ក្រុមហ៊ុន H&M ថា ការ​បាត់បង់ EBA ប៉ះពាល់​ដល់​ទំនុក​ចិត្ត និង​អនាគត​នៃ​ការ​វិនិយោគ​នៅ​កម្ពុជា

ដោយ សេក បណ្ឌិត
2020-02-13
អាស៊ីសេរី

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

កម្មការិនី​រោងចក្រ​កាត់ដេរ​នៅ​ផ្លូវ​ទំនប់​កប់​ស្រូវ ភូមិ​ត្រពាំង​ទា សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជ​ធានី​ភ្នំពេញ រង់ចាំ​ឡាន​ជិះ​ត្រឡប់​ទៅ​ផ្ទះ​វិញ នៅ​ល្ងាច​ថ្ងៃ​ទី១៣ ខែ​កុម្ភៈ ឆ្នាំ២០២០។


កម្មការិនី​រោងចក្រ​កាត់ដេរ​នៅ​ផ្លូវ​ទំនប់​កប់​ស្រូវ ភូមិ​ត្រពាំង​ទា សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជ​ធានី​ភ្នំពេញ រង់ចាំ​ឡាន​ជិះ​ត្រឡប់​ទៅ​ផ្ទះ​វិញ នៅ​ល្ងាច​ថ្ងៃ​ទី១៣ ខែ​កុម្ភៈ ឆ្នាំ២០២០។

 រូប៖ ពលរដ្ឋ


ក្រុមហ៊ុន​សំលៀក​បំពាក់​លំដាប់​ពិភពលោក អេច អ៊ែន អ៊ែម (H&M Group) យល់​ស្រប​ទាំង​ស្រុង ចំពោះ​វិធានការ​របស់​សហភាព​អឺរ៉ុប​ក្នុង​ការ​តប​ត​ទៅ​នឹង​ការ​រំលោភបំពាន​សិទ្ធិពលរដ្ឋ និង​​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ក្នុង​ប្រទេស​កម្ពុជា។ ក្រុមហ៊ុន​ខ្នាត​ធំ​មួយ​នេះ អះអាង​ថា កន្លង​ទៅ​ពួក​គេ​បាន​ពិគ្រោះ​ជាមួយ​រដ្ឋាភិបាល​លោក ហ៊ុន សែន លើ​បញ្ហា​សិទ្ធិ​ការងារ និង​សេរីភាព​ខាង​សមាគម​​ ហើយក៏​បាន​លើក​ឡើង​ពី​កង្វល់​អំពី​ស្ថានភាព​សិទ្ធិ​មនុស្ស​ផង​ដែរ ក៏​ប៉ុន្តែ​បញ្ហា​​ទាំងនេះ​មិន​​ត្រូវ​បាន​ដោះស្រាយ​ឱ្យ​មាន​ប្រសិទ្ធភាព​នោះ​ឡើយ។

ក្រុម​ហ៊ុន H&M ដែល​បញ្ជាទិញ​ផលិតផល​​​វាយនភណ្ឌ​ច្រើន​សន្ធឹកសន្ធាប់​ពី​កម្ពុជា​នោះ​អះអាង​ថា ការ​ដក​ហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នឹង​ប៉ះពាល់​ជា​អវិជ្ជមាន​ដល់​ការងារ​នៅ​ក្នុង​វិស័យ​កាត់ដេរ ដែល​ស្រូប​ទាញ​កម្មករ​ប្រមាណ​ជា ១លាន​នាក់ និង​ជា​កម្លាំង​ចលករ​មួយ​យ៉ាង​សំខាន់​នៃ​ក្បាល​​ម៉ាស៊ីន​សេដ្ឋកិច្ច​របស់​កម្ពុជា។ ក្រុមហ៊ុន​អន្តរជាតិ​មួយ​នេះ ពិនិត្យ​ឃើញ​ថា ជា​ច្រើន​ឆ្នាំ​មក​នេះ ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA បាន​ជួយ​លើក​កម្ពស់​ជីវភាព​រស់​នៅ​របស់​ពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស និង​​ដើរ​តួ​សំខាន់​សម្រាប់​ការ​ប្រកួត​ប្រជែង​នៃ​ឧស្សាហកម្ម​កាត់​ដេរ​របស់​កម្ពុជា​ទៀត​ផង។

ទោះ​ជា​យ៉ាង​ណា ក្រុម​ហ៊ុន H&M ព្រមាន​ថា ប្រសិន​​បើ​គ្មាន​ការ​អនុគ្រោះ​ពន្ធ EBA ទេ នោះ​កម្ពុជា​នឹង​ពិបាក​ផ្លាស់​ប្ដូរ​ឧស្សាហកម្ម​វាយនភណ្ឌ​របស់​​ខ្លួន។ ម្យ៉ាង​ទៀត វា​នឹង​ប៉ះពាល់​ជា​​អវិជ្ជមាន​ដល់​ការ​វិនិយោគ​ក្នុង​ថ្ងៃ​អនាគត ព្រម​​ទាំង​ការ​រំពឹង​ទុក និង​ជំនឿ​ចិត្ត ដែល​ជា​ធាតុ​ផ្សំ​ពីរ​ដ៏​សំខាន់​នៃ​ឧស្សាហកម្ម​​ប្រកបដោយ​ការ​​ទទួល​ខុស​ត្រូវ​ខ្ពស់។ ជាង​នេះ​ទៅទៀត កម្ពុជា​នឹង​ពិបាក​បង្កើត​បាន​នូវ​​ឧស្សាហកម្ម​ជឿន​​លឿន និង​​មាន​លក្ខណៈ​ប្រកួត​ប្រជែង​ជា​មួយ​កម្លាំង​ពលកម្ម​​ដែល​មាន​​ជំនាញ និង​មាន​ការ​គោរព​សិទ្ធិ​ការងារ​ពេញលេញ។

ក្រុម​ហ៊ុន H&M ទទួល​ស្គាល់​ទាំង​ស្រុង​​នូវ​បញ្ហា​ស្មុគស្មាញ​សម្រាប់​សហភាព​អឺរ៉ុប​ក្នុង​ការ​ធ្វើ​ឱ្យ​មាន​តុល្យភាព​រវាង​ការ​តម្រែតម្រង់​ប្រទេស​កម្ពុជា​ឱ្យ​ក្លាយ​ជា​ប្រទេស​មួយ​ដែល​មាន​ការ​គោរព​សិទ្ធិ​មនុស្ស និង​សិទ្ធិ​ពលរដ្ឋ ជាមួយ​នឹង​ការ​បង្កើត​​ការងារ និង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ តាម​រយៈ​កំណើន​សេដ្ឋកិច្ច​ដែល​មាន​លក្ខណៈ​រួម​​បញ្ចូល។ ទោះ​ជា​យ៉ាង​នេះ​ក្តី ក្រុមហ៊ុន H&M ជឿ​ថា ប្រសិន​បើ​​កម្ពុជា​អនុវត្ត​តាម​លក្ខខណ្ឌ​របស់​សហភាព​អឺរ៉ុប និង​គំនិត​ផ្ដួចផ្ដើម​ជា​យុទ្ធសាស្ត្រ​មួយ​ចំនួន​ទាក់ទង​នឹង​ឧស្សាហកម្ម​កាត់​ដេរ​តាម​បែប​ទំនើប នោះ​កម្ពុជា​នឹង​នៅ​តែ​ជា​គោល​ដៅ​នៃ​ការ​ផ្គត់ផ្គង់​ដ៏​​ទាក់ទាញ។ ចំណុច​នេះ រួម​បញ្ចូល​នូវ​ការ​អភិវឌ្ឍ​ឧស្សាហកម្ម​ដែល​មាន​ការ​គោរព​សិទ្ធិ​ការងារ​ពេញលេញ ព្រម​ទាំង​មាន​ការ​ធានា​អំពី​ស្ថិរភាព និង​ភាព​ប្រកួត​ប្រជែង​ផង​ដែរ។

ក្រុមហ៊ុន H&M អះអាង​ថា ពួក​គេ​នៅ​តែ​ចង់​ដើរ​តួ​ជួយ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​តាម​របៀប​វិជ្ជមាន​បន្ត​ទៅទៀត រួម​មាន​​ ជួយ​កាត់​​បន្ថយ​ភាព​ក្រីក្រ និង​​លើក​ស្ទួយ​សិទ្ធិមនុស្ស។ ក៏​ប៉ុន្តែ ដោយសារ​តែ​កង្វះខាត​គំនិត​ផ្ដួចផ្ដើម​គ្រប់​ជ្រុងជ្រោយ​ក្នុង​ការ​អភិវឌ្ឍ​ឧស្សាហកម្ម​កាត់​ដេរ​នៅ​កម្ពុជា ព្រម​ទាំង​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA មួយ​ផ្នែក​ផង​នោះ ក្រុមហ៊ុន​ខ្នាត​ធំ​មួយ​នេះ នឹង​ពិនិត្យ​​មើល​ឡើង​វិញ​ថា តើ​ការ​សម្រេច​ចិត្ត​របស់​សហភាព​អឺរ៉ុប​នេះ​ប៉ះពាល់​យ៉ាងដូច​ម្ដេច​ខ្លះ​ដល់​យុទ្ធសាស្ត្រ​ផលិតកម្ម និង​ពាណិជ្ជកម្ម​នៅ​កម្ពុជា។

ក្រុម​ហ៊ុន H&M ប្រកាស​ពី​ជំហរ​របស់​ខ្លួន​ជា​សាធារណៈ​បែប​នេះ តាម​រយៈ​សេចក្ដី​ថ្លែងការណ៍​ចុះថ្ងៃទី១៣ កុម្ភៈ ពោល​គឺ​នៅ​ក្រោយ​ពេល​ដែល​​សហភាព​អឺរ៉ុប​សម្រេច​ដក​​ហូត​​​ការ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា ចំ​នួន ២០% ឬ​ក្នុង​រង្វង់​ទឹក​ប្រាក់ជាង១ ពាន់​លាន​ដុល្លារ​អាមេរិក នៃ​​ទំនិញ​ដែល​កម្ពុជា​នាំ​ទៅ​លក់​នៅ​ទីផ្សារ​អឺរ៉ុប។ គណៈកម្មការ​អឺរ៉ុប​សម្រេច​​​ដាក់​​ចេញ​វិធានការ​នេះ ដោយសារ​តែ​រក​ឃើញ​​ថា កម្ពុជា​មាន​ការ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ និង​ជា​ប្រព័ន្ធ ផ្ទុយ​ទៅ​នឹង​កតិកាសញ្ញា​អន្តរជាតិ​​ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ ហើយ​ករណី​​រំលោភ​សិទ្ធិមនុស្ស​ទាំងនេះ មិន​ត្រូវ​បាន​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នោះ​ឡើយ ចាប់​តាំងពី​​គណៈកម្មការ​អឺរ៉ុប​ចាប់​ផ្ដើម​ដំណើរការ​នីតិវិធី​ដក​ EBA កាល​ពី​ឆ្នាំ​មុន​មក​ម្ល៉េះ។

អាស៊ី​សេរី​មិន​អាច​ទាក់ទង​សុំ​​ប្រតិកម្ម​រឿង​នេះ​ពី​អគ្គលេខាធិការ​សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា ឬ​សមាគម​ថៅកែ​រោងចក្រ គឺ​លោក ខេន លូ បាន​ទេ នៅថ្ងៃទី១៣ កុម្ភៈ ដោយ​ទូរស័ព្ទ​ចូល​ ពុំ​​មាន​អ្នក​ទទួល​។ ចំណែក អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា លោក ផៃ ស៊ីផាន វិញ ក៏​មិន​លើក​ទូរស័ព្ទ​ដូច​គ្នា។

ទោះ​ជា​យ៉ាង​ណា ក្រសួងការបរទេស​កម្ពុជា​បាន​ចាត់​ទុក​ការ​សម្រេច​ដក EBA ២០% ពី​កម្ពុជា​នេះ ថា ជា​រឿង​អយុត្តិធម៌ និង​ធ្វើ​ឡើង​តាម​ទំនើង​ចិត្ត ហើយ​ក្រសួង​បាន​ចោទ​ប្រកាន់​គណៈកម្មការ​អឺរ៉ុប​វិញ​ថា ប៉ុនប៉ង​ប្រើ​ប្រាស់​ពាណិជ្ជកម្ម​ជា​លេស​ក្នុង​​ការ​លូក​ដៃ​ចូល​កិច្ច​​ការ​ផ្ទៃក្នុង​របស់​កម្ពុជា។ ជាមួយ​គ្នា​នេះ អ្នក​នាំ​ពាក្យ​បក្ស​កាន់​អំណាច​ លោក សុខ ឥសាន បាន​ប្រាប់​អាស៊ី​សេរី​ថា វិធានការ​របស់​គណៈកម្មការ​អឺរ៉ុប​នេះ នឹង​មិន​អាច​ធ្វើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​បាត់​​ភាព​ម្ចាស់​ការ​បាន​ឡើយ។ លោក​អះអាង​ថា រដ្ឋាភិបាល​នឹង​ធានា​បាន​នូវ​អត្ថប្រយោជន៍​​នានា​សម្រាប់​កម្មករ ទោះ​ជា​បាត់ EBA ចំនួន ២០% ក៏​ដោយ៖ «ដក​ពន្ធ ២០ខ្ញុំ​យល់​ថា វា​ជា​លក្ខណៈ​មិន​ធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ច​កម្ពុជា​ទេ ព្រោះ​រាជរដ្ឋាភិបាល​ក៏​បាន​ត្រៀម​​លក្ខណៈ​ដែរ។ យើង​បាន​ធ្វើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជា​មួយ​ប្រទេស​មួយ​ចំនួន​នៅ​ក្នុង​សហភាព​អឺរ៉ុប ហើយ​មួយ​ចំនួន​ទៀត​នៅ​អាស៊ី​ខាង​កើត នៅ​អាស៊ី​អាគ្នេយ៍ ក៏​​យើង​មាន​ធ្វើ។ អ៊ីចឹង ខ្ញុំ​យល់​ថា គ្រាន់​តែ​បរិមាណ​ទំហំ​ទឹក​ប្រាក់​ប៉ុណ្ណឹង គឺ​មិន​ជា​បញ្ហា​ធ្វើ​ឱ្យ​រាជរដ្ឋាភិបាល​​ជួប​ការ​លំបាក​ក្នុង​ការ​ដោះ​ស្រាយ​ទេ»

ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន មាន​ប្រសាសន៍​ថា សេចក្ដី​ថ្លែង​ការណ៍​របស់​ក្រុមហ៊ុន H&M បង្ហាញ​ថា ក្រុមហ៊ុន​បញ្ជាទិញ​ដ៏​ធំ​មួយ​នេះ​មាន​ការ​លំបាក​​ក្នុង​ការ​បន្ត​​វិនិយោគ​​នៅ​កម្ពុជា ហើយ​នេះ​មិន​មែន​ជា​សញ្ញា​ល្អ​ឡើយ​សម្រាប់​កម្ពុជា។ លោក​ជឿ​ថា ក្រុម​​ហ៊ុន​ម៉ាក​យីហោ​ល្បីៗ ជា​ច្រើន​ទៀត របស់​លោក​ខាងលិច​ ក៏​ប្រហែល​​ជា​មាន​ជំហរ​ប្រហាក់​ប្រហែល​​គ្នា​នឹង​ក្រុមហ៊ុន H&M នេះ​ដែរ ទាក់ទង​នឹង​រឿង​ពាណិជ្ជកម្ម​ជា​មួយ​កម្ពុជា។ ជាពិសេស​នៅ​ពេល​កម្ពុជា​មាន​កំណត់​ត្រា​អាក្រក់​ផ្នែក​សិទ្ធិមនុស្ស លោក​យល់ថា ក្រុមហ៊ុន​ដែល​​មាន​កេរ្តិ៍​ឈ្មោះ​ល្អៗ នឹង​មិន​ចង់​វិនិយោគ​នៅ​ស្រុក​ខ្មែរ​ឡើយ៖ «បើ​ក្រុមហ៊ុន​បញ្ជាទិញ មិន​កុម៉្មង់​ទិញ​ទេ ពេល​​នោះ​ស្ថានភាពធ្ងន់ធ្ងរ​ជាងការ​ដក EBA ថែម​ទៀត ពី​ព្រោះ​ការ​ដក EBA គ្រាន់​តែ​ជា​ការ​​ដក​មួយ​ផ្នែក ហើយ​អាច​នៅ​ឱ្យ​យើង​នាំចូល​បាន ប៉ុន្តែគ្រាន់តែ​មាន​​ការ​បង់​ពន្ធ។ ប៉ុន្តែ​បើ​ក្រុមហ៊ុន​អ្នក​បញ្ជា​ទិញ​ប្រតិកម្ម​មិន​កុម្ម៉ង់​ទិញ ពេល​ហ្នឹងគឺ​យើង​មិន​អាច​នាំចូល​បាន​តែម្តង នេះ​ជា​បញ្ហា​ធំ​មែនទែន។ អ៊ីចឹង​ហើយ​រដ្ឋាភិបាល​កម្ពុជា កុំ​មើល​តែមួយ​ជ្រុង​ចំពោះ​សហភាពអឺរ៉ុប ត្រូវ​មើល​ឱ្យ​បាន​ច្រើន​ជ្រុង»

ស្រដៀងគ្នានេះ ប្រធាន​សហភាពការងារកម្ពុជា លោក អាត់ ធន់ ថ្លែងថា ទំនុក​ចិត្ត​​របស់​ក្រុមហ៊ុន​បញ្ជាទិញ​សំខាន់​ជាងអ្វីៗទាំងអស់ ដូច្នេះ​បើ​ក្រុមហ៊ុន​​ទាំងនោះ​មើល​ឃើញ​ពីការ​រំលោភ​​សិទ្ធិមនុស្ស និង​កេរ្តិ៍​ឈ្មោះ​មិន​ល្អ​របស់​ប្រទេសកម្ពុជា នោះពួកគេ​នឹង​ផ្លាស់ប្តូរ​ការ​សម្រេច​ចិត្ត ដើម្បីកុំ​​ឱ្យ​ខូច​កេរ្តិ៍​ឈ្មោះរបស់​​ខ្លួន។ លោក​បន្តថា មើល​មួយ​ភ្លែត ការ​បាត់បង់ EBA ២០% ធ្វើ​ឱ្យ​កម្ពុជា​ត្រូវ​​ជាប់​ព​ន្ធតែប្រមាណ១០០ ​លាន​ដុល្លាអាមេរិកប៉ុណ្ណោះក្នុង​មួយ​ឆ្នាំ ក៏​ប៉ុន្តែ​លោក​ថា បើ​​មើល​ក្នុ​ងរូបភាព​ធំជាងនេះ ក្រុមហ៊ុន​បញ្ជាទិញធំៗនឹង​ពិចារណាឡើងវិញ​អំពីការធ្វើ​ពាណិជ្ជកម្ម​របស់​ខ្លួន​នៅកម្ពុជា ទាំងក្នុង​រយៈពេល​ខ្លី មធ្យម និង​​រយៈពេល​វែង៖ «ហេតុអ្វីបាន​ជា​គេមកទិញពីព្រោះ​យើង​ប្តេជ្ញាចិត្ត​​គោរពសិទ្ធិមនុស្ស កម្មករ ប្រជាធិបតេយ្យ ហើយនិង​គោរព​សិទ្ធិការងារ តែបើសញ្ញាណហ្នឹង​បាត់ទៅវិញ ខ្ញុំ​គិត​​ថា វា​​ជា​ផល​វិបាកដែរ។ ព្រោះឧទាហរណ៍ថា ឥលូវ​ឥវ៉ាន់គេ១០០ ប្រទេស ហើយសុទ្ធ​តែ​​ច្រើន ហើយ​យើង​មាន​តែ​១ស្រាប់​តែ​ដល់​ពេល​យើង​មាន​​បញ្ហា គេ​មិន​ឱ្យប៉ះពាល់​ដល់​​ឥវ៉ាន់​គេ​នៅលើ​ពិភពលោក​ផ្សេង​ទៀតទេ​។ នេះ​ខ្ញុំ​​គិតថា សុទ្ធ​តែ​ជា​សញ្ញាណ​មួយ​ដែល​​រដ្ឋាភិបាល និ​ង​ពាក់ព័ន្ធ​ ត្រូវជួយ​គិត​គ្នា​ថា ត្រូវ​ដោះស្រាយយ៉ាង​ដូច​ម្តេចដែរ ដើម្បីឱ្យ​ជំនឿ​ចិត្ត​ទៅលើ​អ្នក​វិនិយោគ»

តាម​រយៈសេចក្តីសម្រេចដកប្រព័ន្ធអនុគ្រោះពន្ធត្រឹម២០% ដែល​ជា​ការព្រមានជំហានដំបូង​របស់​​គណៈកម្មការ​អឺរ៉ុប​នេះ  ​​កម្ពុជា​ត្រូវ​ជាប់​កាតព្វកិច្ច​​ពន្ធប្រមាណ១០០ លាន​ដុល្លារអាមេរិកចំពោះ​ទំនិញ​ដែល​​នាំទៅ​សហភាព​អឺរ៉ុប ដែល​ពី​មុន​មក ​កម្ពុជា​បាន​​រួច​កាតព្វកិច្ច​ពន្ធ​ទាំងស្រុងចំនួន​ជិត៧០០ លាន​ដុល្លារ​អាមេរិក។ សេចក្តីសម្រេច​នេះ នឹង​ចូល​ជា​ធរមាននៅខែសីហា ​ខាងមុខ ប្រសិន​បើ​រដ្ឋាភិបាល​លោក ហ៊ុន សែន មិន​ព្រម​ស្តារ​ស្ថានភាពអាក្រក់​ផ្នែក​សិទ្ធិមនុស្សឱ្យ​ល្អ​ប្រសើរ​ឡើងវិញ​ទេ​នោះ។

សហជីពឯករាជ្យ​ទទូច​ឱ្យ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ ពិចារណាអនុវត្ត​តាម​សំណើរបស់​សហភាពអឺរ៉ុប ដើម្បី​រក្សា​បាន​នូវការ​អនុគ្រោះពន្ធ EBAបន្តទៅទៀត ជាពិសេស​ដើម្បីទទួល​បាន​​ការ​អនុគ្រោះ​ពន្ធ ២០% ដែល​គណៈកម្មការ​អឺរ៉ុប​ទើប​នឹង​បាន​​ដក​ហូតពីកម្ពុជានោះ ត្រឡប់មក​​វិញ។ សហជីពមើល​​ឃើញ​ថា សហភាព​អឺរ៉ុប​ ​មិ​ន​មាន​ចេតនា​ដាក់​ទណ្ឌកម្ម​​កម្ពុជានោះទេ ហេតុដូច្នេះ​ទើប​បានជា​អឺរ៉ុប​ទុក​ឱកាស​ឱ្យ​រដ្ឋាភិបាល​កែប្រែ​ស្ថានភាព​សិទ្ធិមនុស្ស និង​សិទ្ធិជាមូលដ្ឋាន​​ដទៃទៀត ​ឱ្យ​ល្អប្រសើរ​ឡើង​វិញ​បែប​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

Leave a Reply

Submit Comment