ក្រុម​បេក្ខជន​តវ៉ា​លទ្ធផល​សិស្ស​ចៅក្រម​ ដាក់​ញត្តិ​ស្វែង​រក​អន្តរាគមន៍​​​ទៅ​ស្ថាប័ន​ព្រះ​មហាក្សត្រ ព្រឹទ្ធសភា រដ្ឋសភា និង​រដ្ឋាភិបាល

ដោយ វ៉ែន សុមេធ
2020-02-11
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

បេក្ខជន​តវ៉ា​លទ្ធផល​ប្រឡង​សិស្ស​ចៅក្រម លោក គង់ ប៊ុន​រិទ្ធិ ដាក់​ញត្តិ​នៅ​ព្រឹទ្ធសភា នៅ​ព្រឹក​ថ្ងៃ​ទី១១ ខែ​កុម្ភៈ ឆ្នាំ២០២០។

បេក្ខជន​តវ៉ា​លទ្ធផល​ប្រឡង​សិស្ស​ចៅក្រម លោក គង់ ប៊ុន​រិទ្ធិ ដាក់​ញត្តិ​នៅ​ព្រឹទ្ធសភា នៅ​ព្រឹក​ថ្ងៃ​ទី១១ ខែ​កុម្ភៈ ឆ្នាំ២០២០។

 រូប៖ លោក គង់ ប៊ុនរិទ្ធិ ផ្ដល់​ឲ្យ


ក្រុម​បេក្ខជន​តវ៉ា​លទ្ធផល​សិស្ស​ចៅក្រម ជំនាន់​ទី១០ ចំនួន ៤នាក់ នាំ​គ្នា​ដាក់​ញត្តិ​ស្វែង​រក​កិច្ច​អន្តរាគមន៍ ពី​ស្ថាប័ន​ព្រះ​មហាក្សត្រ ព្រឹទ្ធសភា រដ្ឋ​សភា និង​គណៈ​រដ្ឋមន្ត្រី នៅ​ព្រឹក​ថ្ងៃ​ទី១១ កុម្ភៈ។

ក្នុង​ញត្តិ​​នោះ ក្រុម​បេក្ខជន​តវ៉ា​ បាន​រក​ឃើញ​ចំណុច​មិន​ប្រក្រតី ក្នុង​ការ​ប្រឡង​សិស្ស​ចៅក្រម ចំនួន​ ១១ចំណុច ចាប់​តាំង​ពី​វិញ្ញាសា​សរសេរ រហូត​ដល់​វិញ្ញាសា​ផ្ទាល់​មាត់ និង​ការ​ប្រកាស​លទ្ធផល។ ញត្តិ​នោះ ក៏​មាន​ការ​​រៀបរាប់​ពី​វិធី​សាស្ត្រ​ នៃ​ការ​សូក​លុយ ក្នុង​ការ​ប្រឡង​សិស្ស​ចៅក្រម​ជំនាន់​ទី​១០ ក្នុង​ញត្តិ​ទាំង​នោះ​ដែរ ដោយ​អំពើ​ពុក​រលួយ​កើត​ឡើង​ជា​ប្រព័ន្ធ ក្រោម​បញ្ជា​ផ្ទាល់​របស់​រដ្ឋ​មន្ត្រី​ក្រសួង​​យុត្តិធម៌ និង​មាន​មន្ត្រី​ក្រសួង​យុត្តិធម៌ ចំនួន ៥នាក់ ជា​អ្នក​ធ្វើ​សកម្មភាព​ទទួល​លុយ​សំណូក។ លុយ​ដែល​សូក​សម្រាប់​តំណែង​សិស្ស​ចៅក្រម មាន​តម្លៃ​ពី​ប្រាំមួយ​ម៉ឺន (៦០.០០០) ដុល្លារ​អាមេរិក ដល់​ដប់​ប្រាំ​ម៉ឺន (១៥០.០០០) ដុល្លារ។

បេក្ខជន​ម្នាក់ ក្នុង​ចំណោម ៤នាក់ លោក គង់ ប៊ុនរិទ្ធិ បញ្ជាក់​ថា ការ​ដាក់​ញត្តិ​​ទៅ​ស្ថាប័ន​កំពូល​របស់​ជាតិ​នេះ ដើម្បី​ស្វែង​រក​តម្លាភាព ក្នុង​លទ្ធផល​ប្រឡង។ លោក​ឲ្យ​ដឹង​ថា ស្ថាប័ន​កំពូល​ទាំង ៤ បាន​ ទទួល​យក​ញត្តិ​របស់​ពួក​លោក​ហើយ និង​សន្យា​បញ្ជូន​ញត្តិ​នោះ ទៅ​ដល់​ប្រធាន​ស្ថាប័ន ដើម្បី​ពិនិត្យ​មើល។

លោក គង់ ប៊ុនរិទ្ធិ ឲ្យ​ដឹង​ថា ក្រុម​លោក នឹង​ផ្អាក​គម្រោង​ដាក់​ញត្តិ​​ ទៅ​ស្ថានទូត​បរទេស​ប្រចាំ​កម្ពុជា​វិញ ដោយសារ​ស្ថានទូត មិន​ហ៊ាន​លូក​ដៃ​ជ្រៀតជ្រែក​កិច្ច​ការ​ផ្ទៃ​ក្នុង​កម្ពុជា។ តែ​ពួក​គេ នឹង​បន្ត​ដាក់​ញត្តិ ទៅ​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ប្រទេស​ជប៉ុន ឬ​អង្គការ​ចៃកា(JICA = Japan International Cooperation Agency) វិញ ខណៈ​ញត្តិ​ទាមទារ​នេះ បាន​ដាក់​ទៅ​សង្គម​ស៊ីវិល ក្នុង​ប្រទេស​កម្ពុជា និង​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា រួច​ហើយ កាល​ពី​ដើម​ខែ​កុម្ភៈ។

ទោះ​យ៉ាង​ណា គណៈ​​កម្មការ​រៀបចំ​ការ​ប្រឡង​ នាយក​សាលា​ភូមិន្ទ​ចៅក្រម តំណាង​ក្រសួង​យុត្តិធម៌ ​​ក្រុម​ប្រឹក្សា​ជាតិ​​ប្រឆាំង​អំពើ​ពុក​រលួយ និង​បេក្ខជន​​ជាប់​ស្ថាពរ សិស្ស​ចៅក្រម​ចំនួន ៥៥នាក់ បាន​ចេញ​មុខ​ការពារ​ការ​ប្រឡង​សិស្ស​ចៅក្រម​ជំនាន់​ទី១០ ថា ត្រឹម​ត្រូវ និង​គ្មាន​ភាព​ប្រក្រតី​ឡើយ។

ទន្ទឹម​នឹង​ការ​អះអាង​នេះ លោក គង់ ប៊ុនរិទ្ធិ កំពុង​ជាប់​បណ្ដឹង​ចំនួន២ លើ​បទ​ចោទ​ចំនួន៣ គឺ​បទ​បរិហារកេរ្តិ៍ ជា​សាធារណៈ បរិហារ​បង្កាច់​កេរ្តិ៍ និង​បទ​ញុះញង់​ឲ្យ​មាន​ការ​រើស​អើង នៅ​តុលាការ​ក្រុង​ភ្នំពេញ។ លោក​នឹង​ត្រូវ​ឡើង​តុលាការ នៅ​ថ្ងៃ​ទី១៤ កុម្ភៈ ដើម្បី​បំភ្លឺ​អំពី​បណ្ដឹង​ទាំង​នោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

One Response to "ក្រុម​បេក្ខជន​តវ៉ា​លទ្ធផល​សិស្ស​ចៅក្រម​ ដាក់​ញត្តិ​ស្វែង​រក​អន្តរាគមន៍​​​ទៅ​ស្ថាប័ន​ព្រះ​មហាក្សត្រ ព្រឹទ្ធសភា រដ្ឋសភា និង​រដ្ឋាភិបាល"

  1. Anonymous says:

    Where is mr ORM YIN TEARN??????? the corruption in this department must go to ACU ” . Poor you guys’ all of you go to senate like you go to hell’ haha’ Theses senates like pigs ‘ they only get salary and enjoyed and do nothing to help nation or country or all of you guys’

Leave a Reply

Submit Comment