អង្គការ​សុខភាព​ពិភពលោក​ផ្ដល់​ឈ្មោះ​ថ្មី​ឱ្យ​ជំងឺ​ផ្លូវ​ដង្ហើម ដែល​សម្លាប់​មនុស្ស​ជាង​១​ពាន់​នាក់

ដោយ ម៉ៅ សុធានី
2020-02-13
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

មន្ត្រី​ជាន់ខ្ពស់​​អង្គការ​សុខភាព​ពិភពលោក។

មន្ត្រី​ជាន់ខ្ពស់​​អង្គការ​សុខភាព​ពិភពលោក។

 AFP


អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ប្រកាស​ជា​ផ្លូវការ​ផ្ដល់​ឈ្មោះ​ថ្មី នៃ​ជំងឺ​រលាក​ប្រព័ន្ធ​ដង្ហើម ដែល​បង្ក​ដោយ​វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី ថា ជា​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​កូវិត​១៩ (Covid-19)​។ ការប្រកាស​នេះ បន្ទាប់ពី​មាន​មនុស្ស​ស្លាប់​បាន​កើន​ឡើង​ដល់​ទៅ ១​ពាន់ ១១៨​នាក់ បណ្ដាល​មក​ពី​ជំងឺ​នេះ​។ ចំណែក​អ្នក​ឆ្លង​វិញ គឺ​កើន​ចំនួន​ដល់​ទៅ ជាង​៤​ម៉ឺន ៥​ពាន់​នាក់ ក្នុង​នោះ ជាង ៥​រយ (៥១៨) ករណី ឆ្លង​ទៅ​ប្រទេស​ផ្សេងទៀត​ជិត​៣០​ប្រទេស។

អង្គការ​សុខភាព​ពិភពលោក (WHO) សម្រេច​ជ្រើស​រើស​យក ឈ្មោះ​ថ្មី​នៃ​ជា​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​កូវិដ​១៩ (Covid-19) នេះ គឺ​ដើម្បី​បញ្ចៀស​ពី​ការ​បញ្ជាក់​ប្រាប់​ពី​ប្រភព​វីរុស​ដែល​ផ្ទុះឡើង ប្រភេទ​សត្វ និង​បុគ្គល​ឬ​ក្រុម​ណាមួយ​។ អគ្គនាយក​នៃ​អង្គការ​សុខភាព​ពិភពលោក (WHO)លោក តេដ្រូ អាដហានូម ហ្គេប្រេយសឹស (Tedros Adhanom Ghebreyesus) ថា ការ​ផ្ដល់​ឈ្មោះ​ជំងឺ​នេះ គឺ​មិនមែន​ជា​ការ​ងាយស្រួល​ទេ ប៉ុន្តែ​គោលបំណង​សំខាន់ គឺ​ដើម្បី​បញ្ចៀស​ការរើសអើង ដែល​នាំ​ឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ ទាំង​ផ្នែក​នយោបាយ សេដ្ឋកិច្ច​និង​សង្គម ដល់​សហគមន៍ ឬ​ប្រទេស​ណាមួយ​នោះ​។

អង្គការ​សុខភាព​ពិភពលោក កាលពី​ដំបូង​ឡើង​បាន​ផ្តល់​ឈ្មោះ​ជំងឺ​ផ្លូវ​ដង្ហើម​បង្ក​ដោយ វីរុស​កូរ៉ូណា​ថ្មី​នេះ ថា អិនកូវី ២០១៩ (nCoV-2019)ប៉ុន្តែ​ឈ្មោះ​ថ្មី​បច្ចុប្បន្ន​នេះ គឺ​កូវិត​១៩ (Covid-19) ដែល​បង្កឡើង​ដោយ​វីរុស សារស៊ីអូវី ២ (SARS-Cov-2)​។ ទោះបីជា អង្គការ​សុខភាព​ពិភពលោក សម្រេច​ផ្ដល់​ឈ្មោះ​ថ្មី​នេះ ក៏ដោយ ក៏​ប្រជាពលរដ្ឋ​ជាច្រើន ក្នុង​ពិភពលោក​កំពុង​ព្រួយបារម្ភ​ជា​ខ្លាំង ចំពោះ​ការ​រីក​រាលដាល​នៃ​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​កូវិត១៩ (Covid-19) នេះ​។ រហូតមកដល់​ថ្ងៃ​១២ ខែ​កុម្ភៈ ចំនួន​អ្នក​ស្លាប់​បាន​កើន​ដល់​១​ពាន់ ១១៨​នាក់ ក្នុងចំណោម​អ្នក​ឆ្លង​ជាង ៤​ម៉ឺន ៥​ពាន់ ២​រយ​នាក់ ក្នុង​នោះ​អ្នកជំងឺ​ជាង​៨​ពាន់​នាក់ មាន​សភាព​ធ្ងន់ធ្ងរ ក៏ប៉ុន្តែ​នៅ​ទន្ទឹម​នេះ ក៏​មាន​អ្នកជា​សះស្បើយ​ចំនួន ជិត ៦​ពាន់​នាក់​ដែរ​។​

ក្រុម​វេជ្ជបណ្ឌិត​ជំនាញ បង្ហាញ​ក្តី​បារម្ភ​ថា ជំងឺ​រលាក​ផ្លូវ​ដង្ហើម​កូវិត​១៩ (Covid-19) នេះ ជា​ជំងឺឆ្លង​មួយ​មាន​សភាព​កាចសាហាវ​ជាង​ជំងឺ​រលាក​សួត បណ្ដាល​មក​ពី​វីរុស SARS ដែល​បាន​ផ្ទុះ​រាលដាល​កាលពី​ឆ្នាំ​២០០២-២០០៣ កន្លង​ទៅ​នេះ​។ គណៈកម្មការ​ជាតិ​សុខាភិបាល​ចិន ឱ្យ​ដឹង​ថា មាន​ពលរដ្ឋ​ចិន រាប់​ម៉ឺន​នាក់​ផ្សេងទៀត ដែល​សង្ស័យ​ថា មាន​ផ្ទុក វីរុស​សារស៊ីអូវី ២ (SARS-Cov-2)​។

តើ​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​កូវិត​១៩ (Covid-19) មាន​ប្រភព​ពី​ណា​មក​? អង្គការ​សុខភាព​ពិភពលោក WHO បញ្ជាក់​ថ្មីៗ​នេះ​ថា វីរុស សារស៊ីអូវី ២(SARS-Cov-2) នេះ រាលដាល​ដំបូង​នៅ​ផ្សា​រលក់​អាហារ​សមុទ្ទ និង​លក់​សាច់​សត្វព្រៃ ក្នុង​ក្រុង​វូហាន (Wuhan) កាលពី​ចុងខែ​ធ្នូ ឆ្នាំ ២០១៩ នៅ​ប្រទេស​ចិន ដែល​មាន​ប្រភព​ដើម ចេញពី​សត្វ​ប្រជៀវ បន្ទាប់​មក​ចម្លង​មក​ភ្នាក់ងារ​ទី​២ ដែល​គេ​សង្ស័យ​សត្វ​ពង្រូល រួច​ចម្លង​មក​មនុស្ស​។ នៅ​ពេល​ដែល​មនុស្ស​មាន​ជំងឺ​ផ្លូវ​ដង្ហើម​នេះ ក៏​ឆ្លង​ទៅ​មនុស្ស​ម្នាក់ទៀត​ជា​បន្ត​គ្នា​ជា​ច្រើនដង តាមរយៈ​ជាតិ​ទឹក​ដែល​ចេញ​មកពី​ផ្លូវ​ដង្ហើម​នៃ​អ្នក​ឈឺ ឬ​ប៉ះពាល់​អ្នក​ឈឺ ដែល​បញ្ហា​នេះ គឺ​មាន​សភាព​ស្រដៀងគ្នា​ទៅ​នឹង​ការ​ឆ្លង​វីរុស​ដែល​បង្ក​អោយ​មាន​ជំងឺ​ផ្ដាសាយ​ដូច្នោះ​ដែរ។ វេជ្ជបណ្ឌិត​ជំនាញ​អង្គការ WHO ក៏បាន​បញ្ជាក់​ផង​ដែរ​ថា គេ​បាន​ធ្វើ​តេស្ត​ជាច្រើន លើ​សត្វព្រៃ​មួយ​ចំនួន ដូចជា​ពស់វែក តែ​ពុំ​រក​ឃើញ​ភស្តុតាង​នៃ​ប្រភព​វីរុស​នេះ​ឡើយ​។ ទោះជា​យ៉ាង​នេះ​ក្តី ក្រុម​អ្នក​ជំនាញ អះអាង​ថា វីរុស​ប្រភេទ​ថ្មី​នេះ គឺ​ស្រដៀង​គ្នា​បេះបិទ ទៅ​នឹង​វីរុស នៅ​ក្នុង​សត្វ​ប្រជៀវ។

អង្គការ WHO ក៏បាន​​បង្ហាញ​ក្តី​បារម្ភ​ជា​ខ្លាំង ចំពោះ​ការ​ឆ្លង​រាលដាល​យ៉ាង​ខ្លាំង​នៃ​វីរុស​ថ្មី​នេះ ដែល​ក្នុង​មួយ​ថ្ងៃៗ មាន​អ្នក​ឆ្លង​រាប់​ពាន់​នាក់​។ ហើយ​ចំណែក​អ្នក​ស្លាប់​វិញ ក៏​កើន​ឡើង​រាប់​រយ​នាក់ ក្នុង​មួយ​ថ្ងៃៗ ផង​ដែរ​។ ទោះជា​យ៉ាង​នេះ​ក្តី នាយក​ប្រតិបត្តិ​ផ្នែក​កម្មវិធី​សង្គ្រោះ​បន្ទាន់ នៃ​អង្គការ WHO ឱ្យ​ដឹង​ថា វេជ្ជបណ្ឌិត​ជំនាញ និង​ក្រុម​អ្នកវិទ្យាសាស្ត្រ​ចិន កំពុង​សិក្សា​ស្រាវជ្រាវ រក​វិធី​ទប់ស្កាត់ ភ្នាក់ងារ​ចម្លង​វីរុស​ថ្មី​នេះ និង​ផលិត​វ៉ាក់សាំង ដើម្បី​ព្យាបាល​ដល់​អ្នកជំងឺ។

តើ​ជំងឺ​រលាក​ផ្លូវដង្ហើម​កូវិត​១៩ (Covid-19) មាន​រោគសញ្ញា​អ្វីខ្លះ​? អង្គការ​សុខភាព​ពិភពលោក WHO អោយ​ដឹង​ថា ៨០% នៃ​អ្នកជំងឺ​រលាក​ផ្លូវ​ដង្ហើម​ថ្មី​នេះ មាន​រោគសញ្ញា​ដូចគ្នា​ទៅ​នឹង​គ្រុន​ផ្តាសាយ ប៉ុន្តែ​ក្នុង​នោះ ១៥% អ្នកជំងឺ​វិវត្ត​រហូតដល់​មាន​បញ្ហា​រលាក​សួត​ធ្ងន់ធ្ងរ និង​ខូច​តម្រងនោម ដែល​ជា​ហេតុ​នាំ​ឱ្យ​អ្នកជំងឺ​បាត់បង់​ជីវិត​។ ចំណែក​រោគសញ្ញា​នេះ ដំបូង​គឺ មាន​អាការៈ​មិន​ស្រួលខ្លួន គ្រុនក្ដៅ​លើស​ពី​៣៨ អង្សា​សេ ក្អក​ស្ងួត កណ្ដាស់ ហៀរ​សំបោរ និង​ពិបាក​ដកដង្ហើម​។ ជួនកាល​វា​អាច​ធ្វើ​អោយ​រាគ និង​ឈឺចាប់​ក្នុង​ខ្លួន។

ទោះជា​រហូត​មក​ដល់​ពេល​នេះ គេ​គ្មាន​ថ្នាំ ឬ​វ៉ាក់សាំង​សម្រាប់​ព្យាបាល​ក៏ដោយ ក៏​ក្រុម​វេជ្ជបណ្ឌិត​ជំនាញ​ជាច្រើន ព្យាយាម​ផ្ដល់​ការ​ព្យាបាល ដល់​អ្នកជំងឺ ទៅតាម​ស្ថានភាព​របស់​អ្នកជំងឺ​នីមួយៗ​។ វិធី​ព្យាបាល​សំខាន់​បំផុត​នា​ពេល​នេះ គឺ​ជួយ​អ្នកជំងឺ មាន​អុកស៊ីហ្សែន ដកដង្ហើម​គ្រប់គ្រាន់​ជួយ​ដល់​សួត ព្យួរ​សេរ៉ូម​ដល់​អ្នក​ជំងឺ​ដែល​ខ្វះ​ជាតិ​ទឹក ឬក៏​ជួយ​ព្យាបាល​តម្រងនោម ក្នុង​ករណី​អ្នក​ជំងឺ​ខូច​តម្រងនោម​។ ប្រើ​ថ្នាំ​បន្ថយ​កម្ដៅ​ក្នុង​ខ្លួន សម្រាក​និង​បរិភោគ​ទឹក​ឱ្យ​បាន​ច្រើន​។ ប្រសិនបើ​ក្នុង​ករណី​អ្នកជំងឺ មាន​ប្រព័ន្ធ​ការពារ​ខ្លួន (Immune System) ខ្លាំង គឺ​អាច​កម្ចាត់​វីរុស និង​អាច​ឆាប់​ជាសះស្បើយ។

អង្គការ​សុខភាព​ពិភពលោក និង មជ្ឈមណ្ឌល​ការពារ​និង​ទប់ស្កាត់​ជំងឺឆ្លង​នៅ​សហរដ្ឋអាមេរិក (CDC) ផ្ដល់​ដំបូន្មាន ដល់​ពលរដ្ឋ​ឱ្យ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​ផ្តាសាយ​ធំ និង​រក្សា​អនាម័យ​អោយ​បាន​ខ្ជាប់ខ្ជួន រួមមាន លាងដៃ​នឹង​សាប៊ូ​ឱ្យ​បាន​ញឹកញាប់ ជាពិសេស​ក្រោយ​កណ្ដាស់ ក្អក និង​ញើសសំបោរ ក្រោយ​ចូល​បង្គន់ និង​លាងដៃ​មុន​បរិភោគ ជាដើម​។ ជៀសវាង​ប៉ះ​ភ្នែក ច្រមុះ និង​មាត់ មុន​ពេល​លាងដៃ​។ ជៀសវាង​ប៉ះពាល់​ដល់​អ្នក​ដែល​ឈឺ ហើយ​ប្រសិនបើ​ឈឺ គឺ​នៅផ្ទះ​គេង​សម្រាក​ឱ្យ​បាន​ច្រើន​។ នៅ​ពេល​ក្អក ឬ​កណ្ដាស់ ត្រូវ​ខ្ទប់​មាត់​ច្រមុះ នឹង​ក្រដាស​ជូត​មាត់ រួចហើយ​បោះចោល​ក្នុង​ធុង​សម្រាម និង​លាងដៃ​ភ្លាម​។ បន្ថែម​ពី​នេះ ប្រើ​ម៉ាស់​ការពារ ពី​ព្រោះ​មេរោគ​នេះ ឆ្លង​ដោយសារ​ប៉ះ​ជាតិ​ទឹក​ដែល​ចេញ​មកពី​ផ្លូវ​ដង្ហើម​របស់​អ្នកជំងឺ និង​ប៉ះពាល់​អ្នកជំងឺ​។ ប្រសិនបើ​មាន​រោគសញ្ញា​ណាមួយ ដូចជា​គ្រុន​ក្តៅ ក្អក ហៀរ​សំបោរ ឬ​ពិបាក​ដកដង្ហើម អ្នកជំងឺ ត្រូវ​ទៅ​ជួប​គ្រូពេទ្យ​ជា​បន្ទាន់ ដើម្បី​ធ្វើតេស្ត​រក​មេរោគ និង​ទទួល​ការ​ព្យាបាល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles