របាយការណ៍មួយបង្ហាញ​ថា ​កុមារកម្ពុជាជាង៦០០នាក់​នៅតែ​បន្ត​ធ្វើ​ជាកម្មករ​ឡឥដ្ឋ

ការងារ | សន្ដិសុខ
លោក យាង សុជាមេត្តា | ១២ កុម្ភៈ ២០២០ | ម៉ោង ៣:៣៣ ល្ងាច
VOD

ទិដ្ឋភាពនៅសិប្បកម្មឡឥដ្ឋមួយកន្លែង នៅស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ថ្ងៃទី១២ ខែមីនា ឆ្នា២០១៩។ រូបភាព៖ ហ៊ី ឆាយ

ទិដ្ឋភាពនៅសិប្បកម្មឡឥដ្ឋមួយកន្លែង នៅស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ថ្ងៃទី១២ ខែមីនា ឆ្នា២០១៩។ រូបភាព៖ ហ៊ី ឆាយ


របាយការណ៍ស្រាវជ្រាវថ្មីមួយបង្ហាញថា កុមារកម្ពុជាអាយុក្រោម១៨ឆ្នាំជាង៦០០នាក់​​នៅ​តែ​បន្ត​​ធ្វើ​ការនៅក្នុងវិស័យ​ឧស្សាហ​កម្មផលិតឥដ្ឋ។

របាយការណ៍ស្រាវជ្រាវដែលមានចំណងជើងថា «ជំរឿនឧស្សាហកម្មផលិតឥដ្ឋនៅកម្ពុជា៖ ប្រជាជន ភូមសាស្រ្ត និងការអនុវត្ត» ដែលត្រូវបានផលិតឡើងដោយសហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា (BWUC) បង្ហាញថា នៅទូទាំងប្រទេសកម្ពុជាមានកម្មករឡឥដ្ឋចំនួន ៦៨៦៣នាក់ក្នុងចំណោមមនុស្សស្នាក់នៅក្នុងសិប្បកម្មផលិតឥដ្ឋ ១០២១៧នាក់ ដែលក្នុងនោះ កុមារ ឬអ្នកមានអាយុក្រោម១៨ឆ្នាំ មានចំនួន ៦៣៨នាក់ ឬប្រមាណ ១០% នៃចំនួនកម្មករសរុប។ របាយការណ៍ស្រាវជ្រាវដែលត្រូវបានលើកយកមកពិភាក្សានៅក្នុងកិច្ចប្រជុំពិគ្រោះយោបល់កាលពីថ្ងៃទី៥ ខែកុម្ភៈ ដោយភាគីពាក់ព័ន្ធ បញ្ជាក់ថា កុមារទាំងអស់ នេះ ខ្លះធ្វើជាកម្មករពេញម៉ោង និងខ្លះទៀតក្រៅម៉ោង។ តាមរបាយការណ៍ខេត្តដែលមានកុមារធ្វើការនៅក្នុងឧស្សាហកម្មផលិតឥដ្ឋច្រើនជាងគេ គឺខេត្តបន្ទាយមានជ័យ កណ្តាល និងត្បូងឃ្មុំ។

បណ្ឌិត ឡួរី ផាសាន់ (Laurie Parsons) លេខាធិការនៃក្រុមស្រាវជ្រាវការប្រែប្រួលអាកាសធាតុ ភូមិសាស្រ្តសង្គម (RGS Climate Change Research Group) នៃសាកលវិទ្យាល័យឡុងដ៏ដុង និងជាអ្នកស្រាវជ្រាវរបាយការណ៍នេះ បានប្រាប់ វីអូឌី កាលពីថ្ងៃទី១១ ខែកុម្ភៈ ថាតួលេខកម្មករជាកុមារចំនួន១០% ដែលបង្ហាញនៅក្នុងរបាយការណ៍គឺបានមកពីការសាកសួរកុមារដោយផ្ទាល់ និងឪពុកម្តាយរបស់កុមារ។ លោកឱ្យដឹងបន្ថែមថា គោលបំណងនៃការស្រាវជ្រាវនេះគឺដើម្បីទទួលបានរូបភាពទូលំទូលាយពីឧស្សាហកម្មផលិតឥដ្ឋទាំងមូល ដោយផ្តោតជាពិសេសទៅលើការស្វែងរកសូចនាករសំខាន់ៗដូចជា អាយុ និងរយៈពេលនៃការងារ ជាដើម។  

របាយការណ៍ថ្មីដែលត្រូវបានសិក្សាពីខែកក្កដា ដល់ខែសីហា ឆ្នាំ២០១៩ រកឃើញថា នៅទូទាំងប្រទេសកម្ពុជា មានសិប្បកម្មផលិតឥដ្ឋចំនួន ៤៦៤ទីតាំង។ ខេត្តដែលមានឡឥដ្ឋច្រើនជាងគេគឺខេត្តកណ្តាលដែលមាន ១០៩ទីតាំង ឬស្មើប្រមាណ ២៤% នៃចំនួនសរុប។ របាយការណ៍រកឃើញដែរថា ភាគច្រើននៃកម្មករធ្វើការនៅក្នុងវិស័យនេះ គឺជាអ្នកចំណាកស្រុក ជាពិសេសមកពីខេត្តកណ្តាល និងខេត្តព្រៃវែង ដែលគ្រាន់តែខេត្ត២នេះ មានកម្មករប្រមាណពាក់កណ្តាលទៅហើយនៃចំនួនអ្នកស្នាក់នៅក្នុងសិប្បកម្មផលិតឥដ្ឋសរុប។

បណ្ឌិត ឡួរី ផាសាន់ វាយតម្លៃថា ស្ថានភាពការងារនៅតាមសិប្បកម្មឡឥដ្ឋ មិនមានលក្ខណៈប្រសើរជាងមុននោះទេ។ លោកមានប្រសាសន៍បន្តថា កត្តាដែលចេះតែនាំឱ្យមានកុមារធ្វើការ​នៅតាមឡឥដ្ឋ គឺព្រោះតែឪពុកម្តាយកុមារទាំងអស់នោះមិនអាចរកលុយគ្រប់គ្រាន់ដើម្បី​ផ្គត់​ផ្គង់​​ការរស់នៅ។

លោកថ្លែងសង្កត់ធ្ងន់ថា៖ «នៅក្នុងឧស្សាហកម្មអ្វីក៏ដោយ ប្រសិនបើឪពុកម្តាយអាចរកចំណូលគ្រប់គ្រាន់ដើម្បីផ្គត់ផ្គង់គ្រួសារ នោះកូនៗរបស់ពួកគេមិនចាំបាច់ធ្វើការនោះទេ។ ទោះជាយ៉ាងណា កម្មករក្នុងវិស័យឧស្សាហកម្មឡឥដ្ឋ ជារឿយៗជាអ្នកជំពាក់បំណុលគេ ហើយត្រូវធ្វើការប្រឈមនឹងស្ថានភាពមិនល្អសម្រាប់សុខភាព។ ដោយសារប្រាក់ឈ្នួលទាបផងនោះ ឪពុកម្តាយមិនមានជំរើសច្រើននោះទេ ក្រៅតែពីឱ្យកូនៗជួយធ្វើការងារ ដូច្នេះ វាបានអូសទាញពួកគេចូលទៅក្នុងមុខរបរដែលអាចពិបាកក្នុងការរត់គេច។ ឫសគល់នៃបញ្ហាទាំងអស់គឺកម្មករទទួលបានប្រាក់ឈ្នួលទាបក្នុងការផលិតឥដ្ឋ១ដុំ ដូច្នេះ យើងគាំទ្រ​ឱ្យមានប្រាក់​ឈ្នួល​អប្បបរមាកើនឡើង២ដងនៃអត្រាបច្ចុប្បន្នដែលបង់ទៅកម្មករ។»

ស្ត្រីកម្មករឡឥដ្ឋម្នាក់មកពីខេត្តព្រៃវែង តែបច្ចុប្បន្នធ្វើការនៅសិប្បកម្មផលិតឥដ្ឋមួយកន្លែងនៅភូមិឈើទាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល ថ្លែងប្រាប់ វីអូឌី ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ ​កាលពីថ្ងៃទី៥ ខែកុម្ភៈ ថាអ្នកស្រី និងប្តីបានមកធ្វើការជាកម្មករនៅសិប្បកម្ម​ឡឥដ្ឋ​រយៈពេល២ឆ្នាំហើយ។ អ្នកស្រីរៀបរាប់បន្តថា មូលហេតុដែលជំរុញឱ្យអ្នកស្រី​ និង​ប្តី ​មកធ្វើការនៅឡឥដ្ឋ ដោយសារអ្នកស្រីជំពាក់បំណុលគេមិនមានលទ្ធភាពសង ហើយដោយសារម្ចាស់ឡឥដ្ឋបច្ចុប្បន្ន ឱ្យលុយខ្ចីដើម្បីយកទៅសងបំណុលគេ អ្នកស្រីក៏ត្រូវនៅធ្វើការដើម្បីសងបំណុលម្ចាស់ឡឥដ្ឋវិញ។ អ្នកស្រីឱ្យដឹងថា លុយដែលម្ចាស់ឡឥដ្ឋឱ្យអ្នកស្រីខ្ចី គឺចំនួន២ពាន់ដុល្លារ តែមកទល់ពេលនេះ អ្នកស្រីមិនទាន់បានសងម្ចាស់ឡឥដ្ឋអស់នៅឡើយ។ ក្រៅពីម្ចាស់ឡឥដ្ឋ អ្នកស្រីក៏នៅមានជំពាក់អ្នកផ្សេងទៀតដែរ ។  

ស្រ្តីរូបនេះឱ្យដឹងថា អ្នកស្រី និងកម្មករផ្សេងទៀតប្រមាណ៥០នាក់ សព្វថ្ងៃស្នាក់នៅកន្លែងធ្វើការតែម្តង ហើយក្មេងៗដែលជាកូនចៅរបស់កម្មករក៏ស្នាក់នៅជាមួយគ្នាដែរ។ ទោះជាយ៉ាងណា នៅពេលសួរថា តើមានក្មេងធ្វើការក្នុងឡឥដ្ឋឬទេ ស្រ្តីរូបនេះបានឆ្លើយតបហាក់ស្ទាក់ស្ទើរ ដោយថា ពីមុនមានខ្លះដែរ តែនៅពេលអធិការកិច្ចចុះត្រួតពិនិត្យ ម្ចាស់ឡឥដ្ឋបានប្រាប់កុំយកក្មេងចូលកន្លែងធ្វើការ។ ចំពោះកូនស្រីអាយុ១៥ឆ្នាំរបស់អ្នកស្រី ដែលពីមុនធ្លាប់ធ្វើជាកម្មករដែរនោះ អ្នកស្រីថា លែងឱ្យធ្វើទៀតហើយ តែបន្តស្នាក់នៅក្នុងសិប្បកម្មឡឥដ្ឋជាមួយអ្នកស្រី ។

អ្នកស្រីបន្ត​ថា៖ «ការរស់នៅចំពោះថាឡឥដ្ឋមួយ វាមិនចេះស្រួលទេ ព្រួយបារម្ភជាងគេខ្លាចគ្រោះថ្នាក់ ពេលណាមួយយើងចាប់ឥដ្ឋ អត់បានមើល ចឹងទៅខ្លាចក្មេងរត់មកលូកចូលរនេល ណាមួយគោយន្តគេបើកខ្វាត់ខ្វែងដឹកឥដ្ឋចូលឡ ផ្លូវវាតូច ផ្លូវវាកែង ខ្លាចវារត់មក យើងមើលមិនឃើញ»។

ឆ្លើយតបចំពោះរបាយការណ៍ស្រាវជ្រាវថ្មីនេះ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ ថ្លែងបដិសេធថា មិនមានកុមារធ្វើការនៅតាមសិប្បកម្មឡឥដ្ឋទៀតនោះទេ។ យ៉ាងណាក្តី អ្នកនាំពាក្យក្រសួងការងាររូបនេះទទួលស្គាល់ថា ពិតជាមានកុមារស្នាក់នៅក្នុងសិប្បកម្មផលិតឥដ្ឋដូចការរកឃើញក្នុងរបាយការណ៍មែន ។

លោក ហេង សួរ អះអាងថា៖ «ក្រសួងការងារខ្លួនឯងក៏បានរៀបចំឱ្យមានការធ្វើអធិការកិច្ចទូទាំងប្រទេសដោយម​ន្ទីរការងាររបស់យើង ហើយអ្វីដែលយើងបានរកឃើញ គឺ​យើងទទួល​ស្គាល់ថា មានកុមាររស់នៅតាមសិប្បកម្មឡឥដ្ឋ ប៉ុន្តែ យើងមិនបានរកឃើញថា មាន​ពលកម្ម​កុមារ​នៅតាមខ្សែសង្វាក់ផលិតកម្មនោះទេ»។

របាយការណ៍ស្រាវជ្រាវថ្មីនេះ រកឃើញថា ប្រហែល៥០% នៃសិប្បកម្មផលិតឥដ្ឋនៅកម្ពុជា នៅប្រើប្រាស់ម៉ាស៊ីនកិនដីដោយដៃ (Manual brick molding machines) នៅឡើយ ដែលត្រូវបានគេចាត់ទុកថា ជាប្រភេទឧបករណ៍ដ៏គ្រោះថ្នាក់បំផុតមួយនៅក្នុងឧស្សាហកម្មផលិតឥដ្ឋ។ កាលខែមីនា​ ឆ្នាំ២០១៩​ កុមារី​ឈ្មោះ ឆេង ស្រីភ័ក្ត្រ ពេលនោះមានអាយុ១០ឆ្នាំ បានជួប​គ្រោះថ្នាក់​ដាច់​ដៃ​ស្ដាំ​ត្រឹម​គល់​ក្លៀកដោយសារម៉ាស៊ីនកិនដី ខណៈនាងកំពុងធ្វើការជាមួយឪពុកម្តាយដែលជាកម្មករនៅ​សិប្បកម្ម​ផលិត​ឥដ្ឋ​មួយ​កន្លែង​ នៅ​ភូមិ​ព្រះប្រសប់ ឃុំ​ព្រះប្រសប់ ស្រុក​ខ្សាច់​កណ្ដាល​ ខេត្ត​កណ្ដាល​៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

One Response to "របាយការណ៍មួយបង្ហាញ​ថា ​កុមារកម្ពុជាជាង៦០០នាក់​នៅតែ​បន្ត​ធ្វើ​ជាកម្មករ​ឡឥដ្ឋ"

  1. Anonymous says:

    that is HUN NAL >>HUN SEN’s grand’s kids .

Leave a Reply

Submit Comment