អនុ​ប្រធាន​សហជីព​រោងចក្រ W&D ម្នាក់ ត្រូវ​ជន​មិន​ស្គាល់​មុខ​វាយ​បែក​ក្បាល ពេល​ចេញ​ទៅ​ហូប​អាហារ​ថ្ងៃ​ត្រង់

ដោយ ហេង រស្មី
2020-02-10
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក សឿន ប្រុស អនុ​ប្រធាន​សហជីព​រោងចក្រ W&D ត្រូវ​ជន​មិន​ស្គាល់​មុខ​វាយ​បែក​ក្បាល វេលា​ថ្ងៃ​ត្រង់ ថ្ងៃ​ទី១០ ខែ​កុម្ភៈ ឆ្នាំ២០២០។

លោក សឿន ប្រុស អនុ​ប្រធាន​សហជីព​រោងចក្រ W&D ត្រូវ​ជន​មិន​ស្គាល់​មុខ​វាយ​បែក​ក្បាល វេលា​ថ្ងៃ​ត្រង់ ថ្ងៃ​ទី១០ ខែ​កុម្ភៈ ឆ្នាំ២០២០។

 រូប៖ ហ្វេសប៊ុក Khum Sovannary


មន្ត្រីសហជីព​ស៊ីខៅឌូ ប្រចាំ​រោងចក្រ​ ដាប់ប៊ែលយូ អែន ឌី (W&D Cambodia Co.,Ltd) នៅ​ខណ្ឌ​មានជ័យ​ ម្នាក់ រង​ការ​វាយ​​​​ពី​ជន​មិន​ស្គាល់​មុខ​ចំនួន ​៣នាក់ ឲ្យ​បែក​ក្បាល​រយះ​ ១៣​ថ្នេរ​ នៅ​ថ្ងៃ​ទី​១០ កុម្ភៈ។ ប្រធាន​សហព័ន្ធ​សហជីព​ស៊ីខៅឌូ ស្នើសុំ​​សមត្ថកិច្ច​វែក​មុខ​រក​ជន​ដៃ​ដល់​ ដើម្បី​យក​មក​​ផ្ដន្ទាទោស។

អនុ​ប្រធាន​សហជីព​ស៊ីខៅឌូ នៅ​រោងចក្រ W&D ដែល​រង​ការ​បែក​ក្បាល ឈ្មោះ សឿន ប្រុស ត្រូវ​ជន​មិន​ស្គាល់​មុខ មាន​គ្នា ៣នាក់ ​លប​វាយ​ពី​ក្រោយ​ខ្នង​បែក​ក្បាល​ ខណៈ​លោក ចេញ​មក​ហូប​បាយ​នៅ​ថ្ងៃ​ត្រង់។

កម្មករ​ម្នាក់ ធ្វើ​ការ​ជាមួយ​គ្នា គឺលោក ប៊ុន សំណើ​ ប្រាប់​ថា ​ក្រោយ​រង​ការ​វាយប្រហារ ក្រុម​កម្មករ​បាន​នាំ​គ្នា​​បញ្ជូន លោក សឿន ប្រុស ​ទៅ​​ព្យាបាល​ នៅ​គ្លីនិក​ឯកជន​ក្បែរ​រោងចក្រ និង​ បាន​​ដេរ​មុខ​របួស​ បែក​ក្បាល ចំនួន​១៣​ថ្នេរ។ លោក​ ថា បន្ទាប់​មក​ទៀត គ្លីនិក​ឯកជន បាន​បញ្ជូន​បន្ត​មក​មន្ទីរ​ពេទ្យ​រុស្ស៊ី។ លោក ឲ្យ​ដឹង​ថា ត្រឹម​ម៉ោង ៤រសៀល អាការៈ​លោក សឿន ប្រុស​ នៅ​តែ​ធ្ងន់ធ្ងរ ឈឺ​ក្បាល វិល​មុខ រក​កល​ចង់​ក្អួត និង​មិន​អាច​និយាយ​បាន ហើយ​គ្រូ​ពេទ្យ​បាន​ព្យាបាល និង​ព្យួរ​សេរ៉ូម​ តែ​មិន​ទាន់​ប្រាប់​ពី​ស្ថានភាព​របួស​នេះ​ទេ។

ទោះ​យ៉ាង​ណា កម្មករ​រូប​នេះ ឲ្យ​ដឹង​ថា ពួក​គេ​មិន​ទាន់ ​បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​សមត្ថកិច្ច​នៅ​ឡើយ​ទេ ដោយសារ​ ត្រូវ​បញ្ជូន​ ជន​រង​គ្រោះ​មក​ព្យាបាល​សិន។ ចំណែក​មូលហេតុ​ការ​វាយ​បែក​ក្បាល​នេះ យ៉ាង​ណា​នោះ លោក​ ប៊ុន សំណើ មិនទាន់​ហ៊ាន​សន្និដ្ឋាន​ទេ ព្រោះ​អនុ​ប្រធាន​សហជីព​រូប​នេះ​​ មិន​ដែល​មាន​គំនុំ​គុំកួន​ជាមួយ​នរណា​ឡើយ៖ «ទម្លាប់​គាត់ គាត់​អត់​ដែល​មាន​រឿង​មាន​រ៉ាវ​​អ្វី​ជាមួយ​អ្នក​ណា​ទាំង​អស់។ តែ​ដោយសារ​សុខៗ គាត់​ចេញ​ទៅ​ហូប​បាយ ពេល​ថ្ងៃ​ត្រង់​ហ្នឹង គេ​ចេញ​មក​វាយ​គាត់​តែ​ម្ដង។ អ៊ីចឹង យើង​អត់​បាន​ឃើញ​អ្នក​ដែល​វាយ​ហ្នឹង មុខ​មាត់​គេ​យ៉ាង​ម្ដេច គ្រាន់​ឃើញ​ពី​ក្រោយ​ខ្នង​អ៊ីចឹង​ណា​អូន។ វា​ហេតុការណ៍​ហ្នឹង ខ្ញុំ​ទៅ​អត់​ទាន់។ ខ្ញុំ​ក្រោយ​គេ​មួយ​ជំហាន គឺ​ពេល​គេ​វាយ​ហើយ គេ​រត់​ឡើង​ម៉ូតូ​ហើយ ខ្ញុំ​បាន​រត់​ទៅ​ដល់ តែ​គ្រាន់​ថា ក្នុង​របួស​ស្នាម​របស់​គាត់​ហ្នឹង រាង​ដំណាំ​ច្រើន»

លោក សឿន ប្រុស និង​ តំណាង​កម្មករ​រោងចក្រ​ W&D ផ្សេង​ទៀត ធ្លាប់​ចូលរួម​ជាមួយ​កម្មករ​ជិត ២ពាន់​នាក់ កាល​ពី​ឆ្នាំ២០១៩ ធ្វើ​បាតុកម្ម​ប្រឆាំង​ថៅកែ​រោងចក្រ ករណី​បញ្ចប់​កិច្ច​សន្យា​ការងារ​របស់​ក្រុម​សហជីព និង​កម្មករ។ រោងចក្រ​នេះ ស្ថិត​នៅ​ខណ្ឌ​មានជ័យ មាន​ថៅកែ​ជា​ជន​ជាតិ​ចិន កាត់​​ដេរ​សំលៀក​បំពាក់​ម៉ាក​ល្បីៗ មួយ​ចំនួន​ដូចជា ម៉ាក 511, ម៉ាក CARRAT, ម៉ាក M&S និង​ម៉ាក H&M។

ប្រធាន​សហព័ន្ធ​សហជីព​ស៊ីខៅឌូ លោក គង់ អាទិត្យ មិន​ទាន់​​សន្និដ្ឋាន​បែប​ណា​ទេ លើ​ករណី​ហិង្សា​នេះ ដោយ​រង់​ចាំ​មើល​​របួស​របស់​លោក សឿន ប្រុស បាន​ធូរ​ស្បើយ​បន្តិច ទើប​នាំ​លោក​ទៅ​ដាក់​ពាក្យ​ប្ដឹង នៅ​អធិការដ្ឋាន​ខណ្ឌ​មានជ័យ។ លោក​ថា ក្រុម​កម្មករ​បាន​ស្នើសុំ​មើល​កាមេរ៉ា​សុវត្ថិភាព​របស់​រោងចក្រ និង​កាមេរ៉ា​របស់​អគារ​ក្បែរ​នោះ​ដែរ តែ​ខាង​រោងចក្រ និង​ម្ចាស់​អគារ​បដិសេធ ដោយ​ប្រាប់​ថា ទាល់​តែ​នគរបាល ទើប​មាន​សិទ្ធិ​សុំ​មើល​កាមេរ៉ា​នេះ​បាន។

អាស៊ី​សេរី មិន​អាច​សុំ​ការ​បញ្ជាក់​រឿង​នេះ ពី​ភាគី​នគរបាល គឺ ​អធិការ​ខណ្ឌ​មានជ័យ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង​អ្នក​នាំ​ពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​បាន​ទេ នៅ​ថ្ងៃ​ទី១០ កុម្ភៈ ដោយ​សារ​ទូរស័ព្ទ​រោទ៍​គ្មាន​អ្នក​ទទួល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles