ក្រសួង​​ធ្វើ​រោគវិនិច្ឆ័យ​លើ​ជនបរទេស​២០​នាក់​ដែល​មាន​បញ្ហា​សុខភាព ក្រោយ​កប៉ាល់ ​Westerdam ​ចូល​ចត

2020-02-13
RFA

នាវា​ទេសចរណ៍ The MS Westerdam (Cruise ship) ចុះចតក្នុង​កំពង់​ផៃ​ព្រះសីហនុ នៅ​ថ្ងៃ​​ទី១៣ ខែ​កុម្ភៈ ​ឆ្នាំ២០២០។

នាវា​ទេសចរណ៍ The MS Westerdam (Cruise ship) ចុះចតក្នុង​កំពង់​ផៃ​ព្រះសីហនុ នៅ​ថ្ងៃ​​ទី១៣ ខែ​កុម្ភៈ ​ឆ្នាំ២០២០។ រូប៖ អាកាប៉េ


ក្រសួង​សុខាភិបាល​កម្ពុជា សម្រេច​ធ្វើតេស្ត​ឈាម​ជនបរទេស​២០​នាក់ ដោយ​យក​ទៅ​ពិនិត្យ​រោគវិនិច្ឆ័យ​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ ដើម្បី​ឱ្យ​ដឹង​ប្រាកដ​ថា តើ​ពួកគេ​មាន​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​កូវិត​១៩ (Covid-19) ឬ​អត់ ក្រោយពី​រក​ឃើញ​ថា ពួកគេ​មាន​បញ្ហា​សុខភាព នៅ​លើ​កប៉ាល់​ទេសចរណ៍ ដែល​ចូល​ចត​នៅ​ខេត្ត​ព្រះសីហនុ​។ ស្រប​ពេល​គ្នា​នេះ អគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា និង​ប្រធាន​អង្គការ​សុខភាព​ពិភពលោក សាទរ​ប្រទេស​កម្ពុជា ដែល​បាន​អនុញ្ញាត​ឱ្យ​កប៉ាល់​ទេសចរណ៍​នោះ ចូល​ចត​នៅ​ខេត្ត​ព្រះសីហនុ ក្រោយពី​មាន​ប្រទេស​មួយ​ចំនួន​បដិសេធ ដោយសារ​ខ្លាច​ការ​ឆ្លង​វីរុស សារស៊ីអូវី ២ (SARS-Cov-2)។

ក្រសួង​សុខាភិបាល​ដាក់​ចេញ​វិធានការណ៍​ជា​បី​ដំណាក់កាល ដើម្បី​តាមដាន​ករណី​ជនបរទេស​ទាំង​២០​នាក់។

អ្នកនាំពាក្យ​ក្រសួងសុខាភិបាល អ្នកស្រី ឱ វណ្ណឌីន ប្រាប់​សារព័ត៌មាន​ក្នុងស្រុក នៅ​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ ថា ដំណាក់កាល​ដំបូង ក្រុម​គ្រូពេទ្យ​ជំនាញ នឹង​ធ្វើ​ការសាកសួរ​ពួកគេ​នៅ​លើ​កប៉ាល់​ទេសចរណ៍​ដែល​មាន​ចម្ងាយ​ឆ្ងាយ​ពី​កំពង់ផែ​ព្រះសីហនុ ទាក់ទង​នឹង​ប្រវត្តិ​ធ្វើដំណើរ​កន្លងមក និង​បញ្ហា​សុខភាព​ដែល​ពួកគេ​កំពុង​ប្រឈម។

អ្នកស្រី​បន្ត​ថា ជំហាន​បន្ទាប់ គឺ​យក​សំណាក​របស់​ពួកគេ ទៅ​ពិនិត្យ​មើល​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា និង​រង់​ចាំ​មើល​លទ្ធផល ថា​ក្នុងចំណោម​ពួកគេ​ទាំង​២០​នាក់​មាន​ផ្ទុក​វីរុស សារស៊ីអូវី ២ (SARS-Cov-2) ដែរ​ឬ​ទេ​។ អ្នកស្រី​បញ្ជាក់​ថា ករណី​បើ​រក​ឃើញ​ថា ជនបរទេស​ណា មាន​ផ្ទុក​វីរុស​ប្រភេទ​ថ្មី​នេះ ក្រសួង​សុខាភិបាល​នឹង​ពិនិត្យ​ព្យាបាល​ពួកគេ​នៅ​មន្ទីរ​បង្អែក​ខេត្ត​ព្រះសីហនុ ឬ​អាច​ព្យាបាល​ពួកគេ​នៅ​ក្នុង​បន្ទប់​ដាច់ដោយឡែក​នៅ​លើ​កប៉ាល់​ទេសចរណ៍​នោះ​តែម្ដង៖ «តាមរយៈ​ព័ត៌មាន​បឋម​ដែល​ខ្ញុំ​ទទួល​បាន​អម្បាញ់មិញ​នេះ គឺ​មាន​ករណី​ដែល​ហៅថា គាត់​មាន​ផ្ដាសាយ​ធម្មតា ហើយ​មាន​ឈឺ​ក្រពះ​។ មួយ​ចំនួន​ធំ​គឺ​គាត់​បាន​ធូរស្រាល​ហើយ គាត់​អត់​មាន​សញ្ញា​អ្វី​ធ្វើ​ឱ្យ​យើង​ព្រួយបារម្ភ​នោះ​ទេ​។ ប៉ុន្តែ​ដូច​ខ្ញុំ​បាន​បញ្ជាក់​ជូន​ហើយ​ថា ដើម្បី​ឱ្យ​ច្បាស់លាស់ ឱ្យ​មានការ​ជឿ​ទុកចិត្ត អ៊ីចឹង​ចាំបាច់ យើង​ត្រូវ​រក​វត្ថុ​សំណាក​ទៅ​ធ្វើ​វិភាគ ដើម្បី​ឱ្យ​ច្បាស់​ទាំងអស់​គ្នា ព្រោះ​យើង​មិន​ច្រាន​ចោល​១០០%​ទេ​។ ដើម្បី​ឱ្យ​បាន​ច្បាស់​ថា ពួកគាត់​២០​នាក់​ហ្នឹង គឺ​មិន​មាន​បញ្ហា​ផ្ទុក​នៅ​វីរុស​កូវិត១៩​នេះ»។

ចំណែក​ភ្ញៀវ​ទេសចរណ៍​ជាង ១​ពាន់​៤​រយ​នាក់​ទៀត ដែល​សរុប​មាន ៤០​ជាតិ​សាសន៍ អាជ្ញាធរ​ខេត្ត​ព្រះសីហនុ មិន​អនុញ្ញាត​ឱ្យ​ពួកគេ​ស្នាក់នៅ ឬ​ធ្វើដំណើរ​នៅ​ក្នុង​ខេត្ត​ជាប់​សមុទ្រ​មួយ​នេះ​ឡើយ​។ អភិបាលខេត្ត​ព្រះសីហនុ លោក គួច ចំរើន ថ្លែងប្រាប់​កាសែត​ក្នុងស្រុក​ថា អាជ្ញាធរ​អនុញ្ញាត​ឱ្យ​តែ​ជនបរទេស​ណា​ដែល​បាន​កក់​សំបុត្រ​យន្តហោះ​រួចហើយ គឺ​អាច​ចេញពី​កប៉ាល់​បាន ដើម្បី​បន្ត​ដំណើរ​របស់​ពួកគេ​ទៀត។

លោក​បន្ត​ថា អាជ្ញាធរ​នឹង​ដឹក​អ្នកដំណើរ​ទាំងនោះ តាម​រថយន្ត​ក្រុង​ទៅ​អាកាសយានដ្ឋាន​កងកេង ដោយ​ធ្វើ​ដំណើរ​តាម​យន្តហោះ ឆ្ពោះ​ទៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ហើយ​រង់ចាំ​ជើង​យន្តហោះ បន្ត​ចេញទៅ​ប្រទេស​របស់​ពួកគេ​។ លោក​បញ្ជាក់​ថា ក្នុងចំណោម​ទេសចរណ៍​ជាង ១​ពាន់ ៤​រយ​នាក់​នៅ​លើ​កប៉ាល់​នោះ គឺ​មាន​អាណិកជន​ជនជាតិ​ចិន​ម្នាក់ ដែល​មិនមែន​ចេញ​ពី​ទីក្រុង​ក្រុង​វូហាន ប្រទេស​ចិន នោះ​ទេ៖«តើ​ទេសចរ​ណាខ្លះ​ដែល​មាន​សំបុត្រ​យន្តហោះ​ហើយ ដែល​ត្រូវ​បន្ត​ដំណើរ​តាម​ជើង​យន្តហោះ ដែល​មាន​ចំនួន​ជាក់លាក់​ដូច​ថា មាន​ជាង​៥០០​នាក់​ដែល​ខ្ញុំ​មិន​ច្បាស់​លេខ​ហ្នឹង​។ តែ​ច្បាស់លាស់​ណាស់​ថា ការរៀបចំ​គឺ​រៀបចំ​ដើម្បី​ត្រៀម​បម្រុង នៅ​ក្នុង​ពេល​ដែល​យើង​រៀបចំ​សម្រាប់​ពួកគាត់​បាន។ មាន​រថយន្ត​សម្រាប់​ដឹកជញ្ជូន​ពី​ទីនេះ ទៅ​ដល់​ប្រ​លាន​យន្តហោះ និង​ការ​រៀបចំ​យន្តហោះ​បាន សម្រាប់​ការ​ហោះ​ចេញពី​ប្រ​លាន​យន្តហោះ​កងកេង​រួចហើយ ទើប​យើង​រៀបចំ​ដំណើរ​ពួកគាត់​ពីលើ​កប៉ាល់​ឱ្យ​ឡើង​ឡាន និង​ធ្វើដំណើរ​ចេញទៅ​។ ខ្ញុំ​អាច​បញ្ជាក់​បាន​ថា រយៈពេល​នៃ​ការ​ស្នាក់នៅ​គឺ​មិន​មាន​ទេ​។ គាត់​ត្រឹមតែ​ឆ្លងកាត់​ហើយ គឺ​ចាក​ចេញ​តែម្ដង»។

អ្នកវិភាគ​បញ្ហា​សង្គម និង​នយោបាយ លោក មាស នី ថ្លែង​ថា សកម្មភាព​របស់​រដ្ឋាភិបាល​ដែល​ធ្វើ​នេះ គឺ​ដើម្បី​បង្ហាញ​ទៅ​អន្តរជាតិ​ថា កម្ពុជា ធ្វើ​នៅ​ពេល​នេះ គឺ​ឈរ​គោលការណ៍​មនុស្សធម៌ និង​ជួយសង្គ្រោះ​ជីវិត​មនុស្ស​រាប់ពាន់​នាក់ ដែល​ត្រូវការ​ជំនួយ ខណៈ​ប្រទេស​ផ្សេងទៀត​មិន​អើពើ​រឿង​នេះ។

អ្នកវិភាគ​រូប​នេះ​បញ្ជាក់​ថា រដ្ឋាភិបាល​អាច​ទទួល​បាន​ផល​ល្អ ពី​រឿង​នេះ បើសិនជា​រក​មិន​ឃើញ​មាន​អ្នក​ផ្ទុក​មេរោគ​វីរុស សារស៊ីអូវី ២(SARS-Cov-2) ប៉ុន្តែ បើ​អ្នកជំងឺ​រលាក​ផ្លូវ​ដង្ហើម​កូវិត១៩ (Covid-19) ហើយ​អាច​ឆ្លង​ដល់​ពលរដ្ឋ​ខ្លួន​នោះ គឺ​បង្ហាញ​ពី​ភាព​កម្សោយ​របស់​រដ្ឋាភិបាល ក្នុង​ការ​ទប់ស្កាត់​ជំងឺ​នេះ៖ «បើ​យើង​និយាយ​ពី​វិស័យ​មនុស្សធម៌​វិញ វា​ធ្វើ​ឱ្យ​កម្ពុជា​គេ​សរសើរ​ច្រើន​ជាពិសេស​គ្រួសារ​អ្នក​នៅ​ក្នុង​កប៉ាល់​ហ្នឹងឯង​។ ទន្ទឹម​ហ្នឹង​ក៏​មាន​ចំណេញ​ផ្នែក​នយោបាយ​បាយ​ផង​ដែរ ដើម្បី​បង្ហាញ​អន្តរជាតិ​ថា កម្ពុជា​មាន​បេះដូង​មនុស្សធម៌​។ វា​ឡូកឡំ​គ្នា វា​មាន​ផ្នែក​មនុស្សធម៌ និង​ការ​យក​ផល​ផ្នែក​នយោបាយ​។ បើសិនជា​ការពារ​បាន មិន​ឱ្យ​មាន​ជំងឺឆ្លង ហើយ​អ្នកដំណើរ​ទាំងអស់ បាន​ទៅដល់​ស្រុក​គេ​ដោយ​សុវត្ថិភាព ហ្នឹង​វា​ជា​សំណាងល្អ​របស់​រដ្ឋាភិបាល​ទៅ​ចុះ ប៉ុន្តែ​បើ​មានការ​ឆ្លង​មកដល់​ពលរដ្ឋ ស្លាប់​រាប់​រយ​រាប់​ពាន់​នាក់ ដូច​ចិន​អី គឺជា​វាសនា​អាក្រក់​មួយ​ដែល​រដ្ឋាភិបាល​ត្រូវ​ទទួលខុសត្រូវ»។

ស្រប​ពេល​ជាមួយ​គ្នា​នេះ អគ្គរដ្ឋទូត និង​មន្ត្រី​តំណាង​ទូត​មួយ​ចំនួន បាន​ធ្វើ​ដំណើរ​ទៅ​ជួប​ពលរដ្ឋ​ជាតិ​សាសន៍​របស់​ខ្លួន​នៅ​លើ​កប៉ាល់​នោះ រួមមាន ស្ថានទូត​សហរដ្ឋអាមេរិក បារាំង កាណាដា និង​អូស្ត្រាលី។

អគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា លោក ផាទ្រីក ម័រហ្វី (W. Patrick Murphy) បាន​បង្ហោះ​សារ​តាម​បណ្ដាញ​សង្គម Twitterដោយ​ថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាល​កម្ពុជា ដែល​សម្រេច​អនុញ្ញាត​ឱ្យ​កប៉ាល់​ទេសចរណ៍​អន្តរជាតិ​ឈ្មោះ វ៉េសស្ទ័រដាម (Westerdam) ចូល​ចត​នៅ​កំពង់ផែ ខេត្ត​ព្រះសីហនុ នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ​។ លោក​បញ្ជាក់​ថា សេចក្ដីរាយការណ៍​ចេញពី​កប៉ាល់​នេះ បង្ហាញ​ថា គ្នា​នរណា​ម្នាក់​មាន​ផ្ទុក​វីរុស សារស៊ីអូវី ២ (SARS-Cov-2) ព្រោះ​ក្រុម​គ្រូពេទ្យ​នៅ​លើ​កប៉ាល់​តាមដាន​ពួកគេ​យ៉ាង​ដិតដល់។

ចំណែក ប្រធាន​អង្គការ​សុខភាព​ពិភពលោក លោក ថេដ្រូស អាដាណម ហ្គែប្រេយេសឹស (Tedros Adhanom Ghebreyesus) ក៏​សាទរ​ចំណាត់​ការ​របស់​រដ្ឋាភិបាល​កម្ពុជា​នេះ​ដែរ ដោយ​បង្ហោះ​សារ​តាម​បណ្ដាញ​សង្គម Twitter សរសេរ​ថា នេះ​គឺជា​សកម្មភាព​រួម​សាមគ្គី​គ្នា ចំ​ពេល​ដែល​ពិភពលោក​មានឱកាស​រួមគ្នា ដើម្បី​បញ្ឈប់​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​កូវិត១៩ (Covid-19) ការ​មាក់ងាយ និង​ភាព​ភ័យខ្លាច។

កប៉ាល់​ទេសចរណ៍​អន្តរជាតិ ឈ្មោះ វ៉េសស្ទ័រដាម ដែល​ដឹក​មនុស្ស​សរុប​ជាង ២​ពាន់​២​រយ​នាក់ ដោយ​ក្នុង​នោះ​អ្នកដំណើរ​មាន​ជាង ១​ពាន់ ៤​រយ​នាក់ (១,៤៥៥​នាក់​) និង​បុគ្គលិក​បម្រើ​នៅ​កប៉ាល់​ចំនួន​ជាង​៨​រយ​នាក់ (៨០២) បាន​ធ្វើ​ដំណើរ​ចេញពី​ទីក្រុង​ហុងកុង ប្រទេស​ចិន កាលពី​ថ្ងៃ​ទី​០១ ខែ​កុម្ភៈ ប៉ុន្តែ នាវា​មួយ​គ្រឿង​នេះ​ត្រូវ​បាន​រដ្ឋាភិបាល​កោះ​តៃវ៉ាន់ ហ្វីលីពីន ជប៉ុន កូរ៉េខាងត្បូង ថៃ និង​កោះហ្គាំ របស់​សហរដ្ឋអាមេរិក មិន​អនុញ្ញាត​ឱ្យ​ឱ្យ​ចូល​ចត​ទេ ដោយសារ​សង្ស័យ​ថា ក្នុងចំណោម​អ្នក​ទាំងនោះ អាច​មាន​ផ្ទុក​វីរុស សារ​ស៊ីអូ​វី ២ (SARS-Cov-2)។

គិត​ត្រឹម​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ ជំងឺ​រលាក​ផ្លូវ​ដង្ហើម​កូវិត១៩ (Covid-19) បាន​សម្លាប់​មនុស្ស​កើន​ដល់​ជាង ១​ពាន់ ៣​រយ​នាក់​ហើយ (១,៣៦៩)ភាគច្រើន​នៅ​ក្នុង​ប្រទេស​ចិន ខណៈ​អ្នក​ឆ្លង​ជំងឺ​នេះ កើន​ដល់​ជាង ៦​ម៉ឺន​នាក់ (៦០,៣៤៧) ដែល​ភាគ​ច្រើន​បំផុត​កើតមាន​នៅ​ក្នុង​ប្រទេស​ចិន។ ចំណែក​អ្នក​ព្យាបាល​ជា​សះស្បើយ មាន​ចំនួន​ជាង ៦​ពាន់​១​រយ​នាក់ (៦,១២២)​។ ចំនួន​អ្នក​ស្លាប់​នៅ​ក្នុង​ប្រទេស​ចិន​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៣ កុម្ភៈ​នេះ កើន​ឡើង​រហូតដល់​ជាង ២​រយ​នាក់ (២៥៣) និង​អ្នក​ឆ្លង​មាន​ជាង​១​ម៉ឺន​៥​ពាន់​នាក់ (១៥,១៥៦)៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles