បេក្ខជន​តវ៉ា​លទ្ធផល​សិស្ស​ចៅក្រម​នឹង​ចូល​បំភ្លឺ​នៅ​តុលាការ ថ្ងៃ​ទី​១៤ កុម្ភៈ ដោយ​គ្មាន​មេធាវី

ដោយ អាស៊ីសេរី
2020-02-13
អាស៊ីសេរី

លោក គង់ ប៊ុនរិទ្ធិ តវ៉ា​នឹង​លទ្ធផល​​ប្រឡង​​សិស្ស​ចៅក្រម​ជំនាន់​ទី​​១០ កាល​ពី​​ចុង​ឆ្នាំ២០១៩ ដែល​លោក​ថា​មាន​ភាព​មិន​ប្រក្រតី និង​អំពើ​ពុក​រលួយ។

លោក គង់ ប៊ុនរិទ្ធិ តវ៉ា​នឹង​លទ្ធផល​​ប្រឡង​​សិស្ស​ចៅក្រម​ជំនាន់​ទី​​១០ កាល​ពី​​ចុង​ឆ្នាំ២០១៩ ដែល​លោក​ថា​មាន​ភាព​មិន​ប្រក្រតី និង​អំពើ​ពុក​រលួយ។

 រូប៖ ហ្វេសប៊ុក​លោក គង់ ប៊ុនរិទ្ធិ


លោក គង់ ប៊ុនរិទ្ធិ ប្រាប់​ថា លោក​នឹង​គ្មាន​មេធាវី ចូល​អម​ទេ ព្រោះ​មិន​ទាន់​មាន​ស្ថាប័ន​ណា ផ្ដល់​សេវា មេធាវី​ឱ្យ​លោក។ លោក​អះអាង​ថា បាន​ទៅ​ស្នើសុំ​សេវា​មេធាវី ពី​សមាគម​សិទ្ធិមនុស្ស​អាដហុក (Adhoc) អង្គការ​លីកាដូ (Licadho) មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR)និង​ការិយាល័យ​ឧត្ដមស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​នៅ​កម្ពុជា​។ លោក​ថា មេធាវី​សមាគម​អាដហុក និង​អង្គការ​លីកាដូ ជាប់រវល់​កាន់​ក្ដី​តាម​ខេត្ត រីឯ​នៅ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា នៅ​មិន​ទាន់​មាន​ការសម្រេច​យ៉ាង​ណា​ទេ ហើយ​ខាង​យូអិន (UN)មិន​មាន​ផ្ដល់​សេវា​មេធាវី​​​ទេ។

អ្នកនាំពាក្យ​សមាគម​អាដហុក លោក ស៊ឹង សែន​ករុណា បញ្ជាក់​ថា លោក គង់ ប៊ុនរិទ្ធិ បាន​ទៅរក​សេវា​ផ្នែក​ច្បាប់​ពី​អង្គការ​លោក​មែន​។ ប៉ុន្តែ មេធាវី​សមាគម​អាដហុក ជាប់រវល់​កាន់​ក្ដី នៅ​តាម​សាលា​ជម្រះក្ដី ផ្សេងទៀត​អស់ហើយ នៅ​ថ្ងៃ​ទី​១៤ កុម្ភៈ។

ទោះ​យ៉ាងណា លោក គង់ ប៊ុនរិទ្ធិ ថា នឹង​ចូលខ្លួន ទៅ​ប្រឈម​នឹង​ការ​ចោទសួរ​របស់​តំណាង​អយ្យការ​ក្រុង​ភ្នំពេញ បើ​ទោះ​គ្មាន​មេធាវី​ក៏ដោយ។

តំណាង​អយ្យការ​ចោទ​ប្រកាន់ លោក គង់ ប៊ុនរិទ្ធិ បន្ទាប់​ពី​លោក​បង្ហោះ​សារ​មួយ​ក្នុង​ហ្វេសប៊ុក (facebook) ដោយ​អះអាង​ថា បាន​ទទួល​ព័ត៌មាន​ពី​មិត្តភ័ក្ដិ ផ្ញើ​មក​ឱ្យ ថា ការ​ប្រឡង​សិស្ស​ចៅក្រម​ជំនាន់​ទី​១០ មាន​អំពើពុករលួយ​ជា​ប្រព័ន្ធ ដោយ​មេ​ក្លោង​ទទួល​សំណូក គឺ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ និង​មាន​មន្ត្រី ក្នុង​ក្រសួង​យុត្តិធម៌ ចំនួន​៥​នាក់ ជា​អ្នក​ធ្វើ​សកម្មភាព ទទួល​លុយ​សំណូក​ពី​បេក្ខជន​ប្រឡង​ចូល​សិស្ស​ចៅក្រម​។ លុយ ដែល​សូក​សម្រាប់ តំណែង​សិស្ស​ចៅក្រម ចាប់​ពី ប្រាំមួយ​ម៉ឺន (៦០.០០០) ដុល្លារ​អាមេរិក ដល់​ដប់​ប្រាំ​ម៉ឺន (១៥០.០០០) ដុល្លារ ហើយ​បេក្ខជន​ខ្លះ បាន​សូក​លុយ តាំងពី​កន្លះ​ឆ្នាំ មុន​ការ​ប្រឡង។

ប៉ុន្តែ ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ ចេញ​ប្រកាស​ថា រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​បាន​បដិសេធ និង ស្រាវជ្រាវ​រក​មិន​ឃើញ ភាព​មិន​ប្រក្រតី​ឡើយ​។ លោក គង់ ប៊ុនរិទ្ធិ មិន​ជឿ​លើ​ការ​បកស្រាយ​នេះ​ទេ ដោយ​កំពុង​បន្ត​ស្វះ​ស្វែងរក​កិច្ច​អន្តរាគមន៍ ពី​ស្ថាប័នរដ្ឋ​នានា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

Leave a Reply

Submit Comment