឋ​កម្ពុជា បារម្ភ​ពី​ជន​ជាតិ​ចិន ឬ​អ្នក​ដំណើរ​មក​ពី​ចិន ហើយ​ប្រទេស​ផ្សេង គេ​បារម្ភ​អំពី​អ្នក​ដំណើរ​ដែល​ចេញ​ពី​កម្ពុជា​ទៅ​ប្រទេស​គេ​ដែរ»

ចំណែក​នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (CENTRAL) លោក មឿន តុលា ថ្លែង​ថា ស្រប​ពេល​ដែល​ប្រទេស​ភាគ​ច្រើន រួម​មាន​អាមេរិក​ជា​ដើម ផ្អាក​ជើង​ហោះ​ហើរ និង​រឹត បន្តឹង​អ្នកដំណើរ​ពី​ប្រទេស​ចិន គឺ​ប្រាកដ​ណាស់​ប្រទេស​ចិន នឹង​ប្រឈម​ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ។ ជាក់​ស្ដែង​រដ្ឋាភិបាល​ចិន បាន​បញ្ចេញ​ប្រតិកម្ម​រួច​ហើយ ចំពោះ​អាមេរិក និង​ប្រទេស​មួយ​ចំនួន​ថា មាន​ការ​ព្រួយ​បារម្ភ និង​មាន​ចំណាត់​ការ​ជ្រុល​ហួស​ហេតុ។ ស្ថិត​ក្នុង​បរិបទ​នេះ​លោក មឿន តុលា មើល​ឃើញ​ថា នៅ​ពេល​រដ្ឋាភិបាល​កម្ពុជា​ធ្វើ​ដំណើរ​ទៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន និង​ថ្លែង​ការពារ​ប្រទេស​ចិន ព្រម​ទាំង​ប្រកាន់​ជំហរ​ដាច់​ខាត មិន​ផ្អាក​ជើង​ហោះហើរ និង​មិន​ជម្លៀស​និស្សិត​របស់​ខ្លួន​ចេញ​ពី​ទីក្រុង​វូហាន គឺ​បង្ហាញ​ថា រដ្ឋាភិបាល​កម្ពុជា ហាក់​មាន​ចេតនា​ការពារ​ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច​របស់​ចិន ច្រើន​ជាង​ការពារ​ប្រជាពលរដ្ឋ​របស់​ខ្លួន៖ «ប្រទេស​គេ​ផ្សេងៗ ប្រសិន​បើ​សិន​ចិន​ហោះ​មក​ស៊ីងហ្គាពួ គឺ​ស៊ីងហ្គាពួ បិទ​ហើយ។ បើ​ហោះ​ទៅ​ហ្វីលីពីន គឺ ហ្វីលីពីន បិទ​ហើយ បើ​ហោះ​ទៅ​វៀតណាម គឺ​វៀតណាម បិទ​ហើយ។ ដូច្នេះ​នៅ​ច្រក​កម្ពុជា​មួយ ឧបមា​ថា ឥឡូវ​ចិន​ចង់​ទៅ​ប្រទេស​ទី៣ អ៊ីចឹង​ប្រទេស​កម្ពុជា អាច​ជា​កន្លែង​ឆ្លង​កាត់ (Transit) របស់​ជន​ជាតិ ឬ​អ្នក​ជំនួញ​ចិន​អ៊ីចឹង​ទៅ។ នេះ​ហើយ ដែល​អាច​ជួយ​ដល់​សេដ្ឋកិច្ច​ចិន។ មួយ​ទៀត​ជំហរ​នៅ​លើ​ពិភព​លោក ក៏​គេ​មើល​ឃើញ​ថា អូវីរុស​នេះ គឺ​មិន​មាន​បញ្ហា អី​ទេ ជា​ពិសេស​ដូច​ជា​កម្ពុជា​ខណៈ​មិន​ទាន់​ប្រព័ន្ធ​សុខាភិបាល​រឹង​មាំ​នៅ​ឡើយ​ផង ប៉ុន្តែ​គេ​ក៏​មិន ខ្លាច​អី​ពេក​ដែរ ដូច្នេះ​នេះ​ជា​សារ​មួយ​លួងលោម​ទៅ​ពិភព​លោក​ទាំង​មូល​កុំ​បារម្ភ​រឿង​វីរុស​នេះ​ពេក​ហើយ គួរ​តែ​បើក​ជើង​មេឃ​ឲ្យ​ជន​ជាតិ​ចិន​អី​ជា​ដើម»

ទោះ​ជា​យ៉ាង​ណា​ក្តី លោក មឿន តុលា ព្រួយ​បារម្ភ​ថា ក្នុង​ករណី​កម្ពុជា​នៅ​តែ​រក្សា​ជំហរ​មិន​ផ្អាក ជើង​ហោះហើរ​ជាមួយ​ចិន​ដដែល ហើយ​វីរុស​កូរ៉ូណា នៅ​តែ​បន្ត​វាយ​លុយ​ខ្លាំងក្លា​ឥត​ស្រាកស្រាន្ត​នៅ​ក្នុង​ប្រទេស​ចិន និង​ពិភព​លោក ដែល​មិន​ទាន់​ទប់​ស្កាត់​បាន​ក្នុង​រយៈ​ពេល​យូរ គឺ​កម្ពុជា អាច​នឹង​ក្លាយ​ជា​ទីតាំង​មួយ ដែល​ប្រទេស​មួយ​ចំនួន​ដាក់​ក្នុង​បញ្ជី​ឃ្លាំមើល​វីរុស​កូរ៉ូណា ដូច​ជា​នៅ​ប្រទេស​ចិន​ដែរ៖ «ឧទាហរណ៍ ដូច​ប្រទេស​ហ្វីលីពីន ដែល​ខ្ញុំ​ទទួល​បាន​ព័ត៌មាន​គឺ គេ​ចេញ​គោល​នយោបាយ​ថ្មី​ពាក់ព័ន្ធ​នឹង​យន្តការ​ទប់​ស្កាត់​ក្នុង​សុខភាព គឺ​មាន​ន័យ​ថា ជន​ជាតិ​ហ្វីលីពីន​ណា ដែល​មក​ស្រុក​ខ្មែរ​ហើយ​ត្រឡប់​ទៅ​វិញ គេ​តម្រូវ​ឲ្យ​ដាក់​ក្នុង​ការ​ឃ្លាំមើល​សុខ​ភាព​រយៈ​ពេល ១៤ថ្ងៃ ហើយ​បើ​គ្មាន​វីរុស​កូរ៉ូណា​នេះ គឺ​អត់​អី​ទេ។ ដូច្នេះ បើ​មាន​ករណី​នេះ​ច្រើន​វា​អាច​ប៉ះពាល់​ដល់​កម្ពុជា មាន​ន័យ​ថា ប្រទេស​មួយ​ចំនួន អាច​ឈាន​ដល់​ការ​បិទ​ជើង​យន្តហោះ​ជា​បណ្ដោះអាសន្ន និង​មិន​ឲ្យ​វីសា (Visa) ជន​ជាតិ​ណា​ក៏​ដោយ ដែល​ឆ្លង​កាត់​កម្ពុជា ដូច្នេះ​គឺ​វា​នាំ​ឲ្យ​មាន​បញ្ហា​ធ្ងន់ធ្ងរ​ថែម ទៅ​លើ​សេដ្ឋកិច្ច​កម្ពុជា»

មាន​ប្រទេស​ជាង ៦០ បាន​ដាក់​ចេញ​វិធានការ​រឹត​បន្តឹង​លើ​ការ​ធ្វើ​ដំណើរ​របស់​ជន​ជាតិ​ចិន ចាប់​តាំង​ពី​មាន​ការ​រីក​រាលដាល​នៃ​វីរុស​នេះ រួម​មាន សហរដ្ឋ​អាមេរិក សិង្ហបុរី និង​ជប៉ុន​ជា​ដើម។ ដោយ​ឡែក កាល​ពី​សប្ដាហ៍​មុន ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន ប្រកាស​ថា អាជ្ញាធរ​គ្មាន​វិធានការ​បិទ​ជើង​ហោះហើរ និង​ជម្លៀស​និស្សិត​ខ្មែរ​ពី​ចិន​នោះ​ទេ ដោយ​លោក​អះអាង​ថា វិធានការ​នេះ​គឺ ស្មើនឹង​សម្លាប់​សេដ្ឋកិច្ច​កម្ពុជា និង​កាត់​បន្ថយ​ទំនាក់ទំនង​ជា​មួយ​ចិន។

អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា លោក កុយ គួង មាន​ប្រសាសន៍​ថា កម្ពុជា​នៅ​តែ​រក្សា​ជំហរ ដូច​ការ ប្រកាស​ម្ដង​ហើយ​ម្ដង​ទៀត របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ហើយ​លោក​អះអាង​ថា ជំហរ​នេះ គ្មាន​ការ​បង្គាប់​បញ្ជា​ពី​រដ្ឋាភិបាល​ចិន​នោះ​ទេ គឺ​ជា​ជំហរ​អព្យាក្រឹត្យ ព្រោះ​កន្លង​មក ទោះ​បី​ជា​មាន​ប្រទេស​ផ្សេង​ផ្ទុះ​ការ​រីក​រាល​ដាល​វីរុស ក៏​កម្ពុជា មិន​ដែល​ផ្អាក​ជើង​ហោះហើរ​ដែរ។ លោក ចាត់​ទុក​ថា ការ​ព្រួយ​បារម្ភ​នានា គឺ​ជា​សិទ្ធិ​សេរីភាព ។ អ្នកនាំ​ពាក្យ​ក្រសួង​ការ​បរទេស​រូប​នេះ ឲ្យ​ដឹង​ដែរ​ថា ចំពោះ​ប្រទេស​ណា ដែល​ដាក់​កម្ពុជា​ក្រោម​ការ​ឃ្លាំមើល ឬ​មាន​ត្រួត​ពិនិត្យ សុខភាព​ពលរដ្ឋ​របស់​ខ្លួន​រយៈ​ពេល ១៤ថ្ងៃ ដោយសារ​ខ្លាច​ឆ្លង​មេរោគ​វីរុស​កូរ៉ូណា​ពី​កម្ពុជា គឺ​ជា​នីតិវិធី​ផ្ទៃ​ក្នុង​ប្រទេស​គេ ហើយ​លោក​មិន​បាន​ដឹង​រឿង​នេះ​ទេ៖ «យើង​មាន​វិធានការ​ដោយ​យើង​បាន​ដាក់​បណ្ដាញ​តាម​ច្រក​ទ្វារ អន្តរជាតិ​នានា ទាំង​ផ្លូវ​គោក​ផ្លូវ​ទឹក និង​ផ្លូវ​អាកាស​ជា​ដើម គឺ​យើង​បាន​ដាក់​ម៉ាស៊ីន​ស្កែន​កម្ដៅ​ដោយ​ហ្មត់ចត់​បំផុត ជា​ពិសេស ខាង​ក្រសួង​សុខាភិបាល​លោក យក​ចិត្ត​ទុក​ដាក់​ណាស់។ ដូច​ជា​កន្លែង​មក មាន​ជន​ជាតិ​ចិន​ម្នាក់ ដែល​ថា​សង្ស័យ​នោះ គឺ​ថា ម៉ាស៊ីន​យើង​មាន​លទ្ធភាព​ដឹង ហើយ​រក​ឃើញ ហើយ​យើង​យក​គាត់​ទៅ​ព្យាបាល។ ដូច្នេះ​ហើយ​ជំហរ​យើង​នៅ​រក្សា​ដដែល។ ខ្ញុំ​យល់​ថា វា​មិន​មាន​ផល​ប៉ះពាល់​អ្វី​ទេ ផ្ទុយ​ទៅ​វិញ​យើង​បាន​បើក​ទូលំទូលាយ​ហើយ​វិស័យ​ផ្សេងៗ គឺ​នៅ​លក្ខណៈ​ដដែល បាទ ទាំង​វិស័យ​ទេសចរណ៍​អី​ផ្សេងៗ»

អាស៊ី​សេរី បាន​ព្យាយាម​ទាក់ទង​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល គឺ​អ្នកស្រី ឱ វណ្ណឌីន និង​លោក លី សូវ៉ាន់ ជា​ច្រើន​លើក ប៉ុន្តែ​ទូរស័ព្ទ​ចូល​ពុំ​មាន​អ្នក​ទទួល។

រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​បង្កើន​ទំនាក់ទំនង​ជាមួយ​មហា​អំណាច​កុម្មុយនិស្ត​ចិន​កាន់​តែ​ស៊ី​ជម្រៅ បន្ទាប់​ពី​ក្រុម​ប្រទេស​ប្រជាធិបតេយ្យ​ធំៗ នៅ​លើ​ពិភព​លោក ​បាន​ថ្កោលទោស ចំពោះ​ចំណាត់​ការ​ទាំង​ឡាយ​លើ​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​បាន​ចាត់ទុកថា នោះ​ជា​ការ​គាស់​រំលើង​គ្រឹះ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ សហភាព​អឺរ៉ុប នឹង​សម្រេច​ជា​ផ្លូវការ​ដក ឬ​មិន​ដក ឬ​ដក​ផ្នែក​ខ្លះ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ផ្នែក​ពាណិជ្ជកម្ម”គ្រប់​មុខ​ទំនិញ​លើក​លែង​តែ​អាវុធ ឬ​ហៅ​កាត់ EBA” ពី​កម្ពុជា នៅ​សប្ដាហ៍​ក្រោយ​នេះ។

ក្នុង​ដំណើរ​ទស្សន​កិច្ច​ពិសេស​មួយ​ទៅ​កាន់​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន កាល​ពី​ថ្ងៃ​ទី៥ ខែ​កុម្ភៈ លោក ហ៊ុន សែន មិន​បាន​ជួប​សួរ​សុខ​ទុក្ខ​និស្សិត​ខ្មែរ​ដោយ​ផ្ទាល់ ឬ​ទំនាក់ទំនង​តាម​វិធី​ណា​មួយ ដើម្បី​ដឹង អំពី​សុខ​ទុក្ខ​របស់​ពួក​គេ​នោះ​ទេ។ ប៉ុន្តែ​នៅ​ទី​នោះ លោក ហ៊ុន សែន បាន​ស្នើសុំ​ត្រង់ៗ ទៅ​មេ​ដឹក​នាំ ចិន​ឲ្យ​ជួយ​ដល់​សេដ្ឋកិច្ច​កម្ពុជា ដែល​កំពុង​ប្រឈម​មុខ​នឹង​ការ​បាត់​បង់​ប្រព័ន្ធ EBA របស់​សហភាព​អឺរ៉ុប ដោយ​សារ​មិន​ព្រម​ស្តារ​លទ្ធិ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​តាម​សំណើ​របស់​សហភាព​អឺរ៉ុប។

ការណ៍​នេះ បាន​ធ្វើ​ឲ្យ​ក្រុម​អ្នក​និយម​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ចាត់​ទុក​ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ុន សែន ថា មិន​បាន​បង្ហាញ​ពី​ការ​យកចិត្តទុកដាក់​ពិត​ប្រាក ចំពោះ​និស្សិត​ខ្មែរ​ដែល​ជាប់​គាំង​ក្នុង​តំបន់​រីក​រាលដាល​នៃ​វីរុស​កូរ៉ូណា​នោះ​ទេ​ ប៉ុន្តែ​លោក ហ៊ុន សែន ទៅ​ទី​នោះ ដើម្បី​ចង់​ឈ្នះ​ចិត្ត​ពលរដ្ឋ​ខ្មែរ​ផង និង​សុំ​ឲ្យ​ចិន​ជួយ​ធ្វើ​ជា​ខ្នង​បង្អែក​ការពារ​អំណាច​របស់​ខ្លួន​ផង​ប៉ុណ្ណោះ។

គិតត្រមថ្ងៃទី៧ ខែ​កុម្ភៈ វីរុស​ដែល​មាន​ប្រភព​ផ្ទុះ​រីក​រាលដាល​ពី​ទីក្រុង​វូហាន ប្រទេស​ចិន បាន សម្លាប់​មនុស្ស​កើន​ដល់ ៦៣៨នាក់​ហើយ ខណៈ​អ្នក​ឆ្លង​វីរុស​នេះ ក៏បាន​កើន​ដល់​ជាង ៣ម៉ឺន​១ពាន់ (៣១.៤៥៣) នាក់។ ក្នុង ១យប់ តួលេខ​អ្នក​ស្លាប់​ដោយ​វីរុស​នេះ​កើន​ឡើង​ចន្លោះ​ពី ៥០នាក់​ទៅ​ជាង ៧០នាក់។ បច្ចុប្បន្ន មាន​ប្រទេស​ជិត ៣០ ត្រូវ​បាន​វីរុស​នេះ​ឆ្លង​រាតត្បាត ហើយ​ប្រទេស​ភាគ​ច្រើន​ទៀត បាន​រក​ឃើញ​អ្នក​ឆ្លង​វីរុស​នេះ​កើត​ឡើង​ជា​បន្ត​បន្ទាប់ លើកលែង​តែ​កម្ពុជា​ប៉ុណ្ណោះ​ដែល​មិនទាន់​រក​ឃើញ​ករណី​ថ្មី​ទៀត​នៅ​ឡើយ ក្រៅ​ពី​បុរស​ជន​ជាតិ​ចិន​ម្នាក់ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរ​ពេទ្យ​ខេត្ត​ព្រះសីហនុ។

អង្គការ​សុខភាព​ពិភព​លោក (WHO) កាល​ពី​ថ្ងៃ​ទី៥ កុម្ភៈ បាន​ដាក់​ក្តី​បារម្ភ​ថា ប្រទេស​មាន​ប្រព័ន្ធ សុខាភិបាល​ទន់​ខ្សោយ អាច​មិន​មាន​សមត្ថភាព​រក​ឃើញ​អ្នក​ដែល​បាន​ឆ្លង​មេរោគ​កូរ៉ូណា​ថ្មី​នេះ ខណៈ​មន្ត្រី​សង្គម​ស៊ីវិល​នៅ​កម្ពុជា ក៏​កំពុង​មាន​ការ​ព្រួយ​បារម្ភ​ដូច្នេះ​ដែរ ព្រោះ​ប្រទេស​កម្ពុជា មាន ជន​ជាតិ​ចិន​ចេញ​ចូល​ច្រើន។ ទោះ​ជា​យ៉ាង​ណា ក្រសួង​សុខាភិបាល​​ អះអាង​ប្រាប់​អ្នក​កាសែត​ក្នុង ស្រុក​ថា​ សមត្ថភាព​តាម​ដាន និង​ឆ្លើយ​តប​លើ​វីរុស​កូរ៉ូណា​របស់​កម្ពុជា​មិន​ចាញ់​ប្រទេស​រីក​ចម្រើន​នោះ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles