មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ ព្រមាន​ថា កម្ពុជា​នឹង​ត្រូវ​ទណ្ឌកម្ម​ក្ដៅ​ជាង​នេះ បើ​នៅ​តែ​មិន​កែ​ខ្លួន

ដោយ មួង ណារ៉េត
2020-02-12
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង​លោក ហ៊្វីល រ៉ូប៊ើតសុន (Phil Robertson) នាយក​រង​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch)។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង​លោក ហ៊្វីល រ៉ូប៊ើតសុន (Phil Robertson) នាយក​រង​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch)។

 រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន និង​ AFP


មន្រ្តី​ឃ្លាំមើលសិទ្ធិមនុស្ស​អន្តរជាតិ ព្រមាន​ថា របបលោក ហ៊ុន សែន នឹង​ប្រឈម​មុខ​ ទៅ​នឹង​វិធានការ​ក្ដៅ​ជាង​នេះ បើ​នៅ​តែ​មិន​ព្រម​កែ​ខ្លួនឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ ការ​ព្រមាន​នេះ ធ្វើ​ឡើង​ក្រោយ​គណៈកម្មការ​អឺរ៉ុប សម្រេច​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា​ចំនួន ២០% សិន។

នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី របស់​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) ថា ចំណាត់ការ​របស់​សហភាព​អឺរ៉ុប​លើ​របប​ក្រុង​ភ្នំពេញ ជុំវិញ​ការ​រំលោភ​សិទ្ធិ​មនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ​នេះ គឺ​ជា​ជំហាន​ដំបូង​ជា​វិជ្ជមាន​មួយ​របស់​សហភាព​អឺរ៉ុប ដែល​នឹង​ឈាន​ទៅ​រក​ចំណាត់​ការ​កាន់​តែ​ខ្លាំងក្លា​ច្រើន​ជាង​នេះ​ទៀតប្រសិន​បើ​ស្ថានភាព​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​នៅ​តែ​មិន​ប្រសើរ​ឡើង​ទេ​នោះ។

គណៈកម្មការ​អឺរ៉ុប កាល​ពី​ថ្ងៃ​ទី១២ ខែ​កុម្ភៈ បាន​សម្រេច​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ គិត​ជា​ទឹក​ប្រាក់ ១,៣ពាន់​លាន​ដុល្លារ ឬ ១ពាន់​លាន​អឺរ៉ូដោយសារ​របប​ក្រុង​ភ្នំពេញ មិន​ព្រម​ស្ដារ​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​ឡើង​វិញ។

ការ​សម្រេច​យក​ពន្ធ​ពេញ​លើ​ទំនិញ​នាំ​ចេញ​ពី​ប្រទេស​កម្ពុជា ទៅ​ទីផ្សារ​អឺរ៉ុប​នេះ នឹង​ប៉ះពាល់​លើ​ទំនិញ​កម្ពុជា​លើ​វិស័យ​កាត់​ដេរ​សំលៀក​បំពាក់ ស្បែក​ជើង សម្ភារៈ​ធ្វើ​ដំណើរ និង​ស្ករ​ស។

តំណាង​ជាន់ខ្ពស់​ការបរទេស និង​សន្តិសុខ​គោល​នយោបាយ អនុ​ប្រធាន​គណៈកម្មការ​អឺរ៉ុប​លោក ចូសេហ្វ បូរ៉ែល (Joseph Borrell) ថ្លែង​នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍ ពេល​ចេញ​សេចក្តី​សម្រេច​នោះ​ថា សហភាព​អឺរ៉ុប គ្មាន​ជម្រើស​អ្វី ក្រៅ​ពី​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​មួយ​ផ្នែក​សិនតែ​ប៉ុណ្ណោះ។ សហភាព​អឺរ៉ុប នឹង​មិន​ឈរ​ឱប​ដៃ​មើល ពេល​ដែល​ប្រជាធិបតេយ្យ​រង​ការ​បំផ្លាញ សិទ្ធិ​មនុស្ស​រងការ​រំលោភ​បំពាន និង​សេរីភាពក្នុងការ​ជជែក​ដេញដោល​គ្នា ត្រូវ​បាន​គេ​បំបិទ​នោះ​ទេ។ លោក​បន្ថែម​ថា សេចក្ដី​សម្រេច​ថ្ងៃ​នេះ ឆ្លុះ​បញ្ចាំង​អំពី​ការ​ប្ដេជ្ញា​ចិត្ត​ខ្ពស់​របស់​សហភាព​អឺរ៉ុប ដើម្បី​ប្រយោជន៍​ប្រជា​ពលរដ្ឋ​ខ្មែរ ប្រយោជន៍​សិទ្ធិ​សេរី​សេរីភាព​របស់​ពួក​គាត់ និង​ប្រយោជន៍​នៃ​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចិរភាព។

ទោះ​ជា​យ៉ាង​នេះ​ក្តី គណៈកម្មការ​អឺរ៉ុប នៅ​តែ​ទុក​ឱកាស​ឲ្យ​របប​ក្រុង​ភ្នំពេញ ស្តារ​ស្ថានភាព​អាក្រក់​ទាំង​នេះ​ឡើង​វិញ ក្នុង​រយៈ​ពេល ៦ខែ​ទៅ​មុខ​ទៀត មុន​នឹង​សេចក្តី​សម្រេច​នេះ ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ទី១២ ខែ​សីហា។

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល មិន​ភ្នាក់​ផ្អើល​នឹង​ការ​ដាក់​ទណ្ឌកម្ម​ពី​សហភាព​អឺរ៉ុប​នេះ​ទេ។ ប៉ុន្តែ អ្វី​ដែល​ភ្ញាក់​ផ្អើល គឺ​ទណ្ឌកម្ម​នេះ ហាក់​បី​ដូច​ជា​មិន​សម​ល្មម ទៅ​នឹង​ទំហំ​នៃ​ការ​រំលោភ​សិទ្ធិ​មនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ ដែល​គណៈកម្មការ​អឺរ៉ុប បាន​រក​ឃើញ​នោះ​ឡើយ។ នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ពន្ធភាព​ការងារ និង​សិទ្ធិ​មនុស្ស (សង់ត្រាល់) លោក មឿន តុលា ថា​លោក​បាន​អាន​របាយការណ៍​លម្អិត ដែល​មាន​កម្រាស់ ៧០ ទំព័រ​របស់​គណៈកម្មការ​អឺរ៉ុប អំពី​ទំហំ​នៃ​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ និង​ជា​ប្រព័ន្ធ និង​ការ​មិន​បាន​ចាត់វិធានការ​សមស្រប​គ្រប់គ្រាន់ ដើម្បី​ដោះ​ស្រាយ​បញ្ហា​ទាំង​នេះ។ លោក​ថា កម្ពុជា​មិន​សម​នឹង​ទទួល​ទណ្ឌកម្ម​តែ ២០% រយ​នេះ​នោះ​ទេ៖ «ខ្ញុំ​គិត​ថា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ហ្នឹង​ អាច​មាន​ការ​ព្យួរ​ ឬ​ដក​ហូត​ច្រើន​ជាង ២០%។ ខ្ញុំ​និយាយ​បែ​បនេះ មិន​មែន​មាន​ន័យ​ថា​ខ្ញុំ​ចង់​ឲ្យ​សហភាព​អឺរ៉ុប​ហ្នឹង​ដក​ប្រព័ន្ធ​អនុគ្រោះពន្ធ​ហ្នឹង​ទេ»

លោក មឿន តុលា បន្ថែម​ថា ការណ៍​ដែល​លោក​មិន​អ៊ីចឹង​ឃើញ​សហភាព​អឺរ៉ុប ដក​ការ​អនុគ្រោះ​ពន្ធ​នេះ គឺ​ដោយសារ​លោក​ធ្វើ​ការ​ជាមួយ​កម្មករ លោក​ស្គាល់ និង​យល់​ច្បាស់​អំពី​សុខ​ទុក្ខ ជីវភាព និង​ការ​ព្រួយ​បារម្ភ​របស់​កម្មករ ក្នុង​ការ​បាត់បង់​ការ​អនុគ្រោះ​ពន្ធ​នេះ។

ទោះ​ជា​យ៉ាង​នេះ​ក្ដី លោក​ថា ការណ៍​ដែល​គណៈកម្មការ​អឺរ៉ុប មិន​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទាំង​ស្រុង ស​បញ្ជាក់​អំពី​សមាន​ចិត្ត ការ​ឈឺ​ឆ្អាល និង​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​របស់​សហភាព​អឺរ៉ុប ក្នុង​ការ​ថ្លឹង​ថ្លែង​អំពី​ផល​ប៉ះពាល់ ដែល​អាច​កើត​មាន​ទៅ​លើ​កម្មករ​ខ្មែរ។ ចំណុច​នេះ លោក មឿន តុលា ថា គួរ​តែ​ភាគី​កម្ពុជា​ទៅ​វិញ​ទេ ដែល​ត្រូវ​ធ្វើ​ដូច្នេះ រដ្ឋាភិបាលកម្ពុជា គួរតែ​គិតគូរ​ពលរដ្ឋ​ខ្មែរ​ខ្លួន​ឯង មិន​មែន​ទុក​ឲ្យ​សាសន៍​ដទៃ គិត​រឿង​យើង​នោះ​ទេ៖ «ខ្ញុំ​មាន​អារម្មណ៍​ខ្មាស​ដែរ នៅ​ពេល​មាន​គេ​សួរ​បែប​ហ្នឹង! ចង់​និយាយ​ថា គេ​អ្នក​ដទៃ​ គេ​ខ្វល់​អំពី​ប្រជាពលរដ្ឋ​ គេ​ខ្វល់​អំពី​សុខុមាលភាព​ គេ​ខ្វល់​អំពី​សុខ​ទុក្ខ​របស់​ប្រជាពលរដ្ឋ​យើង ក្នុង​ខណៈ​ដែលមេ​ដឹក​នាំ​យើង​មួយ​ចំនួន លោក​ហាក់​ដូច​ជា​ផ្គើន លោក​ហាក់​ដូច​ជា​មិន​សូវ​បាន​បង្ហាញ​អំពី​ការ​ខ្វល់​ខ្វាយ​អំពី​សុខ​ទុក្ខ​ ឬ​ក៏​ការ​បាត់​បង់ ឬ​ក៏ផល​ប៉ះពាល់​ជាអវិជ្ជមាន​ ទៅ​ដល់​ពលរដ្ឋ។ នេះ​ជា​រឿង​មួយ​ដែល​ខ្ញុំ​តែង​តែ​និយាយ​ថា ហេតុអ្វី​បាន​ជា​សាច់​ឯង​ យើង​ហាក់​ដូច​ជា​មិន​សូវ​ខ្វល់​ ពី​សាច់​ខ្លួន​ឯង​ដូច​អ្នក​ដទៃ»

គណៈកម្មការ​អឺរ៉ុប បាន​ដាក់​លក្ខខណ្ឌ​បី​ចំណុច​ធំៗ ឲ្យ​របប​ក្រុង​ភ្នំពេញ អនុវត្ត​តាម ប្រសិន​បើ​របប​នេះ ចង់ឲ្យ​សហភាព​អឺរ៉ុប​លែង​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​វិញ។ លក្ខខណ្ឌ​ទាំង​នោះ រួម​មាន ទី​មួយ អាជ្ញាធរ​កម្ពុជា​ត្រូវ​ចាត់​វិធានការ​យ៉ាង​ណា បើកចំហ​ឡើងវិញ ឲ្យ​មាន​សេរីភាព​ក្នុង​ការ​ចូល​រួម​ក្នុង​​សកម្មភាព​នយោបាយ។ ទី​ពីរ​បង្ក​លក្ខណៈ​អំណោយ​ផល​ដល់​ការ​បង្កើត​ឲ្យ​មាន​គណបក្ស​ប្រឆាំង​ពិត​ប្រាកដ តាម​គោលការណ៍​ប្រជាធិបតេយ្យ​ និង​ទីបី​ត្រូវ​ផ្ដួច​ផ្ដើម​ឲ្យ​មាន​ដំណើរ​ការ​ផ្សះផ្សា​ជាតិ​មួយ​តាម​គន្លង​ប្រជាធិបតេយ្យ ដោយ​មាន​ការ​ចរចា​ដោយ​ស្មោះ​ត្រង់ និង​មាន​ការ​ចូល​រួម​ពី​គ្រប់​ភាគី។

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ សោកស្តាយ​ដែល​ស្ថានភាព​កម្ពុជា មិន​ល្អ​ប្រសើរ​ រហូត​ដល់​គណៈកម្មការ​អឺរ៉ុប សម្រេច​ដក​ការ​អនុគ្រោះ​ពន្ធ​បែប​នេះ។ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​អ្នកស្រី មូរ សុខហួរ ថា អ្នកស្រី​សោក​ស្ដាយ​នេះ គឺ​ដោយសារ​ការ​ដាក់​ទណ្ឌកម្ម​នេះ វា​ប៉ះពាល់​ដល់​ឆ្នាំង​បាយ​កម្មករ​ខ្មែរ។ ទោះ​ជា​យ៉ាង​នេះ​ក្តី អ្នកស្រី​នៅ​តែ​មាន​ទុទ្ទិដ្ឋិនិយម​ថា អាច​នៅ​មាន​ច្រក​រក​ដំណោះ​ស្រាយ​បញ្ចប់​វិបត្តិ​នយោបាយ​នេះ។ អ្នក​ស្រី​ថា មិន​ទាន់​ហួស​ពេល​ទេ ដែល​កម្ពុជា​អាច​ងាក​មក​រក​ផ្លូវ​ត្រូវ​វិញ ដោយ​គណៈកម្មការ​អឺរ៉ុប ក៏​មិន​ទាន់​ដាក់​ទណ្ឌកម្ម​ធ្ងន់ធ្ងរ​​នៅ​ឡើយ ព្រោះ​ទុក​ផ្លូវ​ឲ្យ​រក​ដំណោះ​ស្រាយ​រវាង​ខ្មែរ និង​ខ្មែរ​ដែរ៖ «គេ​ដាក់ ២០នេះ​គឺ ដើម្បី​ឲ្យ​មាន​ការ​ផ្សះផ្សារ​ជាតិ។ កន្លែង​នេះ ធ្វើ​ឲ្យ​យ៉ាង​ជា​ខ្មែរទាំង​អស់​គ្នា គ្រប់​ភាគី មិន​មែន​ត្រឹមតែ​គណបក្ស​សង្គ្រោះ​ជាតិ​ទេ មិន​មែន​ត្រឹម​តែ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ​ មាន​ទាំង​ភាគី​សហជីព សង្គម​ស៊ីវិល កសិករ ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​អស់ ត្រូវ​តែ​មានការ​រួមចំណែក​ នៅ​ក្នុង​ការ​ផ្សះផ្សារ​ជាតិ។ នេះ​ហើយ​ធ្វើ​ឲ្យ​យើង​មាន​សង្ឃឹម​ ក្នុង​ការ​វិលត្រឡប់ ធ្វើ​មាតុភូមិ​និវត្តន៍ ក៏​ជា​ជំហាន​មួយ​ឆ្ពោះ​ទៅ​រក​ការ​ផ្សះផ្សា​ជាតិ ហើយ​យើង​តែងតែ​និយាយផ្សះផ្សា​ជាតិៗ

ទោះ​ជា​មន្ត្រី​បក្ស​ប្រឆាំង​មាន​សង្ឃឹម​ថា នឹង​មាន​ដំណោះ​ស្រាយ ក៏​ខាង​របប​ក្រុង​ភ្នំពេញ​ជំទាស់​ដាច់​ខាត​ទៅ​នឹង​ការ​វាយ​តម្លៃ​របស់​សហភាព​អឺរ៉ុប។ របប​ក្រុង​ភ្នំពេញ​ ក៏​សម្ដែង​ការ​សោក​ស្ដាយ​ដែរ​ ដែល​គណៈកម្មការ​អឺរ៉ុប​សម្រេច​បែប​នេះ។ ប៉ុន្តែ​មិន​មែន​ស្ដាយ​រឿង​បាត់​បង់ EBA ខ្លះ​នោះ​ទេ តែ​ស្ដាយ​រឿង​បរទេស​ជ្រៀត​ជ្រែក​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា។

ក្រសួង​ការ​បរទេស​កម្ពុជា បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​ភ្លាមៗ ក្រោយ​សេចក្ដី​សម្រេច​របស់​គណៈកម្មការ​អឺរ៉ុប​នេះ​ថា សេចក្ដី​សម្រេច​នេះ មាន​ភាព​អយុត្តិធម៌ ព្រោះ​សម្រេច​ដោយ​ឈរ​លើ​ការ​ភាន់​ច្រឡំ និង​យល់ខុសអំពី​យថាភាព​ជាក់​ស្ដែង​នៅ​កម្ពុជា។ ក្រសួង​ការ​បរទេស​កម្ពុជា ចាត់​ទុក​សេចក្ដី​សម្រេច​របស់​គណៈកម្មការ​អឺរ៉ុប​ថា ធ្វើ​តាម​ទំនើង​ចិត្ត និង​ចាត់​ទុក​លក្ខខណ្ឌ និង​ការ​ទាមទារ​របស់​សហភាព​អឺរ៉ុប ឲ្យ​របប​នេះ​ស្ដារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឡើង​វិញ​ថា ជា​ប៉ុនប៉ង​របស់​បរទេស ក្នុង​ការ​ប្រើប្រាស់​ពាណិជ្ជកម្ម ឬ​ជំនួយ​អភិវឌ្ឍន៍ ដើម្បី​ជា​លេស​ក្នុង​ការ​លូក​ដៃ​ចូល​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា។

ទោះ​ជា​យ៉ាង​នេះ​ក្ដី មន្ត្រី​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​ថា របប​ក្រុង​ភ្នំពេញ​ល្មម​ឈប់​បន្ត​វាយ​បក​ទៅ​សហភាព​អឺរ៉ុប នាំ​តែ​ខាត​ពេល​អត់​ប្រយោជន៍​នោះ​ទៀត​ទៅ ព្រោះ​សហភាព​អឺរ៉ុប​មិន​មែន​ជា​អ្នក​បង្កើត​បញ្ហា​ទាំង​នេះ​ទេ គឺ​របប​ក្រុង​ភ្នំពេញ​នេះ​ឯង ដែល​ជា​អ្នក​បង្កើត​ឲ្យ​មាន​បញ្ហា​ទាំង​អស់​នេះ​តាំង​ពី​ដំបូង ដូច្នេះ កម្ពុជា​ត្រូវ​តែ​​ងាក​មក​រក​វិធី​ដោះ​ស្រាយ​បញ្ហា ដែល​សហភាព​អឺរ៉ុប​ស្នើ​ឲ្យ​ដោះ​ស្រាយ​នោះ។ នាយក​រង​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ហ្វ៊ីល រ៉ូប៊ើតសុន (Phil Robertson) លើក​ឡើង​ថា ឥឡូវ​កម្ពុជា​នៅ​សល់​ពេល ៦ខែ​ទៀត​ដែរ ដើម្បី​ចាប់​ផ្ដើម​ចរចា រក​ដំណោះ​ស្រាយ។ លោក​ថា លោក ហ៊ុន សែន គួរ​តែ​ទទួល​ស្គាល់​ការ​ពិតនិង​ចូល​តុ​ចរចា​ឥឡូវ​នេះ បើ​មិន​ចង់​ឲ្យ​ទទួល​ទណ្ឌកម្ម​ធំ​ជាង​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

2 Responses to "មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ ព្រមាន​ថា កម្ពុជា​នឹង​ត្រូវ​ទណ្ឌកម្ម​ក្ដៅ​ជាង​នេះ បើ​នៅ​តែ​មិន​កែ​ខ្លួន"

  1. Anonymous says:

    YES ..OH ..GOD ..I do not believe you hurting me so much . I just joking but you take it cereus that mean you did not like me isn’t it?? . that is the word of evil animal leader of the country that I was born. SAMDACH AKEAK SENA PATAI TECHO . HUN NAL call HUN SEN next name meet to kill or CHHOUP SAMLAP. and his spoke man SOK ESAN, PAI SEPHORM. said EU and the US did not take a mirror to reflect the true situation in their king dumb of KAMPOUCHEA. how can EU and the US not seeing HUN NAL or HUN SEN a blind animal leader of KAMPOUCHEA ?? sorry every one this is the word to hurt the dog only. as what I used to say they will choking all these animal leader till the end. GOD bless KAMPOUCHEA

  2. Anonymous says:

    Don’t worry as Hun Sen said, he has a lot of gold, China and Vietnam will give more money to help him the only problem is that the market for Cambodia products are not comparable with the price make profits so Hun Sen has to feed all the unemployed people. How and when will find out very soon

Leave a Reply

Submit Comment