សកម្មជន​សិទ្ធិ​មនុស្ស​និង​ក្រុមហ៊ុន​ស្របតាម​ទណ្ឌកម្ម​ EU​ តែ​រដ្ឋាភិបាល​ថា ​«អយុត្តិធម៌‍»

កម្ពុជា
13 កុម្ភៈ 2020
ម៉ែន គឹមសេង
វីអូអេខ្មែរ

រូបឯកសារ៖ កម្មការនីកំពុងដេរសម្លៀកបំពាក់ ខណៈលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើដំណើរទស្សនកិច្ចនៅរោងចក្រមួយកន្លែង នៅជាយក្រុងភ្នំពេញ កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧។
រូបឯកសារ៖ កម្មការនីកំពុងដេរសម្លៀកបំពាក់ ខណៈលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើដំណើរទស្សនកិច្ចនៅរោងចក្រមួយកន្លែង នៅជាយក្រុងភ្នំពេញ កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧។

វ៉ាស៊ីនតោន — ក្រុមឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​បាន​ហៅ​ការ​ព្យួរ​ឋានៈ​អនុគ្រោះពន្ធ «គ្រប់មុខ​ទំនិញ​លើកលែង​សព្វាវុធ‍» ឬ​ហៅ​ថា “Everything But Arms(EBA) មួយ​ផ្នែក​តូចថា​ជា​ការ«ស្តីបន្ទោស​»លោក​នាយករដ្ឋ​មន្ត្រី ​ហ៊ុន សែន ​ចំពោះ​ការ​មិន​គោរពសិទ្ធិ​មនុស្ស​និង​សិទ្ធិ​ការងារ ​ហើយ​ស្នើ​ឱ្យ​កែប្រែ​ស្ថានការណ៍។​

អង្គការ​សិទ្ធិ​មនុស្ស​ Human Rights Watch ​បញ្ចេញ​ប្រតិកម្ម​នេះ​ បន្ទាប់ពី​គណៈកម្មការអឺរ៉ុប​បាន​ប្រកាស​កាលពី​ថ្ងៃ​ពុធ ​ព្យួរ​ឋានៈ​អនុគ្រោះ​ពន្ធ EBA ចំនួន២០ភាគរយ​លើ​ផលិតផល​នាំចេញ​មួយ​ចំនួន​របស់​កម្ពុជា​ ដែល​មាន​ដូច​ជា​សម្លៀកបំពាក់ ស្បែកជើង សម្ភារៈ​ធ្វើ​ដំណើរ និង​ស្ករស។

លោក​ ហ្វីល រ៉ូប៊ឺតសុន​ (Phil Robertson) អនុប្រធាន​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ​សិទ្ធិ​មនុស្ស​ Human Rights Watch ​បាន​បញ្ជាក់​ នៅ​ក្នុង​សេចក្តីថ្លែងការណ៍​ថា៖ «សកម្មភាព​របស់​សហភាព​អឺរ៉ុប​លើ​ឋានៈអនុគ្រោះពន្ធ​ EBA ​គឺជា​ការ​ស្តីបន្ទោសលោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន ចំពោះ​ការ​មិន​គោរព​សិទ្ធិ​មនុស្ស​និង​សិទ្ធិ​កម្មករ​យ៉ាងច្បាស់​ក្រឡែត»។

លោក​ ហ្វីល រ៉ូប៊ឺតសុន យល់​ថា ​វិធានការ​របស់​សហភាពអឺរ៉ុប​គឺ​ជា​ការ​បន្ទន់​ឥរិយាបទ​មួយ​ ដើម្បី​ទុក​ឱកាស​ឱ្យ​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ បញ្ឈប់​ការ​បង្ក្រាប​«ដ៏ឃោរឃៅ‍»​លើ​គណបក្ស​ប្រឆាំង​ សកម្មជន​សង្គម​ស៊ីវិល សហជីព​និង​អ្នកសារព័ត៌មាន​ឯករាជ្យ ​ក្នុង​រយៈ​ពេល​ជាង​៣​ឆ្នាំ​មកនេះ។

ការ​សម្រេច​របស់​គណៈកម្មការអឺរ៉ុប ​ក្រោយពី​មាន​ការស៊ើបអង្កេត​វាយតម្លៃ​យ៉ាង​ល្អិតល្អន់​របស់​ក្រុម​ការងារ​គណៈកម្មការអឺរ៉ុប​ ​ដោយ​រួម​មាន​ការពិភាក្សា​ជាមួយ​នឹង​រដ្ឋាភិបាល​កម្ពុជា អង្គការ​សង្គម​ស៊ីវិល​ និង​សហជីព​ការងារក្នុងរយៈពេល​មួយឆ្នាំ​កន្លងមក ដើម្បី​ឱ្យ​កម្ពុជា​ស្តារលទ្ធិ​ប្រជាធិបតេយ្យ គោរព​សិទ្ធិ​នយោបាយ ​សិទ្ធិ​មនុស្ស​ សិទ្ធិ​សហជីព​ និង​សិទ្ធិសេរីភាព​សារព័ត៌មាន។

របាយការណ៍​ស៊ើបអង្កេត​របស់​គណៈកម្មការ​អឺរ៉ុប​បាន​រក​ឃើញ​ថា ​កម្ពុជា​បាន​«រំលោភបំពាន​ធ្ងន់ធ្ងរ​និង​មាន​លក្ខណៈ​ជាប្រព័ន្ធ‍» លើសិទ្ធិ​ទាំងនេះ ជាពិសេស​ការចាប់​លោក​ កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដាក់​ពន្ធនាគារ​និង​ហាមឃាត់​សកម្មភាព​នយោបាយ​របស់​អតីត​បក្ស​ប្រឆាំង និង​ការ​ធ្វើ​ទុក្ខបុកម្នេញ​សកម្មជន​សង្គម​ស៊ីវិល​ ដែល​ធ្វើ​ឱ្យ​ពួកគេ​ខ្លះ​នៅ​បន្ត​រស់នៅ​នីរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេសចោលក្រុម​គ្រួសារ​នៅ​ឡើយ។

រដ្ឋាភិបាល​កម្ពុជា​អះអាង​ថា​ ខ្លួន​បាន​ខិតខំ​កែលម្អ។ ទន្ទឹមគ្នា​នោះដែរ ​លោក​នាយករដ្ឋ​មន្ត្រី ​ហ៊ុន សែន​ បាន​ប្រកាស​ជាបន្តបន្ទាប់​ថា ​លោក​សុខចិត្ត​បាត់​បង់​ឋានៈអនុគ្រោះពន្ធ​ តែ​មិនព្រម​បាត់​បង់​អធិបតេយ្យ​ភាព​កម្ពុជា​ទេ។

រូបឯកសារ៖ លោក​ ចូសេហ្វ បូរែល (Josep Borrell) តំណាង​ជាន់ខ្ពស់​ទទួលបន្ទុក​គោលនយោបាយ​ការបរទេស​និង​សន្តិសុខ​របស់​គណៈកម្មការ​អឺរ៉ុប ថ្លែងនៅប្រទេសបារាំង កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០។
រូបឯកសារ៖ លោក​ ចូសេហ្វ បូរែល (Josep Borrell) តំណាង​ជាន់ខ្ពស់​ទទួលបន្ទុក​គោលនយោបាយ​ការបរទេស​និង​សន្តិសុខ​របស់​គណៈកម្មការ​អឺរ៉ុប ថ្លែងនៅប្រទេសបារាំង កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០។

លោក​ ចូសេហ្វ បូរែល (Josep Borrell) តំណាង​ជាន់ខ្ពស់​ទទួលបន្ទុក​គោលនយោបាយ​ការបរទេស​និង​សន្តិសុខ​របស់​គណៈកម្មការ​អឺរ៉ុប​ បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​កាលពី​ថ្ងៃ​ពុធ​ថា៖ «រយៈពេល​ ទំហំ និង​ផលប៉ះពាល់​នៃ​ការរំលោភ​បំពាន​របស់​កម្ពុជា​លើ​សិទ្ធិ​ចូលរួម​នយោបាយ និង​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​រហូតដល់​សិទ្ធិ​សមាគម​ គឺ​ធ្វើ​ឱ្យ​សហភាព​អឺរ៉ុប​គ្មាន​ជម្រើស​អ្វីផ្សេង​ ក្រៅពី​ដកហូត​ឋានៈអនុគ្រោះពន្ធ​មួយ​ចំណែក‍»។

លោក​ ចូសេហ្វ បូរែល ដែល​មាន​ឋានៈជា​អនុប្រធាន​គណៈកម្មការ​អឺរ៉ុប​ផងដែរ ​បាន​បញ្ជាក់​បន្ថែម​ថា សហភាពអឺរ៉ុប​មិន​ឈរ​ស្ងៀម​មើល​លទ្ធិប្រជាធិបតេយ្យ​ខូចខាត សិទ្ធិ​មនុស្ស​ត្រូវ​ធ្វើ​ឱ្យ​រួមតូច​ និង​បំបាត់​សំឡេង​ការពិភាក្សា​ដេញដោល​គ្នា​ទេ។

លោក​បាន​បន្ថែម​ថា៖ «ការ​សម្រេចចិត្ត​នៅថ្ងៃនេះ​ឆ្លុះបញ្ចាំង​ការ​ប្តេជ្ញាចិត្ត​ដ៏ខ្លាំង​របស់​យើង​ចំពោះ​ពលរដ្ឋ​កម្ពុជា​ សិទ្ធិ​សេរីភាព​របស់​ពួកគេ​ និង​ការ​អភិវឌ្ឍប្រកប​ដោយ​ចីរភាព​របស់​ប្រទេស​នេះ‍»។

យ៉ាងណាក៏ដោយ​ សហភាព​អឺរ៉ុប​នៅតែ​បើក​ច្រកចំហរ​ឱ្យ​រដ្ឋាភិបាលកម្ពុជា​ចាត់​វិធានការ​ចាំបាច់នានា​ស្តារ​ឡើងវិញ​នូវ​ចំណុច​ខ្វះខាត​ ដែល​បាន​ស្នើឡើង​ក្នុងពេលកន្លង​ដើម្បី​អាច​ទទួល​បាន​ឋានៈ​អនុ​គ្រោះពន្ធ​នេះ​ឡើងវិញ។ ​

លោក​ ហ្វីល ហូហ្គឹន (Phil Hogan) ស្នងការ​ពាណិជ្ជកម្ម​របស់​គណៈកម្មការ​អឺរ៉ុប ​បាន​បញ្ជាក់​ថា​សម្រាប់​សហភាព​អឺរ៉ុប​ ការ​គោរព​សិទ្ធិ​មនុស្ស​គឺជា​បញ្ហា​មួយ​ដែល​មិន​អាច​ចរចា​តថ្លៃបាន​ទេ។

លោក​បន្ថែម​ថា៖ «យើង​ទទួលស្គាល់​ការ​រីកចម្រើន​របស់​កម្ពុជា ​ប៉ុន្តែ​ការ​ព្រួយ​បារម្ភ​យ៉ាង​ធ្ងន់ធ្ងរ​នៅ​តែ​មាន។ គោលបំណង​របស់​យើង​គឺ​ចង់​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​បញ្ចប់​ការ​រំលោភ​សិទ្ធិ​មនុស្ស ​ហើយ​យើង​នឹង​បន្ត​ធ្វើ​ការ​ជាមួយ​នឹង​រដ្ឋាភិបាល​កម្ពុជា​ដើម្បី​សម្រេច​គោលដៅ​នោះ‍»។​

សហភាព​អឺរ៉ុប​គឺជា​ដៃ​គូ​ពាណិជ្ជកម្ម​ដ៏ធំ​បំផុត​របស់​កម្ពុជា​ដែល​ទទួល​ទិញ​ទំនិញនាំចេញ​ចំនួន​៤៥ភាគរយ ​ដែល​មានទំហំ​ទឹកប្រាក់​ចំនួន​៥,៨​ពាន់​លាន​ដុល្លារ​ក្នុងឆ្នាំ​២០១៨។ ក្នុង​នោះ​ទំនិញ​ដែល​រួចពន្ធ​មាន​ចំនួន​៥,៦ពាន់លានដុល្លារ ​ដែលធ្វើ​ឱ្យ​រួចពន្ធ​ជាង​៦០០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ។​

​គណបក្ស​សង្គ្រោះជាតិ​ដែល​ត្រូវ​តុលាការ​កំពូល​រំលាយ​បាន​គំាទ្រ​ការសម្រេច​ចិត្ត​របស់​សហភាពអឺរ៉ុប។

លោកស្រី​ មូរ សុខហួរ អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​ដែល​កំពុង​រស់នៅ​នីរទេស​ខ្លួន​ក្រៅ​ប្រទេស​បាន​បញ្ជាក់​ថា៖ «នេះ​បង្ហាញ​ឱ្យ​ឃើញ​ថា​ សហភាពអឺរ៉ុប​គេ​យល់​យោគ​ខ្លាំង​ណាស់​ទៅលើ​ប្រជាពលរដ្ឋ​ខ្មែរ​យើង​ ទៅលើ​កម្មករ​កសិករ​ខ្មែរ​យើង​ មិនមែន​គេ​យល់​យោគ​ទៅលើ​លោក ហ៊ុន សែន ​ទេ។ ផ្ទុយទៅវិញ​ សេចក្តី​សម្រេច​ដែល​ជា​ច្បាប់​នេះ​បង្ហាញ​ឱ្យ​ឃើញ​ថា​ អ្វី​ដែល​ជា​ការ​បំពាន​ទៅលើ​សិទ្ធិ​មនុស្ស​ទាំងឡាយ អ្វី​ដែល​ជា​ការបំពាន​ទៅលើ​សិទ្ធិ​ប្រជាពលរដ្ឋ ​ជាពិសេស​វិធានការ​ដ៏​តឹងរ៉ឹងមក​លើ​គណបក្ស​សង្គ្រោះជាតិ​នេះ​ គឺជា​ការពិត‍»។​

លោកស្រី មូរ សុខហួរ ​បន្ត​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​គោរព​តាម​ការសម្រេច​របស់គណៈកម្មការ​អឺរ៉ុប​ដើម្បី​ជៀសវាង​ការដាក់​ទណ្ឌកម្មច្រើន​ជាងនេះ។

«ទោះបី​ជា​២០ភាគរយ ​នៅពេល​នេះ​ក៏ដោយ​ គឺ​មិនមែន​ថា​ គេ​ចង់​ត្រឹម២០ភាគរយ​ហ្នឹងទេ។ ក្នុង​៦ខែ​នេះ​ គេទុក​ឱ្យ​យើង​ដោះស្រាយ​បញ្ហា​ដែល​មាន​ ផ្សះផ្សារ​រវាង​ខ្មែរ​និង​ខ្មែរ។ ផ្ទុយ​ទៅវិញ​ បើ​សិន​ជា​ស្ថានការណ៍​សិទ្ធិមនុស្ស ការ​រំលោភ​លើ​គណបក្ស​សង្គ្រោះជាតិ​ និង​ការ​កាត់​ទោស​លោក​ កឹម សុខា​ ដែលគេ​កំពុង​តាមដាន​ និង​ការ​រំលោភ​សិទ្ធិមនុស្ស​នៅ​មាន​តទៅ​ទៀត​ គឺ​មិន​មែន​២០ភាគរយ​ទេ។ ២០ភាគរយ​គ្រាន់តែ​ចាប់ផ្តើម‍»។​

រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ផ្សេងទៀត ចូលរួមពិធីបុណ្យអុំទូកនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩។
រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ផ្សេងទៀត ចូលរួមពិធីបុណ្យអុំទូកនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩។

រដ្ឋាភិបាល​កម្ពុជា​បាន​ហៅ​ការសម្រេច​ចិត្ត​របស់​គណៈកម្មការ​អឺរ៉ុប​ថា «អយុត្តិធម៌‍» ​ដែល​ផ្តើមចេញ​ពី​«ការភាន់​ច្រឡំ និង​យល់ខុស» ​ពី​តថភាព​ជាក់ស្តែង​នៅ​កម្ពុជា ​ហើយ​ចាត់​ទុក​សេចក្តី​សម្រេច​នេះ​ថា​បាន​ធ្វើ​ឡើង​ «ដោយ​ហេតុផល​នយោបាយ ​ដោយគ្មាន​ការពិចារណា​ប្រកប​ដោយ​កត្តា​សត្យានុម័ត​និង​ភាព​មិន​លម្អៀង‍»។​

ក្រសួង​ការបរទេស​បាន​បញ្ជាក់បន្ថែមនៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា៖ «សេចក្តីសម្រេច​នេះ​មិន​មាន​អ្វី​ក្រៅពី​ការអនុវត្ត​ស្តង់ដារ​ទ្វេ នៅ​ពេល​ដែល​យើង​ប្រៀបធៀប​ប្រព្រឹត្តកម្ម​របស់​សហភាព​អឺរ៉ុប​ជាមួយ​នឹង​ដៃគូ​ពាណិជ្ជកម្ម​ដទៃទៀត‍»។

ក្រសួងការបរទេស​ថា​ ទោះបីជា​សេចក្តីសម្រេច​នេះ​ទទួលស្គាល់​«វឌ្ឍនភាព​ជាក់ស្តែង»​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​សម្រេច​បាន​នៅក្នុងវិស័យ​ជាច្រើន​ ក្នុងការឆ្លើយតប​ទៅនឹង​ក្តី​កង្វល់​របស់​គណៈកម្មការ​អឺរ៉ុប​ក៏ដោយ ​ក៏​មិន​ទទួល​ស្គាល់និង​គោរព​បញ្ហា​ជា​មូលដ្ឋាន​នៃ​អធិបតេយ្យ​របស់​កម្ពុជា។

ក្រសួងការបរទេស​បាន​បន្ថែម​ថា៖ «រាជរដ្ឋាភិបាល​កម្ពុជា​ប្រកាន់​យ៉ាង​ម៉ឺងម៉ាត់​នូវ​ជំហរ​គោលការណ៍​ក្នុងការ​បដិសេធ​រាល់ការ​ប៉ុនប៉ង​ដោយ​ដៃគូ​ខាងក្រៅ​ ក្នុងការ​ប្រើប្រាស់​ពាណិជ្ជកម្ម ​ឬ​ជំនួយ​អភិវឌ្ឍន៍ ដើម្បី​ជា​លេសក្នុងការ​ជ្រៀតជ្រែក​ចូលកិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា‍»។

ក្រុមហ៊ុន​សម្លៀកបំពាក់​ H&M ដែល​បញ្ជាទិញ​ទំនិញ​កម្ពុជា​ជាង​២០ឆ្នាំ​មក​ហើយ​ ​បាន​យល់​ស្របនឹង​ចំណាត់​ការ​របស់​សហភាព​អឺរ៉ុប​ដែល​មាន​គោលបំណង​ដោះស្រាយ​ការ​រំលោភ​សិទ្ធិ​មនុស្ស​និង​សិទ្ធិ​ពលរដ្ឋ។

ក្រុមហ៊ុន​មើលឃើញ​ថា ការ​ដាក់ទណ្ឌកម្ម​នេះ​នឹង​មាន​ផល​អវិជ្ជមាន​ដល់​ឧស្សាហកម្ម​ដែល​ផ្តល់​ការងារ​ដល់​កម្មករ​កម្មការិនី​កម្ពុជា​ចំនួន​១លាន​នាក់ ​ដោយសារតែ​អ្នក​វិនិយោគទុន​ក្នុង​ពេល​អនាគត​ត្រូវ​ការ​ស្ថានភាព​ដែល​អាច​ដាក់​ផែនការ​ជាមុន​បាន​និង​ទំនុក​ចិត្ត។

នៅក្នុង​សេចក្តីថ្លែងការណ៍​នៅថ្ងៃពុធ​នោះ ក្រុមហ៊ុន​ H&M ​នៅ​មិនទាន់​បញ្ជាក់​ពី​ការ​សម្រេច​ចិត្ត​ថា​ត្រូវ​ដកចេញ​ពី​កម្ពុជា​ ឬយ៉ាងណា​នោះ​ទេ។

«ទោះបី​ជា​យ៉ាងណាក៏ដោយ​ ដោយសារតែ​កង្វះ​គំនិត​ផ្តួចផ្តើម​គ្រប់គ្រាន់​ក្នុងការ​អភិវឌ្ឍ​ឧស្សាហកម្ម​វាយនភណ្ឌ​កម្ពុជា និង​ការ​ដក​ហូត​ឋានៈអនុគ្រោះពន្ធ​មួយ​ផ្នែក យើង​នឹង​បន្ត​វាយ​តម្លៃ​បន្ថែម​ទៀត​លើ​ផលប៉ះពាល់​ពី​ការសម្រេច​ចិត្ត​របស់​សហភាព​អឺរ៉ុប​និង​យុទ្ធសាស្រ្ត​ផលិត​កម្ម​នៅ​កម្ពុជា‍»។​

ប៉ុន្តែ​ បើ​មិន​មាន​ការ​ផ្លាស់ប្តូរ​ស្ថានការណ៍​អ្វី​ទេ​ ក្រុម​សកម្មជន​សិទ្ធិ​កម្មករ​សម្តែង​ការ​ព្រួយ​បារម្ភ​ពី​ការ​បាត់បង់​ទំនុកចិត្ត​កាន់តែ​ខ្លាំង​ ដែល​នឹង​មាន​ផលប៉ះពាល់​ធំដុំ​ក្នុង​រយៈ​ពេល​យូរ។

លោក​ មឿន តុលា នាយកប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​និង​សិទ្ធិ​មនុស្ស​ហៅកាត់​ថា​សង់ត្រាល់​ បាន​សម្តែង​ការ​សោកស្តាយ​ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​អូស​បន្លាយ​សភាព​ការណ៍​រហូត​ដល់​បាត់​បង់​ផ្នែកខ្លះ​នៃ​ឋានៈអនុគ្រោះពន្ធ​ ពីព្រោះ​វា​នឹង​ធ្វើ​ឱ្យ​មានឈ្មោះ​មិន​ល្អ​ដល់​កម្ពុជា។

លោក ​មឿន តុលា​ បាន​បន្ថែម​ថា ការ​ឆ្លើយតប​កន្លងមក​របស់​រដ្ឋាភិបាល​កម្ពុជា​ធ្វើ​ឱ្យ​លោក​ព្រួយ​បារម្ភ​ថា ​អាច​នឹង​បាត់​បង់​ច្រើន។

«ប៉ុន្តែ ការ​ដែល​បាត់​២០ភាគរយ​នេះ​ ខ្ញុំ​មើលទៅ​ហាក់ដូច​ជា​សហភាព​អឺរ៉ុប​នៅ​ផ្តល់​ជំហរ​មួយ​គឺ​ការ​ព្រមាន​លើកទី២​ បន្ទាប់​ពី​ការ​យក​ពន្ធ​លើ​ស្រូវ​អង្ករ។ នេះគឺជា​ការព្រមាន​លើក​ទី២​ហើយ​ ក៏​ជាការ​បង្ហាញ​នូវ​សុឆន្ទៈ​របស់​សហភាព​អឺរ៉ុប​ដែរ​ ក្នុងការ​ខ្វល់ខ្វាយ​អំពី​ផលប៉ះពាល់​ដល់​ពលរដ្ឋ​ស៊ីវិល‍»។​

ប្រសិន​បើ​មិន​មាន​សំឡេងជំទាស់​គ្រប់​គ្រាន់​ពីសភាសហភាព​អឺរ៉ុប​និង​ក្រុមប្រឹក្សា​សហភាព​អឺរ៉ុបទេ ​នោះ​ការ​ដាក់​ទណ្ឌកម្ម​នេះ​នឹង​ចូល​ជា​ធរមាន​នៅថ្ងៃ​ទី​១២ ខែសីហា​ ឆ្នាំ​២០២០​នេះ៕

What Next?

Recent Articles

2 Responses to "សកម្មជន​សិទ្ធិ​មនុស្ស​និង​ក្រុមហ៊ុន​ស្របតាម​ទណ្ឌកម្ម​ EU​ តែ​រដ្ឋាភិបាល​ថា ​«អយុត្តិធម៌‍»"

  1. Anonymous says:

    Beast regime leaded by Veitcong mafia dictator and his groups are the worse government in khmer history’ . Why they said un-justice??? they are the buffalo and they are so stupid’ when they accused and dissolve opposition party without respected constitution no body cry or get justice ‘ but when EBA cut off this government said no justice ‘ What a frog-brain” .Khmer and people in the world knew that Veitcong mafia dictator and his groups do everything for their own benifit since they did coup 1997 ‘never respected international or democracy world ‘ because they are veitcong dogs ‘

  2. Anonymous says:

    This is it, it’s justice for Hun Sen who always refuses to participate in international community affairs. Justice because Hun Sen can do whatever he wants as it has been.

Leave a Reply

Submit Comment