សមាគម​ខ្មែរ​ក្រោម​ សុំ​អន្តរាគមន៍​ពី​អាជ្ញាធរ​កម្ពុជា​​ឲ្យ​វៀតណាម​ប្រគល់​​លិខិត​​ឆ្លង​​ដែន​ព្រះ​តេជ​ព្រះគុណ​ សឺន​ ទី​​ និង​​ឈប់​​យាយី​​ក្រុម​គ្រួសារ​​ព្រះ​អង្គ​នៅ​​កម្ពុជា​​ក្រោម

ដោយ ខែ សុណង
2020-02-11
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ព្រះតេជព្រះគុណ សឺន ទី ថត​នៅ​មុខ​ច្រក​ទ្វារ​ព្រំដែន​ ទិញ បៀន (Tinh bien) ប្រទេស​វៀតណាម ពេល​ព្រះ​អង្គ​ធ្វើ​ដំណើរ​ទៅ​លេង​ស្រុក​កំណើត នៅ​ខេត្ត​ឃ្លាំង កាល​ពី​ចុង​ខែ​មករា ឆ្នាំ២០២០។

ព្រះតេជព្រះគុណ សឺន ទី ថត​នៅ​មុខ​ច្រក​ទ្វារ​ព្រំដែន​ ទិញ បៀន (Tinh bien) ប្រទេស​វៀតណាម ពេល​ព្រះ​អង្គ​ធ្វើ​ដំណើរ​ទៅ​លេង​ស្រុក​កំណើត នៅ​ខេត្ត​ឃ្លាំង កាល​ពី​ចុង​ខែ​មករា ឆ្នាំ២០២០។

 រូប៖ ហ្វេសប៊ុក​ព្រះតេជព្រះគុណ សឺន ទី ផ្ដល់​ឲ្យ


ព្រះ​សង្ឃ​ខ្មែរ​ក្រោម​មួយ​អង្គ ដែល​ត្រូវ​បាន​អាជ្ញាធរ​វៀតណាម ដក​ហូត​លិខិត​ឆ្លង​ដែន ស្នើសុំ​ឲ្យ​ក្រសួង​ការបរទេស និង​ក្រសួង​មហាផ្ទៃ​កម្ពុជា អន្តរាគមន៍​ឲ្យ​ភាគី​វៀតណាម ប្រគល់​លិខិត​ឆ្លង​ដែន ថ្វាយ​ព្រះ​អង្គ​វិញ និង​បញ្ឈប់​​សកម្មភាព​យាយី​ លើ​ក្រុម​គ្រួសារ​របស់​ព្រះ​អង្គ​នៅ​កម្ពុជា​ក្រោម។

ព្រះ​តេជគុណ សឺន ទី ប្រាប់​អាស៊ី​សេរី​ថា បច្ចុប្បន្ន​ព្រះ​អង្គ មិន​អាច​និមន្ត​ចេញ​ពី​​ទឹក​ដី​កម្ពុជា​ក្រោម ត្រលប់​មក​កម្ពុជា​វិញ​បាន​ទេ ដោយសារ​អាជ្ញាធរ​វៀតណាម បាន​ដក​ហូត​លិខិត​ឆ្លង​ដែន​របស់​ព្រះ​អង្គ​ តាំង​ពី​ថ្ងៃ​ទី២ កុម្ភៈ​មក។ ព្រះ​អង្គ​បន្ត​ថា តាំង​ពី​ថ្ងៃ​នោះ​មក ព្រះ​អង្គ មិន​បាន​ទៅ​សម្រាក​ទៅ​ផ្ទះ​ញោម (ម្ដាយ) របស់​ព្រះ​អង្គ​ទេ ដោយ​បន្ត​ស្នាក់​នៅ​​ក្នុង​វត្ត​មួយ​ក្នុង​ខេត្ត​ឃ្លាំង។

ព្រះ​អង្គ​​អះអាង​ថា  អាជ្ញាធរ​វៀតណាម បាន​ចោទ​ថា ព្រះអង្គ​ធ្វើ​សកម្មភាព​ខុស​ច្បាប់​ របស់​ប្រទេស​វៀតណាម ដោយ​បាន​​​ចែក ​រំលែក​ព័ត៌មាន​នៅ​ក្នុង​ហ្វេសប៊ុក (Facebook) របស់​វិទ្យុ​អាស៊ី​សេរី​ ជា​ភាសា​វៀតណាម ដែល​បាន​សម្ភាសន៍ លោក​ ត្រឹង ម៉ានរិន្ទ អំពី​សិទ្ធិ​របស់​ជនជាតិ​ខ្មែរ​ដើម នៅ​កម្ពុជា​ក្រោម ​​ការ​ចែក​រំលែក​ខ្លឹមសារ​ខួប​ទី ៧០ឆ្នាំ​នៃ​ការ​បាត់​បង់​ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម និង​ខ្លឹម​សារ​របស់​​​សារព័ត៌មាន​ព្រៃ​នគរ។

ព្រះ​អង្គ សឺន ទី ទទួល​ស្គាល់​ថា ព្រះ​អង្គ​ពិត​ជា​បាន​ចែក​រំលែក​ខ្លឹម​សារ ព័ត៌មាន​ទាំង​នោះ​មែន តែ​នោះ​ជា​សេរីភាព​​របស់​ព្រះ​អង្គ ហើយ​ការ​ចែក​រំលែក​សារ​នេះ ធ្វើ​ឡើង​ច្រើន​ខែ​ហើយ គឺ​ពេល​​ព្រះ​អង្គ​គង់​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ព្រះ​អង្គ​យល់​ថា អាជ្ញាធរ​វៀតណាម មិន​គួរ​រំលោភ​បំពាន​​សិទ្ធិ យាយី​ និង​ដក​ហូត​លិខិត​ឆ្លង​ដែន ​របស់​ព្រះ​អង្គ​បែប​នេះ​ទេ ព្រោះ​ព្រះ​អង្គ​​ជា​ជន​បរទេស​​​លើ​ទឹក​ដី​វៀតណាម មិន​មែន​ជា​ជន​ជាតិ​វៀតណាម​ទេ។

ព្រះ​តេជគុណ សឺន ទី ជា​កូន​ចៅ​អ្នក​ខេត្ត​ឃ្លាំង និង​បាន​បួស​រៀន​នៅ​ទី​នោះ​ច្រើន​ឆ្នាំ ហើយ​បន្ត​​ការ​សិក្សា​នៅ​រាជធានី​ភ្នំពេញ។ ព្រះ​អង្គ​បាន​ឡើង​មក​រៀន​សូត្រ និង​​ស្នាក់​នៅ​វត្ត​អង្គ​តា​មិញ ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ ១៧ឆ្នាំ​មក​ហើយ។

ព្រះ​អង្គ​ បាន​និមន្ត​ទៅ​ទឹកដី​កម្ពុជា​ក្រោម​ ដើម្បី​ចូលរួម​ពិធី​មង្គលការ​សាច់​ញាតិ​នៅ​ខេត្ត​ឃ្លាំង កាល​ពី​ថ្ងៃ​ទី២៦ មករា។ លុះ​ដល់​ថ្ងៃ​ទី២ ខែ​កុម្ភៈ ទើប​មាន​អាជ្ញាធរ​ មក​កោះហៅ​ព្រះ​អង្គ​សួរ​នាំ និង​ដក​ហូត​លិខិត​ឆ្លង​ដែន​របស់​ព្រះ​អង្គ។ ព្រះ​អង្គ​​បាន​ស្វះ​ស្វែង​រក​កិច្ច​អន្តរាគមន៍​ពី​មន្ត្រី​ខ្មែរ នៅ​ស្ថានទូត​ប្រចាំ​ទី​ក្រុង​ហូជីមិញ និង​នៅ​ក្រុង​ព្រៃនគរ​ច្រើន​ដង​ហើយ តាម​រយៈ​ទូរស័ព្ទ និង​អ៊ីមែល ប៉ុន្តែ​គ្មាន​​ការ​ឆ្លើយ​តប​ទេ។ ព្រះ​អង្គ​ប្រាប់​ថា ការ​ស្វះស្វែង​រក​កិច្ច​អន្តរាគមន៍​ពី​ខាង​ក្នុង​ប្រទេស​វៀតណាម បាន​ធ្វើ​អស់​លទ្ធភាព​ហើយ និង​រង់​ចាំ​ការ​អន្តរាគមន៍​ពី​ខាង​ក្រៅ​ប្រទេស​ប៉ុណ្ណោះ។

អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​ លោក គុយ គួង ប្រាប់​ថា លោក​មិន​ទាន់​ទទួល​បាន​លិខិត​នោះ​ជា​ផ្លូវការ ដូច្នេះ​មិន​ទាន់​អាច​ធ្វើ​អត្ថាធិប្បាយ​ឡើយ។ លោក​​ថា ក្រសួង​​នឹង​ពិនិត្យ​មើល​​តាម​​ភាព​ជាក់​ស្ដែង នៅ​ពេល​ទទួល​បាន​លិខិត​សំណើ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

Leave a Reply

Submit Comment