កម្មករ​ថា ការ​ព្យួរ EBA ទោះ​ត្រឹម​២០% ក៏​ធ្វើឱ្យ​ខាត​ប្រយោជន៍​​ជាតិ​ដែរ

ដោយ សុ ជីវី
2020-02-12
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

កម្មករ-កម្មការិនី​នៅ​សង្កាត់​ទឹកថ្លា ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ ចូល​រួម​សំណេះសំណាល​ជាមួយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ព្រឹក​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០១៨។

កម្មករ-កម្មការិនី​នៅ​សង្កាត់​ទឹកថ្លា ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ ចូល​រួម​សំណេះសំណាល​ជាមួយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ព្រឹក​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០១៨។ Photo courtesy of SPM’s Page


កម្មករ​រោងចក្រ​មួយ​ចំនួន​ឱ្យ​ដឹងថា ពួកគាត់​ខ្វាយខ្វល់​ចិត្តជា​ខ្លាំង​ជុំវិញ​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ទោះជា​ត្រឹម​២០% ក៏ដោយ ព្រោះ​វិធានការ​នេះ​នឹង​ប៉ះពាល់​ដល់​ប្រយោជន៍​ជាតិ និង​ប្រជាពលរដ្ឋ​។ ពួកគាត់​ទទូច​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន ពិចារណា​ឡើងវិញ​ជុំវិញ​ជំហរ​ដាច់ខាត​របស់​ខ្លួន​ដែល​ថា សុខចិត្ត​ឱ្យ​បាត់ EBA ក៏​មិន​ព្រម​កែប្រែ​ស្ថានភាព​ស្រុកទេស​ឡើងវិញ​នោះ។

កម្មករ​កាត់ដេរ​ជឿ​ថា ការបាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ទោះជា​ត្រឹម​២០% ក៏ដោយ ក៏​នឹង​ជះឥទ្ធិពល​អាក្រក់​ដល់​កម្ពុជា​ដែរ​។ ផលវិបាក​ទាំងនោះ មាន​ដូចជា អ្នក​វិនិយោគ​បរទេស​បាត់​ទំនុក​ចិត្ត ខាតបង់​សេដ្ឋកិច្ច​ជាតិ និង​បាត់​ប្រាក់ចំណូល ឬ​អាច​ឈាន​ដល់​ការបាត់បង់​ការងារ​កម្មករ​ផង​ក៏​អាច​ថា​បាន។

កម្មការិនី​រោងចក្រ​មួយ​រូប​នៅ​ខេត្តកណ្តាល លោកស្រី ដោក សាវ៉ាន់ ថ្លែង​ថា ការ​អនុគ្រោះ​ពន្ធ EBA បាន​ធានា​ឱ្យ​កម្មករ​រាប់​សែន​នាក់​មានការ​ងារ​ធ្វើ និង​ជួយ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ជាច្រើន​ទៀត​ទាញ​ផលប្រយោជន៍​បាន​ពី​វិស័យ​កាត់ដេរ​។ លោកស្រី​ថា ការ​បាត់បង់ EBA ទោះ​ប៉ុន្មាន​ភាគរយ​ក៏ដោយ ក៏​គ្មាន​អ្នកណា​ផ្សេង​ជា​អ្នក​ខាតបង់​ក្រៅពី​ប្រទេស​កម្ពុជា និង​ពលរដ្ឋ​ខ្មែរ​ដែរ៖ «ខ្ញុំ​នៅ​ក្នុង​មូលដ្ឋាន​ផ្ទាល់ គ្រាន់តែ​រឿង​ហ្នឹង​ចេញ​មក ម្នាក់ៗ​សួរ​ខ្ញុំ​គ្រប់គ្នា​ថា រោងចក្រ​យើង​អាច​នឹង​បិទទ្វារ ឬ​អត់​រោងចក្រ​នៅ​ស្រុក​ខ្មែរ​អាច​នឹង​មាន​ចលាចល ឬ​អត់​ខ្ញុំ​ថា រឿង​ហ្នឹង​តាមមើល​សភាព​ជាក់ស្ដែង បើ​រោងចក្រ​ណា​បិទទ្វារ នោះ​វា​មានការ​រំសាយ​កម្មករ​ចោល ហើយ​ការរំសាយ​ហ្នឹង​មិន​ប្រាកដ​ថា ទូទាត់​ប្រាក់​អត្ថប្រយោជន៍​ឱ្យ​កម្មករ​ពេញ ឬ​អត់​នោះ​ទេ​។ ម្នាក់ៗ​លឺ​ថា ត្រៀម​ប៉ាស្ព័រ​ទៅ​(​ធ្វើការ​)​ថៃ​អ៊ីចឹង»។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះ​ជួប​កម្មករ​នៅ​ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​មករា ឆ្នាំ​២០១៨។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះ​ជួប​កម្មករ​នៅ​ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​មករា ឆ្នាំ​២០១៨។ Photo courtesy of SPM Facebook’s page


ស្រដៀង​គ្នា​នេះ កម្មករ​មួយ​រូប​ទៀត​នៅ​រាជធានី​ភ្នំពេញ​ថ្លែង​ថា ក្នុងនាម​ជា​ពលរដ្ឋ លោក​មិន​ចង់​ឃើញ​វិស័យ​ណាមួយ​ត្រូវ​ដើរ​ធាក់​ថយក្រោយ​ដោយសារតែ​ការបាត់បង់ EBA នោះ​ឡើយ​។ លោក​មើល​ឃើញ​ថា ក្នុង​ស្ថានភាព​ដែល​កម្ពុជា​មានការ​អនុគ្រោះ​ពន្ធ​ផង ជីវភាព​ពលរដ្ឋ​ភាគច្រើន​នៅតែ​លំបាក ទម្រាំ​បាត់​ការ​អនុគ្រោះ​ពន្ធ​ទៀត នោះ​ស្ថានភាព​ពួកគាត់​នឹង​កាន់តែ​អាក្រក់​ជាងនេះ​ទៅ​ទៀត៖ «សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ ក៏​ដូចជា​កម្មករ​រោងចក្រ និង​អ្នក​ដែល​ធ្វើការ​គ្រប់​វិស័យ​ទាំងអស់ មិនមែន​ថា នៅ​លើ​តែ​វិស័យ​កាត់ដេរ​មួយ​ទេ គឺ​ពួកគាត់​ប្រឈម​នឹង​បញ្ហា​ដោយសារតែ​អឺរ៉ុប​ព្យួរ​ការ​អនុគ្រោះ​ពន្ធ​។ សព្វថ្ងៃ សូម្បីតែ​គេ​អត់​យកពន្ធ​ផង ប្រជាពលរដ្ឋ​ខ្មែរ​យើង​នៅ​មាន​ភាព​ក្រីក្រ​ច្រើន ចុះ​ទម្រាំ​គេ​យកពន្ធ ពិបាក​ទាំងអស់»។

ចំណែក កម្មករ​មួយ​រូប​ទៀត​នៅ​ខេត្ត​កណ្ដាល ជឿ​ថា ការ​ដក​ប្រព័ន្ធ​អនុគ្រោះ EBA ទោះបីជា​មិន​ទាំងស្រុង​ក៏ដោយ ក៏​នឹង​ធ្វើ​ឱ្យ​ក្រុមហ៊ុន​បរទេស​កាត់បន្ថយ​ការ​បញ្ជាទិញ​ទំនិញ​ពី​កម្ពុជា​ដែរ ហើយ​ពេលនោះ​រោងចក្រ​មួយ​ចំនួន​នឹង​ប្រឈម​ការ​បិទ​ទ្វារ៖ «គេ​អាច​បែរ​ទៅ​ប្រទេសក្រៅ​ខ្លះ​ហើយ ដូចជា វៀតណាម​ឥលូវ​មាន​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​អឺរ៉ុប​ផង អ៊ីចឹង​ប្រហែល​ជា​មាន​រោងចក្រ​មួយ​ចំនួន​ប្រហែលជា​អាច​បែរ​ទៅ​ខ្លះ​ហើយ​តាមមើល​។ អ្វី​ដែល​យើង​ធ្លាប់​បាន​ពេញ ហើយ​ដល់ពេល​គេ​ព្យួរ​ខ្លះ​អ៊ីចឹង វា​អាច​ប៉ះពាល់​ហើយ គ្រាន់តែ​ថា ប៉ះពាល់​ដល់​កម្រិត​ណា​នោះ ខ្ញុំ​មិន​អាច​វាយតម្លៃ​បាន​ដែរ»។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ) ជួប​សំណេះសំណាល​ជាមួយ​កម្មករ​កម្មការិនី​រោងចក្រ​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ ក្រុង​ភ្នំពេញ ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ​២០១៧។ Photo courtesy of PM Hun Sen's Facebook Page

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ) ជួប​សំណេះសំណាល​ជាមួយ​កម្មករ​កម្មការិនី​រោងចក្រ​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ ក្រុង​ភ្នំពេញ ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ​២០១៧។ Photo courtesy of PM Hun Sen’s Facebook Page Photo courtesy of PM Hun Sen’s Facebook Page


គណៈកម្មការ​អឺរ៉ុប​បានសម្រេច​ដកហូត​ផ្នែក​ខ្លះ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា ដែល​គិត​ជា​ទឹកប្រាក់​ជាង​១ ពាន់​លាន​ដុល្លារ​អាមេរិក ឬ​ស្មើនឹង​ប្រមាណ​២០% នៃ​ទំនិញ​ដែល​កម្ពុជា​នាំទៅ​លក់​នៅ​ទីផ្សារ​អឺរ៉ុប​។ សហភាព​អឺរ៉ុប​បាន​ដាក់​ចេញ​វិធានការ​នេះ ដោយសារតែ​រក​ឃើញ​ថា កម្ពុជា​មានការ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ និង​ជា​ប្រព័ន្ធ ផ្ទុយ​ទៅ​នឹង​កតិកាសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ។

អ្នកនាំពាក្យ​បក្ស​កាន់អំណាច លោក សុខ ឥសាន អះអាង​ថា ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​២០% នេះ មិន​អាច​ធ្វើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​បាត់​ភាព​ម្ចាស់ការ​ឡើយ ព្រោះ​លោក​ថា រដ្ឋាភិបាល​បាន​ត្រៀមខ្លួន​ទប់ទល់​វិធានការ​នេះ​រួចជាស្រេច​ទៅ​ហើយ ដោយ​ការ​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​ជាមួយ​ប្រទេស​មួយ​ចំនួន​។ លោក​បញ្ជាក់​ថា រដ្ឋាភិបាល​មិន​ចង់​ឱ្យ​បាត់​ការ​អនុគ្រោះ​ពន្ធ EBA ឡើយ សូម្បីតែ​១% ក៏ប៉ុន្តែ​នេះ​ជា​សិទ្ធិ​សម្រេច​របស់​គណៈកម្មការ​អឺរ៉ុប​ដែល​លោក​ចោទ​ថា ធ្វើឡើង​ដោយមាន​ភាព​លម្អៀង​ខាង​នយោបាយ​។ លោក​ស្នើ​ឱ្យ​ក្រុម​កម្មករ​ទុកចិត្ត​លើ​រដ្ឋាភិបាល​ទាក់ទង​នឹង​ការ​ដោះស្រាយ​បញ្ហា​នេះ៖ «២០នេះ គឺ​រដ្ឋាភិបាល​អាច​ដោះស្រាយ​បញ្ហា​បាន មិន​ឱ្យ​បងប្អូន​បាត់បង់​ផលប្រយោជន៍​។ ប្រាក់​ឈ្នួល​ប្រចាំខែ​របស់​បងប្អូន​កម្ម​ករ​និយោជិក ក៏ដូចជា​ប៉ះពាល់​ដល់​គ្រួសារ​ដែល​គេ​ផ្សព្វផ្សាយ​ដល់​រាប់​លាន​នាក់​នោះ អា​ហ្នឹង​ខ្ញុំ​យល់​ថា មិន​ធ្ងន់ធ្ងរ​ទេ​។ រាជរដ្ឋាភិបាល​អាច​ធានារ៉ាប់រង​បាន»។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ថ្លែង​ក្នុង​កិច្ច​សម្ភាសន៍ នា​ទី​ស្នាក់​ការ​កណ្ដាល គណបក្ស​ប្រជាជន​កម្ពុជា កាល​ពី​ថ្ងៃ​ទី៣០ ខែ​កក្កដា ឆ្នាំ​២០១៨។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ថ្លែង​ក្នុង​កិច្ច​សម្ភាសន៍ នា​ទី​ស្នាក់​ការ​កណ្ដាល គណបក្ស​ប្រជាជន​កម្ពុជា កាល​ពី​ថ្ងៃ​ទី៣០ ខែ​កក្កដា ឆ្នាំ​២០១៨។ AFP


ផ្ទុយ​ពី​ការ​អះអាង​នេះ កម្មការិនី​រោងចក្រ លោកស្រី ដោក សាវ៉ាន់ មិន​ជឿ​ថា រដ្ឋាភិបាល​នឹង​អាច​ជួយ​ដោះស្រាយ​រាល់​បញ្ហា​របស់​កម្មករ ដែល​កើត​ចេញ​ពី​ការ​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA បាន​នោះ​ឡើយ​។ លោកស្រី​បន្ត​ថា លោកស្រី​មិន​ដឹង​ថា រដ្ឋាភិបាល​កម្ពុជា​កំពុងតែ​គិត​អ្វី​ឱ្យ​ប្រាកដ​នោះ​ទេ ប៉ុន្តែ​សម្រាប់​កម្មករ គឺ​ពួកគាត់​កំពុង​ព្រួយបារម្ភ​ខ្លាំង​ខ្លាច​អត់​ការងារ​ធ្វើ និង​បាត់បង់​ប្រាក់ចំណូល​។ លោកស្រី​ទទូច​ឱ្យ​រដ្ឋាភិបាល​ពិចារណា​អនុវត្ត​តាម​លក្ខខណ្ឌ​របស់​សហភាព​អឺរ៉ុប នៅមុន​ការ​ចូល​ជា​ធរមាន​នៃ​សេចក្ដី​សម្រេច​នេះ​នៅ​ថ្ងៃ​ទី​១២ ខែ​សីហា ខាងមុខ៖ «វា​អាច​នៅសល់​សុពលភាព​៦ ឬ​៧ ខែ​ចុងក្រោយ គាត់​អាច​ទម្លាក់ ឬក៏​គេ​ហៅ​ភាសា​ខ្លី​ថា ឱន​ដាក់គ្រាប់​។ យើង​អាច​ទទួល​អ្វី​ដែល​ជា​សំណូមពរ​របស់​សហភាព​អឺរ៉ុប​ខ្លះ​ទៅ ដើម្បី​បន្ថយ​ការ​កាត់​ពន្ធ ឬក៏​ធ្វើ​ម៉េច​កុំ​ឱ្យ EBA ហ្នឹង គេ​ដក»។

ស្ថាប័ន​ហិរញ្ញវត្ថុ​អន្តរជាតិ​មួយ​ចំនួន រួមមាន​ធនាគារ​ពិភពលោក (World Bank) ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) និង​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) បាន​ព្យាករ​ដូចគ្នា​ថា កំណើន​សេដ្ឋកិច្ច​កម្ពុជា​នឹង​ធ្លាក់​ចុះ​ពី​ជាង​៧% មក​នៅ​ត្រឹម​៦.៨% នៅ​ឆ្នាំ​២០២០ ដោយសារតែ​មូលហេតុ​ចម្បង គឺ​ការ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នេះឯង៕


កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles