លោក ហ៊ុន សែន ប្រាប់​ពលរដ្ឋ​ខ្មែរ​កុំ​ឲ្យ​ភ័យ​ខ្លាច​ជំងឺ​ឆ្លង​កូរ៉ូណា​ថ្មី និង​ឈប់​រើសអើង​ជន​ជាតិ​ចិន

ដោយ សុជីវី
2020-02-11
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

សិស្ស​នៅ​សាលា​តម្រង់​ជួរ​លាង​ដៃ ដើម្បី​បង្ការ​ការ​ឆ្លង​មេរោគ​វីរុស កូរ៉ូណា (Coronavirus)។

សិស្ស​នៅ​សាលា​តម្រង់​ជួរ​លាង​ដៃ ដើម្បី​បង្ការ​ការ​ឆ្លង​មេរោគ​វីរុស កូរ៉ូណា (Coronavirus)។

 រូប៖ ក្រសួង​អប់រំ យុវជន និង​កីឡា


លោក ​ហ៊ុន សែន​ ប្រាប់​ពលរដ្ឋ​ខ្មែរ​កុំ​រើសអើង​ចិន​ និង​ភ័យខ្លាច​ជំងឺ​ឆ្លង​កូរ៉ូណា​ថ្មី


មេដឹកនាំ​កម្ពុជា អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ កុំ​ឲ្យ​មាន​ការ​ភ័យ​ខ្លាច ចំពោះ​ជំងឺ​ផ្លូវ​ដង្ហើម​ចម្លង​ដោយ​មេរោគ​វីរូស​កូរ៉ូណា​ប្រភេទ​ថ្មី និង​ឈប់​រើសអើង​លើ​ជនជាតិ​ចិន​ត​ទៅ​ទៀត។ អ្នក​វិភាគ​ហៅ​​ការ​លើក​ឡើង​របស់​មេដឹកនាំ​រូប​នេះ​ថា​ ជា​ការ​យក​ចិត្ត​យក​ថ្លើម​​មេដឹកនាំ​​ចិន​កុម្មុយនិស្ត ដើម្បី​រក្សា​តែ​អំណាច​របស់​ខ្លួន និង​មើល​ស្រាល​ស្ថានការណ៍​នៃ​ការ​ឆ្លង​ជំងឺ ដែល​គ្មាន​ថ្នាំ​ព្យាបាល​នេះ។

លោក ហ៊ុន សែន ថ្លែង​ថា ​បញ្ហា​ពីរ​ធំៗ ដែល​ពិភព​លោក​ត្រូវ​ដោះ​ស្រាយ​ចម្បង​ចំពោះ​ការ​រីក​រាល​ដាន​ជំងឺ​ឆ្លង​វីរុស​កូរ៉ូណា គឺ​ការ​រក​ថ្នាំ​វ៉ាក់សាំង​ប្រឆាំង​នឹង​មេរោគ​ថ្មី​នេះ និង​ការ​ព្យាបាល​ជំងឺ​ភ័យ​ខ្លាច ​និង​រើសអើង​ចំពោះ​ជនជាតិ​ចិន។

ថ្លែង​ទៅ​កាន់​ពលរដ្ឋ​រាប់​រយ​នាក់​ក្នុង​ពិធី​សម្ពោធ​ផ្លូវ​ជាតិ​លេខ២ និង ២២ នៅ​ថ្ងៃ​ទី១១ កុម្ភៈ លោក ហ៊ុន សែន បញ្ជាក់​ថា ជំងឺ​ភ័យ​ខ្លាច ​និង​រើសអើង​នេះ ហាក់​ដូច​ជា​សភាព​ធ្ងន់ធ្ងរ​ជាង​ជំងឺ​ឆ្លង​វីរុស​កូរ៉ូណា​ទៅ​ទៀត។ លោក អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ កុំ​ឲ្យ​មាន​ការ​ភ័យ​ខ្លាច​ចំពោះ​ជំងឺ​ឆ្លង​ផ្លូវ​ដង្ហើម​ថ្មី​នេះ និង​ឈប់​រើសអើង​លើ​ជនជាតិ​ចិន​ត​ទៅ​ទៀត ព្រោះ​កម្ពុជា​បាន​ព្យាបាល​ជនជាតិ​ចិន​ម្នាក់​នៅ​ខេត្ត​ព្រះសីហនុ ដែល​ឆ្លង​ជំងឺ​នេះ បាន​ជា​សះ​ស្បើយ ហើយ​បញ្ជូន​ពួកគេ​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ​ហើយ៖ «ប្រភេទ​ថ្នាំ​ទី​២​ ដែល​វា​ងាយ​រក​ទេ គឺ​ប្រភេទ​ថ្នាំ​ព្យាបាល​ជំងឺ​ភ័យ​ខ្លាច និង​ជំងឺ​រើស​អើង។ អា​ជំងឺ​នេះ គ្រោះ​ថ្នាក់​ជាង​អា​កូរ៉ូណា។ អ៊ីចឹង​ទខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត​ចំពោះ​ប្រជាពលរដ្ឋ​ខ្មែរ​យើង​ ដែល​មាន​ការ​រើសអើង​ចំពោះ​ទេសចរ​ចិន ចំពោះ​អ្នក​វិនិយោគ​ចិន​នៅ​កម្ពុជា សណ្ឋាគារ​មួយ​ចំនួន​នៅ​សៀមរាប​ គេ​ស្វាគមន៍​ទេសចរ​ចិន ហើយ​គេ​ចុះ​ថ្លៃ​ឲ្យ​ទៀត។ អរគុណបើ​ធ្វើ​កាយវិការ​បែប​នេះ»។

ទន្ទឹម​គ្នា​នេះ លោក​ ហ៊ុន សែន​ ក៏​បញ្ជា​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល លោក ម៉ម ប៊ុនហេង​ តាម​ដាន​ឲ្យ​បាន​ដិត​ដល់​ករណី​ថ្មី​មួយ​កើត​លើ​ភ្ញៀវ​ទេសចរ​​ជនជាតិ​ហុឡង់ដ៍​ម្នាក់ ដែល​មក​លេង​ខេត្ត​ព្រះសីហនុ​តាម​កប៉ាល់​ទេសចរណ៍​មួយ ក្រោយ​ពី​សង្ស័យ​ថា​ បុរស​រូប​នោះ​មាន​អាការៈ​ខុស​ប្លែក​ធម្មតា។

លោក ម៉ម ប៊ុន​ហេង ឆ្លើយ​ប្រាប់​លោក ​ហ៊ុន​ សែន វិញ​ថា បច្ចុប្បន្ន​ជន​បរទេស​រូប​នោះ ​កំពុង​សម្រាក​នៅ​មន្ទីរ​បង្អែក​ខេត្ត​ព្រះសីហនុ និង​រង់​ចាំ​លទ្ធផល​ពិនិត្យមើល​សំណាក​ចេញ​ពី​វិទ្យា​ស្ថាន​ប៉ាសស្ព័រ ថា​តើ​មាន​ផ្ទុក​មេរោគ​កូរ៉ូណា ឬ​អត់។

ស្រប​គ្នា លោក ហ៊ុន សែន ក៏​ចង់​ឲ្យ​មាន​កិច្ច​ប្រជុំ​មួយ​រាង​មេ​ដឹក​នាំ​អាស៊ាន និង​មេ​ដឹក​នាំ​ចិន ក្នុង​រឿង​នេះ ក្រោយ​ពី​មាន​ប្រទេស​ក្នុង​តំបន់​អាស៊ាន​មួយ​ចំនួន ប្រកាស​ជំហរ​បិទ​ជើង​ហោះ​ហើរ​ពី​ចិន ដោយ​ហាម​ជនជាតិ​ចិន និង​ជនបរទេស​ដទៃ​ទៀត​ដែល​ធ្លាប់​ទៅ​ប្រទេស​ចិន មិន​ឲ្យ​ចូល​ប្រទេស​គេ​ជា​ដាច់​ខាត ។ លោក ហ៊ុន សែន ក៏​បាន​លែបខាយ​ដាក់​ប្រទេស​ទាំង​នោះ ប្រសិន​បើ​ពួកគេ​ចង់​បើក​ជើង​ហោះហើរ​ជា​មួយ​ប្រទេស​ចិន​ឡើង​វិញ៖ «មាន​អ្នក​ខ្លះ​ដាក់​ផ្លែផ្កា​ឲ្យ​ខ្ញុំ​ សុទ្ធ​តែ​ឌឺ​ថា រួម​សុខទុក្ខ​ជាមួយ​ចិន ក៏ប៉ុន្តែ​អ្នក​ត្រូវ​យល់​ឲ្យ​បាន​ចំណង​មិត្តភាព​មួយ​នេះ វា​ជា​ផ្នែក​មួយ​នៃ​ដំណើរ​ការ​នយោបាយ​ សេដ្ឋកិច្ច និង​សង្គម​របស់​កម្ពុជា។ អ្នក​ឯង​ត្រូវ​យល់​ បើ​មិន​យល់​ទេ សូម​ទៅ​រៀន​ថែម។ ហើយ​អ្នក​ដែល​រើសអើង​ជាមួយ​ចិន អ្នក​ចាំ​មើល​លទ្ធផល​ថ្ងៃ​ក្រោយ​ ថា​តើ​ចិន​និយាយ​ថា​ម៉េច។ ជួន​ម្ចាស់​ម្ចាស់ការ​បិទ​ជា​ឯកតោ​ភាគី​ជាមួយ​ការ​ធ្វើ​ដំណើរ​របស់​ចិន។ ដល់​ពេល​សុំ​បើក​វិញ ឧទាហរណ៍​ទេ​ណា៎ស្រាប់​តែ​ចិន​ថា​ពិចារណា​សិន។ ពាក្យ​ពិចារណា​ គ្រោះថ្នាក់។ ខ្ញុំ​មិន​ប្រដៅ​ទៅ​លើ​ប្រទេស​ណា​ទេ»។

អ្នក​វិភាគ​បញ្ហា​សង្គម​ និង​នយោបាយ លោក គឹម សុខ ដែល​កំពុង​ភៀស​ខ្លួន​នៅ​ក្រៅ​ប្រទេស​លើក​ឡើង​ថា ការ​ថ្លែង​របស់​លោក​ ហ៊ុន សែន នៅ​ពេល​នេះ ​ដើម្បី​បង្ហាញ​ភក្ដីភាព​ចំពោះ​មេដឹកនាំ​ចិន ព្រោះ​ចិន ​គឺ​ជា​ជន្ទល់​តែ​មួយ​គត់​ដែល​អាច​ជួយ​រក្សា​អំណាច​មេដឹកនាំ​ខ្មែរ​បាន។

លោក​ បញ្ជាក់​ថា បើ​លោក​ ហ៊ុន សែន នៅ​តែ​ប្រកាន់​ជំហរ​បើក​ឲ្យ​ជនជាតិ​ចិន ឬ​ជន​បរទេស​ដែល​ធ្លាប់​ទៅ​ប្រទេស​ចិន​ អាច​ធ្វើ​ដំណើរ​ដោយ​សេរី​ចូល​កម្ពុជា​បាន នោះ​​អាច​នឹង​បង្ក​ហានិភ័យ​ខ្ពស់​ដល់​ពលរដ្ឋ​ខ្មែរ ព្រោះ​ប្រព័ន្ធ​សុខាភិបាល​កម្ពុជា​នៅ​ទន់​ខ្សោយ​នៅ​ឡើយ។

អ្នក​វិភាគ​រូប​នេះ យល់​ថា ប្រសិន​បើ​មាន​ករណី​ឆ្លង​ជំងឺ​នេះ​ដល់​ពលរដ្ឋ​ខ្មែរ ដូច​នៅ​ទី​ក្រុង​វ៉ូហាន​ប្រទេស​ចិន នោះ​លោក ហ៊ុន សែន នឹង​ក្លាយ​ជា​មេដឹកនាំ​ក្បត់​ពលរដ្ឋ​ខ្មែរ ដោយ​មិន​គិតគូរ​ពី​អាយុជីវិត​ប្រជារាស្ត្រ ក្រៅ​ពី​តែ​ខំ​រក្សា​អំណាច​បក្ស​ពួក​របស់​ខ្លួន​កុំ​ឲ្យ​បាត់​បង់៖ «ក្នុង​ករណី​រាលដាល​កាន់​តែ​ខ្លាំង​ឡើង​ទូទាំង​ប្រទេស ទប់​ស្កាត់​មិន​បាន​ ដូច​នៅ​ប្រទេស​ចិន នោះ​ការ​វិនិច្ឆ័យ​ទៅ​លោក ហ៊ុន សែន មិន​មែន​តុលាការ​នៅ​ប្រទេស​កម្ពុជា​ទេ។ គឺ​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​ដែល​ត្រូវ​គិត​ថា ត្រូវ​រួម​សកម្មភាព​គ្នា​ដោយ​របៀប​ណា ទុក​មេដឹកនាំ​ហ្នឹង​ដែរ ឬ​អត់ ឬ​ត្រូវ​ទម្លាក់​ចេញ។ នេះ​ជា​លទ្ធផល​ ដែល​លោក ហ៊ុន សែន ត្រូវ​ប្រឈម ហើយ​នឹង​ការ​ទទួល​ខុសត្រូវ​ក្នុង​នយោបាយ​បែប​កុម្មុយនិស្ត​ក្បត់​ប្រជារាស្ត្រ បោក​គេ​សុទ្ធ​ដូច​សព្វថ្ងៃ ដែល​យក​គំរូ​តាម​ប្រទេស​ចិន ដែល​លាក់​ព័ត៌មាន​ពិត​ ដែល​ជា​របៀប​កិច្ចការ​សម្ងាត់​របស់​ក្រុម​អ្នក​នយោបាយ​មួយ​ក្រុម ដើម្បី​ការពារ​មុខ​មាត់​របស់​ខ្លួន​ហ្នឹង»។

ថ្មីៗ នេះ បណ្ដាញ​ព័ត៌មាន​ហ្វីលីពីន ហៅ​កាត់​ថា (UNTV) ផ្សព្វផ្សាយ​ថា ​មន្ត្រី​នៃ​ការិយាល័យ​អន្តោប្រវេសន៍​ប្រទេស​ហ្វីលីពីន បាន​សម្រេច​បណ្ដេញ​ជន​បរទេស​មួយ​ក្រុម​មាន​គ្នា ៣៦នាក់ ដែល​ធ្វើ​ដំណើរ​តាម​ជើង​យន្តហោះ​​ហ្វីលីពីន ចេញ​ពី​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ទៅ​ឈប់​នៅ​អាកាស​យានដ្ឋាន​អន្តរជាតិ នីណយ អាគីណូ (Ninoy Aquino International Airport) ឲ្យ​ធ្វើ​ដំណើរ​ត្រឡប់​មក​ទីក្រុង​ភ្នំពេញ​វិញ ក្រោយ​ពី​រក​ឃើញ​ថា ពួក​គេ​ទាំង​អស់​នោះ ធ្លាប់​បាន​ទៅ​ទី​ក្រុង​ម៉ាកាវ ប្រទេស​ចិន កាល​ពី​ដើម​ខែ​កុម្ភៈ។

អាស៊ី​សេរី មិន​អាច​សុំ​ការ​ឆ្លើយ​ត​រឿង​ពី​អ្នក​នាំ​ពាក្យ​នៃ​លេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល លោក ជា អូន នៅ​ថ្ងៃ​ទី១១ កុម្ភៈ បាន​នៅ​ឡើយ ដោយ​លោក​ប្រាប់​ថា​ជាប់​រវល់​ចុះ​ខេត្ត។

លោក គឹម សុខ ថ្លែង​ថា ក្នុង​កាលៈទេសៈ​បែប​នេះ មេ​ដឹក​នាំ​ខ្មែរ​គួរ​គិត​គូរ​ពី​សុខ​ទុក្ខ​របស់​ពលរដ្ឋ​ខ្មែរ​ជា​ចម្បង ដោយ​ចាត់​វិធានការ​ដូច​ប្រទេស​ដទៃ​ទៀត គឺ​ការ​មិន​អនុញ្ញាត​ឲ្យ​ជន​ជាតិ​ចិន ធ្វើ​ដំណើរ​មក​កាន់​កម្ពុជា​បាន​ឡើយ ដើម្បី​បង្ការ​កុំ​ឲ្យ​មាន​ការ​ឆ្លង​ពី​ជន​ជាតិ​ចិន​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ ខណៈ​ដែល​ទំហំ​នៃ​ការ​ស្លាប់​ និង​ឆ្លង​ជំងឺ​ថ្មី​នេះ កំពុង​រីក​រាលដាល​ខ្លាំង​លើ​សកលលោក។

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ រដ្ឋាភិបាល​កម្ពុជា​ដែល​រឹត​ចំណង​មិត្តភាព​ដែក​ថែប​ជាមួយ​ចិន បាន​ប្រកាស​ជំហរ​ហើយ​ថា នឹង​មិន​ធ្វើ​ការ​បិទ​ជើង​យន្ត​ហោះ​ពី​ចិន​នោះ​ទេ ដើម្បី​រក្សា​ទំនាក់ទំនង​នយោបាយ សេដ្ឋកិច្ច និង​សង្គម​ ជាមួយ​គ្នា។ ចំពោះ​និស្សិត​ខ្មែរ​ជា​ច្រើន​នាក់​​ដែល​កំពុង​សិក្សា​នៅ​ប្រទេស​ចិន​វិញ រដ្ឋាភិបាល​កម្ពុជា ក៏​មិន​ចាត់​វិធានការណ៍​ទៅ​យក​ពួកគេ​ត្រលប់​មក​កម្ពុជា​វិញ​ដែរ ដោយ​ឈរ​លើ​ស្មារតី​រួម​សុខ​រួម​ទុក្ខ​ជា​មួយ​ចិន។

គិត​ត្រឹម​ថ្ងៃ​ទី១១ ខែ​កុម្ភៈ វីរុស​កូរ៉ូណា បាន​សម្លាប់​មនុស្ស​កើន​ដល់​ជាង​១ពាន់​នាក់​ហើយ (១.០១៨) នៅ​ក្នុង​ប្រទេស​ចិន ខណៈ​អ្នក​ឆ្លង​ជំងឺ​នេះ កើន​ដល់ ៤៣.១១៩​នាក់ ចំណែក​អ្នក​ព្យាបាល​ជា​សះ​ស្បើយ មាន​ចំនួន​ជាង ៤.១៩១នាក់។ ចំនួន​អ្នក​ស្លាប់ និង​អ្នក​ឆ្លង ត្រូវ​បាន​គេ​កត់​សំគាល់​ឃើញ​ថា មាន​ការ​កើន​ឡើង​ជា​និច្ច​ ដោយ​ក្នុង​មួយ​ថ្ងៃ​អ្នក​ស្លាប់​អាច​មាន​ចាប់​ពី ៨០នាក់ ទៅ​ដល់ ៩០នាក់ ហើយ​អ្នក​ឆ្លង​មាន​រាប់​យ​នាក់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles