អង្គការ​អភិរក្ស​ដំរី​ខេត្ត​មណ្ឌលគិរី ស្នើ​​ក្រសួង​ឱ្យ​​ជីក​ស្រះ​ក្នុង​ព្រៃ​អភិរក្ស​ឱ្យ​ច្រើន ដើម្បី​ផ្ដល់​ទឹក​ដល់​សត្វ​ដំរី​ពេល​ជួប​គ្រោះ​រាំង​ស្ងួត

ដោយ ខែ សុណង
2020-02-13
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ដំរី​ព្រៃ​ដែល​ជាប់​ក្នុង​អន្លង់​ភក់ នៅ​ខេត្ត​មណ្ដល​គិរី ខំ​ប្រវា​ឡើង​គោក​វិញ កាល​ពី​ថ្ងៃ​ទី១១ ខែ​កុម្ភៈ ឆ្នាំ២០២០។

ដំរី​ព្រៃ​ដែល​ជាប់​ក្នុង​អន្លង់​ភក់ នៅ​ខេត្ត​មណ្ដល​គិរី ខំ​ប្រវា​ឡើង​គោក​វិញ កាល​ពី​ថ្ងៃ​ទី១១ ខែ​កុម្ភៈ ឆ្នាំ២០២០។

 រូប៖ មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌលគិរី


អង្គការ​អភិរក្ស​ដំរី និង​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច ខេត្ត​មណ្ឌលគិរី បង្ហាញ​ការ​ឈឺ​ចាប់​ខ្លោច​ផ្សារ ពី​ផល​ប៉ះពាល់​ជីវិត​សត្វ​ដំរី​ព្រៃ ដែល​កំពុង​រស់​នៅ​ក្នុង​ព្រៃ​អភិរក្ស​ក្នុង​ខេត្ត​នេះ កំពុង​ប្រឈម​បញ្ហា​ខ្វះ​ទឹក​នៅ​រដូវ​ប្រាំង។ ពួក​គេ​អះអាង​ថា អាជ្ញាធរ​នៅ​តែ​ខ្វះ​ការ​យក​ចិត្ត​ទុក​ដាក់ ជីក​ស្រះ​ទឹក និង​ស្ដារ​ទឹក​បឹង​ធម្មជាតិ​ក្នុង​ព្រៃ​អភិរក្ស ដើម្បី​ផ្គត់ផ្គង់​ប្រភព​ទឹក​សំខាន់ៗ នៅ​កន្លែង​ដែល​ដំរី​រស់នៅ និង​ឆ្លង​កាត់។

នាយក​អង្គការ​ការពារ​សត្វ​ដំរី​ដែល​មាន​មូលដ្ឋាន​នៅ​ខេត្ត​មណ្ឌលគិរី លោក ឃុន ឌីយ៉ូន ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី១២ កុម្ភៈ​ថា គ្រោះ​រាំង​ស្ងួត​នៅ​រដូវ​ប្រាំង បាន​កើត​មាន​ជា​រៀង​រាល់​ឆ្នាំ បណ្ដាល​ឱ្យ​ប្រភព​ទឹក​សំខាន់ៗ ក្នុង​ព្រៃ​អភិរក្ស រីង​ស្ងួត​ហួតហែង បង្ក​ប៉ះ​ពាល់​ធ្ងន់ធ្ងរ​ដល់​សត្វ​ដំរី​ព្រៃ និង​សត្វ​ព្រៃ​ផ្សេង​ទៀត។ លោក​ថា អង្គការ​របស់​លោក បាន​ស្នើ​ជា​ច្រើន​សារ ឱ្យ​ក្រសួង​បរិស្ថាន យក​គ្រឿង​ចក្រ​ស្ដារ​ត្រពាំង និង​ទឹក​អូរ​ធម្មជាតិ​ក្នុង​ព្រៃ​ដែល​មាន​ស្រាប់ ដើម្បី​ផ្ដល់​ប្រភព​ទឹក​សម្រាប់​សត្វ​ព្រៃ​អាស្រ័យ​ផល​នៅ​រដូវ​ប្រាំង។ ក៏​ប៉ុន្តែ​កម្មវត្ថុ​នេះ មិន​ទាន់​ត្រូវ​បាន ក្រសួង​សាមី​ដោះ​ស្រាយ​នៅ​ឡើយ​ទេ៖ «ខ្ញុំ​មាន​ការ​សោក​ស្ដាយ កាល​ណា​ឃើញ​ដំរី ខាង​ខ្ញុំ​មាន​បុគ្គលិក​បរទេស គាត់​បាន​រាយ​ការណ៍​មក​ខ្ញុំ​អ៊ីចឹង​មាន​ភាព​ស្រងេះស្រងោច ហើយ​មាន​ភាព​ខ្លោច​ផ្សា​ក្នុង​ចិត្ត​ថា យើង​អត់​ទាន់​បាន​អនុវត្ត​កិច្ច​ការងារ​ហ្នឹង។ ហើយ​ដឹង​ថា សត្វព្រៃ​យើង​នឹង​ខ្វះ​ទឹក​ហើយ ប៉ុន្តែ​យើង​នឹង​នៅ​ស្ងៀម មិនព្រម​ចាត់​ចែង​កិច្ចការ​ហ្នឹង ទុក​ឱ្យ​សត្វ​ព្រៃ​ជួប​គ្រោះថ្នាក់​បែប​ហ្នឹង។ ខ្ញុំ​មាន​ការ​សោក​ស្ដាយ​អ៊ីចឹង»

លោក ឃុន ឌីយ៉ូន បារម្ភថា ប្រសិន​បើ​ក្រសួង​បរិស្ថាន និង​ស្ថាប័ន​ពាក់ព័ន្ធ​មិន​ដោះ​ស្រាយ​បញ្ហា​នេះ​ទេ ជីវិត​សត្វ​ដំរី​ព្រៃ និង​សត្វ​ព្រៃ​កម្រ​ផ្សេង​ទៀត នឹង​ប្រឈម​ហានិភ័យ​ខ្ពស់ ដោយ​សារ​គ្រោះ​រាំង​ស្ងួត​នៅ​រដូវ​ប្រាំង បង្ក​ការ​គំរាម​កំហែង​ធ្ងន់ធ្ងរ​ដល់​ជីវិត​សត្វ​ព្រៃ​ជា​រៀងរាល់​ឆ្នាំ៖ «ខ្ញុំ​គិត​ថា យើង​ជីក​កន្លែង​ដដែល ត្រពាំង​ដែល​មាន​ស្រាប់ៗ ហ្នឹង វា​មក​នៅ​កន្លែង​ដដែល​ហ្នឹង​ទេ។ យើង​ជីក​ឱ្យ​ជ្រៅ ហើយ​យើង​ជម្រាល ឱ្យ​វា​ឡើង​ចុះ​បាន ដូច​ជម្រាល​សមុទ្រ​អ៊ីចឹង។ សមុទ្រ​អត់​មាន​ច្រាំង​បាក់​ទេ គឺ​វា​ជម្រាល​តិចៗ សត្វ​តូច និង​សត្វ​ធំ វា​ចូល​អាស្រ័យ​ទៅ​តាម​ជម្រាល​ហ្នឹង​បាន។ កាល​ណា ជម្រាល​ទឹក​ជ្រៅ​ចេះ​តែ​មាន​កូន​សត្វ​ចេះ​ផឹក​ទឹក​ហ្នឹង​បាន»

កាល​ពី​ថ្ងៃ​ទី ១១ កុម្ភៈ ថ្មីៗនេះ ដំរី​ឈ្មោល​ជំទង់​មួយ​ក្បាល អាយុ​ប្រហែល ២០ឆ្នាំ បាន​ធ្លាក់​ចូល​ក្នុង​រណ្ដៅ​ជ្រៅ ក្នុង​ភូមិ​អូរ​អាម ឃុំ​ស្រែ​ខ្ទុម ស្រុក​កែវសីមា ខេត្ត​មណ្ឌលគិរី។ តំបន់​នោះ ជាប់​ព្រំប្រទល់​ដែន​ជម្រក​សត្វ​ព្រៃ​កែវ​សីមា  និង​អតីត​ដែន​ជម្រក​សត្វ​ព្រៃ​ស្នួល​ដែល​រដ្ឋាភិបាល​រំសាយ​ចោល។  ដំរី​មួយ​ក្បាល​នេះ ត្រូវ​បាន​មន្ត្រី​ជំនាញ អង្គការ​សង្គម​ស៊ីវិល ពលរដ្ឋ និង​អាជ្ញាធរ ជួយ​សង្គ្រោះ​ចេញ​ពី​រណ្ដៅ​នោះ​ទាន់​ពេល។ មន្ត្រី​សង្គម​ស៊ីវិល​ចាត់​ទុក​ថា គ្រោះ​រាំង​ស្ងួត​អាច ជា មូលហេតុ ធ្វើ​ឱ្យ​ដំរី​ព្រៃ​មួយ​ក្បាល​នេះ បង្ខំ​ចិត្ត​ចុះ​ផឹក​ទឹក​ក្នុង​រណ្ដៅ​នេះ។

ឆ្លើយ​តប​រឿង​នេះ អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន លោក នេត្រ ភត្ត្រា បក​ស្រាយ​ថា  កាល​ពី​ឆ្នាំ​មុន​មាន ករណី​គ្រោះ​រាំង​ស្ងួត ប៉ះពាល់​សត្វ​ព្រៃ ហើយ​ក្រសួង​គិត​ថា គ្រោង​នឹង​រៀបចំ​បង្កើត​អាង​ស្តុក​ទឹក ដើម្បី​រក្សា​ទឹក​សម្រាប់​សត្វ​ព្រៃ​ដែរ។ ក៏​ប៉ុន្តែ​សម្រាប់​ឆ្នាំ​នេះ​លោក​ថា មិន​ទាន់​ទទួល​បាន របាយការណ៍​ពី​មន្ត្រី​ជំនាញ រាយការណ៍​ពី​បញ្ហា​ខ្វះ​ទឹក​នៅ​ឡើយ​ទេ ព្រោះ​ក្នុង​ព្រៃ​អភិរក្ស មាន​ភ្លៀង ធ្លាក់ និង​មាន​ទឹក​អូរ​ធម្មជាតិ​ខ្លះ ដែល​ទឹក​នោះ​អាច​គ្រប់គ្រាន់​សម្រាប់​សត្វ​ព្រៃ៖ «នៅ​ខេត្ត​មណ្ឌលគិរី កាល​ពី​ឆ្នាំ​ទៅ​ហ្នឹង ដោយសារ​តែ​ប្រភព​ទឹក​មាន​ការ​រាំង​ស្ងួត​គឺ សត្វ​ដំរី​មួយ​ចំនួន​គឺ​បាន​ចូល​មក ភូមិ​ស្រុក​របស់​ពលរដ្ឋ ដើម្បី​រក​ទឹក​ដែរ ប៉ុន្តែ​មក​ដល់​ឆ្នាំ​នេះ រហូត​មក​ដល់​ខែ​កុម្ភៈ​នេះ យើង​មិន​ទាន់​មាន​របាយការណ៍​ណា​មួយ ពី​មន្ត្រី​ជំនាញ​របស់​យើង​នៅ​តាម​ខេត្ត​ថា មាន​ការ​ជួប​ប្រទះ​បញ្ហា កង្វះ​ទឹក​អី​ទេ ព្រោះ​នៅ​តំបន់​នោះ ដូច​ជា មិន​មាន​បញ្ហា​អី ព្រោះ​មាន​ភ្លៀង​ធ្លាក់​ជោកជាំ និង​មាន​អូរ​មួយ​ចំនួន​មាន​ទឹក​នៅ​កន្លែង​ហ្នឹង»

សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​ព្នង ខេត្ត​មណ្ឌលគិរី លោក ក្រើង តុលា យល់​ថា  ក្រសួង​បរិស្ថាន គួរ​តែ​ជីក​ស្រះ និង​ស្ដារ​ទឹក​អូរ​ឱ្យ​ច្រើន ក្នុង​ព្រៃ​អភិរក្ស ដើម្បី​ផ្គត់ផ្គង់​ទឹក​សម្រាប់​សត្វ​ដំរី​ព្រៃ និង​សត្វ​ព្រៃ​ផ្សេង​ទៀត ខណៈ​កន្លង​ទៅ​លោក​សង្កេត​ឃើញ​ថា សត្វ​ព្រៃ​ងាប់​អស់​ជា​បន្ត​បន្ទាប់ ដោយ​សារ​ខ្វះ​ទឹក នៅ​រដូវ​ប្រាំង។ លោក​ថា សត្វ​ដំរី​ព្រៃ និង​សត្វព្រៃ​ផ្សេង​ទៀត បាន​ធ្វើ​ដំណើរ​ជា​ច្រើន គីឡូ​ម៉ែត្រ​ក្នុង ព្រៃ​អភិរក្ស ទម្រាំ​ដល់​ប្រភព​ទឹក​អូរ​ធម្មជាតិ​បរិភោគ៖ «តាម​ខ្ញុំ​មើល​ឃើញ ខ្វះ​ច្រើន​មែនទែន ទម្រាំ​ដល់​អូរ ប្រហែល​ចូល ១០ ទៅ ២០ គីឡូ​ក្រាម​អី​បាន​ដល់​អូរ​មួយ។ ខ្ញុំ​គិត​ថា គួរ​តែ​មាន​កន្លែង​ណា ដែល​យើង​អាច​ជីក​បាន យើង​ជីក​ទុក ឱ្យ​វា​មាន​កន្លែង​មុជ​ទឹក និង​ផឹក​ទឹក។ ទាំង​មនុស្ស និង​សត្វ​មិន​ប្រាកដ​ថា ទៅ​ដល់​នោះ ចាំ​ស្រែក​ទឹក អត់​ទេ គួរ​តែ​មាន​ឱ្យ​ច្រើន​កន្លែង »

អង្គការ​ការពារ​សត្វ​ដំរី (ELIE) រក​ឃើញ​ថា ចាប់​ពី​ឆ្នាំ២០១៧ រហូតដល់​ដើមឆ្នាំ២០២០ នេះ មាន​ដំរី​ ៩ក្បាល​ហើយ ដែល​បាន​ងាប់ ព្រោះ​តែ​ជំងឺ ការ​បរបាញ់​ខុស​ច្បាប់ ការ​បាញ់​សម្លាប់​ដោយ​សារ​​តែ​​ដំរី​ចុះ​​ប្រេង និង​​មូល​ហេតុ​ផ្សេង​​ទៀត។ បច្ចុប្បន្ន​នៅ​ខេត្ត​មណ្ឌលគិរី​ មាន​ដំរី​ចិញ្ចឹម​ចំនួន ៣៨ក្បាល​ ក្នុង​នោះ​មួយ​ចំនួន​ស្ថិត​ក្រោម​ការ​ថែរក្សា​ និង​ចិញ្ចឹម​ដោយ​អង្គការ​ការពារ​ដំរី​ និង​ដំរី​មួយ​ចំនួន​ទៀត ជា​កម្ម​សិទ្ធ​របស់​ជនជាតិ​ដើម​ភាគតិច​ព្នង​។ ក្រសួងបរិស្ថាន​អះអាង​ថា​ បច្ចុប្បន្ន​ដំរី​ព្រៃ​នៅ​ប្រទេស​កម្ពុជា​មាន​ជាង​ ៥០០ក្បាល​ ក្នុង​នោះ​មាននៅ​ខេត្ត​មណ្ឌលគិរី​ជាង ២០០ក្បាល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles